យ៉ាងហោចណាស់មនុស្សចំនួន៦នាក់ក្នុងនោះមានជនជាតិចិន២នាក់និងជនជាតិខ្មែរ៤នាក់ត្រូវបានកម្លាំងកងរាជអាវុធខេត្តព្រះសីហនុឃាត់ខ្លួនកាលពីថ្ងៃពុធពាក់ព័ន្ធនឹងការរក្សាទុកគ្រឿងញៀនជិត៩០០គីឡូក្រាម នៅក្រុងព្រះសីហនុ។
ដោយថាពេលនេះជនសង្ស័យទាំង៦នាក់កំពុងស្ថិតនៅឯបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរនិងប្រមូលភស្តុតាងបន្ថែម។
លោក មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ខេមបូចា ថា គិតមកទល់ពេលនេះសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៦នាក់ ក្នុងនោះមានជនជាតិចិន១នាក់ ចិនតៃវ៉ាន់១នាក់ និងជនជាតិខ្មែរ៤នាក់។ លោកបន្តថា ការឃាត់ខ្លួនបានជនសង្ស័យនេះនៅខេត្តចំនួនពីរ រួមមានខេត្តព្រះសីហនុចំនួន៥នាក់ និងខេត្តសៀមរាប ចំនួន១នាក់។
លោក វីរិទ្ធ បានបន្តថា គ្រឿងញៀនសរុបចំនួន ៨៤៩,៥គីឡូក្រាម ត្រូវបានអាជ្ញាធររឹបអូសបានគិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី១៤ខែធ្នូ ប៉ុន្តែលោកថា អាជ្ញាធរកំពុងបន្តស៊ើបអង្កេតបន្ថែមទៀត ដោយសារថានៅមានជនសង្ស័យ និងគ្រឿងញៀនជាច្រើនទៀតដែលពុំទាន់ឃាត់ខ្លួន និងប្រមូលបាន។
លោកមានប្រសាសន៍ថា៖ «យើងនៅបន្តទៀត! ព្រោះនៅមានច្រើន។ គ្រាន់តែថាឥឡូវនេះ! យើងគ្រាន់តែឃាត់ខ្លួនបណ្ដាះអាសន្នបានជនបរទេសចំនួនពីរនាក់ ហើយនិងជនជាតិខ្មែរបួននាក់»។
គួរឱ្យដឹងថា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះប្រតិបត្តិការ និងបង្ក្រាបនូវករណីស្តុកទុកគ្រឿងញៀននៅចំណុចឃ្លាំងជួលមួយកន្លែង ស្ថិតនៅក្រុម៩ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២។ ក្នុងនោះ ការចុះបង្រា្កបបានរកឃើញថ្នាំញៀនចំនួន ៣៤បាវ ស្មើ៨៤៩,៥គីឡូក្រាម ដែលត្រូវបានសមត្ថកិច្ចយកទៅរក្យាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុដើម្បីបន្តនីតិវិធី។
លោក វីរិទ្ធ ឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់នេះ គឺដើម្បីធ្វើការប្រមូលភស្តុតាងបន្ថែមប៉ុណ្ណោះ ដោយលោកថា ប្រសិនបើរកឃើញថាជនសង្ស័យទាំងនោះមានជាប់ពាក់ព័ន្ធពិតប្រាកដមែននោះនឹងត្រូវជាប់តាមបទចោទដែលមានស្រាប់ប៉ុន្តែក្នុងករណីរកឃើញថាមិនមានជាប់ពាក់ព័ន្ធនឹងករណីរក្សាទុកគ្រឿងញៀនចំនួនជិត៩០០គីឡូក្រាម ជនសង្ស័យទាំងនោះនឹងត្រូវអាជ្ញាធរដោះលែងវិញ។
