នៅដើមសប្តាហ៍នេះ ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងចំនួន១៦គ្រួសារដែលមានទំនាស់ដីធ្លី ជាង២០ឆ្នាំមកហើយ នៅចំណុចអូរវល្លិប្រេង ស្ថិតនៅភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល បានស្នើឱ្យក្រសួងយុត្តិធម៌ជួយអន្តរាគមន៍ដើម្បីបញ្ចប់រឿងដីធ្លីរបស់ពួកគាត់ជាមួយអ្នកមាន ទ្រព្យសម្បត្តិម្នាក់។
លោក ចាន់ យឿត ជាពលរដ្ឋក្នុងខេត្តបាត់ដំបង បានរៀបរាប់ថា ពួកគាត់ចំនួន៤នាក់ជាតំណាងឱ្យពលរដ្ឋ១៦គ្រួសារបានធ្វើដំណើរមកក្រសួងយត្តិធម៌នៅថ្ងៃទី២៨ ខែមិថុនានេះ ព្រោះចង់ឱ្យក្រសួងយុត្តិធម៌ជួយអន្តរាគមន៍ដោះស្រាយបញ្ចប់រឿងទំនាស់ដីធ្លីដែលកើតឡើងរយៈពេលជាង២០ឆ្នាំមកហើយ។ លោកបានបន្តថា ពួកគាត់ធ្លាប់បានដាក់ពាក្យស្នើសុំអន្តរាគមន៍ពីក្រសួងយុត្តិធម៌ឱ្យសាលាដំបូងខេត្តបាត់ដំបងចុះអនុវត្តន៍សាលក្រមរឿងដីធ្លីនេះរយៈពេល២ឆ្នាំកន្លងមកហើយ ប៉ុន្តែមិនទាន់មានការឆ្លើយតបពីក្រសួងនៅឡើយ។
លោក យឿត ប្រាប់ថា៖ «ដោយសារតែបញ្ហាផ្ទុះជំងឺកូវីដខ្លាំង ជាង២ឆ្នាំហើយដែលពួកខ្ញុំមិនបាន ឡើងមកក្រសួងយុត្តិធម៌ ក្រោយពីដាក់លិខិតស្នើសុំអន្តរាគមន៍។ ពេលនេះជំងឺកូវីដធូរស្បើយហើយ ទើបពួកខ្ញុំឡើងមកក្រសួងយុត្តិធម៌ដើម្បីចង់ដឹងពីចំណាត់ការរបស់ក្រសួងតើដល់ណាហើយ»។
ពលរដ្ឋខាងលើបានអះអាងបន្ថែមថា ខណៈដែលពួកគាត់ឡើងមកក្រសួងយុត្តិធម៌នេះ ស្របពេលដែលស្រូវពង្រោះរបស់ពួកគាត់ ដែលបានព្រោះលើដីទំនាស់នោះចន្លោះពី៣០ទៅ៤០ហិកតា ត្រូវបានភាគីម្ខាងទៀតបានប្រើគ្រឿងចក្រភ្ជួររាស់បំផ្លាញនាពេលថ្មីៗនេះ។ លោកបញ្ជាក់ថា ពួកគាត់ទើបតែចាប់ផ្តើមភ្ជួររាស់ព្រោះស្រូវឡើងវិញ បន្ទាប់ពីខកខានធ្វើបីឆ្នាំមកហើយ តែត្រូវបានគេបំផ្លាញទៀត។
យោងតាមលិខិតរបស់ប្រជាពលរដ្ឋ១៦គ្រួសារ បានផ្ញើជូនទៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៅថ្ងៃទី២៩ ខែមិថុនានេះ គឺចង់អោយក្រសួងនេះជួយជំរុញឱ្យមានការអនុវត្តសាលក្រមរបស់សាលាដំបូងខេត្តបាត់ដំបង ដើម្បីបញ្ចប់ករណីទំនាស់ដីធ្លីរបស់ខ្លួន និងភាគីម្ខាងទៀត ។
លិខិតរបស់ពលរដ្ឋដដែលក៏បានបញ្ជាក់ថា រយៈពេលជាច្រើនឆ្នាំកន្លងមក ឯកឧត្តម អង្គ វង្សវឌ្ឍនា បានចេញលិខិតជាច្រើនជម្រាបទៅលោកប្រធានតុលាការ និងលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង ដើម្បីឱ្យចុះអនុវត្តសាលក្រមរដ្ឋប្បវេណី ប៉ុន្តែ រហូតមកទល់សព្វថ្ងៃនេះ សាលក្រមទាំងពីរនៅតែមិនអាចអនុវត្តបានទៀត ។
លោក យឿត បានបន្តថា តាមអំណាចសាលក្រមរដ្ឋប្បវេណីរបស់សាលាដំបូងខេត្ត បាត់ដំបងក្នុងឆ្នាំ១៩៩៩ បានសម្រេចអោយភាគីខាងលោក អៀង អឿន ឈ្នះក្តី ដោយសំអាងលើប័ណ្ណដីចំនួន២២ ដែលមិនមែនស្ថិតលើដីដែលពលរដ្ឋកាន់កាប់ជាក់ស្តែង ។ លោកបញ្ជាក់ទៀតថា ការចេញសាលក្រមនេះ ធ្វើអោយពលរដ្ឋទាំង១៦គ្រួសារគ្មានដីស្រែធ្វើ និងរងពាក្យ បណ្តឹងជាបន្តបន្ទាប់ ហើយខ្លះជាប់គុកចោលកូនចោលប្រពន្ធប្តី ជំពាក់បំណុល និង ខ្លះបង្ខំចិត្តធ្វើ ចំណាក ស្រុកជាដើម ។
លោក យឿត បន្ថែមថា៖ «ពួកខ្ញុំមិនជំទាស់នឹងការកាត់ក្តីរបស់តុលាការដែលចេញសាលក្រមស្ថាពរដែលឱ្យភាគីលោក អៀង អឿន ឈ្នះនោះទេ តែសុំអោយចុះអនុវត្តន៍សាលក្រម ដោយយកប័ណ្ណដីទាំង២២ប័ណ្ណនោះមកតម្រៀប បើត្រូវលើដីទំនាស់ ពួកខ្ញុំសុខចិត្តប្រគល់ដីឱ្យ តែបើមិនត្រូវលើដីទំនាស់នោះ ពួកខ្ញុំសុំសិទ្ធិកាន់កាប់ធ្វើដីស្រែរបស់ពួកខ្ញុំវិញ»។
ចន្លោះពីឆ្នាំ១៩៩០-១៩៩២ ប្រជាពលរដ្ឋប្រមាណ៣៨គ្រួសារបានរុករានកាប់ឆ្ការព្រៃនៅ ចំណុចអូរវល្លិប្រេង និង ចំណុចបឹងបាតផ្តិលក្នុង ដើម្បីប្រកបមុខរបរធ្វើស្រែ ដោយមានការ ទទួលស្គាល់ពីថ្នាក់មូលដ្ឋានរហូតដល់ឆ្នាំ១៩៩៩ ស្រាប់តែឈ្មោះ អៀង អឿន បានដាក់ពាក្យ បណ្តឹងទៅតុលាការខេត្តបាត់ដំបង ប្តឹងប្រជាពលរដ្ឋ១៦គ្រួសារទាមទារដីចំនួនជាង១០ហិកតា ដោយសំអាងលើប័ណ្ណដី។
តុលាការខេត្តបាត់ដំបងបានធ្វើការជំនុំជម្រះ រួចបានសម្រេចចេញជាសាលក្រមពីរក្នុងថ្ងៃតែមួយ ដោយសម្រេចប្រគល់សិទ្ធិកាន់កាប់ដីស្រែទំនាស់ឱ្យឈ្មោះ អៀង អឿន ជាដើមចោទ និងក្រុមគ្រួសារ ដោយប្រើប្រាស់ប័ណ្ណដីចំនួន២២ប័ណ្ណ ស្ថិតនៅចំណុចអូរវល្លិប្រេង ភូមិសុភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលពីមុនភូមិជ្រោយស្នា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។
តំណាងពលរដ្ឋម្នាក់ទៀត អ្នកស្រី ជឹម សារ៉ុម ដែលមានដីជាង ៦ហិចតាក្នុងចំណោមដី១១០ហិកតា ដែលមានទំនាស់ជាមួយលោក អៀង អឿន ដែរនោះ បាននិយាយថា ការចេញសាលក្រមទាំងពីរខាងលើ មិនបានកំណត់ទីតាំងដីច្បាស់លាស់ ធ្វើឱ្យទំនាស់ដីធ្លីនេះអូសបន្លាយជាង២០ឆ្នាំមកទល់ពេលបច្ចុប្បន្ន។
អ្នកស្រីបញ្ជាក់ទៀតថា ប្រជាពលរដ្ឋរងការលំបាកច្រើន ព្រោះគ្មានដីស្រែធ្វើ កូនចៅក៏មិន បានរៀនសូត្រ និងរងនូវពាក្យបណ្តឹងជាបន្តបន្ទាប់ ខ្លះធ្លាប់ជាប់គុករហូតបីដង ម្តងៗរាប់ខែ ខ្លះដល់ឆ្នាំក៏មាន។
អ្នកស្រី សារ៉ុម បន្ថែមថា៖ «ពួកខ្ញុំបានដើរសុំអន្តរាគមន៍គ្រប់ស្ថាប័នកំពូលៗអស់ហើយ នៅតែមិនអាចដោះសា្រយចេញ វាអយុត្តិធម៌ណាស់ ប្លង់ដីគេនៅកន្លែងផ្សេង តែគេមកយកដីពួកខ្ញុំទៅវិញ។ ខ្ញុំសុំឱ្យអនុវត្តសាលក្រមនេះដើម្បីបញ្ជាក់ការពិត»។
ដោយឡែក យោងតាមលិខិតរបស់ក្រុមការងារអធិការកិច្ចក្រសួងយុត្តិធម៌ក្នុងឆ្នាំ២០០៧ ផ្ញើជូនរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលបានចុះស៊ើបអង្កេតជុំវិញការចេញសាលក្រមស្ថាពរខាងលើនេះ បានធ្វើការសន្និដ្ឋាននិងបានផ្តល់យោបល់មួយចំនួន ដែលក្នុងនោះបញ្ជាក់ថាពលរដ្ឋបានទទ្រ្ទានកាន់កាប់ ហើយបានអាស្រ័យផលលើដីនោះតាំងពីឆ្នាំ១៩៩០-១៩៩២ ដែលរយៈពេលនោះ ពួកគាត់បានធ្វើតាមច្បាប់ភូមិបាល ហើយអាចក្លាយជាកម្មសិទ្ធិករលើដីនោះ។
ក្រុមអធិការកិច្ចក៏រកឃើភស្តុតាងដែរថា ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ដីធ្លីរបស់ឈ្មោះ អៀង អឿន និងមន្រ្តីសូរិយោដីស្រុកមានការកែឆ្នាំចេញប័ណ្ណ កាលពីសម័យនោះពុំមានអ្នកចូលដល់កន្លែងកើតហេតុឡើយ ហើយប័ណ្ណនោះកោសលុបបន្ថែមថ្ងៃខែឆ្នាំលើកំណត់ហេតុវាស់វែងចេញក្រោយថ្ងៃខែបង្កើតប័ណ្ណនោះ ដូច្នេះឃើញថា ប័ណ្ណនេះមានភាពមិនប្រក្រតី។
បន្ថែមពីនោះ ការសម្រេចចេញសាលក្រមលេខ២៣៥ និងលេខ២៣៦ ត្រង់ចំណុចពីរមានលក្ខណៈផ្ទុយពីការប្តឹងទាមទារដីចំនួន១៥ហិកតាពីប្រជាពលរដ្ឋ ដោយបានសម្រេចទៅដល់១១០ហិកតា ឃើញថា ខុសទាំងទម្រង់ច្បាប់ និងគតិច្បាប់ គឺសំរេចតាមតែការចង់បានរបស់ភាគីដើមចោទជាដើម ។
ដោយឡែក ក្នុងលិខិតមួយច្បាប់របស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០០៧ បានផ្ញើរជូនលោកប្រធានតុលាការ និងលោកព្រះរាជ្ញអាជ្ញាអមតុលាការខេត្តបាត់ដំបង អោយចុះអនុវត្តសាលក្រមស្ថាពរខាងលើនេះម្តងទៀត ដោយហេតុថា ពេលចុះអនុវត្តសាលក្រមស្ថាពរជាក់ស្តែងនោះ មានវត្តមានតែលោកក្រឡាបញ្ជី និង មន្រ្តីសូរិយោដីដែលបានកាត់យកប្លង់មកបញ្ចូលគ្នា ធ្វើអោយដីនៅមូលតែមួយកន្លែង មានលក្ខណៈមិនត្រឹមត្រូវបណ្តាលឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាជននិងបង្កទំនាស់មិនចេះចប់។
ក្នុងលិខិតមួយច្បាប់របស់លោក នួន សាន ព្រះរាជ្ញអាជ្ញានៃសាលាដំបូងខេត្តបាត់ដំបង ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ ផ្ញើជូនឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដើម្បីបំភ្លឺជុំវិញការអនុវត្តន៍សាលក្រមរដ្ឋប្បវេណីនេះដែរ បានបញ្ជាក់ថា អយ្យការសាលាដំបូងខេត្តបាត់ដំបង បានអនុវត្តសាលក្រមទាំងពីរនេះចំនួន៤លើកមកហើយ ប៉ុន្តែអនុវត្តន៍នៅតែមិនដាច់ស្រេច ដោយហេតុថា តាមសាលក្រមស្ថាពរបានសម្រេចប្រគល់ដីចំនួន១១០ហិកតា ទៅឱ្យឈ្មោះ អៀង អឿន ផ្អែកទាំងស្រុងតែទៅលើប័ណ្ណសំគាល់កម្មសិទ្ធិ កាន់កាប់ដីធ្លីចំនួន២២ប័ណ្ណប៉ុណ្ណោះ រីឯទីតាំងដីរួមទាំងមូលពិតប្រាកដ មិនបានបញ្ជាក់នោះទេ។
លោក នួន សាន បន្ថែមថា ក្នុងចំណោមប័ណ្ណកាន់កាប់ដីទាំង២២ រកឃើញថា មានតែពីរប័ណ្ណប៉ុណ្ណោះ ស្ថិតនៅចំទីតាំងដីពិតប្រាកដ ចំណែក២០ប័ណ្ណផ្សេងទៀត គឺខុសទីតាំង ដីដែលលោក អៀង អឿន បង្ហាញថាជាដីរបស់ខ្លួន ហេតុដូច្នេះ ហើយទើបធ្វើឱ្យអនុវត្តន៍សាលក្រមនេះមិនដាច់ស្រេច និង បង្កទៅជាមានរឿងក្តីព្រហ្មទណ្ឌជាបន្តបន្ទាប់។
ប្រជាពលរដ្ឋអះអាងថា ថ្វីបើស្ថាប័នកំពូលៗរបស់ជាតិ បានរកឃើញនូវភាពមិនប្រក្រតីនានា និងបានចេញលិខិតអន្តរាគមន៍ជាបន្តបន្ទាប់ក្តី ក៏រឿងក្តីក្តាំមួយនេះ នៅតែមិនអាចបញ្ចប់នឹងបានអូសបន្លាយរហូតមកដល់ពេលបច្ចុប្បន្ននេះ។
លោក អ៊ូ ដារី ប្រធានមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ខេត្តបាត់ ដំបងបានមាន ប្រសាសន៍ខ្លីថា រឿងទំនាស់ដីធ្លីខាងលើនេះ វាបានដោះបញ្ចប់តាមប្រព័ន្ធតុលាការហើយ លោកមិនទាន់បានទទួលព័ត៌មានអ្វីទៀតនោះទេ។
ចំពោះសំនួរសួរថាប័ណ្ណដីខ្លះក្នុងចំណោម២២ប័ណ្ណនោះ ស្ថាប័នជាតិរកឃើញថា មិនមាននិយាមការ(ស្តង់ដា)ច្បាស់លាស់និងមិនស្ថិតលើទីតាំងដីទំនាស់នោះ លោកបញ្ជាក់ថា ជំនាន់ឆ្នាំ១៩៩៥ រឺ៩៦នោះ គឺការកសាងប័ណ្ណទាំង២២ប័ណ្ណខាងលើ គឺចុះបញ្ជីដាច់ដោយដុំ ហើយមិនមាននិយាមការនោះទេ។
លោក អ៊ូ ដារី ថ្លែងថា៖ «ក្នុងនាមមន្ទីរបើមានអីខ្ញុំរង់ចាំតែសហការក្នុងការអនុវត្តន៍ជាមួយគ្រប់ស្ថាប័នទាំងអស់»។
ទាក់ទងនឹងសំណុំរឿងនេះ ខេមបូចា មិនអាចទំនាក់ទំនង លោក អៀង អឿន ភាគីដើមចោទ ដែលឈ្នះក្តីដើម្បីបំភ្លឺបានទេ ។
លោក ចាន់ យឿត តំណាងប្រជាពលរដ្ឋ១៦គ្រួសារ និងពលរដ្ឋបីនាក់ទៀត បានរង់ចាំជួបមន្រ្តីក្រសួងយុត្តិធម៌មួយថ្ងៃពេញ គឺថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ដើម្បីចង់ដឹងពីចំណាត់ការរបស់ក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍ទៅសាលាដំបូងខេត្តបាត់ដំបងអនុវត្តន៍សាលក្រមជាថ្មី នោះ បានសម្តែងការខកចិត្ត ខណៈមន្រ្តីក្រសួងយុត្តិធម៌ប្រាប់ថា សំណុំរឿងរបស់គាត់រកមិនឃើញទេ ដោយឱ្យពួកលោកធ្វើពាក្យដាក់ជាថ្មីនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ។
លោក ចាន់ យឿត បន្ថែមថា៖ «អត់ទាន់បានអីទេ ដោយសារល្ងាចមិញខ្ញុំបានជួបគេទៅ គេថាកាលខ្ញុំដាក់ពាក្យហ្នឹង គេបញ្ជូនតាមអនឡាញ ជួនកាលគេទទួលបាន ជួនកាលគេទទួលអត់បាន អញ្ចឹង! គេអោយខ្ញុំដាក់ពាក្យសារថ្មីទៀត ចឹងព្រឹកនេះខ្ញុំដាក់ពាក្យសារថ្មីទៀត»។
ទាក់ទងនឹងករណីនេះ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឆ្លើយតបតាមសារ អេឡិចត្រូនិកតេឡេក្រាមយ៉ាងខ្លីថា៖ «ចាំឆែកមើលសិន»។
លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុក បានបញ្ជាក់ថា ករណីវិវាទដីធ្លីនៅចំណុចអូរវ័ល្លិ៍ប្រេងនេះ វាកើតឡើងរ៉ាំរ៉ៃយូរឆ្នាំមកហើយ ពលរដ្ឋបានដាក់លិខិតសុំមកថ្នាក់ជាតិ អោយពន្លឿនអនុវត្តន៍សាលក្រមដែលចេញរួចមកនោះ តែមកទល់ពេលនេះ ពួកគាត់មិនទាន់បានទទួលនូវការអនុវត្តនៅឡើយ។ ដូច្នេះខាងក្រសួងយុត្តិធម៌គួរតែពិនិត្យមើលករណីរបស់ពួកគាត់ និងពន្លឿនក្នុងការចុះអនុវត្តសាលក្រមនេះ។
លោក សែនករុណ បានឱ្យដឹងថា៖ «ប្រជាពលរដ្ឋបានដើរតាមនីតិវិធីផ្លូវច្បាប់បន្តបន្ទាប់ហើយ ប៉ុន្តែអ្វីជាការកត់សម្គាល់របស់យើង ផ្ទុយទៅវិញគឺស្ថាប័នអនុវត្តន៍ច្បាប់ទៅវិញទេ មិនបានអនុវត្តន៍ឱ្យមានភាពសស្រាក់សស្រាំតាមតួនាទីរបស់ខ្លួន»។ លោកបន្ថែមថា៖ «ហើយតែងតែអូសបន្លាយពេលធ្វើអោយប្រជាពលរដ្ឋរងការរំលោភបំពានរឺមានវិវាទហ្នឹងគាត់ទន្ទឹងរង់ចាំចំណាត់ការ។ ចំណុចទាំងអស់នេះគប្បីឱ្យមានការកែប្រែឥរិយាបទតិចដែរ បន្ទាប់ពីទទួលបានសំណុំរឿង រឺការស្នើសុំពីប្រជាពលរដ្ឋហ្នឹង គួអនុវត្តន៍ឱ្យសកម្ម ចៀសវៀងចេះតែទុកឱ្យសំណុំរឿងចេះតែគរឡើងៗ»៕