សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកកាសែតម្នាក់ត្រូវបានតុលាការខេត្តបាត់ដំបងចេញដីកាបញ្ជាឱ្យចូលខ្លួន បន្ទាប់ពីឡាយព័ត៌មានផ្ទាល់ទាក់ទងវិវាទដីធ្លី

អ្នកកាសែតបានឡាយព័ត៌មានទាក់ទងនឹងវិវាទដីធ្លីតំបន់អាងភាស ខេត្តបាត់ដំបង។ រូបថតនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី
អ្នកកាសែតបានឡាយព័ត៌មានទាក់ទងនឹងវិវាទដីធ្លីតំបន់អាងភាស ខេត្តបាត់ដំបង។ រូបថតនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី

អ្នកសារព័ត៌មានក្នុងស្រុកម្នាក់ប្រចាំការនៅខេត្តបាត់ដំបងត្រូវបានសាលាដំបូងខេត្តចេញដីកា​បញ្ជាឱ្យចូលខ្លួន បន្ទាប់ពីគាត់បានឡាយព័ត៌មានផ្ទាល់ទាក់ទងនឹងវិវាទដីធ្លីនៅតំបន់អាងភាស​ស្ថិតក្នុងឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

អ្នកសារព័ត៌មានម្នាក់ឈ្មោះ សេន វីរៈ ជាភ្នាក់ងារសារព័ត៌មាន SBP Post News ប្រចាំខេត្ត​បាត់ដំបង ត្រូវបានសាលាដំបូងខេត្តបាត់ដំបងចេញបង្គាប់​ឱ្យចូលខ្លួនបន្ទាប់ពីគាត់បាន​ឡាយ​ព័ត៌មានផ្ទាល់ទាក់ទងនឹងវិវាទដីធ្លីនៅតំបន់អាងភាស ស្ថិតនៅឃុំពាមឯក ស្រុកឯកភ្នំ ខេត្ត​បាត់ដំបង កាលពីខែសីហា។

លោក សូ ឌី ប្រធានមន្ទីរនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងបានឱ្យដឹងថា លោក សេន វីរៈ ត្រូវបានព្រះរាជ្ញអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង​ចេញដីកា​បញ្ជា​ឱ្យចូល​ខ្លួន​មែនដើម្បីសួរបំភ្លឺពាក់ព័ន្ធនឹងការញុះញង់ ដែលអាជ្ញាធរចោទតែ​អ្នកកាសែត​រូប​នេះមិនឃើញ​នៅបន្ទប់ជួលរបស់ខ្លួននោះទេពេលសមត្ថកិច្ចទៅរក។

លោក សូ ឌី៖ «ដីកាឱ្យចូលខ្លួននេះសមត្ថកិច្ចអាចចាប់ខ្លួនបានតែវាមានសុពលភាព​របស់វា​តែគេចេញដីកាឱ្យចូលខ្លួនហ្នឹងគឺហៅមកសួរនាំហ្នឹងមិនប្រាកដថាគាត់មានទោស រឺអត់​នោះ​ទេ វាត្រូវការស៊ើបអង្កេត»

លោក សេន វីរៈ ភ្នាក់ងារសារព័ត៌មាន SBP Post News ប្រចាំខេត្តបាត់ដំបងដែលកំពុងនៅ​ខេត្តផ្សេង​បានប្រាប់តាមសារអេឡិចត្រនិចថា គាត់មានការព្រួយបារម្ភដែរនៅ​ពេលដែលមាន​ការចោទប្រកាន់មកលើរូបលោកដូច្នេះ ។ លោកបញ្ជាក់ថា លោកចុះទៅយកព័ត៌មាន​បំពេញ​តាមវិជ្ជាជីវៈនិងតាមការអញ្ជើញពីប្រជាពលរដ្ឋ មិនមានគោលបំណងណាញុះញង់ប្រឆាំង រឺ នាំប្រជាពលរដ្ឋបះបោរណាមួយនោះទេ។

