សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រជាពលរដ្ឋក្រុងបាត់ដំបងរិះគន់អាជ្ញាធរដំឡើងថ្លៃសេវាប្រមូលសំរាមសម្រាប់គម្រោងសាកល្បង

បុគ្គលិកក្រុមហ៊ុនស៊ីនទ្រី ប្រមូលសំរាមតាមផ្ទះប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបង ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ។ (ខេមបូចា/សុខ សាវី)
បុគ្គលិកក្រុមហ៊ុនស៊ីនទ្រី ប្រមូលសំរាមតាមផ្ទះប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបង ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ។ (ខេមបូចា/សុខ សាវី)

អាជ្ញាធរក្រុងបាត់ដំបងចាប់ផ្តើមសាកល្បងគម្រោងយកថ្លៃសេវាប្រមូលសំរាមជំនួសក្រុមហ៊ុនស៊ីនទ្រី ខណៈដែលប្រជាពលរដ្ឋត្អូញត្អែរតម្លៃឡើងទ្វេដង។

ប្រធានសណ្តាប់ធ្នាប់ និងអនាម័យក្រុងបាត់ដំបង លោក ណយ ចេក បានឲ្យដឹងថាអាជ្ញាធរក្រុងបាត់ដំបងកំពុងអនុវត្តគម្រោងសាកល្បងចាប់ពីខែសីហានេះ ដោយអាជ្ញាធរក្រុងទទួលខុសត្រូវលើការប្រមូលថ្លៃសេវាសំរាម ហើយ ក្រុមហ៊ុនឯកជនដែលមានក្រុមហ៊ុនស៊ីនទ្រី មានភារកិច្ចជាអ្នកប្រមូលសំរាម ដោយគិតថ្លៃជាតោនពីសាលាក្រុង។ លោកថា ការសាកល្បងនេះដើម្បីធ្វើឲ្យការប្រមូលសំរាមមានប្រសិទ្ធភាព។

លោកបញ្ជាក់បន្ថែមថា៖«ប្រព័ន្ធថ្នាលជាតិនេះធ្វើឱ្យការប្រមូលសំរាមបានទាន់ពេលវេលានិងស្អាតជាងមុន ដោយសារពីដើមក្រុមហ៊ុនគាត់ប្រមូលថ្លៃសេវាផង ប្រមូលសំរាមផងជួនកាលពេលដែលគាត់ប្រមូលថ្លៃសេវាបាន គាត់ក៏ផ្តល់សេវាប្រមូលសំរាមទៅ ពេលគាត់ប្រមូលសេវាអត់បាន គាត់អត់ប្រមូលសំរាមឲ្យគេដែរទៅ  អញ្ចឹងបាន ធ្វើឱ្យសំរាមកកស្ទះតាមតំបន់ខ្លះ »។

លោក ណយ ចេក បានបន្តថា បើគម្រោងសាកល្បងនេះជោគជ័យ អាជ្ញាធរនឹងពង្រីកទៅតាមបណ្តាស្រុកនានាក្នុងខេត្ត បាត់ដំបងបន្ថែមទៀត ។

គម្រោងសាកល្បងចាប់ផ្តើមបានតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ប្រជាពលរដ្ឋជាច្រើនបានត្អូញត្អែរការឡើងថ្លៃសេវាប្រមូលសំរាម ខណៈដែលការរកស៊ីរបស់ពួកគេមិនសូវល្អដែលធ្វើឲ្យពួកគេពិបាកក្នុងការចំណាយ។

កញ្ញា សុខ មុន្នីនាថ ជាម្ចាស់អាហារដ្ឋានមួយនៅក្រុងបាត់ដំបង បានថ្លែងថាពីមុនគាត់ធ្លាប់បង់ឲ្យក្រុមហ៊ុនស៊ីនទ្រី ផ្ទាល់មួយខែតែ៤ម៉ឺនរៀល ប៉ុន្តែបច្ចុប្បន្ននេះក្រុងជាអ្នកដើរប្រមូលថ្លៃសេវាម្តងគឺដំឡើងថ្លៃជាបី រហូតដល់១២ម៉ឺនរៀល ខណៈ ការលក់ដូររបស់គាត់ចំណូលធ្លាក់ ចុះប្រហែល៦០ភាគរយ។

កញ្ញា មន្នីនាថ បាននិយាយថា៖ «ហាងលក់ដូរមិនដាច់យើងត្រូវបង់ប៉ាតង់ បង់អាជីវកម្ម ទេសចរណ៍ ឥឡូវថ្លៃសំរាមឡើងថ្លៃទៀត យើងចំណាយច្រើនតែចំណូលធ្លាក់ចុះខ្ញុំនឹងទៅតវ៉ាទៅសាលាក្រុងដើម្បីបន្ធូបន្ថយតម្លៃ »។

ប្រជាពលរដ្ឋម្នាក់ទៀត គឺអ្នកស្រី ផល្លា បានសម្តែងការពេញចិត្តនូវសេវាសាកល្បងនេះ ប៉ុន្តែអ្នកស្រីស្នើឲ្យអាជ្ញាធរបញ្ចុះតម្លៃឲ្យប្រជាពលរដ្ឋទាំងអស់ ។

អ្នកស្រីបញ្ជាក់ថាពីមុនក្រុមហ៊ុនស៊ីនទ្រីជាអ្នកប្រមូលសំរាមដោយមួយខែប្រមូលពីរទៅបីដង ហើយឥឡូវនេះក្រុមហ៊ុនស៊ីនទ្រីជាអ្នកប្រមូលសំរាមដដែល ប៉ុន្តែបង្កើន ជើងប្រមូលច្រើន ជាងមុន។

អ្នកស្រី ផល្លាបានថ្លែងបន្ថែមថា៖«ខ្ញុំទទួលស្គាល់ថាក្រុមហ៊ុនប្រមូលសំរាមលឿនជាងមុន ប៉ុន្តែអាជ្ញាធរក្រុង បានដំឡើងថ្លៃសំរាមមួយជាពីរជាបី ដោយមិនបានពិគ្រោះយោបល់ ជាមួយពលរដ្ឋសោះខ្ញុំស្នើឲ្យក្រុង បន្ធូបន្ថយតម្លៃដូចតម្លៃចាស់ លើសតិចតួចបានហើយ» ។

ចំណែកឯ អ្នកស្រី ងិន ផល្លី អ្នកលក់ណែម នៅសង្កាត់ចំការសំរោង យល់ថាតម្លៃ សេវា ប្រមូលសំរាម ដែលក្រុងចេញថ្មីនេះតម្លៃខ្ពស់ពេក ដែលកន្លងទៅ អ្នកស្រីធ្លាប់បង់តែ ៤ពាន់រៀល ហើយបានឡើងថ្លៃរហូតដល់ ១២០០០រៀល ។ អ្នកស្រីក៏សំណូមពរដល់ អាជ្ញាធរក្រុងបញ្ចុះតម្លៃដែរ។

អ្នកស្រីបានស្នើថា៖ «សូមឲ្យយកចុះបន្តិច អាចត្រឹម ៨ពាន់រៀល ព្រោះឥឡូវការលក់ ដូរក៏មិនសូវដាច់» ។

លោក ឡុង ពីលីអូន តំណាងក្រុមហ៊ុនស៊ីនទ្រី ប្រចាំខេត្តបាត់ដំបងឱ្យដឹងថាការតម្លើងថ្លៃ សេវាប្រមូល សំរាមមិនទាក់ទងនិងក្រុមហ៊ុននោះទេ ដោយបច្ចុប្បន្នក្រុមហ៊ុនមានតួនាទី ត្រឹមតែជា អ្នកប្រមូលសំរាមទៅចាក់នៅទីលានប៉ុណ្ណោះ។ ចំណែកក្រុងជាអ្នកប្រមូល ថ្លៃសេវា។ លោកបន្ថែមថាបច្ចុប្បន្ននេះក្រុមហ៊ុនបានបង្កើនកម្មករប្រមូលសំរាមជាង២០នាក់បន្ថែមទៀតដែលកើនឡើងដល់ជាង៧០នាក់ និងបង្កើនរថយន្ត ប្រមូលសំរាមតូច ធំជាង១០គ្រឿង បន្ថែមទៀត ដែលសរុបជាង២០គ្រឿង ដើម្បីបង្កើនសកម្មភាពប្រមូលសំរាម ពីក្នុងក្រុងឲ្យបានស្អាតគ្រប់ទីកន្លែងនិងទាន់ពេល ។

តំណាងក្រុមហ៊ុនខាងលើបញ្ជាក់ថាពីមុនក្រុមហ៊ុនជាអ្នកប្រមូលថ្លៃសេវាផ្ទាល់មិនហ៊ានឡើងថ្លៃខ្លាំងនោះទេ ដោយសារខ្លាចមានប្រតិកម្មពីប្រជាពលរដ្ឋ។ លោកថា ពលរដ្ឋខ្លះមិនបានបង់ ថ្លៃសេវាសំរាម ហើយពួកគាត់បានយកសំរាមមកបោះចោលសាធារណៈ ទើបធ្វើឱ្យក្រុមហ៊ុន ផ្តល់សេវាមិនបានពេញលេញ។

លោកបញ្ជាក់បន្ថែមថាក្រុមហ៊ុនស៊ីនទ្រីខេត្តបាត់ដំបងចាប់ផ្តើមដំណើរការប្រមូលសំរាមតាំងពីខែកក្កដាឆ្នាំ២០១០មក ដែលពីមុនតម្លៃផ្អែកលើសៀវភៅបន្ទុកចាស់មានតម្លៃទាប ក្រោយមកអន្តរក្រសួងបានកែប្រែតម្លៃជាបន្តបន្ទាប់ចំនួនបីលើកមកហើយ ប៉ុន្តែខាងក្រុមហ៊ុនមិនអាច ដំឡើងថ្លៃរហូតពីរទៅបីដងបាននោះទេ ព្រោះខ្លាចអតិថិជនប្រតិកម្ម គឺដំឡើងតាមការចរចា។

លោកបានថ្លែងថា នៅក្នុងសៀវភៅបន្ទុកចាស់តម្លៃផ្ទះធម្មតាគឺ៤០០០រៀល ប៉ុន្តែឥឡូវអន្តរក្រសួងឡើងជាង១ម៉ឺនរៀល ។

រថយន្តក្រុមហ៊ុនស៊ីនទ្រី ដឹកសំរាមមកចាក់នៅទីលានចាស់ ស្ថិតនៅសង្កាត់ចំការសំរោងក្រុងបាត់ដំបង ថ្ងៃទី១៨​ ខែសីហា ២០២៣។ (ខេមបូចា/សុខ សាវី)

ប្រធានសណ្តាប់ធ្នាប់ និងអនាម័យក្រុងបាត់ដំបង លោក ណយ ចេក បានទទួលស្គាល់ថា តម្លៃសេវាឡើងថ្លៃ បើប្រៀបតម្លៃចាស់ ដែលមានក្នុងសៀវភៅបន្ទុកឆ្នាំ ២០០៧។ ក្រុងបានកំណត់តម្លៃថ្មីស្របតាមការប្រកាសរបស់ អន្តរក្រសួងលេខ១៩៥ នឹងបានជជែកជាមួយមន្រ្តីពាក់ព័ន្ធ ព្រមទាំងធ្វើការ ផ្សព្វផ្សាយឲ្យពលរដ្ឋ បានដឹងផងដែរ។

លោកបញ្ជាក់ពីមូលហេតុនៃការឡើងថ្លៃជាងមុនដោយសារក្រុមហ៊ុនបង្កើនការប្រមូលសំរាម ឲ្យច្រើនដងជាងមុន ដោយធ្វើយ៉ាងណាឲ្យក្រុងអស់សំរាម។ អាជ្ញាធរបានកំណត់តំបន់ ស្នូលគឺប្រមូលរាល់ថ្ងៃ តំបន់ទ្រនាប់ប្រមូលមួយសប្តាហ៍បីដង ចំណែកតំបន់ជាយ ក្រុងអាចមួយខែម្តងឬពីរដង ប៉ុន្តែបន្ធូរបន្ថយតម្លៃឲ្យទាបជូនគាត់។

លោកបន្ថែមថាការអនុវត្តនេះផ្អែកលើគោលការណ៍សមធម៌ផងដែរដោយ ក្រុងបាន បន្ធូរបន្ថយតម្លៃដល់ប្រជាពលរដ្ឋដែលមានបណ្ណក្រីក្រ និងប្រជាពលរដ្ឋដែលរស់នៅទីតាំង សំណង់មិនរៀបរយផងដែរ។ មួយផ្នែកទៀតនៃការឡើងថ្លៃដោយសារ ចំណាយទៅលើថ្លៃប្រមូលនិងដឹកជញ្ជូនរបស់ក្រុមហ៊ុន និង ថ្លៃទីលានសំរាមថ្មីដែលឆ្ងាយពីក្រុងជាង២០គីឡូជាដើម។

លោកបន្ថែមថា ៖ «ថ្វីដ្បិតក្រុងកំណត់តម្លៃក្នុងតារាងមែន ប៉ុន្តែក្រុងបានបើកសិទ្ធិប្រជាពលរដ្ឋ មកជជែកពិគ្រោះយោបល់និងផ្ទៀងផ្ទាត់ទិន្នន័យនៅសាលាក្រុង ដើម្បីទទួលយក បានទាំង អស់គ្នាដោយស្នាមញញឹមដែលបច្ចុប្បន្ននេះមានពលរដ្ឋរាប់រយនាក់ក្នុងមួយថ្ងៃមកពិគ្រោះយោបល់ដើម្បីសុំបន្ធូបន្ថយតម្លៃ»។

លោក ណយ ចេក បន្តថាបច្ចុប្បន្ននេះក្រុមហ៊ុនបានប្រមូល សំរាមក្នុងក្រុងជាមធ្យម ភាគ១១០តោនក្នុងមួយថ្ងៃ ។ អាជ្ញាធរក្រុងត្រូវបង់ថ្លៃឲ្យក្រុមហ៊ុនក្នុងមួយតោន១៥,៥០ដុល្លារសម្រាប់ដឹកដាក់លើទីលានចាស់ស្ថិតនៅសង្កាត់ចំការសំរោងក្រុងបាត់ដំបង។  នៅពេលទីលានថ្មីរៀបចំរួចនៅដើមខែក្រោយក្រុមហ៊ុនត្រូវដឹកទៅចាក់នៅទីលានថ្មីនៅក្នុងឃុំតាក្រៀមស្រុកបាណន់ដោយក្រុងចំណាយលើក្រុមហ៊ុនថ្លៃប្រមូលនិងដឹកជញ្ជូន បូកជាមួយនឹងការ ថែទាំទីលានប្រមាណ២០ដុល្លារក្នុងមួយតោន។

លោកបានឲ្យដឹងទៀតថា ក្នុងក្រុងបាត់ដំបងមានជាង២ម៉ឺន៧ពាន់ផ្ទះនិងទីតាំងអាជីវកម្ម ដែលបច្ចុប្បន្ននេះមានប្រជាពលរដ្ឋជាង៥០ភាគរយហើយទទួលយកការផ្តល់សេវាសំរាមតាមប្រព័ន្ធថ្នាលជាតិថ្មីនេះ។

ទោះបីយ៉ាងណា លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តបាត់ដំបង បានថ្លែងថាគម្រោងសាកល្បងនេះនឹងកា្លយជាបន្ទុករបស់អាជ្ញាធរ។ លោកថាអាជ្ញាធរគួរធ្វើការផ្សព្វផ្សាយឲ្យទូលំទូលាយដល់ប្រជាពលរដ្ឋមុនសម្រេចចិត្តដំឡើងថ្លៃសេវា និងជាពិសេស អាជ្ញាធរត្រូវអនុវត្តគម្រោងនេះដោយតម្លាភាព ដោយមិន យកធ្វើជាអាជីវកម្ម។ បើពុំដូច្នេះទេ សាធារណជននឹងរិះគន់កាន់តែខ្លាំង ។

លោក គង់ជិត បានមានប្រសាសន៍ថា ៖ « អាជ្ញាធរក្រុង គួរផ្សព្វផ្សាយតាមរយៈជាវេទិកា សាធារណៈ ឬកិច្ចពិគ្រោះយោបល់ នៅតាមសង្កាត់ទាំង១០ ដើម្បីឲ្យប្រជាពលរដ្ឋបង្ហាញនូវក្តី កង្វល់និងសំណូមពរផ្សេងៗ»។  ដោយលោកបន្ថែមថា៖ «ការប្រមូលថ្លៃសំរាម ដោយតម្លៃខ្ពស់នេះនឹងអាចប៉ះពាល់ទៅលើជីវភាពរបស់ប្រជាពលរដ្ឋ ខណៈពួកគេរកចំណូលបានតិច តែចំណាយសព្វមុខអស់ច្រើន ហើយអាចនឹងបណ្តាលឲ្យមុខទំនិញឡើងថ្លៃ ព្រោះម្ចាស់អាជីវករ នានាដែលធ្វើអាជីកម្ម ដូចជាភោជនីយដ្ឋាន ហាងលក់ទំនិញផ្សេងៗ  នឹងដំឡើងថ្លៃទំនិញ និងសេវាកម្មបន្ថែមទៀត»

134 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម