សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

គុនខ្មែរ​ជើងឯក​អាស៊ី នឹងបើកការ​ប្រកួត​នៅ​​​វៀតណាម​ថ្ងៃនេះ ខណៈកម្ពុជាជាម្ចាស់​ក្បាច់គុន បាន​ត្រៀម​ខ្លួន​រួចរាល់

លោកគ្រូ ផាត សូដា ពេលបង្វឹកដល់ក្រុមអត្តពលិកកម្ពុជា នៅលើទឹកដីប្រទេសវៀតណាម ដើម្បីត្រៀមចូលរួមការប្រកួតគុនខ្មែរជើងឯកអាស៊ី លើកទី១ ឆ្នាំ២០២៦ ដែលនឹងចាប់ផ្តើមប្រកួតនៅរសៀលថ្ងៃទី៣ ខែកញ្ញា នឹងគ្រោងបញ្ចប់នៅយប់ថ្ងៃទី៧ ខែកញ្ញា។ (ខេមបូចា/ស៊ា បញ្ញា)
លោកគ្រូ ផាត សូដា ពេលបង្វឹកដល់ក្រុមអត្តពលិកកម្ពុជា នៅលើទឹកដីប្រទេសវៀតណាម ដើម្បីត្រៀមចូលរួមការប្រកួតគុនខ្មែរជើងឯកអាស៊ី លើកទី១ ឆ្នាំ២០២៦ ដែលនឹងចាប់ផ្តើមប្រកួតនៅរសៀលថ្ងៃទី៣ ខែកញ្ញា នឹងគ្រោងបញ្ចប់នៅយប់ថ្ងៃទី៧ ខែកញ្ញា។ (ខេមបូចា/ស៊ា បញ្ញា)

វៀតណាម៖ ប្រតិភូ​ គ្រូ​បង្វឹក និង​កីឡាករកីឡាការិនីតំណាងមកពីប្រទេសចំនួន​១២ ជាពិសេស​ប្រតិភូ​កីឡាកម្ពុជា ដែល​ជាម្ចាស់​ក្បាច់គុន បានត្រៀម​ខ្លួនរួចរាល់​អស់​ហើយ ដើម្បីប្រកួត​​ប្រជែង​ក្នុង​ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរជើងឯក​អាស៊ី លើកទី១ (1st  ASIAN Kun Khmer Championship) ឆ្នាំ២០២៦ ដែល​នឹងបើក​ការ​ប្រកួតផ្លូវ​ការជាប្រវត្តិសាស្រ្ត​លើកដំបូង នៅទីក្រុង Can Tho ប្រទេសវៀតណាម នាយប់​ថ្ងៃទី​៣ ខែកញ្ញានេះ នឹងបញ្ចប់​នៅ​រាត្រី​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២៦។

​តាម​របាយការណ៍​ចុងក្រោយ​របស់គណៈកម្មការ​រៀបចំការ​ប្រកួតបាន​ឱ្យ​ដឹង​ថា ការ​ប្រកួត​គុនខ្មែរជើងឯក​អាស៊ី លើកទី១ ឆ្នាំ២០២៦នេះ មាន​កីឡាករ កីឡាការិនី​ចូល​រួម​​ជាង​២០០នាក់ ដែល​ពួកគេ​ត្រូវ​ប្រកួតតំណាង​ឱ្យ​ប្រទេស​ចំនួន​១២ ហើយក្នុង​នោះកម្ពុជា បានបញ្ជូន​ក្រុមអត្តពលិក​ចំនួន​៦៤នាក់ និង​ប្រតិភូ​គ្រូបង្វឹក និងមន្រ្តីបច្ចេកទេស​ចំនួន​២២នាក់​​ សរុបចំនួន​៨៦នាក់ទៅ​ចូល​រួម។

ជាមួយគ្នានេះ ការ​ពិនិត្យសុខភាព និង​ថ្លឹងទម្ងន់​របស់​កីឡាករ កីឡាការិនី​មកពីបណ្តា​ប្រទេស​ទាំង​១២ ត្រូវបាន​ធ្វើ​រួច​រាល់​ហើយ ចំណែក​ការ​ប្រជុំ​បច្ចេក​ទេស និងការ​បើក​វគ្គបណ្តុះបណ្តាល​ទៅដល់​អាជ្ញាកណ្តាល​ចៅក្រម សម្រាប់​ចូលរួមកាត់សេចក្តី និង​ដឹកនាំ​ការ​ប្រកួត​គុនខ្មែរ​ជើងឯក​អាស៊ីនេះ ក៏បានធ្វើ​រួចរាល់ គឺមានន័យ​ថា គ្រប់​គ្នា​បានត្រៀម​ខ្លួនរួចរាល់​អស់​ហើយ ដើម្បីប្រកួតដណ្តើម​យក​មេដាយគុនខ្មែរ។

លោក ផាត សូដា គ្រូបង្វឹក​ធំ​​បាន​ឱ្យ​ដឹង​ថា កីឡាករ កីឡាការិនី​កម្ពុជា​ទាំង​៦៦នាក់ បានត្រៀម​ខ្លួនរួចរាល់​អស់​ហើយ ទាំង​ទៅលើ​ការ​ពិនិត្យ​សុខភាព និងការ​ថ្លឹងទម្ងន់។ បើទោះបីជា​ពួកគេ មានការ​នឿយហត់ ក្នុងការ​ធ្វើដំណើរ​តាមឡាន​ក្រុង ដោយចំណាយ​ពេល​ជាង​​១០ម៉ោង ប៉ុន្តែ​គ្រប់​គ្នា បាន​បង្ហាញ​​ឆន្ទៈខ្ពស់ ក្នុងការ​បង្ហាញ​សមត្ថ​ភាព ដើម្បី​ឱ្យ​អន្តរជាតិ បានឃើញ​កាន់​តែច្បាស់ពីគុណតម្លៃ និងចំណុច​ខ្លាំង​របស់គុនខ្មែរ។

ជាមួយគ្នានេះ លោក សូដា បានបង្ហាញមោទនភាព​ក្នុងនាមជា​កូនខ្មែរ ដែលបាន​ឃើញ​កីឡា​អត្តសញ្ញាណ​ជាតិ​របស់កម្ពុជា ត្រូវបាន​រៀបចំ​ឱ្យមានការ​ប្រកួត​កម្រិត​អាស៊ី ជា​លើកដំបូង និងជា​លើក​ទី​១ នៅក្រៅ​ប្រទេស ដោយប្រទេស​វៀតណាម ជាសមាជិក​សហព័ន្ធគុនខ្មែរ​អន្តរជាតិ សុំ​ធ្វើម្ចាស់​ផ្ទះ​មុន​គេ។

លោក ផាត សូដា បានបញ្ជាក់ថា៖ «នេះជាលើក​ដំបូង ដែលការ​ប្រកួត​គុនខ្មែរជើងឯកអាស៊ី ត្រូវបាន​ធ្វើ​ឡើង​ជា​លើក​ដំបូង និងជា​លើ​កទី​១ នៅ​ក្រៅប្រទេស គឺមាន័យ​ថា គុនខ្មែរ​របស់​យើង កំពុង​បោះជំហាន​ទៅមុខ ហើយ គ្រូៗទាំងអស់​​ពិតជាមានមោទនភាព ពេល​ឃើញ​គុនខ្មែរ​កាន់​តែ​រីកចម្រើន។ សូម្បីតែ​អ្នកគាំទ្រ និងប្រជាពលរដ្ឋ​ខ្មែរ​យើង ក៏សប្បាយ​ចិត្ត នៅពេល​ក្បាច់គុនដូនតា​យើង ចេញមក​ផ្សព្វ​ផ្សាយ​នៅ​ក្រៅប្រទេស​នេះ»។

ទន្ទឹមនឹងនេះ លោក ផាត សូដា ដែលជា​គ្រូ​បង្វឹក​ក្រុមជម្រើសជាតិ​ថ្នាល​គុនខ្មែរ​ផង​នោះ បាន​អះអាង​ថា ការចេញ​មក​ប្រកួត​នៅក្រៅប្រទេស ក្នុង​លក្ខណៈ​ទ្រង់​ទ្រាយ​ធំបែបនេះ ពិតជា​ផ្តល់​អត្ថប្រយោជន៍​ខ្លាំងដល់​ក្រុមអត្តពលិក ជាពិសេស​ក្រុម​យុវជនថ្នាល ដើម្បី​ជំរុញ​ឱ្យ​​ពួកគេ​កាន់​តែខំប្រឹង​ថែម​ទៀត ក្នុងការ​អភិវឌ្ឍ​សមត្ថ​ភាព​​ខ្លួន​ឯង​ឱ្យបាន​ខ្លាំង ក្នុង​ការ​ចាប់​បាន​​ឱកាស​ចេញ​ទៅផ្សព្វ​ផ្សាយ​គុនខ្មែរ នៅតាមបណ្តា​ប្រទេស​ផ្សេងៗ​ទៀត។

លោកបញ្ជាក់​​ថា៖ «កីឡាករ កីឡាការិនី​របស់​យើង សុទ្ធតែ​បានប្រឹង​ប្រែង​ខ្លាំង គឺ​អ្នក​ខ្លះ ទោះមានការលើសគីឡូ តែបាន​ខំប្រឹង​ហាត់ និង​រត់សម្រក ហើយយើងជឿជាក់​ថា ពួកគាត់​នឹងបញ្ចេញ​សមត្ថ​ភាព ក៏ដូចជាការ​ផ្សព្វ​ផ្សាយ​ក្បាច់គុនខ្មែរ​យើង ដើម្បី​ឱ្យគេស្គាល់​កាន់តែច្រើន​ថែម​ទៀត ហើយខ្ញុំ​ជឿ​ថា នឹ​ងមានកម្មវិធីប្រកួត​នៅតាមបណ្តា​ប្រទេស​ផ្សេងៗ​ជាបន្ត​បន្ទាប់​ទៀត»។

គ្រូ​បង្វឹក​រូបនេះ បន្ថែម​ថា៖ «ពួកខ្ញុំជាគ្រូ​បង្វឹក​ចង់បានបំផុត​គឺ​​ឱ្យកីឡាករ កីឡាការិនីរបស់​យើង បញ្ចេញ​សមត្ថ​ភាព និងបច្ចេក​ទេស ដែលមានទាំងអស់ ដើម្បី​ឱ្យអន្តរជាតិបាន​ឃើញ ហើយការដណ្តើម​យកមេដាយជូនជាតិ ក៏ជា​រឿងសំខាន់ ព្រោះ​យើងជាម្ចាស់​ក្បាច់​គុនខ្មែរ យើង​ត្រូវតែ​បង្ហាញ​ភាព​ខ្លាំង ដើម្បីឱ្យ​គេបានស្គាល់កាន់តែច្បាស់»។

ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនីកម្ពុជា បានថតជាមួយមន្រ្តីប៉ូលិស ពេលធ្វើដំណើរទៅដល់ច្រកភ្នំដិននៃព្រំដែនកម្ពុជា-វៀតណាម ហើយនៅល្ងាចថ្ងៃទី៣ ខែកញ្ញានេះ ពួកគេនឹងចូលរួមពិធីបើកការប្រកួតគុនខ្មែរជើងឯកអាស៊ី នៅទីក្រុង Can Tho ប្រទេសវៀតណាម។ (ខេមបូចា/ស៊ា បញ្ញា)

ចំណែក​គ្រូ​បង្វឹកមកពី​ខេត្តបន្ទាយមានជ័យលោក ឆៀប ឆាត និង​​សិស្ស​របស់​លោកចំនួន​៦នាក់ (ស្រី​២នាក់) ក៏បាន​ធ្វើដំណើរមក​ប្រកួតតំណាង​ឱ្យកម្ពុជា ក្នុងការ​ប្រកួត​គុនខ្មែរ​ជើងឯក​អាស៊ី លើកទី​១នេះ​ដែរ។ លោកបានទទួល​ស្គាល់​ថា ការ​ហ្វឹកហាត់​បែបស្មោះចិត្ត​នៅតាម​ខេត្ត វាមិនបានពេញ​លេញ​ដូច​អ្នកនៅ​ភ្នំពេញ​ទេ ព្រោះ​អត្តពលិ​ក​ភាគច្រើនជាប់​រៀនសូត្រ និង​ជួយ​ធ្វើការងារ​ផ្ទះ ប៉ុន្តែ​សម្រាប់ការ​ទទួលបានឱកាស​ចេញ​ក្រៅប្រទេសជា​លើកដំបូងនេះ ពួកគេ​បានដាក់​ចិត្ត​ខ្លាំង។

លោក​បានបញ្ជាក់ថា៖ «ខ្ញុំ​មានមោទនភាពណាស់​ ដែលមាន​ប្រទេស​ជិត​ខាង​យើង បាន​​លើក​តម្កើង និង​យក​ក្បាច់​គុនយើង មក​រៀបចំ​នៅលើ​ទឹក​ដី​របស់​គេ ហើយ​​នេះ​ជាឱកាសដំបូង​​របស់​ខ្ញុំនិង​ក្មេងៗ​មកពី​ខេត្ត​បន្ទាយមានជ័យ បានចេញមកប្រកួត​នៅ​ក្រៅ​ប្រទេស អ៊ីចឹង​ពួកគាត់ខំប្រឹង​ប្រែង និងដាក់​ចិត្ត​ខ្លាំងណាស់»។

គ្រូ​បង្វឹក​វ័យ ៤៧​ឆ្នាំ​រូបនេះ បានបន្ថែម​ថា៖ «​ពួកគាត់​​ឃើញ​រៀមច្បងមុនៗ ចេញទៅ​ក្រៅស្រុក ហើយមាន​កេរ្តិ៍​ឈ្មោះ​ល្បី ហេតុនេះគាត់​បានព្យាយាម​ធ្វើ​តាម​ ​ចំណែក​ខ្ញុំ​ជា​គ្រូ ពិតជា​ចង់​ឃើញ​ពួកគាត់ដណ្តើមបានមេដាយ ព្រោះនេះជាមោទនភាពរបស់​យើង ដែលបានរួមចំណែក​​ជួយ​លើកកម្ពស់កិត្តិយសជូនជាតិ ដើម្បីផ្សព្វផ្សាយគុនខ្មែរ​ឱ្យបាន​ខ្លាំងថែម​ទៀត»។

ចំណែក​កីឡាការិនី ធន់ ស្រីពេញ ដែលធ្លាប់បានចេញ​ទៅប្រកួតនៅ​ប្រទេសជប៉ុន ចិន ​ក្រិក ​និង​បាន​​ឈ្នះមេដាយប្រាក់ សម្រាប់ការ​ប្រកួត​កីឡាយុវជនអាស៊ី នៅប្រទេស​បារ៉ែន កាលពី​ខែ​តុលា ឆ្នាំ២០២៥នោះ បានបង្ហាញការ​តាំង​ចិត្តខ្ពស់ ដណ្តើម​យកមេដាយជូនជាតិ ក្នុងនាមជាម្ចាស់​ក្បាច់​គុន សម្រាប់ការ​ប្រកួត​គុនខ្មែរ​ជើងឯក​អាស៊ី ជា​លើកដំបូង នៅ​ក្រៅ​ប្រទេស ​លើ​ទឹកដី​ប្រទេសវៀតណាម​នេះ។

កីឡាការិនី​វ័យ​១៨​ឆ្នាំ​រូបនេះ បាន​និយាយ​ថា៖​ «ខ្ញុំសប្បាយ​ចិត្ត ដែលគុនខ្មែរ បានមកផ្សព្វ​ផ្សាយ​នៅប្រទេស​របស់​គេ ហើយ​យើង​ក៏នឹង​ខំប្រឹង​ឱ្យអស់ពី​សមត្ថ​ភាព ដើម្បី​ដណ្តើម​យក​មេដាយមាស​ជូនជាតិ។ ខ្ញុំបាន​​ត្រៀម​ខ្លួន និងតាំង​ចិត្ត​១០០​ភាគ​រយ សម្រាប់ការ​ប្រកួតនេះ ព្រោះ​ខ្ញុំ​ចង់​លើកស្ទួយ​គុនខ្មែរ​ឱ្យគេស្គាល់កាន់​តែ​ច្រើន ហើយ​ខ្ញុំ​នឹងខំប្រឹង​ដណ្តើម​យកមេដាយ​ឱ្យ​បាន»។

ចំណែក​កីឡាការិនី មឿយ ស៊ឹង ដែលបានហ្វឹកហាត់ប្រដាល់​នៅថៃ ហើយ​ធ្លាប់​ដណ្តើម​បានខ្សែ​ក្រវាត់​១គ្រឿង សម្រាប់ការ​ប្រកួតនៅ​ទី​នោះ ចន្លោះពី​ឆ្នាំ២០១៧ ដល់​ឆ្នាំ២០២០ ក៏បាន​ត្រៀម​ខ្លួនរួចរាល់ ដើម្បី​​ប្រកួត​លើ​វិញ្ញាសាគុនគ្រូ និងប្រយុទ្ធទម្ងន់​៦២​គីឡូក្រាម សម្រាប់ការ​ប្រកួត​គុនខ្មែរជើងឯក​អាស៊ី លើក​ទី១នេះ។

​វិញ្ញាសា​ទាំង​២នេះ មឿយ ស៊ឹង ​ធ្លាប់​ឈ្នះបាន​មេដាយមាស១ និង​ប្រាក់​១ សម្រាប់ការ​ប្រកួតស៊ីហ្គេម លើក​ទី៣២ ឆ្នាំ២០២៣ នៅ​កម្ពុជា និងធ្លាប់​​​ឈ្នះបានមេដាយសំរឹទ្ធ​១ ពីការប្រកួតស៊ីហ្គេម ឆ្នាំ២០២២ នៅវៀតណាម​ផងដែរ ហើយ មឿយ ស៊ឹង បានបង្ហាញ​មោទនភាព​ខ្លាំង ចំពោះការ​ប្រកួតលើកនេះ។

កីឡាការិនី​វ័យ២៦ឆ្នាំ​រូបនេះ បាន​បញ្ជាក់​ថា៖ ​«ខ្ញុំ​ធ្លាប់ដណ្តើមបានមេដាយ​ច្រើន​ហើយជាការ​តបស្នងជូនជាតិ​វិញ ហើយ​លើកនេះខ្ញុំ​កាន់​តែមានមោទនភាព។ ទោះបីជា​ខ្ញុំ​ត្រូវ​ប្រកួត​២វិញ្ញាសា​តែម្នាក់ឯង ដែល​រាងហត់បន្តិច ប៉ុន្តែខ្ញុំនឹង​ប្រឹង​ប្រែង​ដណ្តើម​យកមេដាយជូនជាតិ​ឱ្យបាន ព្រោះ​យើង​ចង់បង្ហាញ​ថា យើងជាម្ចាស់​ក្បាច់​គុន គឺ​កម្ពុជា​យើង មានក្បាច់គុនជា​របស់​ខ្លួន តាំងពីបរមបុរាណ»។

ចំណែក​លោក ខូវ ឆាយ អគ្គលេខាធិការសហព័ន្ធគុនខ្មែរអន្ដរជាតិ និងជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានអះអាង​ថា យើង​ធ្លាប់​រៀបចំការ​ប្រកួត​គុនខ្មែរ​ជើងឯក​អាស៊ាន និង​ជើងឯកពិភពលោកជា​ច្រើន​លើកមក​ហើយ នៅលើ​ទឹក​ដី​ខ្លួនឯង ប៉ុន្តែនេះជា​លើកដំបូង ដែល​យើង​បានរៀបចំការ​ប្រកួត​គុនខ្មែរ​ជើងឯក​អាស៊ី ​លើកទី​១នេះ ដោយ​ខាង​វៀតណាម សុំ​សិទ្ធិ​ធ្វើ​ជាម្ចាស់​ផ្ទះ​មុន​គេ។

​លោក​បញ្ជាក់​ថា៖ ​«នេះ​ជា​ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មី​មួយ សម្រាប់វិស័យគុនខ្មែរ ដោយ​បាន​ឆ្លុះបញ្ចាំងឱ្យឃើញថា គុនខ្មែរ ដែលជាក្បាច់គុនដ៏​ចំណាស់ និងជាមរតកវប្បធម៌​របស់​បុព្វបុរសខ្មែរ កំពុងទទួល​បានការគាំទ្រ ការទទួលស្គាល់ និងការអភិវឌ្ឍកាន់តែ​ទូលំទូលាយនៅក្នុងតំបន់អាស៊ី និងនៅលើឆាកអន្តរជាតិ»។

ជាមួយ​ទិសដៅ​វែង​ឆ្ងាយ​នេះ សហព័ន្ធ​គុនខ្មែរ​អន្តរជាតិ មាន​ផែន​ការ​សម្របសម្រួល​ដល់សមាជិក​​ប្រមាណ​៦០​ប្រទេស​ផ្សេងៗ​ទៀត ឱ្យបន្ត​ធ្វើ​ជាម្ចាស់​ផ្ទះ​ការ​ប្រកួត​គុនខ្មែរ​ជើងឯក​អាស៊ី​នេះឱ្យបាន​ជារៀង​រាល់​ឆ្នាំ ហើយនេះជា​យុទ្ធសាស្រ្ត​រុញ​ «គុនខ្មែរ» ឱ្យកាន់​រីក​ធំ​នៅលើ​ឆាក​អន្តរជាតិ។

លោក ខូវ ឆាយ ​បន្ថែម​​ថា៖ «ការរៀបចំការប្រកួតជើងឯក​​អាស៊ី​ជាលើកដំបូង​នេះ គឺ​ជាជំហាន​​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ​ក្នុង​ការ​កសាង​ប្រព័ន្ធ ប្រកួត​ប្រជែង​កម្រិត​ទ្វីប ពង្រឹង​សមត្ថភាពអត្តពលិក គ្រូបង្វឹក និង​មន្រ្តី​បច្ចេកទេស ព្រមទាំង​បង្កើនកិច្ច​សហប្រតិបត្តិ​ការរវាង​សហព័ន្ធ និង​អង្គការ​កីឡា​គុន​ខ្មែរ​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ី អ៊ីចឹង​បន្ទាប់ពីប្រទេស​វៀតណាម ការប្រកួត​គុនខ្មែរ​ជើងឯកអាស៊ី នឹងបន្ត​រៀបចំឱ្យមានជា​រៀង​រាល់​ឆ្នាំ នៅតាមបណ្តា​ប្រទេស​ផ្សេងៗ​ទៀត ដែលជាសមាជិក​សហព័ន្ធ​គុនខ្មែរ​អន្តរជាតិ​របស់​យើង»៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម