សមត្ថកិច្ចប៉ូលិស និងកងរាជអាវុធហត្ថ បានបង្រ្កាបបទលើ្មសគ្រឿងញៀនករណីពីរធំៗនៅដើមឆ្នាំ២០២៤ ដែលរឹបអូសគ្រឿងញៀនបានជាង២តោន នៅខេត្តព្រះវិហារ និងខេត្តព្រះសីហនុ។
នៅព្រឹកថ្ងៃទី២៤ ខែមករានេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបង្ហាញមុខក្រុមជនល្មើសជាជនជាតិចិនចំនួន៥នាក់ និងគ្រឿងញៀនជាង១តោន ដែលរឹបអូលបានកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ខណៈកងរាជអាវុធហត្ថខេត្តព្រះវិហារ បង្ក្រាប និងដកហូតគ្រឿងញៀនបានជាង១តោន កាលពីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ អំឡុងជនល្មើសដឹកតាមរថយន្តប្រភេទម៉ាស្តាមួយគ្រឿង ដោយនាំចេញពីប្រទេសឡាវឆ្លងកាត់ខេត្តនេះ។
លោក អ៊ិន សុង អនុប្រធាន និងជាអ្នកនាំពាក្យមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃក្រសួងមហាផ្ទៃ បានថ្លែងថា សមត្ថកិច្ចប៉ូលិសបានបង្រ្កាបករណីគ្រឿងញៀនធំមួយដោយឃាត់ខ្លួនឧក្រិដ្ឋជនចិនបានចំនួន៥នាក់ និងរឹបអូសគ្រឿងញៀនបានជាង១តោនៅដែនសមុទ្រ ខេត្ដព្រះសីហនុ។ លោកបន្ដថា ក្រោយពីបង្ហាញមុខឧក្រិដ្ឋជនរួចហើយ អង្គភាពបានបញ្ជូនសំណុំទៅតុលាការដើម្បីបន្ដនីតិវិធីតាមច្បាប់។
លោកបញ្ជាក់ថា៖ «បាទ! យើងបង្រ្កាបបាននៅដែនសមុទ្របានជាង១តោន សុទ្ធតែជនជាតិចិន។ យើងបានបញ្ជូនទៅតុលាការដើម្បីបន្ដរួចហើយ ប៉ុន្ដែយើងនៅតែបន្ដស្វែងរកអ្នកពាក់ព័ន្ធបន្ថែមទៀត»។ លោកបន្ថែមថា អង្គភាពលោកនៅតែបន្ដស្វែងរកអ្នកពាក់ព័ន្ធនឹងករណីនេះដើម្បីនាំយកមកដាក់ទោសឱ្យបាន។
ចំណែកឯលោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងថា កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ពិតជាបានបង្រ្កាប និងរឹបអូសគ្រឿងញៀនបានជាង១តោនពិតមែន ប៉ុន្ដែលោកថាករណីនេះ គឺបានបញ្ជូនទៅសាលាដំបូងរួចហើយ ដើម្បីបន្ដនីតិវិធីច្បាប់។
យ៉ាងណាលោកបន្ដថា ករណីគ្រឿងញៀន គឺនៅមានច្រើនករណីបន្ដទៀតដែលលោកនឹងបន្ដបង្រ្កាប ព្រោះជាកាតព្វកិច្ចរបស់កងរាជអាវុធហត្ថ។ លោកបានបដិសេធនឹងសំណួររបស់ខេមបូចា ជុំវិញរបាយការណ៍នៃការបង្រ្កាបគ្រឿងញៀន និងទីតាំងនៃការបង្រ្កាបបាននោះទេ ដោយលោកថា វាហួសពីអ្វីដែលលោកអាចផ្ដល់បទសម្ភាសន៍។
លោកថ្លែងថា៖ «បាទ! ពិតមែន។ ឱ្យមានករណីគ្រឿងញៀន គឺយើងចុះបង្ក្រាបភ្លាម។ ករណីនេះមានការសម្របសម្រួលពីតំណាងអយ្យការដូច្នេះលោកអាចទៅតុលាការទើបគេអាចឆ្លើយបាន។ កងកម្លាំងរាជអាវុធហត្ថបានត្រឹមបង្រ្កាបទេ តែតុលាការជាអ្នកបន្ដនីតិវិធី។ យើងនៅតែបន្ដចុះបង្ក្រាបព្រោះតួនាទីយើងគឺធ្វើលើរឿងហ្នឹង»។
សមត្ថកិច្ចអាវុធហត្ថ បានឱ្យដឹងថា គ្រឿងញៀនប្រភេទម៉ាទឹកកកប្រមាណជា១០២០ដុំ ទម្ងន់ប្រមាណជា១០២០គីឡូក្រាម (១តោន២០គីឡូក្រាម) ត្រូវបានចាប់រឹបអូសដោយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ខណៈឧក្រិដ្ឋជន ដឹកតាមរថយន្តប្រភេទម៉ាស្តាមួយគ្រឿងនាំចេញពីប្រទេសឡាវឆ្លងកាត់ខេត្តព្រះវិហារ និងបន្តទៅគោលដៅផ្សេងៗ តែត្រូវបានកម្លាំងកងរាជអាវុធហត្ថបង្ក្រាបបាន កាលពីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។
ចំណែកឯ អ្នកស្រី ជុំ កន្នីយ៉ា អ្នកនាំពាក្យសាលាដំបូងខេត្ដព្រះវិហារ បានថ្លែងថា ពាក់ព័ន្ធនឹងករណីបង្រ្គាបគ្រឿងញៀនរបស់កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារនេះ អ្នកស្រីថាកំពុងស្ថិតនៅតុលាការ ប៉ុន្ដែអ្នកស្រីមិនអាចអត្ថាធិប្បាយឱ្យលម្អិតជូនបាននោះទេ។
អ្នកនាំពាក្យរូបនេះបន្ថែមថា៖ «រឿងហ្នឹងបានដៃសាលាដំបូងហើយ។យើងកំពុងដំណើរការរឿងហ្នឹង។ ខ្ញុំមិនអាចជម្រាបលោកបានទេ អរគុណ»។
លោក មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ក្នុង២០២៣នេះបរិមាណគ្រឿងញៀនដែលរឹមអូសបានមានការថយចុះជាង២០២២ ប៉ុន្ដែករណីមានការកើនឡើង តែការរឹបអូសគ្រឿងញៀនមានការថយចុះ។ លោកបន្ដថា ក្នុងការបង្រ្កាបនេះ គឺមានចម្រុះជាតិសាសន៍ ប៉ុន្ដែក្នុងនោះភាគច្រើនជាជនជាតិចិន។
លោកមានប្រសាសន៍ទៀតថា តាមរយៈរបាយការណ៍បូកសរុបការងារបង្រ្កាបបទល្មើសចែកចាយ និងប្រើប្រាស់គ្រឿនញៀនទូទាំងប្រទេសបង្ហាញថា ក្នុងឆ្នាំ២០២៣ សមត្ថកិច្ចបានបង្ក្រាបករណីគ្រឿងញៀនដោយរឹបអូសវត្ថុតាងបានជិត៣តោន ក្នុងចំណោម ៨ ០៦២ករណី ប៉ុន្ដែករណីធំៗមានចំនួន១០ករណី។
លោកបញ្ជាក់ថា៖ «ករណីចាប់បានមានច្រើន ប៉ុន្ដែបរិមាណគ្រឿងញៀនមានការថយចុះជាង២០២២។ ករណីធំៗមាន១០ ក្នុងនោះមានមេខ្លោងជនជាតិចិន។ យើងនៅបន្ដប្រើយុទ្ធសាស្រ្ដដដែល ប៉ុន្ដែយើងត្រូវពង្រឹងចំណុចណាខ្សោយដើម្បីអាចបង្រ្កាបញ្ហាគ្រឿងញៀនឱ្យបាន។ វាអាស្រ័យលើស្ថាប័នពាក់ព័ន្ធទាំងអស់ចូលរួមសហការទើបប្រទេសយើងបានល្អប្រសើរ»។
លោកបានឱ្យដឹងទៀតថា ករណីដែលចាប់បានដូចជានៅខេត្ដស្វាយរៀងកន្លងមក លោកថា គ្រឿងញៀនបានជាង១តោន ប៉ុន្ដែមេខ្លោងត្រូវបានគេចខ្លួនបាត់។ ការណ៍នេះលោកថា អង្គភាពលោកនឹងបន្ដសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីចាប់មេខ្លោងឱ្យបាន
ទន្ទឹមនឹងនេះដែរ លោក អ៊ិន សុង បានថ្លែងទៀតថា ករណីគ្រឿងញៀនជាបទល្មើសសកល ហើយអង្គភាពលោកតែងតែព្យាយាមបង្រ្កាប។ លោកបន្ដថា នៅពេលនេះប្រទេសកម្ពុជាបានក្លាយជាទីតាំងរបស់ជនឧក្រិដ្ឋគ្រឿងញៀនក្នុងការចរាចរគ្រឿងញៀនទៅកាន់ប្រទេសទី៣។ លោកបានចាត់ទុកថា កម្ពុជាជាប្រទេសរងគ្រោះសុទ្ធសាធ។
លោកបញ្ជាក់ថា៖ «ប្រទេស[កម្ពុជា]បានក្លាយជាកន្លែងនៃការចរាចរនៃឧក្រិដ្ឋជនគ្រឿងញៀនក្នុងការនាំទៅប្រទេសទី៣។ ទើបដើមឆ្នាំទេយើងមិនទាន់មានរបាយការណ៍ទេ ប៉ុន្ដែយើងបង្រ្កាបបានករណីធំៗដឹងតែប៉ុណ្ណឹងបានហើយ»។ លោកបន្ថែមថា៖ «ប្រទេសយើងបាននឹងកំពុងក្លាយជាប្រទេសរងគ្រោះនៃគ្រឿងញៀន វាជាការព្រួយបារម្ភ ហើយយើងកំពុងតែព្យាយាមបង្រ្កាបលើបញ្ហានេះ»។
លោកបានបញ្ជាក់ថា ឆ្នាំ២០២៣ មានការថយចុះនៃការរឹបអូសបានគ្រឿងញៀន ព្រោះកាលឆ្នាំ២០២២ បង្ក្រាបបាន ៨ ០៦៣ក្នុងចំណោម ៦ ៣៩០ករណី(កើន ១៦៧៣ ករណី) និងឃាត់ខ្លួនមនុស្ស ២០ ០០២ក្នុងចំណោម ១៥ ០០២នាក់(កើន ៥ ០០០នាក់)ក្នុងនោះមានស្រី ១ ៣៦៧នាក់។ លោកបន្ដថា ឆ្នាំ២០២៣ រឹបអូសបានគ្រឿងញៀន២តោន៩៨៨គីឡូក្រាម។ ហើយឆ្នាំ២០២២ រឹបអូសបាន១៤តោន ៩១៩គីឡូក្រាម មានការថយចុះ១១តោន ៩៣០គីឡូក្រាមសម្រាប់ឆ្នាំ២០២៣។
លោករំពឹងថា ករណីគ្រឿងញៀនក្នុងឆ្នាំ២០២៤នឹងកាន់តែថយបន្ថែម ព្រោះមេខ្លោងគ្រឿងញៀនធំៗបានដកខ្លួនចេញពីប្រទេសកម្ពុជាដោយយកប្រទេសផ្សេង គឺជាទីតាំងថ្មីក្នុងការផលិតគ្រឿងញៀន។ លោកបន្ដថា មេខ្លោងដែលអង្គភាពចុះបង្រ្កាបភាគច្រើនជាជនជាតិចិនតែម្ដង។
លោកបន្ដថា៖ «មេខ្លោងយើងបង្រ្កាបបានគឺជនជាតិចិនតែម្ដង។ខ្ញុំគិតថាវានឹងមានការថយចុះដោយមេខ្លោងធំៗបានដូរទៅផលិតនៅប្រទេសឡាវវិញ ប៉ុន្ដែយើងនៅតែព្រួយបារម្ភពីការនាំចូល»។
កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មីខេត្តកំពង់ស្ពឺថា រដ្ឋាភិបាលសម្រេចកែសម្រួលក្បាលម៉ាស៊ីនដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបញ្ហានេះត្រូវដឹកនាំដោយឧបនាយករដ្ឋមន្ត្រីចំនួន៤រូប។
លោកបន្ដថា បញ្ហាគ្រឿងញៀន ដែលការសម្រេចដំបូងដឹកនាំដោយទេសរដ្ឋមន្ត្រីមួយរូប គឺមិនគ្រប់គីឡូទេ ក្នុងការកាត់បន្ថយ និងលុបបំបាត់ឲ្យអស់គ្រឿងញៀនពីកម្ពុជា។
បើតាមលោក យ៉ង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ថ្លែងថា ករណីគ្រឿងនេះវាបានបំផ្លាញសង្គមយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ ជាពិសេសវាបានរាំងស្ទះដល់ការអភិវឌ្ឍសង្គមជាតិតាមរយៈការពង្វក់យុវជន និងសកម្មភាពផ្សេងៗគ្រប់រូបភាព។
លោកបន្ដថា ជាយុទ្ធសាស្រ្ដរដ្ឋាភិបាលគួរតែពង្រឹងច្បាប់ឱ្យបានរឹងមាំបន្ថែមទៀត ម្យ៉ាងវិញទៀតលោកថា ការចាប់មេខ្លោងធំបានគឺជារឿងសំខាន់ ជាក់ស្ដែងករណីគ្រឿងញៀននេះ ភាគច្រើន គឺអ្នកមានអំណាច និងមន្ដ្រីរាជការមួយចំនួនបានយកតួនាទីរបស់ខ្លួនទៅជួញដូរគ្រឿងញៀន។ ការណ៍នេះវារឹតតែគ្រោះថ្នាក់សង្គមជាតិ បើមន្ដ្រី និងអ្នកមានអំណាចបន្ដសកម្មភាពបែបនេះ។
លោកថ្លែងថា៖ «ខ្ញុំមើលឃើញថា ការជួញដូរគ្រឿងញៀនមិនមែនអ្នកតូចតាចអាចជូញដូរបានទេ ព្រោះកន្លងមក គឺយើងដឹងហើយថា មានតែអ្នកមានអំណាច និងមន្ដ្រីមួយចំនួនបានប្រើប្រាស់អំណាចរបស់ខ្លួនក្នុងការជួញដូរ។ វាគ្រោះថ្នាក់ណាស់ វាអាចឱ្យកើតអំពើឆក់ប្លន់ កាប់សម្លាប់គ្នា និងអបាយមុខផ្សេងៗតាមរយៈគ្រឿងញៀននេះ»។ លោកបន្ថែមថា៖ «ខ្ញុំយល់ថារដ្ឋាភិបាលគួរតែពង្រឹងច្បាប់បន្ថែមទៀត ជាពិសេសការចាប់មេខ្លោងធំៗនឹងដាក់ទោសឱ្យខ្លាំងៗទើបអាចលុបបំបាត់បាន។ បើមិនអឹចឹងទេ គឺពលរដ្ឋ និងយុវជនងាយរងគ្រោះណាស់ ដូចយើងបានដឹងស្រាប់ហើយ»។
កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យបណ្ដេញចេញពីក្របខណ្ឌតែម្ដង ចំពោះមន្ដ្រីនគរបាលរូបណាដែលតេស្ដរកឃើញមានសារធាតុញៀន។ ការដាក់បទបញ្ជាក្នុងក្របខណ្ឌមន្ដ្រីនគរបាលក្រសួងមហាផ្ទៃ ពីលោក ស សុខា បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីតាំងមណ្ឌលសំចតប៉ោយប៉ែត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ស សុខា បានព្រមានជាថ្មីម្ដងទៀត ចំពោះជនទាំងឡាយណាដែលពាក់ព័ន្ធជាមួយបទល្មើសគ្រឿងញៀន សូមដកខ្លួនចេញឲ្យឆ្ងាយ ខណៈអ្នកដែលដឹងថា ខ្លួនមានសារធាតុញៀន ក៏ត្រូវស្វែងរកវិធីសាស្ដ្រដើម្បីផ្ដាច់ចោល៕