រាល់ព្រឹក ថា ម៉េងស្រ៊ាន ចេញពីផ្ទះរបស់ខ្លួននៅម៉ោង៥ និង៣៥នាទីព្រឹក និងដើរប្រហែល២០០ម៉ែត្រទៅកាន់កន្លែងរង់ចាំជិះរថយន្តក្រុងសាធារណៈ ដែលត្រូវចេញដំណើរនៅម៉ោង៥ និង៤០នាទី ទៅកាន់វិទ្យាល័យបាក់ទូក។ សិស្សវ័យ១៧ឆ្នាំរូបនេះ ជិះរថយន្តក្រុងចេញពីផ្ទះនៅខណ្ឌជ្រោយចង្វារទៅកាន់ខណ្ឌ៧មករា រៀងរាល់ថ្ងៃ។
រថយន្តក្រុងសាធារណៈបានជួយសម្រួលសេចក្ដីត្រូវការរបស់ ម៉េងស្រ៊ាន បានយ៉ាងគាប់ចិត្ត។ ក្នុងនាមជាសិស្ស ម៉េងស្រ៊ាន អាចជិះរថយន្តក្រុងដោយមិនគិតថ្លៃ បើមិនអញ្ចឹងទេគាត់ត្រូវចំណាយថ្លៃធ្វើដំណើរដោយជិះតុកៗ (tuk-tuk)ប្រហែល៣០ ០០០រៀល។
យុវសិស្សរូបនេះប្រាប់ CamboJA កាលពីខែមុនថា រថយន្តក្រុងភាគច្រើនមកទៀងពេល ហើយភាគច្រើនមានសិស្សជិះ ដែលអាចធ្វើឲ្យសិស្សអាចនិយាយគ្នាលេងបាន។ ប៉ុន្តែ នៅចុងខែមីនា កាលពីឆ្នាំទៅ សាលារាជធានីភ្នំពេញ បានសម្រេចចិត្តបញ្ឈប់ដំណើរការសេវាដឹងជញ្ជូនសារធារណៈមួយនេះ។
រថយន្តក្រុងសាធារណៈចំនួន៨១ ដែលបានប្រតិបត្តិការលើផ្លូវចំនួន១៣ ពាសពេញក្រុងភ្នំពេញ បានផ្អាកដំណើរការនៅថ្ងៃទី២៨ ខែមីនា ពេលដែលអាជ្ញាធរក្រុងបារម្ភថារថយន្តក្រុងអាចធ្វើឲ្យមានចំនួនអ្នកឆ្លងកូវីដ១៩ បន្ថែមទៀត។
ម៉េងស្រ៊ាន និយាយថា៖ «ពេលខ្លះ ខ្ញុំនឹករថយន្តក្រុងសាធារណៈ…ខ្ញុំស្គាល់មនុស្សជាច្រើន ព្រោះខ្ញុំតែងតែជាអ្នកទីបួន ឬទីប្រាំ ដែលបានឡើងជិះរថយន្តក្រុងនៅព្រឹកៗ»។
ក្រោយពីមិនមានវត្តមានរថយន្តក្រុង ការធ្វើដំណើរដោយជិះតុក បានធ្វើឲ្យ ម៉េងស្រ៊ាន ជួបបញ្ហាលើការចំណាយប្រចាំខែ។ សិស្សវ័យ១៧ឆ្នាំ រូបនេះជាកូនក្នុងគ្រូសារមានធនធានមធ្យម នៅខេត្តព្រៃវែង។ គ្រួសារបានរំពឹងទុកថា ម៉េងស្រ៊ាង អាចធ្វើដំណើរដោយរថយន្តក្រុងប្រចាំថ្ងៃ មុនពេលគិតគូរលើតម្លៃសិក្សា និងការចំណាយប្រចាំថ្ងៃ។
ដោយសារត្រូវចំណាយលើថ្ងៃធ្វើដំណើរប្រហែល៣០ ០០០រៀលក្នុងមួយថ្ងៃ បានធ្វើឲ្យ ម៉េងស្រ៊ាន ខ្វះលុយសម្រាប់ចំណាយលើថ្លៃអាហារប្រចាំថ្ងៃ។
ម៉េងស្រ៊ាន លើកឡើងថា៖ «វាពិតជាពិបាក។ ខ្ញុំត្រូវសន្សំលុយសម្រាប់ចំណាយលើថ្លៃធ្វើដំណើរ។ ខ្ញុំត្រូវតែកាត់បន្ថយថ្លៃអាហារ»។
បើតាម ម៉េងស្រ៊ាន កន្លងមកខ្លួនក៏ធ្លាប់សាកជិះម៉ូតូពីរបីដងដែរ ប៉ុន្តែចម្ងាយផ្លូវទៅនិងមក២២គីឡូម៉ែត្រ ធ្វើឲ្យខ្លួនអស់កម្លាំង ហើយខាតពេលរៀន និងអស់កម្លាំងសម្រាប់រៀនសូត្រ។
យុវសិស្សរូបនេះបន្ថែមថា៖ «ខ្ញុំអស់កម្លាំងខ្លាំង បើនៅក្នុងរថយន្ត យើងអាចអង្គុយ និងមើលមេរៀនប្រចាំថ្ងៃបាន»។
កាលពីខែមីនា ឆ្នាំ២០១៤ អង្គការ JICA ជប៉ុន និងសាលារាជធានីភ្នំពេញបានបើកដំណើរការសាកល្បងខ្សែរថយន្តក្រុងពីច្បារអំពៅ ទៅកាន់រង្វង់មូលជ្រោយចង្វារ។
បន្ទាប់ពីមានការរអាក់រអ៊ួលជាច្រើនដង សេវារថយន្តក្រុងនេះបានពង្រីងចំនួនរហូតដល់១៨១គ្រឿង ភាគច្រើនជាជំនួយរបស់រដ្ឋាភិបាលជប៉ុន និងចិន។ ការណ៍នេះបានបង្ហាញថាអ្នករស់នៅក្នុងទីក្រុងមានចេតនាបង់ការធ្វើដំណើរតាមយានជំនិះផ្ទាល់ខ្លួន និងងាកមកប្រើសេវារថយន្តក្រុងសាធារណៈវិញ។
របាយការណ៍ឆ្នាំ២០២០ ពីអាជ្ញាធរគ្រប់គ្រងសេវារថយន្តក្រុងបានឲ្យដឹងថាអ្នកដំណើរពីរលាននាក់បានប្រើប្រាស់សេវានេះនៅបីខែដំបូងក្នុងឆ្នាំ២០២០ ជាមធ្យមមានអ្នកនៅទីក្រុង១០ ០០០នាក់បានជិះជាប្រចាំ។
លោក ឃ្លី នរៈ ប្រធានរដ្ឋាបាល នៃការិយាល័យរដ្ឋបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ឲ្យដឹងថា៖ «មុនមានកូវីដ១៩ យើងមានអ្នកដំណើរប្រហែល១០ ០០០នាក់ ធ្វើដំណើរតាមរថយន្តក្រុងរាល់ថ្ងៃ»។
លោកបន្ថែមថា៖ «យើងសប្បាយចិត្តដែលមានសិស្សជាច្រើនបានប្រើសេវារថយន្តក្រុង ក៏ដូចជាមនុស្សវ័យចំណាស់ផងដែរ»។
លោកឲ្យដឹងទៀតថា មន្ត្រីក្រសួងសុខាភបាលបានផ្ដល់អនុសាសន៍ឲ្យបញ្ឈប់សេវារថយន្តក្រុងភ្លាមៗ ព្រោះថាមានមនុស្សច្រើនក្នុងរថយន្ត និងបិទសេវាសាធារណៈមួយនេះ។
អ្នកជំនាញផ្នែកសុខាភិបាលបានលើកឡើងថាសេវាដឹកជញ្ជូនសាធារណៈ ដែលពេញនិយម និងប្រើច្រើនក្នុងផ្នែកសេដ្ឋកិច្ចនៅប្រទេសលោកខាងលិច អាចជាចំណែកមួយក្នុងការរាលដាលវីរុសកូវីដ១៩ ក្នុងបណ្ដាប្រទេសទាំងនោះ។
លោក នរៈ មានប្រសាសន៍ទៀតថា៖ «តាំងពីពេលនោះមក មិនមានដំណើរការទៀតទេ…យើងចង់ដំណើរការឡើងវិញ តែយើងខ្លាច…ព្រោះអ្នកជិះអាចមិនគោរពគោលការសុវត្ថិភាព និងមានអ្នកបើកបរតែម្នាក់ផង ធ្វើម៉េចឲ្យគាត់គ្រប់គ្រងបាន?»។
របាយកាណ៍រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដដែលបានបង្ហាញថាសេវានេះ រកចំណូលបាន៦៤៥ ៨៦៣ដុល្លារពីការលក់សំបុត្រធ្វើដំណើរ តែបានស្រូបទាញអ្នកជិះមិនគិតថ្លៃមានសិស្ស កម្មកររោងចក្រ និងមនុស្សវ័យចំណាស់ បើគិតជាទឹកប្រាក់មានចំនួន១,៥២ លានដុល្លារ។
លោក នរៈ ទទួលស្គាល់ថាសេវារថយន្តក្រុងនេះមិនរកបានប្រាក់ចំណេញពីការលក់សំបុត្រទេ ហើយមិនរួចថ្លៃចំណាយផ្សេងៗ ដូចជាលើការបើកប្រាក់ខែដល់បុគ្គលិក ជាដើម។ ប៉ុន្តែលោកមិនបានផ្ដល់តួលេខហិរញ្ញវត្ថុលម្អិតឲ្យ CamboJA បានដឹងនោះទេ។
លោកថាគោលបំណងដំបូងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងគឺ ប្រាំបីឆ្នាំក្រោយប្រតិបត្តិការ នឹងលើកទឹកចិត្តអ្នកនៅទីក្រុងឲ្យប្រើសេវាដឹកជញ្ជូនសាធារណៈ ទោះដឹងថាខាតក៏ដោយ។
លោកថា៖«រដ្ឋាភិបាល និងសាលាក្រុងមិនបានគិតដល់រឿងបានប្រាក់ចំណេញឬអត់នោះទេ យើងមិនខ្វល់ពីការខាតទេ ព្រោះយើងមិនដែលបានប្រាក់ចំណេញផង»។

តាំងពីកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ លើកដំបូងក្នុងខែមករា កាលពីឆ្នាំទៅ រដ្ឋាភិបាលបានបិទអាជីវកម្ម សាលារៀន និងទីតាំងសាធារៈមួយចំនួនជាច្រើនដង រួមទាំងសេវារថយន្តក្រុងនេះដែរ ដើម្បីទប់ស្កាត់ការរាលដាលវីរុសកូវីដ១៩។
ប៉ុន្តែ ខណៈអាជីវកម្ម និងកន្លែងសាធារណៈជាច្រើនផ្សេងទៀតត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ សេវារថយន្តក្រុងនៅមិនទាន់បើកវិញនៅឡើយ។
អ្នកនាំពាក្យក្រសួងអំរប់ លោក រស់ សុវាចារ មានប្រសាសន៍ថា ក្រសួងមិនជាប់ពាក់ព័ន្ធនឹងជម្រើសធ្វើដំណើររបស់សិស្ស ឬសេវារថយន្តក្រុងនោះទេ។
អភិបាលក្រុងភ្នំពេញ លោក ឃួង ស្រេង មានប្រសាសន៍ថាសាលាក្រុងរំពឹងថានឹងបើកដំណើរការសេវារថយន្តក្រុងនេះឡើងវិញ ពេលគ្រប់គ្នាបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩។
លោក មានប្រសាសន៍ថា៖ «យើងមិនអាចរក្សាគម្លាតសង្គមក្នុងរថយន្តក្រុងបានទេ…យើងបានគិតរឿងនេះយ៉ាងយកចិត្តទុកដាក់»។
លោក អភិបាល អះអាងថាលោកមិនបានដឹងពីរឿងថវិការបស់សេវារថយន្តក្រុងក្នុងរយៈពេលមួយឆ្នាំនេះទេ ហើយបានបដិសេធថាសេវានេះបិទដោយសារបញ្ហាហិរញ្ញវត្ថុ។
លោកស្រី Kubo Tomoko លេខាទី១របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា មានប្រសាសន៍ថាលោកស្រីមិនបានដឹងថារថយន្តក្រុងឈប់រត់តាំងពីឆ្នាំទៅនោះទេ។ ស្ថានទូតជប៉ុនបានផ្ដល់ជំនួយ២១លានដុល្លារលើសេវារថយន្តក្រុងនេះ។
លោកស្រីបន្ថែមថា៖ «ស្ថានទូតសង្ឃឹមថាស្ថានភាពបច្ចុប្បន្ននឹងចប់ឆាប់ៗ ហើយការរស់នៅរបស់ប្រជាជននឹងវិលទៅរកសភាពធម្មតាវិញ រួមទាំងសេវារថយន្តក្រុងផងដែរ…ជប៉ុននៅមិនទាន់មានគម្រោងបន្ថែមណាមួយលើរថយន្តក្រុងនេះទេ»។
កំពុងអង្គុយនៅហាងកាហ្វេនៅក្រុងតាខ្មៅជាមួយមិត្តភក្តិពីរនាក់ សិស្សថ្នាក់ទី១១ ម៉ូវ មុយស៊ង ធ្លាប់បានប្រើសេវារថយន្តក្រុងនេះចំនួនប្រាំមួយខែ ដើម្បីធ្វើដំណើរទៅកាន់វិទ្យាល័យរបស់ខ្លួនក្នុងក្រុងភ្នំពេញ។
សិស្សស្រីរូបនេះបានពឹងពាក់ច្រើនទៅនឹងសេវាដឹកជញ្ជូនសាធារណៈមួយនេះ និងសង្ឃឹមថាសេវាមួយនឹងបណ្ដុះគំនិតអ្នកទីក្រុងឲ្យប្រើសេវាមួយនេះ។
សិស្សស្រីដដែលឲ្យដឹងថា ដោយសារសេវារថយន្តក្រុងបានផ្អាក ខ្លួនបានជិះតុកៗ ឬសាច់ញាតិជូននាងពីក្រុងតាខ្មៅ មកភ្នំពេញ ជាប្រចាំ។
មុយស៊ង ឲ្យដឹងដែរថា៖ «ខ្ញុំគិតថាព្រោះតែយើងមិនដឹងថាពេលណាកូវីដ១៩ នឹងត្រូវបញ្ចប់ យើងខ្លាចកូវីដ១៩ ឆ្លងរាលដាល»។
យុវសិស្សរូបនេះបន្តថា៖ «ខ្ញុំ ៥០ភាគរយចង់ឲ្យបើកប្រើសេវានេះឡើងវិញ…ហើយបើបើកមែនរដ្ឋាភិបាលត្រូវមានវិធានការការពារសុវត្ថិភាពពួកយើង ប៉ុន្តែខ្ញុំបារម្ភថាគ្រប់គ្នានឹងមិនធ្វើតាម»។
សម្រាប់យុវសិស្ស ម៉េងស្រ៊ាន ឯណោះវិញ នៅមិនទាន់ប្រាកដចិត្តនៅឡើយ។ យុវសិស្សរូបនេះលើកឡើងថា រដ្ឋាភិបាលបានបើកសាលា និងអាជីវកម្មឡើងវិញ ប៉ុន្តែមិនបើកដំណើរការសេវារថយន្តក្រុង អាចបង្ហាញថាសេវានេះត្រូវបានបញ្ចប់។
ម៉េងស្រ៊ាន ថាប្រសិនជាសេវារថយន្តក្រុងបន្តផ្អាកដោយសារតែបញ្ហាហិរញ្ញវត្ថុ ខ្លួនមិនទាស់ក្នុងការបង់ថ្លៃសំបុត្រធ្វើដំណើរដែរ។
ម៉េងស្រ៊ាន បន្ថែមថា៖ «ខ្ញុំគិតថាហេតុផលគឺរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងបានចំណាយប្រាក់លើសេវានេះច្រើន តែមិនអាចរកប្រាក់ចំណេញបាន ដូចនេះពួកគេមិនចង់បើកដំណើរការឡើងវិញ»។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ As Phnom Penh students embraced public buses, the pandemic brought the service to an abrupt stop