កាលពីខែតុលា ឆ្នាំ២០២២ លោក បូរ៉ា ជឿថា ការបង្កើតសហជីពនៅរោងចក្រស្បែកជើងក្នុងខេត្តតាកែវ នឹងជួយលោកនិងសហការីទទួលបានអត្ថប្រយោជន៍កាន់តែប្រសើរឡើង។
ផ្ទុយទៅវិញ ភ្លាមៗបន្ទាប់ពីចូលរួមបង្កើតសហជីព លោក បូរ៉ា ដែលស្នើសុំប្រើឈ្មោះមិនពិត ដើម្បីការពារសុវត្ថិភាពនោះ ត្រូវបានបណ្តេញចេញពីការងារនៅរោងចក្រ Bright Flushing ដែលផលិតស្បែកជើងសម្រាប់ម៉ាកអន្តរជាតិ Puma និង The North Face ក្នុងចំណោមយីហោល្បីៗផ្សេងទៀត។
មិនខុសពីកម្មករនៅរោងចក្រ Bright Flushing ពីរនាក់ផ្សេងទៀតដែរ ដែលត្រូវបានបណ្តេញចេញបន្ទាប់ពីការចូលរួមបង្កើតសហជីព ករណីរបស់លោក បូរ៉ា បច្ចុប្បន្នក្លាយជាចំណុចស្នូលនៃកិច្ចពិភាក្សាដែលកំពុងបន្តរវាងយីហោ Puma,រោងចក្រ Bright Flushing និងមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (សង់ត្រាល់)។
ចាប់តាំងពីខែសីហាមក យ៉ាងហោចណាស់កម្មករ១២នាក់មកពីរោងចក្រ Bright Flushing និងរោងចក្រផ្គត់ផ្គង់ឱ្យយីហោ Puma មួយទៀតឈ្មោះ Eastcrown បានបាត់បង់ការងាររបស់ពួកគេ បន្ទាប់ពីព្យាយាមបង្កើតសហជីព។ តាមការចោទថា រោងចក្រទាំងពីរបានឆ្លៀតឱកាសពីដំណើរការចុះបញ្ជីសហជីពដ៏លំបាកនៅកម្ពុជា ដោយបង្ខំឱ្យមេដឹកនាំជាប់ឆ្នោតលាលែង ដើម្បីធ្វើឱ្យខូចដំណើរការបង្កើតសហជីព នេះបើយោងតាមការលើកឡើងរបស់អង្គការសង់ត្រាល់និងកម្មករមួយចំនួននៅរោងចក្រទាំងពីរ។
ការលើកឡើងរបស់កម្មករនៅរោងចក្រ Bright Flushing និងភស្តុតាងដែលចែករំលែកដោយអង្គការសង់ត្រាល់បង្ហាញថា អាជ្ញាធរមូលដ្ឋានបានចូលដៃក្នុងការជួយអ្នកគ្រប់គ្រងរោងចក្ររំលាយសហជីពឯករាជ្យតាមរយៈការគំរាមចាប់ខ្លួន និងការបាត់បង់អត្ថប្រយោជន៍សុខុមាលភាព។
ចាប់តាំងពីខែមករា យីហោ Puma បានជួយសមាជិកសហជីពចំនួន១១នាក់ដែលត្រូវបានបណ្តេញចេញទទួលបានការងារធ្វើឡើងវិញនៅក្នុងរោងចក្រទាំងពីរនេះ ដោយមិនរាប់បញ្ចូលលោក បូរ៉ា ហើយបានចាប់ផ្តើមការសម្រុះសម្រួលជាមួយអង្គការសង់ត្រាល់និងរោងចក្រ Bright Flushing កាលពីថ្ងៃទី០៧ ខែកុម្ភៈ។
ប៉ុន្តែកម្មករដែលបានចូលធ្វើការវិញនៅរោងចក្រផ្គត់ផ្គង់ឲ្យយីហោ Puma ទាំងពីរនិយាយថា ពួកគេនៅតែមានអារម្មណ៍គ្មានសុវត្ថិភាព និងខ្វះសុវត្ថិភាពការងារ ខណៈដែលអនាគតនៃសហជីពទើបបង្កើតថ្មីរបស់ពួកគេនៅតែស្ថិតក្នុងគ្រោះថ្នាក់នៅឡើយ។
សមាជិកស្ថាបនិកពីរនាក់នៅក្នុងចំណោមសមាជិកស្ថាបនិកសហជីពនៅរោងចក្រ Bright Flushing ដែលត្រូវបានបណ្តេញចេញពីដំបូង បាននិយាយថា ពួកគេត្រូវបានអាជ្ញាធរមូលដ្ឋានតម្រូវឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីខែមករា ដោយរារាំងពួកគេមិនឱ្យចូលរួមសហជីពរបស់ពួកគេឡើងវិញ ដើម្បីទទួលបានការងាររបស់ពួកគេហើយមិនហ៊ាននិយាយច្រើនជាមួយខេមបូចាទេដោយបារម្ភពីសុវត្ថិភាពរបស់ពួកគេ។
លោក ឃុន ថារ៉ូ ប្រធានគ្រប់គ្រងកម្មវិធីការងារនៅអង្គការសង់ត្រាល់បាននិយាយថា នៅក្នុងដំណើរការសម្របសម្រួលដែលកំពុងបន្តជាមួយយីហោ Puma អង្គការសង់ត្រាល់នឹងទាមទារឱ្យបញ្ចប់រាល់ការរើសអើងលើសមាជិកសហជីពនិងស្នើសុំឱ្យលោក បូរ៉ា និងសហការីពីរនាក់ទៀតរបស់លោកចូលធ្វើការវិញ។ អង្គការក្រៅរដ្ឋាភិបាលនេះ ក៏នឹងស្វែងរកឱ្យមានភាពត្រឹមត្រូវលើកិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយអតីតមេដឹកនាំសហជីពទាំងពីរនិងបង្កើតក្រុមត្រួតពិនិត្យឯករាជ្យមួយ ដើម្បីធានាថាលទ្ធផលនៃការសម្រុះសម្រួលត្រូវបានផ្សព្វផ្សាយឱ្យបានត្រឹមត្រូវ។
លោក បូរ៉ា បាននិយាយថា៖ «ប្រសិនបើបញ្ហារបស់ខ្ញុំ និងបញ្ហារបស់សមាជិកសហជីពផ្សេងទៀតត្រូវបានដោះស្រាយ ចលនាសហជីពនៅ Bright Flushing នឹងនៅតែរឹងមាំ។ ប៉ុន្តែប្រសិនបើករណីនេះគ្មានដំណោះស្រាយ ហើយគ្មានអ្នកណាចាត់វិធានការណាមួយទេ គ្មាននរណាម្នាក់នឹងក្រោកឈរឡើង ដើម្បីបង្កើតសហជីពទេ ហើយសិទ្ធិសហជីពរបស់យើងនឹងលែងមានហើយ»។
សមាជិកសហជីព ជាពិសេសអ្នកដែលមានមុខតំណែងជាថ្នាក់ដឹកនាំត្រូវបានការពារពីការយាយី និងការបញ្ឈប់ពីការងារក្រោមច្បាប់កម្ពុជានិងគោលការណ៍សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ក៏ដូចជានៅក្នុងក្រមសីលធម៌របស់យីហោ Puma និងយីហោ The North Face។
លោក Dave Welsh នាយកប្រចាំប្រទេសភូមានិងប្រទេសថៃ ទទួលបន្ទុកសិទ្ធិការងារនៃអង្គការ Solidarity Center និងបានធ្វើការនៅក្នុងប្រទេសកម្ពុជាពីឆ្នាំ២០១០ដល់ឆ្នាំ២០១៥ បាននិយាយថា យីហោពិភពលោកដែលទិញផលិតផលពីរោងចក្រកាត់ដេរនៅអាស៊ីអាគ្នេយ៍ជារឿយៗធ្វើអន្តរាគមន៍តិចតួច លុះត្រាតែប្រឈមមុខនឹងសម្ពាធជាបន្តបន្ទាប់។
លោក Welsh បាននិយាយថា៖ «ច្បាស់ណាស់ យីហោក្រុមហ៊ុនពហុសាខា អឺរ៉ុប និងអាមេរិក អ្វីដែលទាក់ទាញការវិនិយោគរបស់ពួកគេ គឺយុត្តាធិការ ទីដែលនីតិរដ្ឋទន់ខ្សោយ ហើយសេរីភាពក្នុងការបង្កើតសមាគមមានកម្រិត។ ទាំងនេះគឺជារឿងដែលពួកគេចាត់ទុកថា ជាវិជ្ជមាន។ និយាយដោយត្រង់ទៅ»។
ឧស្សាហកម្មកាត់ដេររបស់ប្រទេសកម្ពុជាបានផ្តល់ការងារដល់កម្មករជាង ៧០០ ០០០នាក់ និងមានចំណែកជាងមួយភាគបីនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ។ ការនាំចេញ សម្លៀកបំពាក់ រួមជាមួយនឹងទេសចរណ៍ គឺជាសសរស្តម្ភនៃអត្រាកំណើនសេដ្ឋកិច្ច ដ៏លឿន របស់កម្ពុជា ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៩០មក នេះបើយោងតាមធនាគារពិភពលោក។
ប៉ុន្តែកម្មករកាត់ដេរ ផលិតស្បែកជើង និងវាយនភណ្ឌ ដែលភាគច្រើនជាស្ត្រី ទទួលបាន ប្រាក់ឈ្នួលអប្បបរមាប្រចាំខែត្រឹមតែ២០០ដុល្លារប៉ុណ្ណោះ ហើយងាយនឹងត្រូវគេបញ្ឈប់ ពីការងារ និងការកាត់ប្រាក់បំណាច់ដោយនិយោជករបស់ពួកគេ។
លោក Dennis Arnold ជាអ្នកជំនាញសេដ្ឋកិច្ចនយោបាយនៃសាកលវិទ្យាល័យ Amsterdam ដែលបានស្រាវជ្រាវឧស្សាហកម្មកាត់ដេរនៅកម្ពុជាចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០ បាន និយាយថា ឧស្សាហកម្មកាត់ដេរពិភពលោកមានការប្រកួតប្រជែងខ្លាំង ហើយលើក ទឹកចិត្ត ឱ្យរោងចក្រកាត់បន្ថយការចំណាយដោយគ្មានការរារែកចិត្តតែម្តង។
លោក Arnold បាននិយាយថា៖ «ពួកគេ [រោងចក្រ] ស្ថិតនៅក្រោមសម្ពាធជាច្រើនពីអ្នកបញ្ជាទិញសកល ឲ្យផលិតច្រើនតែក្នុងតម្លៃទាប ប៉ុន្តែមានគុណភាពកាន់តែល្អ ចំណាយពេលវេលាតិចជាងមុន។ ពួកគេខ្លាចសហជីពឯករាជ្យ ព្រោះពួកគេគិតថា នឹងធ្វើឱ្យប៉ះពាល់ដល់ការសម្រេចការងារទាំងនេះ»។ អាជ្ញាធរជួយរោងចក្រ ដើម្បីធ្វើឱ្យសហជីពចុះខ្សោយ
នៅយប់មុនការបោះឆ្នោតសហជីពសម្រាប់កម្មករនៅរោងចក្រ Bright Flushing កាលពីថ្ងៃទី២៩ ខែតុលា អ្នកហៅទូរសព្ទអនាមិកម្នាក់បានព្រមានអង្គការសង់ត្រាល់ ដែលកំពុងជួយដំណើរការបោះឆ្នោតនេះថា អ្នកណាក៏ដោយដែលចូលរួមក្នុងសហជីពថ្មីរបស់រោងចក្រនឹងត្រូវបណ្តេញចេញពីការងារ។ ពេលបោះឆ្នោត មានជនដែលគេមិនស្គាល់បានបង្ហាញមុខ ដើម្បីថតរូបអ្នកចូលរួមទាំង២៧នាក់។
ក្នុងរយៈពេលមួយសប្តាហ៍ រោងចក្រ Bright Flushing បានបណ្តេញមេដឹកនាំសហជីពជាប់ឆ្នោតពីររូប និងបានគាបសង្កត់កម្មករចំនួន១០នាក់ផ្សេងទៀតឱ្យដកខ្លួនចេញពីសហជីព នេះបើយោងតាមកម្មករជាច្រើននិងរបាយការណ៍ដែលចងក្រងដោយអង្គការសង់ត្រាល់។ ប្រសិនបើមេដឹកនាំជាប់ឆ្នោតណាម្នាក់លាលែងពីតំណែង សហជីពត្រូវរៀបចំការបោះឆ្នោតថ្មីដូចដែលតម្រូវដោយច្បាប់សហជីពឆ្នាំ២០១៦ ដែលក្រុមសង្គមស៊ីវិលបានរិះគន់តាំងពីការចាប់ផ្តើមបង្កើតច្បាប់នេះថា បង្កើតឡើងដើម្បីគាបសង្កត់សហជីព។
