សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កងកម្លាំងប្រដាប់អាវុធប្តេជ្ញា​កម្ចាត់ក្រុមជ្រុលនិយមបាតុកម្មនៅក្រៅប្រទេសដែលប្រឆាំងនឹង​​​គម្រោង​ CLV-DTA

កងទ័ព​ដែល​នៅក្រោមក្រសួងការពារជាតិអះអាង​ថា ខ្លួននឹងការ​ពារ​រដ្ឋាភិបាលទោះស្ថិត​ក្នុងតម្លៃណា​ក៏ដោយ​ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។
កងទ័ព​ដែល​នៅក្រោមក្រសួងការពារជាតិអះអាង​ថា ខ្លួននឹងការ​ពារ​រដ្ឋាភិបាលទោះស្ថិត​ក្នុងតម្លៃណា​ក៏ដោយ​ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។

មន្ត្រីរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធបានថ្កោលទោសក្រុម​សកម្មជនដែល​ប្រឆាំង​នឹង​​​តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) និង​បាន​​ប្តេជ្ញា​បង្ក្រាបសកម្មភាពណាមួយដែលផ្តួចផ្តើមដោយ «ក្រុមប្រឆាំងជ្រុលនិយម» ដែលមានមូលដ្ឋាននៅក្រៅប្រទេសដែល«ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល» 

ពលរដ្ឋ​ខ្មែររាប់​​ពាន់​នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូងជប៉ុន និង​អូស្ត្រា​លី​កាល​ពី​ថ្ងៃ​អាទិត្យ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញ​ពីគម្រោង CLV-DTA ដោយសារ​​បារម្ភ​ខ្លាច​ប្រទេស​កម្ពុជា​​បាត់​បង់​​ទឹក​ដី​នៅ​ខេត្ត​ភាគ​ឦ​សាន​​​ទៅប្រទេស​វៀតណាម។ 

អ្នកតវ៉ាម្នាក់បានថ្លែង​ អំឡុង​ការប្រមូលផ្តុំតវ៉ា​មួយនៅប្រទេសកូរ៉េខាងត្បូងថា៖ «បើកម្ពុជាបន្តដាក់គម្រោង​ CLV ដែល​ជា​ផ្លូវ​ទៅ​រក​គ្រោះមហន្តរាយនៃការបាត់​បង់​បូរណភាពទឹកដី។ ការ​ឈឺចាប់ប្រជាពលរដ្ឋដល់កម្រិត​អាចនឹង​ផ្ទុះ​ដូចនៅ​បង់ក្លាដែសជា​មិន​ខាន»។  ​

ក្នុង​ឃ្លីប​វីដេអូមួយដែល​ថត​ដោយវិទ្យុអាស៊ីសេរី​ RFA​ នៅប្រទេសអូស្ត្រាលី លោក ចាន់ ចេន មាន​ប្រ​សាសន៍ថា៖ «យើង​មកនេះ យើងមក​ដោយស្ម័គ្រចិត្ដ […] បើសិន​ជា​ខ្មែរទាំង​អស់គ្នា យើងមិនពួតដៃ​គ្នា ដើម្បីការពារប្រទេសជាតិ​របស់យើង ការពារទឹកដីរបស់យើង យើងនឹង​មិនមានប្រទេសសម្រាប់រស់នៅតទៅទៀតទេ […] យើងសូមជម្រាបផងដែរថា អ្វីដែលរដ្ឋាភិបាលបច្ចុប្បន្នលោកបានចូលក្នុង​គម្រោង CLV នេះ យើងយល់ថា​ ជាការ​មិនត្រឹមត្រូវទេ។ យ៉ាងហោចណាស់ ក៏រដ្ឋាភិបាល​មុន​នឹងការចូលទៅជាគម្រោង CLV ក៏ត្រូវសួរ​ដល់​​ប្រជាពលរដ្ឋ​ខ្មែរ​»។ 

រដ្ឋសភាជាតិ ក្រសួង ស្ថាប័នរដ្ឋ កងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរ​បាល​ជាតិ បានចេញសេចក្តីថ្លែងការណ៍គាំទ្រគម្រោង CLV-DTA និងថ្កោលទោស​ក្រុម​អ្នកប្រឆាំង។

អគ្គស្នងការនគរបាលជាតិបានលើក​ឡើង​ថា រយៈពេល​ថ្មីៗកន្លងទៅ​នេះ«ក្រុមប្រ​ឆាំង​អគតិ ​និង​ជ្រុលនិយមមួយក្តាប់​តូច»  ដែលមាន​មូលដ្ឋាននៅក្រៅ​ប្រទេស នៅ​​តែបន្តអនុវត្ត​គ្រប់​ឧបាយ​កល​ សកម្មភាពរបស់ខ្លួន​ ដោយបំផុសបំផុលបង្កឱ្យ​មាន​ចលាចល ញុះញង់ឱ្យប្រជាពលរដ្ឋ និងកម្លាំងប្រដាប់អាវុធធ្វើ​«ការ​បះបោរ»  ប្រឆាំងនឹងរាជ​រដ្ឋា​ភិបាល។

អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់នៅក្នុងសេចក្តី​ថ្លែងការណ៍​កាលពីថ្ងៃអា​ទិត្យ​​ថា «យើងហ៊ាន​ធ្វើពលិកម្ម​សព្វបែបយ៉ាង ដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់ និងចាត់​វិធានការម៉ឺងម៉ាត់​ក្នុងការទប់ស្កាត់ បង្ក្រាបរាល់​អំពើក្បត់ជាតិទាំងនោះ ដោយគ្មានការ​លើកលែង ទោះស្ថិត​ក្នុង​តម្លៃ​ណា​ក៏ដោយ​»។ 

លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់​ខេមបូចាថា កងយោធពលខេមរភូមិន្ទបានគាំទ្ររដ្ឋាភិបាលទាក់ទងនឹងគម្រោង​ CLV-DTA ហើយ​នឹង​កម្ចាត់​«ក្រុមណាមួយ» ដែលបាន​តវ៉ាប្រឆាំងនឹងរដ្ឋាភិបាល។ 

លោក សុជាតិ បាន​មានប្រសាសន៍​ថា៖​ «យើង​ត្រូវ​តែ​បង្ក្រាប​ក្រុម​ដែល​តវ៉ា​ប្រឆាំង​រដ្ឋា​ភិបាល និង​ការ​បង្កើត​អង្គការ​ឧទ្ទាម។ យើង​សន្យាថា ​នឹង​មិន​​​ឲ្យ​មាន​​សកម្មភាព​ណា​មួយកើតទ្បើង ​ដែល​បង្ក​អសន្តិសុខ​​»។ 

ស្រប​ពេលជាមួយគ្នានេះ អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រ​ធាន​​ព្រឹទ្ធសភា បានបង្ហោះសារពិសេសព្រមានក្រុម​អ្នកតវ៉ា ដែលជំរុញឱ្យ​មាន​ការ​ផ្តួល​រំលំរដ្ឋា​ភិបាលកម្ពុជា ដូចអ្វីដែលបានកើតឡើងនៅប្រទេសបង់ក្លាដែស។ 

លោក​បន្ត​ថា៖​ «ចំណុច​នេះ បងប្អូន​​ត្រូវ​គិត​ឱ្យ​បាន​ហ្មត់ចត់​។ ​ប្រសិន​បើ​បងប្អូន​ភ្លាត់​​ភ្លាំង​​ដោយ​ប្រការណាមួយ​ [ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​] បងប្អូន​អាចរងគ្រោះថ្នាក់​។ រឿង​នេះ [ដូចនៅប្រទេសបង់ក្លាដែស] វាមិនអាចទៅ​រួច​ទេ»។ 

លោក​បាន​គូស​បញ្ជាក់​ថា សាធារណជន​យល់​ច្រឡំពាក្យ​ «អភិវឌ្ឍន៍​រួម​» និង «សហប្រតិបត្តិការ​» ។ លោកមានប្រសាសន៍ថា៖ «រដ្ឋាភិបាល​គ្មាន​សិទ្ធិ​នឹងយក​​ដី​ខ្មែរ​ទៅដាក់រួម​ជាមួយនឹង​​ប្រ​ទេស​​ណា​ទេ​។ យើង​គ្មាន​ចេតនា​ ដើម្បី​​​នឹងបង្កើត​តំបន់​នោះ​ឱ្យ​ទៅជា​តំបន់​ស្វយ័ត ​ដោយកាត់​មួយភាគ​​របស់​​​កម្ពុជា​ ​មួយភាគ​​របស់​ឡាវ​ មួយ​ភាគ​​របស់​​​វៀតណាម​ ហើយ​កើត​ជា​តំបន់​ស្វយ័ត​ឬ​ប្រទេស​មួយ​ក៏អត់ដែរ»។ 

កាល​ពី​ខែ​កក្កដា លោក ហ៊ុន សែន បាន​ពន្យល់​ថា ​កន្លង​មក មាន​ការចុះហត្ថលេ​ខា​លើ​កិច្ច​ព្រម​ព្រៀងមួយចំនួន រួម​មាន​អនុស្សរណៈ​នៃ​ការ​យោគយល់ (MoU) ដែល​ផ្ដោត​លើ​ការ​ជំរុញ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម ការ​ដោះដូរ​ពាណិជ្ជកម្ម និង​ការ​ដឹក​ជញ្ជូនតាម​​ផ្លូវ​គោក​តាម​បណ្តោយ​ព្រំដែន​វៀតណាម។ 

លោក​មាន​ប្រសាសន៍​ថា មានអនុស្សរណៈនៃការ​យោគយល់​មួយ​ស្តីពី​​សេវា​ដឹក​ជញ្ជូន​តាម​ផ្លូវគោក​ជាមួយ​ឡាវ និង​វៀតណាម និងអនុស្សរណៈ​នៃការ​យោគយល់​គ្នា​​ផ្សេង​ទៀត ​ដែល​បាន​ចុះ​ហត្ថលេខា​រវាង​ស្ថាប័ន​រដ្ឋនៃប្រទេស​នីមួយ​ៗ។ 

លើសពីនេះទៀត កាល​ពី​ខែមីនាឆ្នាំនេះ លោកស្រី ចម និម្ម​ល រដ្ឋមន្ត្រីក្រសួងពា​ណិ​ជ្ជកម្ម និងជាប្រធាន CLV-DTA សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​ បានចូលរួមក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ​គណៈកម្មាធិការសម្របសម្រួលចម្រុះ​ CLV លើកទី១៣ ដែលត្រូវបានរៀបចំឡើងនៅប្រទេសឡាវ។ 

កំណត់ហេតុនេះ គឺ​ជាឯកសារមូលដ្ឋាន​ ក្នុងគោលបំណងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងរក្សាទំនាក់ទំនងកាន់តែជិតស្និទ្ធ​រវាង​ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបី។ 

កាលពីខែមុន សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ៤នាក់ ត្រូវបានចាប់​ខ្លួន និងចោទប្រកាន់ពីបទញុះញង់បង្ក​ឱ្យ​មានភាព​​វឹកវរធ្ងន់ធ្ងរ​​ដល់សន្តិសុខសង្គម បន្ទាប់ពីបានបង្ហោះវីដេអូមួយដោយ​ចោទថា៖ «កម្ពុជាបាត់​បង់​ដីទៅ​ប្រទេស​វៀតណាម»។ 

លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល បានប្រាប់ ខេមបូចា ថា កងកម្លាំងប្រ​ដាប់អាវុធ ជាធម្មតាទោះបីជាយោធា នគរបាល​ ឬកងរាជអាវុធហត្ថកម្លាំងរបស់ប្រទេសជាតិ​។ ពួកគាត់​​ត្រូវ​តែ​ការពារ​រដ្ឋាភិបាល​ស្របច្បាប់​ ដែល​ត្រូវបាន​​ជ្រើសរើស​ដោយ​ប្រជាពលរដ្ឋ​​តាមរយៈ​ការបោះឆ្នោត។ 

លោក​បន្ត​ថា ដូច្នេះ​ ពួកគាត់​​ត្រូវ​តែ​ការពារ​រដ្ឋាភិបាល​ពី​អ្នក​ដែល​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋា​ភិបាល​តាម​​មធ្យោបាយ «ខុសច្បាប់ និង​មិ​នប្រជាធិបតេយ្យ»។ 

កងកម្លាំងប្រដាប់អាវុធនឹងចាត់​វិធាន​ការ​លើក្រុមជ្រុលនិយមណាមួយដែលព្យា​យាមអំពាវនាវឱ្យប្រជាពលរដ្ឋ​ក្រោក​ឡើងផ្តួលរំលំរដ្ឋាភិបាលតាម​មធ្យោបាយមិន​​ប្រជា​ធិបតេយ្យ។ 

លោក ប៉ែន បូណា បានមាន​ប្រសាសន៍​ថា៖ «កងកម្លាំងប្រដាប់អាវុធគាត់មានកាតព្វកិច្ចបញ្ជាក់ថា ពួកគាត់​ការពាររដ្ឋាភិបាលស្របច្បាប់ពីក្រុមជ្រុលនិយមណា ដែលចង់ផ្លាស់ប្តូរ​ប្រទេស និងបំផ្លាញសន្តិភាព សេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ​ គឺជាការទទួលខុសត្រូវរបស់កងកម្លាំងប្រដាប់អាវុធ»៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Armed Forces To Root Out Extremist Groups Opposing CLV-DTA Amid Protests Overseas

531 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម