សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានជាប់ក្នុងវគ្គជម្រុះនៃពានរង្វាន់ប្រព័ន្ធផ្សព្វផ្សាយសេរីឈានមុខ IPI-IMS ប្រចាំឆ្នាំ ២០២៦ ជាមួយស្ថាប័នប្រព័ន្ធផ្សព្វផ្សាយចំនួន ១០ ផ្សេងទៀតមកពីជុំវិញពិភពលោក ក្នុងការប្រកួតប្រជែងមួយដែលលើកតម្កើងភាពច្នៃប្រឌិតក្នុងវិស័យសារព័ត៌មានឯករាជ្យ និងសេរីភាពសារព័ត៌មាន។
បញ្ជីបេក្ខជនជាប់វគ្គជម្រុះដែលត្រូវបានប្រកាសកាលពីថ្ងៃចន្ទ ដោយវិទ្យាស្ថានសារព័ត៌មានអន្តរជាតិ (IPI) និងអង្គការគាំទ្រប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ (IMS) គឺទទួលស្គាល់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយដែលកំពុងបង្កើតវិធីសាស្ត្រថ្មីៗ ដើម្បីទ្រទ្រង់សារព័ត៌មានឯករាជ្យ នៅក្នុងបរិយាកាសដែលកាន់តែមានបញ្ហាប្រឈម។
ខេមបូចា ជាស្ថាប័នតែមួយគត់មកពីតំបន់អាស៊ីអាគ្នេយ៍ដែលមានឈ្មោះក្នុងបញ្ជីនេះ។ វិទ្យាស្ថានសារព័ត៌មានអន្តរជាតិ (IPI) ដែលបានចាប់ផ្តើមផ្តល់ពានរង្វាន់នេះកាលពីឆ្នាំ១៩៩៧ មុនពេលដែល អង្គការគាំទ្រប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ (IMS) ចូលរួមជាដៃគូនៅឆ្នាំ ២០១៥ បានពណ៌នាបេក្ខជនជម្រុះទាំងនេះថាជា «អ្នកត្រួសត្រាយផ្លូវ»ដែលពង្រីកលំហូរសេរីនៃសារព័ត៌មាន និងដំណឹងនៅក្នុងប្រទេស និងតំបន់របស់ខ្លួន។
ខេមបូចា ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៩ ដោយក្រុមអ្នកសារព័ត៌មានកម្ពុជា ក្នុងបរិបទ ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៨ និងការបង្ក្រាបទ្រង់ទ្រាយធំដែលបណ្តាលឱ្យស្ថាប័នប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាច្រើនត្រូវបិទទ្វារ។
ខេមបូចា បានឱ្យដឹងថាខ្លួនធ្វើការដើម្បីការពារសេរីភាពសារព័ត៌មាន និងលើកកម្ពស់ សារ ព័ត៌មានឯករាជ្យប្រកបដោយក្រមសីលធម៌នៅក្នុងប្រទេសកម្ពុជា តាមរយៈការតស៊ូមតិ ការបណ្តុះបណ្តាល និងគំនិតផ្តួចផ្តើមផ្នែកប្រព័ន្ធផ្សព្វផ្សាយ ដែលគាំទ្រដល់អ្នកសារព័ត៌មាន និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍវិស័យប្រព័ន្ធផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ។
នៅឆ្នាំ២០២៥ សារព័ត៌មានខេមបូចា ដែលជាអង្គភាពមួយរបស់ស្ថាប័ននេះបានទទួលពានរង្វាន់ Anthony Lewis Prize របស់គម្រោងយុត្តិធម៌ពិភពលោក សម្រាប់ការធ្វើព័ត៌មានស៊ើបអង្កេត និងការផ្សាយព័ត៌មានស្តីពីបញ្ហាដែលប៉ះពាល់ដល់នីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា។ ខេមបូចា ក៏ត្រូវបានស្នើឈ្មោះជាបេក្ខជនសម្រាប់ពានរង្វាន់សេរីភាពសារព័ត៌មាន របស់អង្គកា អ្នកកាសែតគ្មានព្រំដែន (RSF) នៅឆ្នាំ២០២០ ផងដែរ។

លោក ណុប វី ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ខេមបូចា បានឱ្យដឹងថា ការជាប់ក្នុងបញ្ជីបេក្ខជនវគ្គជម្រុះនេះ នឹងជួយលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់ស្ថាប័ន និងពង្រឹងទំនុកចិត្តពីសាធារណជនចំពោះការងាររបស់ខ្លួន។
លោកបានថ្លែងថា៖ «ក្នុងនាមជាតំណាងសមាជិករបស់យើង និងក្រុមប្រឹក្សាភិបាលរបស់យើង ខ្ញុំមានកិត្តិយសយ៉ាងខ្លាំងដែលខេមបូចា ត្រូវបានជ្រើសរើសចូលក្នុងបញ្ជីបេក្ខជនជាប់វគ្គជម្រុះនៃពានរង្វាន់អ្នកត្រួសត្រាយផ្លូវប្រព័ន្ធផ្សព្វផ្សាយសេរី ប្រចាំឆ្នាំ២០២៦នេះ»។លោកបានបន្ថែមថា ការទទួលស្គាល់នេះបានបញ្ជាក់ពីការរួមចំណែករបស់ស្ថាប័ននេះក្នុងការលើកកម្ពស់សិទ្ធិមនុស្ស សេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិ។
កញ្ញា ផុន សុទ្ធីរ័ត្ន ដែលជាសមាជិកខេមបូចា និងជាអតីតនិស្សិតហាត់ការនៅសារព័ត៌មានខេមបូចា បានឱ្យដឹងថា នាងមានមោទនភាពដែលបានឃើញស្ថាប័ននេះជាប់ក្នុងបញ្ជីបេក្ខជនជម្រុះនេះ។
កញ្ញាបានថ្លែងថា ទោះបីជាខេមបូចា ឈ្នះ ឬមិនឈ្នះក៏ដោយ ការជាប់ក្នុងបញ្ជីបេក្ខជនជម្រុះនេះ វាគឺជាការទទួលស្គាល់ដ៏សំខាន់មួយចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខេមបូចាក្នុងការលើកកម្ពស់សេរីភាពបញ្ចេញមតិ និងសិទ្ធិទទួលបានព័ត៌មាន រួចទៅហើយ។ កញ្ញាបន្ថែមថា៖ «ខ្ញុំបានឃើញផ្ទាល់នឹងភ្នែក ថាការងាររបស់ស្ថាប័ននេះបានជួយគាំទ្រដល់អ្នកសារព័ត៌មាន និងពង្រឹងវិស័យប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជាយ៉ាងម៉េច»។
អ្នកឈ្នះពានរង្វាន់នេះ នឹងត្រូវប្រកាសនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខ ហើយនឹងត្រូវផ្តល់កិត្តិយសក្នុងពេលជាមួយគ្នានឹងការប្រគល់ពានរង្វាន់វីរបុរសសេរីភាពសារព័ត៌មានពិភពលោក IPI-IMS នៅក្នុងកម្មវិធីមហោស្រពសារព័ត៌មានGabo ក្នុងប្រទេសកូឡុំប៊ី នៅខែកក្កដា។ ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅក្នុងប្រទេសហុងគ្រី ជាអ្នកឈ្នះពានរង្វាន់នេះកាលពីឆ្នាំមុន៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ CamboJA Earns Spot on Free Media Pioneer Award Shortlist










