សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

នៅពីក្រោយឆាក៖ បន្ទាប់ពីវត្ថុបុរាណខ្មែរមួយ​ចំនួន​ត្រូវ​បានប្រគល់​​ត្រឡប់​មកវិញ​ សារមន្ទីរសហរដ្ឋអាមេរិករារាំងមិន​ឱ្យ​​មេធាវីតំណាង​​ឱ្យ​កម្ពុជា​​ចូល​រួម​កិច្ច​ប្រ​ជុំ​

ព្រះកេស «ទេវតា» ពីរ តាំងពីសម័យអង្គរ ដែលទើបត្រូវបានធ្វើមាតុភូមិនិវត្តន៍នាពេលថ្មីៗ ពីសហរដ្ឋអាមេរិកកាលពីខែសីហា ពេលនេះត្រូវបានរក្សាទុកនៅសារមន្ទីរជាតិ។ រូបថតថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។ (ខេមបូចា/ លី រូស្សឡាន)
ព្រះកេស «ទេវតា» ពីរ តាំងពីសម័យអង្គរ ដែលទើបត្រូវបានធ្វើមាតុភូមិនិវត្តន៍នាពេលថ្មីៗ ពីសហរដ្ឋអាមេរិកកាលពីខែសីហា ពេលនេះត្រូវបានរក្សាទុកនៅសារមន្ទីរជាតិ។ រូបថតថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។ (ខេមបូចា/ លី រូស្សឡាន)

ក្នុងរយៈពេល២៨​ឆ្នាំកន្លង​មកនេះ ប្រទេស​កម្ពុជាបានធ្វើមាតុភូមិនិវត្តន៍វត្ថុបុ​រាណ​ជាង ១ ០០០ ដែលត្រូវបានលួចពីតំបន់បេតិកភណ្ឌរបស់ខ្លួន ហើយត្រូវ​បាន​រត់​ពន្ធ​ទៅក្រៅប្រទេស។

ជាញឹកញាប់វត្ថុបុរាណទាំងនេះ​ ត្រូវបានគេលួចពីបំណែក​សេសសល់​​​ អំឡុងពេលប្រទេសកម្ពុជា​ឆ្លងកាត់​អតីតកាលដ៏ច្របូកច្របល់ ហើយ​បន្ទាប់មកវត្ថុ​បុ​រាណ​ទាំង​នេះ ត្រូវបានលក់ទៅឱ្យសារមន្ទីរល្បីៗ និងពួក​អ្នកមានដែល​ស្រឡាញ់​វត្ថុ​បុរាណ​។​ វត្ថុបុរាណទាំងនេះ ត្រូវ​បានបញ្ជូន​ត្រឡប់មកប្រទេសកម្ពុជាវិញជា​បណ្តើរ​​ៗតាមរយៈការបញ្ជូនមកវិញដោយស្ម័គ្រចិត្ត ការចរចា ការរឹបអូស និងដំ​ណើរ​ការផ្លូវច្បាប់។

ប៉ុន្តែទោះបីជាវត្ថុបុរាណចំនួន៧០ ត្រូវបានធ្វើមាតុភូមិនិវត្តន៍មកវិញ​ក្នុងឆ្នាំនេះ​ក៏ដោយ ក៏កិច្ចប្រឹងប្រែង​នៅតែបន្តធ្វើ​ ដោយសារវត្ថុ​បុរាណ​ខ្មែរ​​ជាច្រើននៅបន្ត​រក្សា​នៅតាម​សារមន្ទីរធំៗ ជាពិសេសសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញូវយ៉ក ហៅកាត់ថា Met ដែលបានបញ្ជូន​មកវិញ​ត្រឹមតែមួយចំណែកតូច​ប៉ុណ្ណោះក្នុងចំណោម​វត្ថុបុរាណរបស់ខ្មែរជា​ច្រើន​នៅទីនោះ​។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (MCFA) របស់កម្ពុជា ដែលបានដឹក​នាំ​កិច្ច​ប្រឹងប្រែង​ ដើម្បី​នាំ​យក​សម្បត្តិ​វប្បធម៌ត្រឡប់​មក​​វិញ បានបញ្ជូនគណៈប្រតិភូមួយក្រុម​​ទៅសហរដ្ឋអាមេរិកកាល​ពី​ខែកញ្ញា ជាផ្នែកមួយ​នៃកម្មវិធីរបស់​ក្រសួងការបរ​ទេសសហរដ្ឋអាមេរិក ដែលអនុញ្ញាត​ឱ្យ​គណៈប្រតិភូ​បរទេស​ធ្វើ​ទស្សន​កិច្ចនៅ​តាម​ស្ថាប័នផ្សេងៗ។

ជា​សំណាង​ល្អ​ដែល​គណៈប្រតិភូបានទៅទស្សនាសារមន្ទីរ​ Met ជាកន្លែងដែលពួកគេនឹងពិភាក្សាអំពី «បញ្ហាអភិរក្ស» នៃវត្ថុបុរាណ​ខ្មែរដែលនៅសេសសល់ នេះបើយោងតាមប្រភពដែលដឹងរឿង​នេះ។ អ្នក​ដែល​អវត្តមានពីកិច្ចប្រជុំនេះ​ គឺជាមេ​ធាវីរបស់​ក្រសួង ដែលត្រូវបានបណ្តេញចេញមិន​ឱ្យ​ចូលរួម ដែលបង្កើនភាពតាន​តឹងក្នុងយុទ្ធនាការរយៈពេលជាច្រើនឆ្នាំមកនេះ​ ដើម្បីបង្ខំ​ឱ្យ​សារមន្ទីរដ៏ល្បី​បំ​ផុត​នៅសហរដ្ឋអាមេរិកប្រគល់វត្ថុបុរាណ​ខ្មែរមកវិញ។ 

ត្ថុបុរាណខ្មែរដែល​គេ​ហៅ​ថា «ឈ្នាន់កែប​សេះ​ដែល​មាន​រូប​យក្ស​​ប្រយុទ្ធនឹងសត្វ​សេះ»ដែលបច្ចុប្បន្នរក្សា​ទុក​នៅសារមន្ទីរ​ Met ដែលប្រទេស​កម្ពុជាកំពុងស្វះ​ស្វែងរកការធ្វើមាតុភូមិនិវត្តន៍។ រូបភាព​របស់​ Bradley Gordon

រឿង​រ៉ាវ​នៅសារមន្ទីរ​ Met

ការចរចាដែលកំពុងបន្តរវាងកម្ពុជា និងសារមន្ទីរ​ Met បាន​ប្រែប្រួល​ទាំង​ស្រុង​នៅ​ថ្ងៃទី៣ ខែកញ្ញា នៅពេលដែលលោក Bradley Gordon តំណាងផ្នែក​ច្បាប់របស់រដ្ឋាភិបាលកម្ពុជាត្រូវបានរារាំងមិន​ឱ្យ​ចូល​រួម​កិច្ចប្រជុំសំខាន់។

លោក Gordon ដែលបានធ្វើការលើយុទ្ធនាការធ្វើមាតុភូមិនិវត្តន៍វត្ថុបុរាណរបស់ប្រ​ទេសកម្ពុជាអស់រយៈពេលមួយទសវត្សរ៍បានពណ៌នាសកម្មភាពរបស់សារមន្ទីរ​ Met ថា «គ្មានសីលធម៌» ហើយបានព្រមានថា ពួកគេអាចប្រឈម​នឹង «ការរំលោភលើវិជ្ជាជីវៈមេធាវី»

លោកបានមានប្រសាសន៍ថា៖ «សម្រាប់ការចរចាប្រភេទនេះ កូនក្តីចង់ឱ្យមេធាវីរបស់​ខ្លួន​នៅទីនោះ» ដោយបន្ថែមថា លោករំពឹងថា កិច្ចប្រជុំនឹងរួមបញ្ចូលការពិ​ភាក្សាអំពីភស្តុតាងនៃវត្ថុបុរាណខ្មែរ ដែលនៅសេសសល់នៅ​ក្នុង​សារមន្ទីរនេះ​ ដែលជាបញ្ហាចម្រូងចម្រាសសម្រាប់ភាគីទាំងពីរ។

យោង​តាមលោក Gordon ដែលបានក្លាយជាឥស្សរជន​ដ៏លេចធ្លោមួយរូបក្នុងកិច្ចខិតខំប្រឹងប្រែងថ្នាក់​ជាតិសម្រាប់​កម្ពុជា ក្នុងការស្វែងរករតនសម្បត្តិ​ដែលបាត់​បង់​បាន​ឱ្យ​ដឹង​ថា​ លោក​បានមកដល់សារមន្ទីនៅព្រឹកថ្ងៃទី៣ ខែកញ្ញា ហើយត្រូវបាន​គេ​នាំទៅកាន់បន្ទប់សន្និសីទមួយ​ដែលគណៈប្រតិភូកម្ពុជានឹងជួបជាមួយមន្ត្រី​​សារមន្ទីរ​ Met។

គាត់អះអាងថា ខណៈ​ពេលលោក​មិន​ទាន់ទាំង​បាន​រក​កន្លែង​អង្គុយ​ស្រួល​បួល​ផង​នោះ សមាជិកនៃក្រុមអ្នក​ច្បាប់របស់សារមន្ទីរបានដើរ​មករកលោក​ ហើយសុំ​និយាយជាមួយ​លោក​ជាលក្ខណៈ​ឯកជននៅខាងក្រៅ ដោយណែនាំលោក​ឱ្យប្រ​មូលរបស់របររបស់គាត់ទៅ​ជាមួយ​ផង​។  លោក Gordon បាន​រៀបរាប់​បន្ថែមថា បន្ទាប់មក ក្រុម​មន្ត្រីទាំង​នោះ​បានជូន​ដំ​ណឹងលោក​ថា លោក​ត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងកិច្ចប្រ​ជុំ​នេះទេ ដោយនិយាយថា វាជា «កិច្ចប្រជុំរបស់ក្រសួង​ការបរទេស​» មុនពេលអ្នកយាមម្នាក់បានមក​អមដំណើរ​លោក​ចេញពីសារមន្ទីរនេះ។

មុន​ពេលលោក​ត្រូវ​បាន​​គេ​អមដំណើរ​ចេញ លោក Gordon បានទទូច​ស្នើ​ក្រុម​​មន្ត្រីសារមន្ទី​ Met និង​មន្ត្រី​​មក​ពី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិកម្តងហើយ​ម្តងទៀត​ ដើម្បី​ជួយ​អន្តរាគមន៍ និង​អនុញ្ញាត​ឱ្យ​លោក​​​នៅខាងក្នុង​​សម្រាប់​កិច្ច​​ប្រជុំ។ លោក​បាន​លើក​ឡើង​ថា សមាជិកម្នាក់​នៃ​​គណៈប្រតិភូ​កម្ពុជា​ថែមទាំង​បាន​ទូរ​ស័ព្ទ​​ទៅលោកស្រី ភឿង សកុណា ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ដែល​បាន​បញ្ជាក់​ពី​សារៈសំ​ខាន់​នៃ​ការ​ចូលរួម​របស់​លោក។

នៅពេលនោះ លោក Gordon បានមាន​ប្រសាសន៍​ថា លោក​មិន​ច្បាស់​ពី​របៀបវារៈនៃកិច្ច​ប្រជុំនេះទេ​ ប៉ុន្តែអ្នកចូលរួមដែលបានគ្រោងទុករួមមានមេធាវីរបស់សារមន្ទីរ​ Met ប្រធានផ្នែកស្រាវជ្រាវភស្តុតាងឈ្មោះ​ Lucian Simmons និងមន្ត្រី​ជាន់​ខ្ពស់​របស់សារមន្ទីរមួយចំនួន។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «សារមន្ទីរ​ Met បាន​ប្លន់​យក​​កម្មវិធី [របស់​ក្រ​សួង​ការបរទេស​]។  នេះ​ គឺ​ជា​ការ​យល់​ឃើញ​​របស់​ខ្ញុំ»

ក្រោយមកលោក​ Gordon បានឱ្យដឹងថា ក្នុងអំឡុងកិច្ចប្រជុំ ដែលលោក​ត្រូវបានគេបណ្តេញចេញនោះ សារមន្ទីរ​ Met បានពិភាក្សាអំពីការផ្តល់ «គំនិតផ្តួចផ្តើម​វិជ្ជ​មាន» រួមទាំង«អំណោយ និងអាហារូបករណ៍» ជាថ្នូរនឹងការរក្សាទុក​វត្ថុបុរាណខ្មែរ​ ដែលនៅសេសសល់នៅក្រោម​ការ​រក្សា​ទុក​របស់​ខ្លួន​។

សារមន្ទីរ​ Met មិនបានឆ្លើយតបទៅនឹងសំណើរបស់ ខេមបូចា​ សុំ​ការធ្វើអត្ថាធិ​ប្បាយជុំវិញ​ការ​លើក​ឡើង​របស់លោក​ Gordon ឬផែនការរបស់ខ្លួនក្នុងការប្រ​គល់​វត្ថុបុរាណបន្ថែមទៀត​មកកម្ពុជានោះទេ។

លោកស្រី Sharon Cott អនុប្រធានជាន់ខ្ពស់របស់សារមន្ទីរ​ Met ដែលលោក Gordon ចាត់ទុក​ថា ជាអ្នក​សម្រេច​សេចក្តី​ក្នុង​ការ​ការបណ្តេញលោក​ចេញនោះ​ ក៏​មិនបាន​ឆ្លើយតបអ៊ីម៉ែល​របស់​ ​ខេមបូចា​ ដែរ ទាក់ទងនឹងហេតុ​ការណ៍​កាលពី​​ថ្ងៃទី៣ ខែកញ្ញា។ ដូចគ្នានេះដែរ លោក Lucian Simmons មិនបានឆ្លើយតបភ្លាមៗចំ​ពោះសំណើសុំការអត្ថាធិប្បាយ ឬផ្តល់ព័ត៌មានលម្អិតអំពីការស្រាវជ្រាវរក​ភស្តុតាង​របស់សារមន្ទីរ​ Met ទាក់ទងនឹងវត្ថុបុរាណខ្មែរដែលនៅសេសសល់នោះទេ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលទុក​វត្ថុ​បុរាណ​ខ្មែរ​នៅ​សារមន្ទីរ​ Met ស្ថិតនៅក្រោមការតាម​ដាន​កាន់តែខ្លាំងឡើងទាំងអ្នកសារព័ត៌មាន និងស្ថាប័ន​​​អនុវត្តច្បាប់។ នៅឆ្នាំ២០២១ ការស៊ើបអង្កេតបានបង្ហាញថា វត្ថុ​បុរាណ​ជាច្រើននៅ​ក្នុងការប្រមូលរបស់សារមន្ទីរនេះ មាន​ទំនាក់ទំណង​ជាមួយ​នឹងលោក​ Douglas Latchford ដែលជាអ្នកជួញដូរវត្ថុបុរាណដែលត្រូវបានចោទប្រកាន់ក្នុងឆ្នាំ២០១៩​។

បន្ទាប់ពីការស្លាប់របស់លោក​ Latchford ក្នុងឆ្នាំ២០២០ មាន​ការយកចិត្តទុកដាក់លើការប្រមូលរក្សា​ទុក​របស់សារមន្ទីរ​ Met កាន់តែខ្លាំងឡើង ដោយ​ការស៊ើបអង្កេត​ឆ្នាំ២០២៣ បានរកឃើញវត្ថុបុរាណជាង១​ ១០០​ ដែលពីមុនជាកម្មសិទ្ធិរបស់បុគ្គលដែលពាក់ព័ន្ធនឹងបទ​ល្មើស​លួច​វត្ថុបុរាណ។

ជាការឆ្លើយតប សារមន្ទីបានជួលក្រុម​អ្នកស្រាវជ្រាវ ដែល​ក្នុងនោះ Simmons ជាសមាជិក​ម្នាក់ផង​ ហើយបានយល់ព្រមប្រគល់វត្ថុជាង១០ មកកម្ពុជា ដែលមកដល់​កាលពី​ខែកក្កដា ឆ្នាំនេះ ប៉ុន្តែ​រដ្ឋាភិបាលកម្ពុជាអះអាងថា យ៉ាងហោចណាស់​មាន​វត្ថុបុរាណ​ចំនួន៤៩​ ប្រភេទទៀតស្ថិតក្នុងការ​កាន់កាប់​របស់សារមន្ទីរ Met និងកំពុងស្វះ​ស្វែងរកការធ្វើមាតុភូមិនិវត្តន៍វត្ថុ​បុរាណទាំង​អស់​នោះ​។

វត្ថុ​បុរាណ​១៤ប្រភេទ ដែលសារមន្ទីរ​ Met បានប្រគល់​ជូន​ត្រឡប់មកវិញ ដែល​ឥ​ឡូវនេះកំពុងរក្សា​ទុក​នៅក្នុងវិចិត្រសាលនៃសារមន្ទីរជាតិនៃកម្ពុជាក្នុងរាជធានីភ្នំពេញ តំណាងឱ្យការ​បោះ​ជំហានឆ្ពោះទៅរកការផ្សះផ្សា និងការសះស្បើយ​ពីអតី​តកាលដ៏ច្របូកច្របល់។ សម្រាប់​អ្នក​បុរាណវិទ្យា​កម្ពុជា​ វត្ថុបុរាណ​ទាំង​នេះ​​ក៏​ផ្តល់​​ឱកាស​ក្នុងការ​សិក្សា​ស្វែងយល់​បន្ថែម​អំពី​ដើម​កំណើត​នៃ​សង្គម​ខ្មែរ​ផងដែរ។

លោក ហួត សំណាង ប្រធាន​នាយក​ដ្ឋាន​បុរាណវត្ថុនៃអគ្គនាយក​ដ្ឋាន​បេតិកភណ្ឌ​​​ នៃក្រសួង​វប្បធម៌និងវិចិត្រ​សិល្បៈបាន​មាន​ប្រសាសន៍​ថា៖ «បុរាណវត្ថុពុំមែនជាវត្ថុសម្រាប់លម្អតាមគេហដ្ឋាន ឬដាក់តាំងក្នុងសួនច្បាររបស់បុគ្គលណាមួយទេ។ មរតកវប្បធម៌ជាតិទាំងនោះគឺជាវត្ថុសក្ការៈក្នុងជំនឿសាសនាទាំងព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ជាព្រលឹងបុព្វបុរសខ្មែរ​ ព្រមទាំងជាអត្តសញ្ញាជាតិដែលមានអត្ថន័យជ្រាលជ្រៅសម្រាប់ខ្មែរគ្រប់រូប»

មិនមែនមាន​​កម្ពុជា «​តែម្នាក់ឯង​ ដែល​ធ្វើការ​ទាម​ទារនោះ​»

បន្ទាប់​ពី​ត្រូវ​បាន​រារាំងមិន​ឱ្យ​ចូល​រួម​កិច្ច​ប្រជុំ​ លោក Gordon អាច​ត្រឡប់​ទៅសារមន្ទីរ​ Met ជា​មួយ​មន្ត្រី​កម្ពុជា​វិញ​នៅ​ថ្ងៃ​បន្ទាប់ ​ដើម្បី​ពិនិត្យ​មើល​វត្ថុបុរាណ​ដែល​យក​ចេញ​ពី​​តំបន់​អាស៊ីអាគ្នេយ៍នៅសារមន្ទីរនេះ​​ ដោយ​ចាប់​ផ្តើម​ពី​វិចិត្រសាល និង​​បញ្ចប់​នៅ​កន្លែង​រក្សា​ទុក​វត្ថុ​បុរាណ​​ ប៉ុន្តែអ្វីៗ​វាមិន​ដូច​ជា​ការ​រំពឹងទុក​របស់​លោក​​។

បើ​ទោះបីជាធ្វើ​ការ​ស្នើសុំអស់រយៈជិតមួយឆ្នាំ ដើម្បីពិនិត្យ​មើល​វត្ថុបុរាណអ្វីខ្លះដែលគេ​យក​ចេញ​ពីតំបន់អាស៊ីអាគ្នេយ៍ ដែលសារមន្ទីរ​ Met កំពុ​ង​រក្សាទុកនៅក្នុងឃ្លាំង​ ​ហើយ​បើ​តាមលោក Gordon ថា វត្ថុ​បុរាណ​ទាំង​នេះ មិនមានចុះ​បញ្ជី​ក្នុងសៀវភៅ​កាតាឡុករបស់សារមន្ទីរនោះ​ គណៈប្រតិភូដែលមកពិនិត្យ​​មើល​ជា​ថ្មី​នេះ គឺអាចត្រឹម​តែ​ពិនិត្យមើល​នូវវត្ថុបុរាណ​ដែលគេ​ដាក់តាំងបង្ហាញស្រាប់​ប៉ុណ្ណោះ​។

លោក Gordon បានហៅ​ការចរចារដ៏ប្រយ័ត្ន​ប្រយែង​កាល​ពីថ្ងៃទី៤ ខែកញ្ញានេះ​ថា គ្មានអ្វីក្រៅពីការជាប់គាំងដ៏ចម្រូងចម្រាសនោះទេ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ពួកគេ​ទទួល​ស្គាល់​ថា​ មួយ​ចំនួន​ក្នុង​ចំណោម​វត្ថុ​បុរាណទាំង​នេះ​ ត្រូវ​បាន​​គេ​លួច​ ប៉ុន្តែសារមន្ទីរ​ Met មិន​ទទួល​ស្គាល់​ថា ​ខ្លួន​​មាន​កាតព្វកិច្ច​ក្នុង​ការ​ធ្វើការងារ​បន្ថែម​ទៀត​សម្រាប់​ប្រជាជន​កម្ពុជា​នោះ​ទេ» ដោយ​លោក​​បាន​បន្ថែម​ថា ប្រទេសកម្ពុជា​មិន​បាន​ស្វះស្វែង​រក​ការ​ប្រគល់​វត្ថុបុរាណរបស់​ខ្លួន​ទាំង​អស់នោះទេ ​ដើម្បីដាក់តាំងជាអចិន្ត្រៃយ៍នៅក្នុងសារៈមន្ទីររបស់​ខ្លួន​ ឬកន្លែងដើមនោះទេ​ ប៉ុន្តែមាន​បំណង​ឱ្យ​ខ្ចីវត្ថុបុរាណ​ខ្លះទៅសារមន្ទីរ​ Met បន្ទាប់ពីប្រទេសកម្ពុជាទទួល​បាន​សិទ្ធិ​ជា​ម្ចាស់​មកវិញ។ 

ចម្លាក់«ព្រះសិវៈឈរ»ដែលបច្ចុប្បន្នរក្សាទុក​នៅ​សារមន្ទីរ​ Met ដែលក​ម្ពុជាសង្ឃឹមថា នឹងធ្វើមាតុភូមិនិវត្តន៍ ដោយរង់ចាំការពិនិត្យ​បន្ថែមនៃឯកសារ​ភស្តុតាង​​។ រូបភាព​របស់ Bradley Gordon

នៅពេលត្រូវបានសួរថា ហេតុអ្វីបានជាសារមន្ទីរ​ Met ហាក់ដូចជា​មាន​ការ​ពិបាក​ក្នុងការ​ប្រគល់​វត្ថុបុរាណ​បន្ថែមទៀតនោះ លោក Gordon បានអះអាងថា ប្រ​ទេស​កម្ពុជាកំពុងបង្កើតគំរូដ៏សំខាន់មួយសម្រាប់ប្រទេសដទៃទៀត ជាពិសេសនៅប្រទេសឥណ្ឌា និងឥណ្ឌូនេស៊ី ដែលជាប្រទេសដើមនៃវត្ថុបុរាណភាគច្រើនដែល​យក​ចេញ​ពី​តំបន់​អាស៊ី​។

លោកមាន​ប្រសាសន៍ថា៖ «វត្ថុបុរាណ​ពី​អាស៊ីរក្សាទុក​នៅ​សារមន្ទីរ Met មានវត្ថុជាច្រើនមកពីប្រទេសឥណ្ឌា។ ចំណោម​នោះ ក៏មានវត្ថុបុរាណ​ជាច្រើនពីប្រទេសឥណ្ឌូនេស៊ីផងដែរ។ អ្នក​ជួញដូរ​ ដែលបានផ្គត់ផ្គង់វត្ថុបុរាណ​ទាំងនេះ គឺមនុស្ស​មក​ពីក្រុម​តែមួយ។ ក្រុមរបស់ពួកគេមាន​ដូចជា Douglas Latchford និង Subhash Kapoor មកពីប្រទេសឥណ្ឌា»

លោក Gordon បន្តថា៖ «ការព្រួយបារម្ភ​ធំបំផុតរបស់ពួកគេ [សារមន្ទីរ Met] គឺថា ឥណ្ឌានឹងភ្ញាក់ខ្លួន​ ហើយ​ឥណ្ឌូនេស៊ីនឹងភ្ញាក់ខ្លួន​ ហើយពួកគេនឹងមកនិយាយថា “យើងចង់យក​វត្ថុបុរាណ​ដែល​ត្រូវ​បាន​លួចត្រឡប់​ទៅ​វិញ»

ក្រៅពីសារមន្ទីរ​ Met កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការធ្វើមាតុភូមិនិវត្តន៍នូវវត្ថុបុរាណវប្បធម៌ពីសារមន្ទីផ្សេងទៀតនៅទូទាំងពិភពលោក ដែលការប្រមូលវត្ថុបុរាណ​របស់​ពួកគេ​មាន​ជាប់​ពាក់ព័ន្ធ​នឹងអ្នកជួញដូរ​វត្ថុបុរាណដែលគេស្គាល់​មុខ។

លោក Gordon បានមានប្រសាសន៍ថា៖ «ក្នុងចំណោមសារមន្ទីរទាំង​នោះ​ សារមន្ទីរ Victoria និង Albert បានបង្ហាញពីការឆ្លើយតបបែបវិជ្ជមាន​ និងការគោរពយ៉ាង​ជ្រាលជ្រៅចំពោះអ្វីដែលកម្ពុជាកំពុងព្យាយាមធ្វើ។ ផ្ទុយទៅវិញ សារមន្ទីរ Norton Simon មានភាព​ស្ទាក់ស្ទើរក្នុង​ការពិភាក្សាអំពីវត្ថុបុរាណខ្មែរដែលជា​ចំ​ណែក​ដ៏ធំ​នៃការ​រក្សា​ទុក​របស់ខ្លួន​ ដែលភាគច្រើន​បានមកដល់នៅ​ដើមទសវត្សរ៍ឆ្នាំ១៩៧០ អំឡុងពេលប្រទេសកម្ពុជាមាន​​ចលាចល​»

យោងតាមលោក Gordon ការចរចាដ៏លំបាកបំផុត គឺជាមួយសារមន្ទីរអង់គ្លេស (British Museum ) ដែលមានប្រវត្តិយូរអង្វែងក្នុងការជំទាស់​នឹងការធ្វើមាតុភូមិនិវត្តន៍ នៃវត្ថុបុរាណដែលទទួលបានក្នុងសម័យអាណានិគម។

លោកមាន​ប្រសាសន៍ថា៖ «សារមន្ទីរអង់គ្លេសកំពុងក្តីក្តាំ​ជាមួយ​​ប្រទេសក្រិក។ ពួកគេកំពុងក្តីក្តាំ​​ជាមួយ​​ប្រទេសអាហ្វ្រិក។ ពួកគេ​កំពុង​ក្តីក្តាំ​​​ជាមួយ​​គេ​​គ្រប់​​គ្នា ​ដើម្បី​រក្សា​​វត្ថុបុរាណ​ដែលបាន​មកដោយ​ខុស​ច្បាប់​​​ទាំងនេះ ​នៅ​សារមន្ទីរ​អង់គ្លេស​។ ដូច្នេះ​អ្នក​ដឹង​ទេ យើង​មិន​មែនមាន​តែ​ម្នាក់​ឯងទេ ដែល​កំពុងធ្វើ​ការ​ទាមទារ​​នោះ​»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Behind the Scenes: After Khmer Artifacts Repatriated, US Museum Ousts Lawyer Pushing for More Returns

206 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម