នៅកម្ពុជា «ការគំរាមកំហែងតាមវិធានការផ្លូវច្បាប់នៅតែជាកង្វល់ចម្បង» សម្រាប់អ្នកសារព័ត៌មានដែលសរសេរអំពីប្រធានបទរសើប នេះបើយោងតាមរបាយការណ៍ឃ្លាំមើលប្រចាំត្រីមាសថ្មីចុងក្រោយស្តីពីស្ថានភាពអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជារបស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) ។ របាយការណ៍ប្រចាំត្រីមាសទីពីរ (ពីខែមេសា ដល់ខែមិថុនា) បានកត់ត្រាករណីយាយីចំនួន៧ករណីមកលើអ្នកសារព័ត៌មានចំនួន១១នាក់ ធៀបនឹងត្រីមាសទី១ ដែលមានករណីយាយីចំនួន១០ករណី ពាក់ព័ន្ធនឹងអ្នកសារព័ត៌មានចំនួន១៨នាក់។
ស្ទើរតែគ្រប់ករណីទាំងអស់ដែលត្រូវបានកត់ត្រានៅក្នុងត្រីមាសនេះគឺជាការគំរាមកំហែងដោយវិធានការផ្លូវច្បាប់។ ក្នុងនោះមាន ៦ករណី ដែលជាប់ពាក់ព័ន្ធនឹងអ្នកសារព័ត៌មាន ១០នាក់ ដែលត្រូវបានឃុំខ្លួន កោះហៅមកសាកសួរ និងផ្ដន្ទាទោស។ អ្នកសារព័ត៌មានម្នាក់បានរងការយាយីលើរាងកាយ នៅពេលមន្ត្រីកងរាជអាវុធហត្ថចាប់គាត់ចងដៃ ហើយដកហូតយកទូរសព្ទរបស់គាត់។
ករណីយាយី និងការបំភិតបំភ័យភាគច្រើនត្រូវបានធ្វើឡើងដោយមន្ត្រីរាជការសាធារណៈ ដូចជាមន្ត្រីយោធា អភិបាល និងអាជ្ញាធរមូលដ្ឋាន ហើយភាគច្រើនពាក់ព័ន្ធនឹងការធ្វើសេចក្តីរាយការណ៍ព័ត៌មានអំពីបរិស្ថាន។
មានមួយករណី អ្នកសារព័ត៌មានអនឡាញម្នាក់នៅខេត្តមណ្ឌលគិរី ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ប៉ុន្តែទោសនោះត្រូវបានព្យួរ។ អ្នកសារព័ត៌មានម្នាក់ទៀតនៅខេត្តកំពង់ធំ ត្រូវបានឃុំខ្លួននៅពន្ធនាគារពីបទញុះញង់ ដោយសារធ្វើសេចក្តីរាយការណ៍ឡាយបន្តផ្ទាល់ រិះគន់ប្រធានមន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរ ដែលតាមចោទថា ធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ។
នៅខេត្តពោធិ៍សាត់ អ្នកសារព័ត៌មានមួយចំនួន ត្រូវបានប្ដឹងពីបទបរិហារកេរ្តិ៍ និងញុះញង់ដោយសាររាយការណ៍ពីសកម្មភាពឈូសឆាយដីព្រៃ។ អ្នកសារព័ត៌មានអនឡាញពីរនាក់នៅខេត្តតាកែវ ត្រូវបានចាប់ខ្លួនពីបទញុះញង់ដោយសារធ្វើសេចក្តីរាយការណ៍ឡាយបន្តផ្ទាល់តាមហ្វេសប៊ុកអំពីកង្វះទឹកសម្រាប់ស្រោចស្រប់ដំណាំស្រូវនៅក្នុងស្រុកអង្គរបូរី។ ចាងហ្វាងការផ្សាយម្នាក់របស់ទូរទស្សន៍អនឡាញនៅខេត្តបាត់ដំបងត្រូវបានតុលាការកាត់ទោសពីបទបរិហារកេរ្តិ៍ដោយសារធ្វើសេចក្តីរាយការណ៍ពីជម្លោះដីធ្លី។
អ្នកសារព័ត៌មានម្នាក់នៅខេត្តរតនគិរី ត្រូវបានកោះហៅមកសាកសួរ បន្ទាប់ពីរាយការណ៍ពីករណីស៊ីសំណូក ចំណែកអ្នកសារព័ត៌មានម្នាក់ទៀតនៅក្រុងប៉ោយប៉ែត តាមចោទថា រងការវាយដំលើរាងកាយដោយមន្ត្រីកងរាជអាវុធហត្ថ បន្ទាប់ពីចុះយកព័ត៌មានអំពីការបង្ក្រាបលើសកម្មភាព «អនាធិបតេយ្យ»។
ការគំរាមកំហែងតាមផ្លូវច្បាប់ចំនួនប្រាំមួយករណីតំណាងឱ្យ៨៦ភាគរយនៅក្នុងចំណោមប្រាំពីរករណីនៅក្នុងត្រីមាសទីពីរនេះ បើប្រៀបធៀបទៅនឹងប្រាំពីរករណីនៅក្នុងត្រីមាសទីមួយ ដែលស្មើនឹង៧០ភាគរយ។ ដោយសារតែករណីទាំងនេះ គេអាចនិយាយបានថា ការគំរាមកំហែងតាមផ្លូវច្បាប់ គឺជាកង្វល់ចម្បងក្នុងចំណោមអ្នកសារព័ត៌មាន។
អ្នកសារព័ត៌មានម្នាក់ត្រូវបានដកស្រង់សម្តី ដែលនិយាយក្នុងរបាយការណ៍នេះថា៖ «នៅពេលមានបណ្តឹងប្រឆាំងអ្នកសារព័ត៌មាន តុលាការចាត់វិធានការភ្លាមៗ ហើយចាប់ខ្លួនអ្នកសារព័ត៌មាន ដោយគ្មានការស៊ើបអង្កេតណាមួយឡើយ» ដោយលោកបានបន្ថែមថា ច្បាប់ស្តីពីរបបសារព័ត៌មានគួរតែត្រូវបានប្រើជាជាងប្រើច្បាប់ព្រហ្មទណ្ឌ។
លោក ណុប វី នាយកប្រតិបត្តិខេមបូចា មានប្រសាសន៍ថា ការរឹតបន្តឹងលើការងាររបស់អ្នកសារព័ត៌មាន គឺជានិន្នាការថ្មី ទីដែលច្បាប់ ឬគោលនយោបាយផ្សេងៗត្រូវបានប្រើប្រាស់ ដើម្បីរារាំងសេរីភាពរបស់ពួកគេ។ ជាក់ស្ដែងក្នុងរយៈពេលបីខែចុងក្រោយនេះ ការប្រើវិធានការច្បាប់ប្រឆាំងអ្នកសារព័ត៌មានមានការកើនឡើង។
លោកបានមានប្រសាសន៍ថា ច្បាប់ស្តីពីរបបសារព័ត៌មានមិនត្រូវបានគេប្រើដូចកាលពីមុនទេ ផ្ទុយទៅវិញក្រមព្រហ្មទណ្ឌត្រូវបានអនុវត្ត ដើម្បីដាក់ទោសអ្នកសារព័ត៌មាន ជាពិសេសទាក់ទងនឹងបទញុះញង់ និងបរិហារកេរ្តិ៍។
លោកបានបន្ថែមថា៖ «ការផ្តល់ការបណ្តុះបណ្តាល និងអញ្ជើញអាជ្ញាធរគ្រប់លំដាប់ថ្នាក់មកចូលរួមក្នុងការលើកកម្ពស់ការយល់ដឹង និងការបណ្តុះបណ្តាលស្តីពីការអនុវត្តច្បាប់ និងការពិភាក្សាជាមួយប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន គួរតែត្រូវបានធ្វើឡើងឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ដូចជាច្បាប់ស្តីពីរបបសារព័ត៌មាន ដែល [គួរ] ប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាព ដើម្បីការពារផលប្រយោជន៍អ្នកសារព័ត៌មាន»។
លោក ណុប វី បានកត់សម្គាល់ថា កម្ពុជាគួរតែពិនិត្យមើលច្បាប់ពាក់ព័ន្ធ និងពីរបៀបដែលច្បាប់បច្ចុប្បន្នអាចបង្កហានិភ័យដល់អ្នកសារព័ត៌មាន។ រដ្ឋាភិបាលក៏គួរត្រៀមខ្លួន ដើម្បីធ្វើវិសោធនកម្មច្បាប់ទាំងនេះផងដែរ។
លោក គង់ សំអុន ប្រធានការិយាល័យមេធាវីអាស៊ី មានប្រសាសន៍ថា វាមិនត្រឹមត្រូវទេ ក្នុងការអនុវត្តច្បាប់ព្រហ្មទណ្ឌលើអ្នកសារព័ត៌មាន លុះត្រាតែពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ដែលច្បាប់កំណត់ ដូចជាការឆបោក ឬការកំហែងយកជាដើម។ លោកបានមានប្រសាសន៍ថា៖ «សម្រាប់ខ្ញុំ ខ្ញុំយល់ថា វាមិនត្រឹមត្រូវទេ»។
លោកមានប្រសាសន៍ថា ប្រសិនបើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានដឹងថា រឿងមួយ «មិនពិត» ហើយនៅតែបន្តផ្សព្វផ្សាយ នោះជាកំហុស។ លោកបានបន្ថែមថា៖ «ប៉ុន្តែប្រសិនបើពួកគេមិនបានដឹងថា ជាព័ត៌មានមិនពិត ហើយបានរាយការណ៍ព័ត៌មាននោះ វាជាកំហុសវិជ្ជាជីវៈ។ អ្នកសារព័ត៌មានគួរធ្វើការស្រាវជ្រាវ មុននឹងសរសេរអត្ថបទរបស់ខ្លួន»។
ដោយបញ្ជាក់ជាថ្មីថា អ្នកសារព័ត៌មានមិនគួរប្រឈមនឹងច្បាប់ព្រហ្មទណ្ឌ ឬការចាប់ខ្លួនភ្លាមៗ ដោយសារអត្ថបទរបស់ខ្លួននោះ លោក សំអុន មានប្រសាសន៍ថា ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងព័ត៌មានគួរតែផ្តល់ការណែនាំជំនួសវិញ។
ច្បាប់ព្រហ្មទណ្ឌចែងថា ការផ្សាយព័ត៌មានមិនពិតអាចត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ជាពិសេសក្នុងករណី ដែលតុលាការរកឃើញថា អ្នកសារព័ត៌មានដឹងថា រឿងនោះមិនពិត ប៉ុន្តែអ្នកសារព័ត៌មាននៅតែបន្តចេញផ្សាយ ដែលនាំឱ្យមានការផ្តន្ទាទោស។
លោកបានលើកឡើងថា ក្នុងន័យនេះ គេអាចចាត់ទុកថា ជា«ការបំភិតបំភ័យតាមមធ្យោបាយគំរាមកំហែង» និងប៉ះពាល់ដល់សេរីភាពនៃការបញ្ចេញមតិរបស់អ្នកសារព័ត៌មាន។

យោងតាមសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកពីអង្គការអ្នកសារព័ត៌មានគ្មានព្រំដែនកាលពីថ្ងៃទី៣ ខែឧសភា ប្រទេសកម្ពុជាស្ថិតនៅលេខរៀង១៥១ក្នុងចំណោម១៨០ប្រទេស គឺធ្លាក់ចុះពី១៤៧ ក្នុងឆ្នាំ២០២៣។ ពិន្ទុសរុបរបស់ប្រទេសកម្ពុជាបានធ្លាក់ចុះពី៤២ពិន្ទុ ក្នុងឆ្នាំ២០២៣ មកនៅត្រឹម៣៤ពិន្ទុ ក្នុងឆ្នាំ២០២៤។
ទន្ទឹមគ្នានេះ នៅដើមឆ្នាំ២០២៤ ក្រសួងព័ត៌មានក៏បានធ្វើការស្ទង់មតិលើអ្នកសារព័ត៌មានចំនួន ៣៤១នាក់ និងបានចេញផ្សាយរបាយការណ៍លើកដំបូងមិនធ្លាប់មានពីមុនរបស់ខ្លួនស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា។ ប្រហែល៧៩,៨ភាគរយនៃអ្នកឆ្លើយសំណួរបាននិយាយថា ស្ថានភាពសេរីភាពសារព័ត៌មាននៅក្នុងប្រទេសគឺ «ល្អ» ឬ «ល្អណាស់» ខណៈដែល៩៥ភាគរយ បាននិយាយថា ភាពចម្រុះនៃប្រព័ន្ធផ្សព្វផ្សាយមានឥទ្ធិពលវិជ្ជមានទៅលើសេរីភាពសារព័ត៌មាន។ ប្រហែល៨០ភាគរយ បាននិយាយថា ពួកគេមាន «សេរីភាពពេញលេញ» ក្នុងការបំពេញការងាររបស់ពួកគេដោយសុវត្ថិភាព។
នៅពេលទាក់ទងសុំការអត្ថាធិប្បាយ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងអំណរគុណចំពោះខេមបូចាដែលបានចងក្រងព័ត៌មានអំពីករណីទាក់ទងនឹងការងារអ្នកសារព័ត៌មាន។ លោកបានមានប្រសាសន៍ថា ការកត់ត្រាករណីទាំងនេះបានរួមចំណែកដល់ព័ត៌មានទូទៅ និងផ្តល់ធាតុចូលសម្រាប់ការស៊ើបអង្កេតបន្ថែមទៀត ដើម្បីធានាថា ករណីនីមួយៗមានធាតុចូលគ្រប់គ្រាន់ទាំងអង្គហេតុ និងអង្គច្បាប់ ដើម្បីឈានទៅដល់ការសន្និដ្ឋាន ឬដំណោះស្រាយ។
ការផ្តល់ការគាំទ្រ និងការការពារផ្នែកច្បាប់ដល់អ្នកសារព័ត៌មានដែលបានចុះបញ្ជីត្រឹមត្រូវ គឺជា «អាទិភាពចម្បង» របស់ក្រសួង និងរដ្ឋាភិបាល។
លោក អស្នារិទ្ធ មានប្រសាសន៍ថា ក្រសួងទទួលពិនិត្យសំណើរបស់អ្នកសារព័ត៌មានដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងករណីដែលជួបប្រទះបញ្ហា ឬវិវាទ អំឡុងពេលបំពេញការងារ (គោរពក្រមសីលធម៌វិជ្ជាជីវៈ និងបំពេញភារកិច្ចក្នុងក្របខណ្ឌច្បាប់) ដែលចង់បានការការពារ ការសម្របសម្រួល និងការប្រឹក្សាផ្នែកច្បាប់ ដើម្បីស្វែងរកដំណោះស្រាយ ព្រមទាំងការផ្តល់មេធាវីតំណាងឱ្យអ្នកសារព័ត៌មានផងដែរ។
នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤ ក្រសួងបានសម្របសម្រួលវិវាទ និងបញ្ហាសរុបចំនួន២០ករណី ដែលពាក់ព័ន្ធនឹងអ្នកសារព័ត៌មាន ហើយកំពុងស្ថិតក្នុងដំណើរការផ្តល់មេធាវីសម្រាប់ករណីវិវាទមួយចំនួនផងដែរ។ កាលពីឆ្នាំមុន វិវាទប្រព័ន្ធផ្សព្វផ្សាយចំនួន ៤៣ករណី ត្រូវបានដោះស្រាយ ខណៈផ្តល់ការប្រឹក្សាផ្នែកច្បាប់ដល់អង្គភាពប្រព័ន្ធផ្សព្វផ្សាយចំនួន៥០។ ក្រសួងក៏បានផ្តល់មេធាវីការពារក្តី និងបានបញ្ចប់សំណុំរឿងចំនួន១១ ដោយជោគជ័យនៅក្នុងឆ្នាំនោះ។
ទោះជាយ៉ាងនេះក្តី លោកមិនបានឆ្លើយតបដោយផ្ទាល់ទៅនឹងសំណួរជុំវិញការប្រើប្រាស់ច្បាប់ស្តីពីរបបសារព័ត៌មានជាជាងច្បាប់ព្រហ្មទណ្ឌ ប្រសិនបើអ្នកសារព័ត៌មានធ្វើសេចក្តីរាយការណ៍ខុស និងថា តើគួរផ្តល់ពេលវេលាដល់ពួកគេ ដើម្បីធ្វើការកែតម្រូវព័ត៌មានឬយ៉ាងណា។
ផ្ទុយទៅវិញ លោកបានជំរុញឱ្យអ្នកសារព័ត៌មាន និងស្ថាប័នព័ត៌មានត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន បំពេញភារកិច្ចរបស់ខ្លួនក្នុងក្របខណ្ឌដែលបានកំណត់ដោយច្បាប់ និង «កុំធ្វើហួសពីតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន ជាអ្នកសារព័ត៌មាន»។
សម្រាប់ឆមាសទីមួយនៃឆ្នាំ២០២៤នេះ ក្រសួងបានកត់ត្រាករណីប្រព្រឹត្តិខុសក្រមសីលធម៌វិជ្ជាជីវៈចំនួន៦ ករណីពាក់ព័ន្ធនឹងអ្នកសារព័ត៌មាន ដែលពួកគេ «បានសារភាពកំហុសរបស់ខ្លួន» និងយល់ព្រមធ្វើសេចក្តីរាយការណ៍ប្រកបដោយក្រមសីលធម៌។ លោកបានបន្ថែមថា៖ «អ្នកសារព័ត៌មានមិនត្រូវដើរតួជំនួសអាជ្ញាធរ ឬតុលាការទេ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodian Journalists Face Legal Intimidation; Use of Criminal Law Instead Of Press Law