លោក វីរៈ ឱ្យដឹងថា៖ «ខ្ញុំគឺសម្ភាសន៍សួរតាមប្រជាពលរដ្ឋឆ្លើយប្រជាពលរដ្ឋ​ចង់និយាយ​ប៉ុណ្ណឹង។ ខ្ញុំកំពុងរង់ចាំការបំភ្លឺពីអភិបាលខេត្តឱ្យបំភ្លឺយ៉ាង ណានោះ? មានតែការង់ចាំ​ទទួល​ព័ត៌មានបន្ថែមដែរ?»

លោកបន្ថែមថា «យើងមានការភ័យខ្លាចដែរមានការចោទចឹងក្នុងនាមអ្នកសារ ព័ត៌មានយើង​ធ្វើដោយវិជ្ជាជីវៈ ជាការនាំសារ ជាកញ្ចក់ ដើម្បីនាំព័ត៌មានទៅរាជរដ្ឋាភិបាល​ក៏ដូច​អភិបាលខេត្ត​ឱ្យយល់សុខទុក្ខប្រជាពលរដ្ឋដែលគាត់ចង់ឱ្យរកដំណោះស្រាយប៉ុណ្ណោះ»

ជុំវិញការចេញដីកាឱ្យអ្នកកាសែតចូលខ្លួនខាងលើ អ្នកស្រី ជា ច័ន្ទរស្មី អ្នកនាំពាក្យ​សាលា​ដំបូងខេត្តបាត់ដំបងឆ្លើយតបតាមសារ អេឡិចត្រនិចតេឡេក្រាម ដោយរុញឱ្យ​សួរ​អ្នកនាំពាក្យអយ្យការជំនួសវិញ ។ ខេមបូចា មិនអាចទាក់ទងអ្នកនាំពាក្យ​អយ្យការនៃសាលា​ដំបូង​ខេត្តបាត់ដំបង​បាននៅឡើយទេ ។

អ្នកសារព័ត៌មានក្នុងខេត្តម្នាក់សុំមិនបញ្ចេញឈ្មោះដែលមានបន្ទប់ជួលក្បែរគ្នាជាមួយនឹងអ្នកកាសែតខាងលើបានឱ្យដឹងថា មុនដំបូងលោកមិនដឹងរឿងរបស់លោក វីវៈ នោះទេ តែគ្រាន់តែ​ដឹងថាគាត់បានចេញពីបន្ទប់ជួលរបស់ខ្លួនស្ថិតនៅភូមិអូរតាគាំសង្កាត់ទួលតាឯកក្រុងបាត់ដំបងក្រោយពីគាត់ ឡាយព័ត៌មានផ្ទាល់ទាក់ទងនឹងអាងភាសកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ​២០២២។ អ្នកសារព័ត៌មានរូបនេះបញ្ជាក់ថា ទំនងលោក វីរៈ មានការភ័យខ្លាចដោយសារ​ឃើញ​មានកម្លាំងអាវុធហត្ថបានមករកដល់បន្ទប់ជួលរបស់គាត់។

អ្នកសារព័ត៌មានរូបនេះថ្លែងថា៖ «ខ្ញុំចេះតែឆ្ងល់ម៉េចបានអត់ឃើញវីរៈ​មកបន្ទប់ក្រោយ​មកទើប​ដឹង ពេលឃើញប៉េអឹមមកដល់ក្បែរៗបន្ទប់ ប្រហែលគាត់ភ័យ ខ្លាចមិនហ៊ានចូលបន្ទប់ហើយ ហើយខ្ញុំក៏ទាក់ទងគាត់លែងបានដែរ»

សូមបញ្ជាក់ថាលោក សេន វីរៈ ភ្នាក់ងារ SBP Post News ប្រចាំខេត្តបាត់ដំបង​ធ្លាប់បាន​ចុះ​ទៅ​ឡាយព័ត៌មានផ្ទាល់ទាក់ទងនឹងការឡើងតវ៉ា របស់ប្រជាពលរដ្ឋនៅដីអាងភាស​ច្រើនលើកមក​ហើយនិងការចុះឡាយព័ត៌មានចុងក្រោយនៅពេលដែលប្រជាពលរដ្ឋ៦០ទៅ៧០នាក់បាន​ឡើង​តវ៉ានៅចំណុចអាងភាសនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២​ សុំឱ្យបញ្ឈប់គ្រឿង​ចក្រ​កាយដីស្រែពួកគាត់ និងសុំឱ្យអាជ្ញាធរកាត់ឆ្វៀលដីស្រែឱ្យពួកគាត់ដែលអាស្រ័យផលយូរឆ្នាំ និងខ្លះអះអាងថា អាស្រ័យផលតជំនាន់ដល់រយឆ្នាំផងដែរ។

ក្រោយមកនៅថ្ងៃទី១៨ខែសីហាឆ្នាំ ២០២២ អ្នកកាសែតរូបនេះក៏បានឡាយជាថ្មីទៀត​ទាក់ទង​ប្រជាពលរដ្ឋជាច្រើននាក់នាំគ្នាថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្រ្តីហ៊ុនសែន ដែលបាន​បញ្ជាឱ្យអាជ្ញាធរខេត្តចុះដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋរស់នៅជាក់ស្តែងនៅចំណុចអាងភាសនៅ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបងនេះក្រោយពីប្រជាពលរដ្ឋលើកគ្នាតវ៉ា។

លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានថ្លែងខណៈ​ដែលលោកចុះចែក​អំណោយ​ដល់​ប្រជាពលរដ្ឋរស់នៅចំណុចអាងភាសជាង ២០០គ្រួសារកាលពីចុងខែសីហា ដោយលោក​ប្រកាសយោងលើគោលការណ៍ដោះស្រាយដីអាងភាស របស់លោកនាយករដ្ឋមន្រ្តី មានបួន​ចំណុច ក្នុងនោះ ១-ដោះស្រាយជូនប្រជាពលរដ្ឋដែលអាស្រ័យផលជាក់ស្តែង ២៣គ្រួសារ ២-គិតគូរពិចារណាដោះស្រាយជូនប្រជាពលរដ្ឋ រស់នៅ ក្នុងអាង៧០គ្រួសារ ៣-ប្រជាពលរដ្ឋ ១៥៩គ្រួសាររស់នៅលើខ្នងអាងភាសត្រូវរំកិលទៅក្រោយបន្តិចតាមការណែនាំរបស់ក្រសួង​ធនធានទឹក និងអង្គការដៃគូរ និងទី៤-ចំពោះមេក្លោងនិងអ្នកសារព័ត៌មានញុះញង់​ត្រូវមាន​វិធានការច្បាប់។

លោក សុខ លូ បានបន្ថែមថា អាងភាសមានទំហំជិត ២ ០០០ហិកតា​ជាអាងរបស់​រដ្ឋ ក្រោម​ការ​គ្រប់គ្រងរបស់ក្រសួងធនធានទឹកដែលអាចផ្ទុកទឹកបាន៣៦លាន​ម៉ែត្រគូប​ក្រោយ​ស្តារ​រួច​និងមានលទ្ធភាពស្រោចស្រពដីស្រែរបស់ប្រជាពលរដ្ឋរាប់ពាន់ហិកតា​និងអាចធ្វើ​បានបី​រដូវ​ផងដែរ។