លោកបានបញ្ជាក់ថា៖ «យើងឃាត់ខ្លួនដើម្បីប្រមូលយកព័ត៌មានសិន។ បើមានតម្រុយ ឬមានសញ្ញាណជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តិបទល្មើសដែលគេហៅថាធាតុផ្សំបំពេញធាតុផ្សំពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសដែលគេបញ្ជាក់ក្នុងច្បាប់ អាហ្នឹងគេចោទប្រកាន់ហើយ។ បើអត់មានធាតុផ្សំពិតប្រាកដទេ អាហ្នឹងគេឱ្យគាត់ត្រឡប់ទៅផ្ទះវិញ»។
យ៉ាងណា លោក វីរិទ្ធ ឱ្យដឹងបន្ថែមថា កន្លងមកអាជ្ញាធរអាចធ្វើការទប់ស្កាត់នូវករណីលួចនាំចេញ ប៉ុន្តែលោកថា សម្រាប់ករណីលួចនាំចូលគឺនៅពុំទាន់អាចទប់ស្កាត់បាននៅឡើយ។ លោកបន្តថា ចំពោះករណីលួចនាំចេញគឺភាគច្រើនដើម្បីសំដៅទៅរកប្រទេសដែលទីផ្សារគ្រឿងញៀនមានតម្លៃខ្ពស់ ឬប្រទេសដែលមានសេដ្ឋកិច្ចធូរធារ ដូចជា ប្រទេសអូស្រា្តលី ជប៉ុន កូរ៉េ កោះតៃវ៉ាន់ ចិន និងវៀតណាមជាដើម។
លោកបានបន្ថែមទៀតថា រីឯការនាំចូល អាជ្ញាធរមិនទាន់អាចទប់ស្កាត់បានដោយសារឧក្រិដ្ឋជនតែងលួចនាំចូលនូវផលិតផលពាក់កណ្ដាលសម្រេច ដោយលោកថាពួកគេនឹងធ្វើការលួចនាំចូល ឬទិញនូវសារធាតុគីមីដែលអាចរកបាន មិនថានៅក្នុងស្រុកដើម្បីផ្សំចូលគ្នា និងបង្កើតឱ្យបានជាសារធាតុញៀន។ លោកក៏បានបញ្ជាក់ដែរថា បច្ចុប្បន្ននេះសារធាតុញៀនដែលគេកំពុងនិយមប្រើប្រាស់នោះគឺ សារធាតុញៀនសំយោគ ដែលត្រូវបានផលិតចេញពីសារធាតុគីមី។

កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ លោក ស ខេង រដ្ឋមន្រ្តីនៃក្រសួងមហាផ្ទៃ បានបញ្ជាឱ្យកងរាជអាវុធហត្ថខេត្តព្រះសីហនុបន្តចុះស្រាវជ្រាវនិងស្វែងរកមេក្លោងធំ ករណីនាំចូល និងស្តុកទុកគ្រឿងញៀនជិត៩០០គីឡូក្រាម ដោយការបញ្ជានេះធ្វើឡើងក្រោយពីអាវុធហត្ថខេត្តបានបើកប្រតិបត្តិការចុះបង្ក្រាបបានវត្ថុតាងកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ប៉ុន្តែពុំអាចចាប់ខ្លួនជនសង្ស័យបាន។
លោក ស ខេង មានប្រសាសន៍ថា យ៉ាងណាឧក្រិដ្ឋជន មេក្លោង ឬអ្នកជួញដូរគ្រឿងញៀននឹងត្រូវចាប់មកផ្ដន្ទាទោសទៅតាមច្បាប់ ដោយលោកថា ដរាបណាសមត្ថកិច្ចមិនអាចចាប់ជនល្មើសមកដាក់ទោសបាន នោះប្រៀបបីដូចបេសកកម្មនៅពុំមិនទាន់បានបញ្ចប់នៅឡើយ។
លោកថ្លែងថា៖ «អ្វីដែលហៅថាជោគជ័យ គឺចាប់ជនល្មើសមកដាក់ទោស ទើបហៅថាជោគជ័យ ព្រមទាំងស្រាវជ្រាវបន្ដបទល្មើសដទៃទៀត រហូតឈានទៅដល់បទល្មើសសម្អាតប្រាក់ បញ្ហាទាំងនេះគឺជាបញ្ហាដ៏សំខាន់របស់កម្ពុជាផងដែរ»។
អ្នកនាំពាក្យនាយកដ្ឋានប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ លោក អ៊ិន សុង ឱ្យដឹងថា គិតត្រឹមរយៈពេលជាង១១ខែឆ្នាំ២០២២នេះ បទល្មើសគ្រឿងញៀននៅកម្ពុជាមានការកើនឡើងបើធៀបនឹងរយៈពេល១២ខែ ឆ្នាំ២០២១ តែថាលោកពុំទាន់អាចបញ្ជាក់ពីចំនួនជាក់លាក់បាននៅឡើយទេដោយថានឹងចាំបូកសរុបបញ្ចប់ឆ្នាំ២០២២ជាមុនសិនខណៈតួលេខសរុបប្រចាំឆ្នាំ២០២១មានចំនួនជាង៦ពាន់ករណី។
លោក អ៊ិន សុង មានប្រសាសន៍ថា៖ «ចំពោះករណី[បង្រ្កាបបទល្មើសគ្រឿងញៀន] បើយើងប្រៀបទៅនឹងឆ្នាំ២០២១គឺ យើងពិនិត្យឃើញថាមានការកើនឡើង»។
យោងតាមរបាយការណ៍ផ្ដល់ដោយអ្នកនាំពាក្យរូបនេះ នៅថ្ងៃទី១៤ ខែធ្នូ បានបង្ហាញថា នៅកំឡុងឆមាសទី១ឆ្នាំ២០២២បទល្មើសគ្រឿងញៀននៅកម្ពុជាមានសរុបចំនួន ៣ ២៥៨ ករណី ក្នុងនោះចាប់បានសារធាតុញៀនគ្រប់ប្រភេទសរុបចំនួន ៣,១តោន ដោយឃាត់ខ្លួនមនុស្សបាន ៧ ៧៥៧នាក់ ស្រី៤៩៤នាក់។ ជាមួយគ្នានេះ ជនបរទេសចំនួន ១២៥នាក់ ស្រី១៥នាក់ រួមមានជនជាតិវៀតណាម៤៨នាក់(ស្រី៩នាក់) ជនជាតិចិន ៤៦នាក់(ស្រី៥នាក់) ជនជាតិចិនតៃវ៉ាន់១៧នាក់ ជនជាតិថៃ៩នាក់(ស្រី១នាក់) ជនជាតិឡាវ១នាក់ ជនជាតិកូរ៉េ២នាក់ អូស្រ្តាលី១នាក់ និងអាមេរិច១នាក់។ ប៉ុន្តែថាចាប់ពីខែកក្កដា ដល់ខែតុលាឆ្នាំ២០២២គឺលោកពុំមានបញ្ជាក់នៅក្នុងរបាយការណ៍នោះឡើយ។
ប៉ុន្តែសម្រាប់ទិន្នន័យប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ គឺបទល្មើសសរុបមានចំនួន ៤៧៤ករណី ដោយឃាត់ខ្លួនមនុស្សបានចំនួន ១ ០៤៤នាក់ ស្រី៦២នាក់ និងចាប់បានសារធាតុញៀនគ្រប់ប្រភេទសរុបជាង ៤៧០គីឡូក្រាម និងរយៈពេល១៣ថ្ងៃដើមខែធ្នូគិតចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៣ មានករណីសរុបចំនួន ២១៩ករណី ដោយឃាត់ខ្លួនមនុស្សបានចំនួន ៥១៦នាក់ ស្រី៣៥នាក់។
យ៉ាងណាមិញ សម្រាប់របាយការណ៍សរុបប្រចាំឆ្នាំ២០២១ គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ប្រភពដដែលឱ្យដឹងថា សមត្ថកិច្ចបង្ក្រាបបាន ៦ ៣០៨ករណី ក្នុងនោះឃាត់ខ្លួនមនុស្សបានជាង១៣ ៩៧៩នាក់ ដោយករណីជួញដូរសរុបចំនួន ៤ ៤៧៣ករណី និងករណីប្រើប្រាស់មានចំនួន ១ ៧៨៩នាក់ និងរឹបអូសបានគ្រឿងញៀនជាង ៤,៦តោន រួមមានសារធាតុញៀនប្រភេទ ICE ចំនួន ៩៤៧គីឡូក្រាម ,WY ចំនួន ៦គីឡូក្រាម,Ketamine ចំនួន ២ ៧៨២ គីឡូក្រាម, MDMA ចំនួន ៥៥៦គីឡូក្រាម, Heroin ចំនួន ២៧៥ គីឡូក្រាម, Cathinone ចំនួន ១០៦ គីឡូវក្រាម, Nimetazepam ចំនួន ១១គីឡូក្រាម និងCocaine ចំនួន ១គីឡូក្រាម ។
បើប្រៀបធៀបជាមួយនឹងទិន្នន័យរឹបអូសបានគ្រឿងញៀនរវាងពេញមួយឆ្នាំ២០២១ និងពាក់កណ្ដាលឆមាសទី១ឆ្នាំ២០២២ និងបូកសរុបប្រចាំខែវិច្ឆិកាផងនោះគឺថាវាជិតស្មើនឹង ការរឹបអូសបានពេញមួយឆ្នាំ២០២១ ដែលមានចំនួនសរុប ៤,៦តោន ខណៈទិន្នន័យនៃការបូកបញ្ចូលគ្នារវាងឆមាសទី១ឆ្នាំ២០២២ និងការរឹបអូសគ្រឿងញៀនប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ ស្មើនឹង ៣,៦តោន ដែលនេះមិនបានបូកបញ្ចូលនឹងទិន្នន័យចាប់ពីខែកក្កដាដល់ខែតុលា ផងនោះ ដោយសារពុំមានបញ្ជាក់នៅក្នុងរបាយកាណ៍ដែលបានផ្ដល់ឱ្យ។
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ មានប្រសាសន៍ថា ទាក់ទិននឹងករណីឃាត់បានគ្រឿងញៀនក្នុងទំហំធំទាំងនេះវាបានបង្ហាញឱ្យឃើញថា ឈ្មួញជួញដូរគ្រឿងញៀនទាំងនោះនៅតែបន្តយកប្រទេសកម្ពុជាជាកន្លែងធ្វើចរាចរណ៍គ្រឿងញៀននេះ។ លោកបន្តថាការណ៌នេះអាជ្ញាធរគួរពង្រឹងនិងបន្តការយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការបង្រ្កាបក៏ដូចជាត្រួតពិនិត្យលើចំណុចខ្វះខាតរបស់ខ្លួនកន្លងមក ដើម្បីកុំឱ្យប្រទេសកម្ពុជាក្លាយជាកន្លែងប្រមូលផ្តុំក្នុងការផលិត ការនាំចេញ និងលក់ដូររបស់ពួកឈ្មួញទាំងនោះ។
លោកមានប្រសាសន៍ថា៖ «អាជ្ញាធរត្រូវធ្វើការពិនិត្យឡើងវិញអំពីចំណុចខ្វះខាតរបស់ខ្លួនដើម្បីធ្វើយ៉ាងណាឱ្យការបង្រ្កាបគ្រឿងញៀនឱ្យមានប្រសិទ្ធភាព។ បើយើងមិនបំពេញបន្ថែមទេ ឈ្មួញជួញដូរគ្រឿងញៀននៅតែយកប្រទេសកម្ពុជាជាកន្លែងលក់ដូរ កន្លែងនាំចេញ និងកន្លែងផលិត»៕