វុទ្ធី ជាមេដឹកនាំសហជីពម្នាក់ក្នុងចំណោមមេដឹកនាំសហជីពដែលត្រូវបានបណ្តេញចេញដែលស្នើសុំប្រើឈ្មោះមិនពិត ដើម្បីសុវត្ថិភាពរបស់ពួកគេនោះបាននិយាយថា៖ «ខ្ញុំមិនបានដឹងថា [ការរៀបចំសហជីព] អាចនាំឱ្យមានបញ្ហាធំបែបនេះទេ ។ ប្រសិនបើខ្ញុំដឹង ខ្ញុំនឹងត្រៀមខ្លួនសម្រាប់រឿងនេះ។ វាពិតជាឈឺចាប់ណាស់នៅពេលខ្ញុំត្រូវបានគេបញ្ឈប់ពីការងារ ខ្ញុំបានយំរហូតដល់គេងលក់»។
Sunny Chen ជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៅរោងចក្រ Bright Flushing និងប្រធាន និងលោក Wang Ku Hsiu-Hsia ជាប្រធាននិងជាថៅកែរោងចក្រនេះមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
កាលពីដើមខែមករា អាជ្ញាធរឃុំ និងអ្នកគ្រប់គ្រងរោងចក្របានព្យាយាមបង្ខំឱ្យ វុទ្ធី និងកម្មករដែលត្រូវបានបណ្តេញចេញម្នាក់ទៀតផ្ដិតមេដៃលើឯកសារថា ពួកគេបានស្ម័គ្រចិត្តលាលែងពីការងារ និងតួនាទីសហជីព បន្ទាប់មកចុះកិច្ចសន្យាការងារថ្មី។ បើមិនដូច្នេះទេ ពួកគេត្រូវបានព្រមានថា ពួកគេនឹងត្រូវប្រឈមនឹងការចាប់ខ្លួន នេះបើយោងតាមអង្គការសង់ត្រាល់។
វុទ្ធី បាននិយាយថា៖ «នៅពេលពួកគេ [អាជ្ញាធរមូលដ្ឋាន] មកចរចា ពួកគេថា ខ្ញុំកំពុងបង្កើតសហជីពប្រឆាំង»។
អង្គការសង់ត្រាល់បានរាយការណ៍ថា អាជ្ញាធរឃុំក៏ចោទមកលើ វុទ្ធី ដោយប្រាប់នាងថា នាងនិងក្រុមគ្រួសាររបស់នាងនឹងបាត់បង់អត្ថប្រយោជន៍សុខុមាលភាពសង្គមតាមរយៈបណ្ណក្រីក្រ ប្រសិនបើពួកគេមិនបានចុះហត្ថលេខាលើឯកសាររបស់រោងចក្រ។
លោក ញ៉ែម ឆន មេឃុំលាយបូរ ទីដែលរោងចក្រ Bright Flushing តាំងនៅបាននិយាយថា អ្នកគ្រប់គ្រងរោងចក្របានស្នើសុំ «ជួប ដើម្បីសុំយោបល់» អំពីការដោះស្រាយជាមួយសហជីព ប៉ុន្តែបដិសេធថា មិនបានគំរាមកម្មករនោះទេ។
លោក ឆន បាននិយាយថា៖ «មិនមានបញ្ហាពាក់ព័ន្ធនឹងការគំរាមកំហែងដល់សហជីពនៅក្នុងរោងចក្រនោះទេ។ ខ្ញុំមិនដែលពាក់ព័ន្ធទេ។ ភូមិឃុំមិនដែលពាក់ព័ន្ធនឹងរឿងនេះទេ ហើយក៏មិនបានគំរាមកំហែង ឬបំពានសហជីពដែរ»។
រោងចក្រ Bright Flushing តាមរាយការណ៍បានប្រាប់កម្មករថា ខ្លួនគ្រោងនឹងដាក់ពាក្យបណ្តឹងទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយអះអាងថា សហជីពថ្មីនេះមានការក្លែងបន្លំ។
លោក មឿន តុលា បានសរសេរនៅក្នុងលិខិតមួយកាលពីថ្ងៃទី៨ ខែវិច្ឆិកា ទៅកាន់ប្រធានផ្នែកនិរន្តរភាពសាជីវកម្ម Puma លោក Stefan Seidel ថា នៅពេលលោក មឿន តុលា ប្រធានអង្គការសង់ត្រាល់ជូនដំណឹងទៅយីហោ Puma អំពីផែនការរបស់រោងចក្រ៖ «តំណាងយីហោ Puma ក្នុងស្រុកបាននិយាយថា… Puma នឹងរង់ចាំលទ្ធផលនៃដំណើរការនេះសិន»។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ ដោយបានដាក់ទូរស័ព្ទចុះនៅពេលទាក់ទង។
លោក តុលា បានសរសេរនៅក្នុងលិខិតទៅកាន់ Seidel ថា៖ «ក្រុមហ៊ុន Puma មិនគួរផ្តល់ភាពស្របច្បាប់ដល់សកម្មភាពរបស់រោងចក្រ Bright Flushing ដោយគ្រាន់តែអង្គុយមួយឡែក ហើយរង់ចាំរឿងបែបនេះកើតឡើងនោះទេ ។ ផ្ទុយទៅវិញ ក្រុមហ៊ុន Puma គួរតែប្រកាន់ជំហរច្បាស់លាស់ជាមួយរោងចក្រ Bright Flushing ថា ត្រូវតែទទួលយកកម្មករដែលត្រូវបានបណ្តេញចេញពីការងារទាំងនេះចូលធ្វើការងារវិញ ដោយគ្មានលក្ខខណ្ឌ …» ។
អ្នកនាំពាក្យក្រុមហ៊ុន Puma លោក Robert-Jan Bartunek បាននិយាយថា យីហោនេះមិនអត់ធ្មត់ចំពោះការរើសអើងលើសមាជិកសហជីពឡើយ។
លោក Bartunek បានប្រាប់ខេមបូចានៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា៖ «យើងរំពឹងថា នឹងមិនមានការជ្រៀតជ្រែកពីបុគ្គលិករោងចក្រតាំងពីដើមរហូតដល់ចប់នៃដំណើរការបង្កើតសហជីពថ្មីនេះ»។ លោកបន្តថា៖ «យើងរំពឹងថា នឹងមានការចាត់វិធានការណ៍ចាំបាច់ទាំងអស់ ដូច្នេះគ្មានសមាជិក/មេដឹកនាំសហជីពណាម្នាក់ប្រឈមមុខនឹងការសងសឹក ការបំភិតបំភ័យ ការយាយី ការគាបសង្កត់តាមរូបភាពណាមួយពីបុគ្គលិករោងចក្រណាម្នាក់ឡើយ»។
ប៉ុន្តែក្រុមហ៊ុន Puma បានបន្តទទួលយកផលិតផលពីរោងចក្រ Bright Flushing ពេញមួយខែមករា រយៈពេលច្រើនខែ បន្ទាប់ពីអង្គការសង់ត្រាល់បានជូនដំណឹងដល់យីហោនេះចំពោះការសងសឹកដែលបានចោទប្រកាន់ប្រឆាំងនឹងស្ថាបនិកសហជីព នេះបើយោងតាមក្រុមហ៊ុនទិន្នន័យពាណិជ្ជកម្មសកល Panjiva។
សាជីវកម្ម VF Corporation ដែលជាក្រុមហ៊ុនគ្រប់គ្រងយីហោ The North Face បានធ្វើការជាមួយរោងចក្រចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៦ នេះបើយោងតាមលោកស្រី Becky Cho អនុប្រធានផ្នែកកិច្ចការសាជីវកម្មនិងទំនាក់ទំនង។
នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីម៉ែលមកកាន់ខេមបូចា លោកស្រីបាននិយាយថា ស្តង់ដារនិងគោលការណ៍អនុលោមតាមរោងចក្ររបស់ VF រារាំងរាល់ការប៉ុនប៉ង ដើម្បីយាយី ឬធ្វើឱ្យសហជីពចុះខ្សោយ ហើយរោងចក្រដែលមិនបានគោរពតាមស្តង់ដារទាំងនេះ អាចប្រឈមនឹង «ការបញ្ចប់កិច្ចសន្យាដែលអាចមាន»។ លោកស្រីបាននិយាយថា យីហោនេះបាន” ទំនាក់ទំនង” ជាមួយភាគីពាក់ព័ន្ធអំពីករណីនេះ។
ក្រុមហ៊ុនសាជីវកម្ម VF ក៏ទទួលផលិតផលពីរោងចក្រនេះកាលពីខែមករាផងដែរ នេះបើយោងតាមក្រុមហ៊ុន Panjiva។
កម្មករនិយាយថា ទោះបីជាមានសេចក្តីថ្លែងការណ៍របស់យីហោទាំងនេះក៏ដោយ ការបំភិតបំភ័យបន្តកើតមានលើសមាជិកសហជីពនៅរោងចក្រ Bright Flushing។
វុទ្ធី បាននិយាយថា អាជ្ញាធរមូលដ្ឋាននិងអ្នកគ្រប់គ្រងរោងចក្របានបង្ខំនាងឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីពាក់កណ្តាលខែមករា ដើម្បីទទួលបានការងាររបស់នាងវិញនៅពេលក្រោយក្នុងឆ្នាំដដែល។
កិច្ចព្រមព្រៀងរបស់ វុទ្ធី ដែលខេមបូចាបានពិនិត្យមើលគឺតម្រូវឱ្យនាង «ឈប់ចូលជាសមាជិកសហជីព” និងសន្យាថា “គោរពគោលការណ៍រោងចក្រនិងអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលជារៀងរហូត»។
មេដឹកនាំសហជីពម្នាក់ទៀតដែលត្រូវបានបណ្តេញចេញពីការងារបានបដិសេធមិននិយាយជាមួយខេមបូចា ដោយលើកឡើងពីកិច្ចព្រមព្រៀងស្រដៀងគ្នានេះ។
សមាជិកគ្រួសាររបស់ វុទ្ធី ក៏ត្រូវបានស្នើឱ្យចុះហត្ថលេខាលើកិច្ចសន្យាដែរ ដើម្បីអប់រំនាងអំពីសារៈសំខាន់នៃការមិនចូលរួមក្នុងសហជីព នេះបើយោងតាមអង្គការសង់ត្រាល់។
វុទ្ធី បាននិយាយថា កិច្ចព្រមព្រៀងដែលនាងបានចុះហត្ថលេខានោះហាមឃាត់នាងមិនឱ្យនិយាយទៅកាន់អង្គការក្រៅរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយ ហើយនាងអាចចូលធ្វើការវិញបានក្នុងខែកុម្ភៈ។ នាងមិនប្រាកដថា តើនាងនឹងចូលរួមសហជីពឡើងវិញឬអត់ទេ។
នាងបាននិយាយថា៖ «ខ្ញុំនៅបារម្ភ ព្រោះខ្ញុំគ្មានសេរីភាពក្នុងការនិយាយ ក្នុងការប្រាប់ការពិត។ ប្រសិនបើមានអង្គការក្រៅរដ្ឋាភិបាលណាអាចជម្រះការយល់ច្រឡំទាំងអស់ [ជាមួយរោងចក្រ] ខ្ញុំនឹងចូលរួមសហជីពឡើងវិញ ប៉ុន្តែខ្ញុំនៅតែខ្លាច ហើយគ្រួសាររបស់ខ្ញុំព្រួយបារម្ភអំពីអ្វីដែលអាចនឹងកើតឡើង»។
ខុសពី វុទ្ធី លោក បូរ៉ា មិនត្រូវបានគេទទួលយកចូលធ្វើការវិញទេ ហើយក្រុមហ៊ុន Puma ក៏មិនធ្វើអត្ថាធិប្បាយលើករណីជាក់លាក់របស់គាត់ដែរ។ ខណៈពេលដែលលោកធ្វើការនៅរោងចក្រនេះបានជាងមួយឆ្នាំ លោកត្រូវបានបណ្តេញចេញពីការងារភ្លាមៗ បន្ទាប់ពីការបោះឆ្នោតសហជីព ដែលតាមចោទថា បានជាប់ពាក់ព័ន្ធនឹងការវាយតប់គ្នាជាមួយកម្មករផ្សេងទៀត។
លោក បូរ៉ា ដែលមានរាងស្គម និងជាឪពុកមានកូនពីរបានពន្យល់ថា បុរសពីរនាក់បានមករករឿងលោកនៅរោងចក្រ ហើយលោកក៏រាយការណ៍រឿងនេះទៅថ្នាក់គ្រប់គ្រងភ្លាមៗដែរ។ អង្គការសង់ត្រាល់បានអះអាងថា ទោះបីជាមានវត្តមានកាមេរ៉ាសុវត្ថិភាពរបស់រោងចក្រក៏ដោយ ក៏មិនមានភស្តុតាងបង្ហាញពីការវាយតប់គ្នានោះទេ។ លោក បូរ៉ា បាននិយាយថា ចាប់តាំងពីពេលនោះមក គ្មានបុគ្គលិកណាម្នាក់របស់ក្រុមហ៊ុន Puma ព្យាយាមជជែកជាមួយលោក ដើម្បីស្តាប់សក្ខីកម្មរបស់លោកនោះទេ។
លោក បូរ៉ា មិនទាន់បានបើកប្រាក់ខែតាំងពីខែវិច្ឆិកា ហើយត្រូវខ្ចីប្រាក់ឯកជន និងរកត្រីក្នុងស្រះតាមវាលស្រែដើម្បីចិញ្ចឹមគ្រួសារ។
លោក បូរ៉ា បានថ្លែងថា៖ «ខ្ញុំចង់ឱ្យ [Puma] ជួយយើងក្នុងការស្វែងរកដំណោះស្រាយត្រឹមត្រូវ ដោយអនុវត្តតាមច្បាប់ ហើយសមាជិកសហជីពទាំងអស់ដែលត្រូវបានបណ្តេញចេញ ត្រឡប់មកធ្វើការដូចធម្មតាវិញយ៉ាងឆាប់រហ័ស។ ខ្ញុំមិនអាចទទួលយកអ្វីដែលពួកគេ [អ្នកគ្រប់គ្រងរោងចក្រ] បានធ្វើមកលើខ្ញុំនោះទេ»។
កម្មករជឿថា យីហោល្បីៗនេះផ្តល់ការគាំទ្រមានកម្រិត
កម្មករជាច្រើននៅរោងចក្រ Eastcrown ដែលផលិតឱ្យយីហោ Puma បាននិយាយថា សូម្បីតែក្នុងករណីដែលយីហោល្បីៗដូចជា Puma ធ្វើអន្តរាគមន៍ក៏ដោយ ក៏ការការពារសិទ្ធិរបស់កម្មករដែលជាសមាជិកសហជីពនៅតែមានកម្រិតនៅឡើយ។
ស៊ឹង វទុម ជាកម្មករនៅរោងចក្រ Eastcrown និងសហការីរបស់នាង១៥នាក់ បានព្យាយាមបង្កើតសហជីពកាលពីដើមខែសីហា។ ថ្វីបើមានការបោះឆ្នោតពីរលើកក្នុងខែនោះក៏ដោយ ក៏ដំណើរការបានជាប់គាំងនៅពេលដែលកម្មករ៩នាក់បាត់បង់ការងាររបស់ពួកគេ ហើយស្ថាបនិកសហជីពផ្សេងទៀតចុះចាញ់ដោយសារសម្ពាធ នេះបើយោងតាមអង្គការសង់ត្រាល់។
បន្ទាប់ពីអង្គការសង់ត្រាល់បានអំពាវនាវដល់ក្រុមហ៊ុន Puma កម្មករដែលត្រូវបានបណ្តេញចេញទាំងនោះ ត្រូវបានទទួលយកចូលធ្វើវិញនៅដើមខែមករា។ វទុម បានពន្យល់ថា ប៉ុន្តែមកដល់ពេលនេះ កម្មករចំនួនបួននាក់បានរកការងារធ្វើនៅកន្លែងផ្សេងហើយមិនបានវិលត្រឡប់មកវិញទេ មានន័យថា សហជីពនឹងត្រូវរៀបចំការបោះឆ្នោតថ្មី ដែលមិនទាន់កើតឡើងនៅឡើយ ដើម្បីឱ្យក្រសួងការងារទទួលស្គាល់។
វទុម បាននិយាយថា៖ «ឥឡូវនេះ ស្ថានភាពគឺមានការគាបសង្កត់ខ្លាំងណាស់ព្រោះយើងគ្មានសហជីពឯករាជ្យ។ បើយើងនិយាយចេញ គេនឹងដកយើងចោល»។
លោក វ៉ា អ៊ីហុង ជារដ្ឋបាលនៅរោងចក្រ Eastcrown បានបដិសេធថា គ្មានកម្មករណាម្នាក់ត្រូវបានបញ្ឈប់ពីការងារដោយសារមានទំនាក់ទំនងជាមួយសហជីពទេ ប៉ុន្តែបាននិយាយថា ក្រុមហ៊ុនបានបញ្ឈប់កម្មករជាច្រើនផ្សេងទៀត។
លោក ហុង បានបញ្ជាក់ថា៖ «គ្មានការបណ្តេញចេញ [កម្មករ] ទេ យើងគ្រាន់តែដាក់លិខិតទៅក្រសួងការងារ ដើម្បីកាត់បន្ថយបុគ្គលិក ពីព្រោះការបញ្ជាទិញរបស់យើងបានថយចុះ ដោយសារជំងឺកូវីដ និងបញ្ហាសេដ្ឋកិច្ច»។
អង្គការឃ្លាំមើលសិទិ្ធមនុស្សបានកត់សម្គាល់នៅក្នុងរបាយការណ៍ឆ្នាំ២០២២ ស្តីពីការបង្រ្កាបលើសហជីពនៅកម្ពុជាថា រោងចក្រអាចដកកម្មករដែលនិយាយមិនសំចៃ ដោយមិនបំពានច្បាប់ការងារ ដោយគ្រាន់តែរក្សាទុកកម្មករនោះក្នុងកិច្ចសន្យាដែលមានរយៈពេលកំណត់ និងរយៈពេលខ្លីត្រឹមតែពីរបីខែ។
ជិតដល់ដំណាច់ខែធ្នូ រោងចក្រ Eastcrown បានផ្តល់កិច្ចសន្យាឱ្យសមាជិកសហជីព រិទ្ធ ស៊ីថា រយៈពេលបីខែទៀត ប៉ុន្តែបន្ទាប់ពីរោងចក្រដឹងថា នាងទៅជួបតំណាងក្រុមហ៊ុន Puma រោងចក្របានព្យាយាមបញ្ឈប់នាងកាលពីខែមករា។
ស៊ីថា បដិសេធមិនផ្តិតមេដៃលើកិច្ចសន្យាបញ្ចប់ការងារទេ ព្រោះនាងនិយាយថា៖ «ខ្ញុំមិនបានធ្វើអ្វីខុសទេ»។
លោក ថារ៉ូ មកពីអង្គការសង់ត្រាល់បានមានប្រសាសន៍ថា៖ «ក្រសួងការងារបកស្រាយច្បាប់ថា កិច្ចសន្យា [របស់កម្មករសហជីព] បានផុតកំណត់ ដូច្នេះការបណ្តេញចេញរបស់ពួកគេមានសុពលភាព មិនមែនជាការរើសអើងចំពោះសហជីពនោះទេ»។
ទោះបីជាថ្មីៗនេះ ស៊ីថា ត្រូវបានទទួលចូលធ្វើការវិញ បន្ទាប់ពីក្រុមហ៊ុន Puma លូកដៃចូលករណីរបស់នាងក៏ដោយ ក៏នាងនិយាយថា នៅតែត្រូវបានតាមដានដោយអ្នកគ្រប់គ្រងរោងចក្រ ហើយថៅកែរបស់នាងកាន់តែមានការគាបសង្កត់ជាងមុន។
លោក បូរ៉ា ជាបុគ្គលិកនៅរោងចក្រ Bright Flushing ដែលត្រូវបានបណ្ដេញចេញ បាននិយាយថា សូម្បីតែក្រោយពីការចូលពាក់ព័ន្ធរបស់ក្រុមហ៊ុន Puma ក៏ដោយក៏ស្ថាបនិកសហជីពទទួលរងនូវផលវិបាកយូរអង្វែង និងប្រឈមនឹងការគំរាមកំហែងជាបន្តបន្ទាប់។
លោកបានមានប្រសាសន៍ថា៖ «នេះគឺជាប្រទេសកម្ពុជា ហើយពួកគេ [រោងចក្រ] អាចចាត់វិធានណាមួយដែលពួកគេចង់ធ្វើនៅទីនេះ។ ខ្ញុំគ្មានសង្ឃឹមថា Puma អាចជួយការពារខ្ញុំបានទេ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Authorities Aided Alleged Union-Busting at Puma-Supplying Factory