លោកបញ្ជាក់ថា ប្រជាពលរដ្ឋខ្លះដែលអះអាងថាខ្លួនបានធ្វើស្រែតាំងពីដូនតា១០០ឆ្នាំ​មក​ហើយ​​នោះគឺខុសស្រឡះពីកាពិតវាមិនដូចការញុះញង់នោះទេ។ បន្ថែមពីនោះលោក​ក៏បាន​បង្ហាញឈ្មោះអ្នកមានដីធំៗចំនួនពីរនាក់ដែលអះអាងថាទិញតពីប្រជាពលរដ្ឋម្នាក់ជាង​៦០​ហិកតានិង ម្នាក់ជាង១៨០ហិកតា​គឺជាការទិញដូរដីរដ្ឋខុសច្បាប់នឹង​ថាជាអ្នក​ញុះញង់បំផ្លាញ សម្បត្តិរដ្ឋផងដែរ។

លោក សេន វីរៈ ភ្នាក់ងារសារព័ត៌មានSBP Post News ជាកូនចៅរបស់លោក សាន ប៊ុនធឿន ដែលមហាជនធ្លាប់ស្គាល់។ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ក្រសួងព័ត៌មានបាន​សម្រេច​លុបអាជ្ញាបណ្ណគេហទំព័រwww.sbtpost.com របស់លោក សាន ប៊ុនធឿន ដោយក្រសួង​បញ្ជាក់ថា ម្ចាស់អាជ្ញាបណ្ណនេះបានប្រព្រឹត្តអំពើអសីលធម៌ ជេរប្រមាថ​ជា​សាធារណៈ ធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម និងកិត្តិយសសេចក្តីថ្លៃថ្នូរ របស់អ្នក​សារព័ត៌មាន​អាជីព ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្ម​ដែល​សាមី​ខ្លួនបានតម្កល់ទុកនៅក្នុងក្រសួងព័ត៌មាន។ ការដកអាជ្ញាបណ្ណ​នេះក្រោយពីលោក សាន ប៊ុនធឿន ត្រូវបានលុបឈ្មោះចេញពីកងអង្គរក្ស។

លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ ខេមបូចា បានមាន​ប្រសាសន៍ថា អ្នកសារព័ត៌មានមានសិទ្ធិនិងសេរីភាពគ្រប់គ្រាន់ទៅតាមច្បាប់​រដ្ឋធម្មនុញ្ញ ច្បាប់​ស្តីពីរបបសារព័ត៌មាន និងច្បាប់អន្តរជាតិផ្សេងៗទៀត នៅក្នុងការយកព័ត៌មាននៅ​គ្រប់ទី​កន្លែង​សាធារណៈ និងយកព័ត៌មានអំពីការតវ៉ារបស់ប្រជាពលរដ្ឋមានជម្លោះដីធ្លី។ល។

លោក ណុប វី បានចាត់ទុកការរារាំងនិងការប្រើប្រាស់រូបភាពផ្សេងៗ​គឺជាការគំរាមកំហែង​ដល់ការអនុវត្តការងាររបស់អ្នកសារព័ត៌មានដែលសមត្ថកិច្ចគួរតែបញ្ឈប់ ។

លោក ណុប វី បន្ថែមថា៖ «អាជ្ញាធរគួរតែផ្តល់មធ្យោបាយ ផ្តល់ការការពារសន្តិសុខ និង សុវត្ថិភាព​ដល់អ្នកសារព័ត៌មានដើម្បីធានាថារដ្ឋបានចូលរួមនៅក្នុងការអនុវត្ត​តាមច្បាប់​អន្តរជាតិ​និងរដ្ឋធម្មនុញ្ញ»

ទាក់ទងនឹងសំណុំរឿងអ្នកកាសែតខាងលើនេះដែរ លោក ប៉ែន បូណា ប្រធានក្លឹប​អ្នកកាសែត​កម្ពុជា (CCJ) មិនទាន់ឆ្លើយតបនៅឡើយ ដោយលោកសុំពេលសិក្សារឿងនេះសិន។

លោក ប៉ែន បូណា មានប្រសាសន៍ថា៖ «ខ្ញុំសុំសិក្សារឿងនេះបន្តិចសិន​ដើម្បីឱ្យយល់​សាច់​រឿងមុនឆ្លើយ អគុណ! ឥឡូវខ្ញុំកំពុងជាប់កម្មវិធី»

ចំណែកលោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍​តាម​តេឡេក្រាម​ថា សិទ្ធិសេរីភាពសារព័ត៌មានត្រូវបានធានាដូចមានចែង​ក្នុងច្បាប់របប​សារព័ត៌មាន​។ អ្នកសារព័ត៌មានមានសិទ្ធិសេរីភាពក្នុងការផ្សព្វផ្សាយព័ត៌មាន​ពិត​ពីគ្រប់​ប្រភព​ដែលពាក់ព័ន្ធ ប៉ុន្តែអ្នកសារព័ត៌មានត្រូវផ្សាយដំណឹងទាំងឡាយដោយសុចរិត​ព្រមទាំង​ធ្វើ​អត្ថាធិប្បាយឬរិះគន់ឱ្យបានត្រឹមត្រូវនិងសមស្របតាមគតិយុត្តិធ៌មព្រមទាំងត្រូវចៀស​វាង​ការ ផ្សព្វផ្សាយដែលញុះញង់ឱ្យមានការប្រកាន់ពូជសាសន៍ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា មតិឬនិន្នាការនយោបាយ  ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាព​ដទៃ។

លោក សុភ័ណ្ឌ បន្ថែមថា៖ «បុគ្គលណាម្នាក់ដែលយល់ថាអត្ថបទណាមួយ​នៃ​សារព័ត៌មាន​ដែលផ្សាយមានលក្ខណៈខុសពីការពិតធ្វើឱ្យខូចខាតដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្លួន មានសិទ្ធិទាមទារឱ្យសារព័ត៌មានព័ត៌មាននោះធ្វើការកែតម្រូវ ឬមានសិទ្ធិឆ្លើយ​តប និងធ្វើ​បណ្តឹង​ទៅអាជ្ញាធរមានសមត្ថកិច្ច(តុលាការ) ចំពោះការប៉ះពាល់កិត្តិយស​និងសេចក្ដី​ថ្លៃថ្នូ​ររបស់ខ្លួនបាន»។

ទោះបីយ៉ាងណាអ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ដើម្បីចៀសផុតពីការចោទប្រកាន់​ផ្សេងៗ អ្នកសារព័ត៌មាន ត្រូវគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ដែលមានជាធរមាន ព្រមទាំង​គោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។

លោក សុភ័ណ្ឌ​ បញ្ជាក់ថា៖ « អ្នកសារព័ត៌មានគួរផ្សាយតែព័ត៌មានទាំងឡាយណា​ដែលជាការ​ពិតនិងមានប្រភពច្បាស់លាស់គ្រប់ជ្រុងជ្រោយ» ។ លោក សុភ័ណ្ឌ បានឱ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០២២ អង្គភាពសារព័ត៌មានជាតិ​និង​បរទេសដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានចំនួន ២ ១៥៤អង្គភាព ដែលក្នុងនោះ​អង្គភាពសារព័ត៌មានដែលផ្សាយតាមគេហទំព័រ និងទូរទស្សន៍អនឡាយមាន​ចំនួន​៨៥១​អង្គភាព។ ក្នុងរយៈពេល ៨ខែក្នុងឆ្នាំ២០២២នេះ មានតែអង្គភាពសារព័ត៌មាន​មួយប៉ុណ្ណោះ ដែលក្រសួងបានចេញសេចក្តីសម្រេច​ដកអាជ្ញាបណ្ណ។ លោកបន្ថែមថា បច្ចុប្បន្ននេះ​មាន​សំណុំរឿងអ្នកកាសែតពីរករណីដែលកំពុងស្ថិតនៅក្នុងនីតិវិធីរបស់តុលាការដែលក្រសួង​ព័ត៌មានបានផ្តល់ជំនួយផ្នែកច្បាប់តាមការស្នើសុំ៕

968 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម