សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សាកសពនិស្សិតខ្មែរដែលស្លាប់នៅក្នុងជម្លោះហាម៉ាស-អ៊ីស្រាអែលបានបញ្ជូនមកដល់លំនៅឋាន

ក្រុមគ្រួសារនិស្សិតខ្មែរឈ្មោះ ចាន់ ឧត្តម រៀបចំបុណ្យសពនៅខេត្តកណ្តាល បន្ទាប់ពីទទួលដំណឹងថាលោកទទួលមរណៈក្នុងការវាយប្រហារដោយក្រុមហាម៉ាសមកលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ (ផ្តល់ឲ្យ)
ក្រុមគ្រួសារនិស្សិតខ្មែរឈ្មោះ ចាន់ ឧត្តម រៀបចំបុណ្យសពនៅខេត្តកណ្តាល បន្ទាប់ពីទទួលដំណឹងថាលោកទទួលមរណៈក្នុងការវាយប្រហារដោយក្រុមហាម៉ាសមកលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ (ផ្តល់ឲ្យ)

សាកសព​និស្សិតកម្ពុជា ឈ្មោះ ចាន់ ឧត្ដម ដែលបានបាត់បង់ជីវិតក្នុងអំឡុងជម្លោះប្រដាប់អាវុធ​រវាង​កងទ័ព​អ៊ីស្រាអែល និង​ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បាន​បញ្ជូន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ កាលពីយប់ថ្ងៃចន្ទកន្លងទៅនេះ ។ នេះបើយោងតាមអ្នកនាំពាក្យ​សាលាខេត្តកណ្ដាល លោក នូវប៉េង ច័ន្ទតារា ។

ថ្លែង​ប្រាប់អ្នកសារព័ត៌មាន ខេមបូចា លោក ច័ន្ទតារា បានឲ្យដឹងថា សាកសព​របស់​ ឧត្ដម ត្រូវបានបញ្ជូន​ទៅកាន់ស្រុកកំណើតរបស់លោក នៅស្រុកកោះធំ ដើម្បី​ឱ្យក្រុមគ្រួសាររៀបចំពិធីបុណ្យសព ។

បងប្រុសរបស់ ឧត្ដម លោក ចាន់ សីម៉ា​ មិនអាចធ្វើអត្ថាធិប្បាយ ដោយនិយាយថា លោករវល់ ។

ការបញ្ជូន​សាកសព​ត្រូវបានពន្យារពេល​ដោយសារតែត្រូវឆ្លងកាត់ការត្រួតពិនិត្យ​និងកំណត់​អត្តសញ្ញាណនៅក្នុងប្រទេសអ៊ីស្រាអែល ។ នេះបើតាមប្រសាសន៍របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលថ្លែងនៅក្នុងពិធីជួបជុំជាមួយ​កម្មករកម្មការិនី​នៅខេត្តកំពង់ចាម ។

ជម្លោះរវាង​ក្រុមហាម៉ាសនិង​ប្រទេសអ៊ីស្រាអែលបានផ្ទុះឡើង​នៅថ្ងៃទី៧ ខែតុលា ដែលចំថ្ងៃ​បុណ្យ​សាសនា​ Simchat Torah ដែល​ជាទិវាកត់សម្គាល់ការបញ្ចប់​ការអានប្រចាំឆ្នាំនូវគម្ពីរ Torah ។ មនុស្ស​ជាង​ ៥០០០នាក់បានបាត់បង់ជីវិត​ចាប់តាំងពី​ការចាប់ផ្ដើម​នៃការប្រយុទ្ធគ្នានេះមក ។

នៅក្នុងពិធីជួបជុំជាមួយកម្មកររោងចក្រ លោក ហ៊ុន ម៉ាណែត បាន​ធានាអះអាងថា រដ្ឋាភិបាល​បាន​នឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយ​អាជ្ញាធរ​អ៊ីស្រាអែល និងនិស្សិតកម្ពុជា​ដែលនៅទីនោះ ដើម្បីធានា​សុវត្ថិភាពរបស់ពួកគេ ចាប់តាំងពីការចាប់ផ្ដើមនៃជម្លោះនេះមក ។

លោក ហ៊ុន ម៉ាណែត ថ្លែងយ៉ាងដូច្នេះថា៖ «[យើងកំពុង]ធ្វើយ៉ាងណា​ធានាថា ជីវិតរបស់​ប្រជាជន​យើង​ត្រូវបានយកចិត្តទុកដាក់ ។ យើងបាន[ពិនិត្យតាមដានស្ថានភាព]របស់និស្សិតយើង​នៅ​​អ៊ីស្រាអែលក្នុងពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ។ យើងនឹងមិនបោះបង់​ពួកគេចោលទេ រហូតទាល់តែ[ការប្រយុទ្ធគ្នា]នៅទីនោះបញ្ចប់» ។

ក្នុងអំឡុងសប្ដាហ៍ទីមួយ​នៃជម្លោះ និស្សិតខ្មែរជាច្រើននាក់នៅក្នុងប្រទេសអ៊ីស្រាអែល បានស្នើសុំ​ឱ្យ​រដ្ឋាភិបាលកម្ពុជា​នាំយកពួកគេមកផ្ទះវិញ បន្ទាប់ពីការស្លាប់របស់ ឧត្ដម ដោយសារពួកគេព្រួយបារម្ភ​ពី​សុវត្ថិភាព និងថា នៅទីនោះពុំមានទឹក​និងអាហារគ្រប់គ្រាន់ទេ ។ ​

នៅក្នុងប្រទេសអ៊ីស្រាអែល មានប្រជាជនខ្មែរ​ ៤៥៣នាក់ ក្នុងនោះ ៣២៣នាក់ត្រូវបានជម្លៀសទៅកាន់​ទីកន្លែងមានសុវត្ថិភាព ចំណែក​ឯ ១៣០នាក់ទៀត​កំពុងស្ថិតក្នុងហានិភ័យនៅឡើយ ។

លោក ហ៊ុន ម៉ាណែត បានថ្លែងថា៖ «មានការខ្វះទឹកប្រើប្រាស់នៅកន្លែងខ្លះ ដោយសារតែការលំបាក ប៉ុន្តែ យើងអាចចាត់ចែងជួយ​ពួកគេបានហើយ ។ ការផ្គត់ផ្គង់ស្បៀងអាហារ​ក៏មានភាពយឺតយ៉ាវដែរ ។ ប៉ុន្តែ យើងបានណែនាំស្ថានកុងស៊ុលឱ្យទិញ​ស្បៀងអាហារយកទៅឱ្យពួកគេ​[និស្សិត]ហើយ» ។

ទោះបីជាស្ថានភាពនៅក្នុងប្រទេសអ៊ីស្រាអែលបច្ចុប្បន្ន​​មានភាពល្អប្រសើរជាងកាលពី​ពីរសប្ដាហ៍មុនក្ដី តែបញ្ហានៅតែពុំមានភាពច្បាស់លាស់នៅឡើយ ។ ដូច្នេះ រដ្ឋាភិបាលបាន​ដាក់ចេញនូវផែនការមួយចំនួន ។​

លោកនាយករដ្ឋមន្ត្រីបានបន្តថា៖ «ក្នុងពេលមួយសប្ដាហ៍ យើងបាន​រៀបចំផែនការបម្រុង​សុវត្ថិភាព ។ យើងបាន​[បង្កើត]កន្លែងសុវត្ថិភាពមួយ​នៅក្រោម​ការគ្រប់គ្រងរបស់​អ៊ីស្រាអែល និង​មួយ​ទៀត នៅចម្ងាយ ៣០០គីឡូម៉ែត្រ​ឆ្ងាយពីតំបន់ក្រហម» ។ លោកបានបន្ថែមថា៖ «នេះជាផែនការមួយ​ដើម្បី​សង្គ្រោះពួកគេចេញពីគ្រោះថ្នាក់ ប៉ុន្តែ ប្រសិន​បើ​ស្ថានភាពនៅក្នុងប្រទេសអ៊ីស្រាអែលទាំងមូល​ធ្លាក់ក្នុងភាពធ្ងន់ធ្ងរ យើងមានផែនការ[ផ្សេងទៀត] ដើម្បី​ផ្ដល់​សន្តិសុខបន្ថែម​ទៅដល់​ប្រជាជនរបស់​យើង» ។

លោកបានបន្ថែមថា ប្រសិនបើនិស្សិតចាំបាច់ត្រូវតែជម្លៀសចេញទៅកាន់ទីកន្លែងសុវត្ថិភាពនៅក្នុង​ប្រទេស​អ៊ីស្រាអែល រដ្ឋាភិបាល​ត្រៀមខ្លួនរួចជាស្រេចដើម្បីជួយដល់ពួកគេ ។ ប៉ុន្តែ មនុស្សជាច្រើន​បានស្ម័គ្រចិត្តមិនចាកចេញទេ ក្រោមហេតុផលផ្សេងៗ និងចង់បន្ត​ធ្វើការតទៅទៀត ពីព្រោះពួកគេ​ជឿជាក់ថាវាមានសុវត្ថិភាព និងថាសុវត្ថិភាពរបស់ពួកគេ​ត្រូវបាន«ធានា»ដោយម្ចាស់កសិដ្ឋាន ។

អំឡុងពេលនៃការសរសេរសេចក្ដីរាយការណ៍នេះ អ្នកសារព័ត៌មាន ខេមបូចា ពុំទាន់អាចទាក់ទងទៅកាន់​និស្សិតខ្មែរ​ដែលរស់នៅក្នុងប្រទេសអ៊ីស្រាអែល ដើម្បី​សុំ​ការផ្ដល់ព័ត៌មានបច្ចុប្បន្នភាពពី​ស្ថានភាព​នៅអ៊ីស្រាអែល នៅឡើយទេ ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Body of Cambodian Student, Perished in Hamas-Israel Conflict, Arrives Home

280 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម