ក្រុមហ៊ុនដំណាប់ស្វាយបឹងកេត ដែលមានទីតាំងស្ថិតនៅក្នុងភូមិពាមទុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច បានបង្ហូរទឹកកាកសំណល់ពីការកែច្នៃដំណាប់ស្វាយចូលស្ទឹង ធ្វើឱ្យទឹកឡើងពណ៌ខ្មៅ និងមានក្លិនស្អុយ ពុលត្រី និងធ្វើឱ្យពលរដ្ឋមិនអាចប្រើប្រាស់ទឹកទាំងនោះបាន ខណៈក្រុមហ៊ុននេះមិនទាន់មានអាងប្រព្រឹត្តកម្មសំណល់រាវនៅឡើយ។
បើតាមលោក ហន ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុកភ្នំស្រួច ថ្លែងប្រាប់ខេមបូចាថា ពិតជាមានការបង្ហូរទឹកកខ្វក់ចេញពីរោងចក្រចូលទំនប់ទឹកពាមទុង ហូរចូលស្ទឹងស្រែខ្លុង និងហូរចូលស្ទឹងព្រែកត្នោតពិតមែន ហើយនេះមិនមែនជាលើកទីមួយនោះទេ ដែលរោងចក្រដំណាប់ស្វាយបឹងកេតនេះ បានបង្ហូរទឹកសំអុយចូលប្រភពទឹកសំខាន់ៗនៅក្បែររោងកច្រ ខណៈអាជ្ញាធរខេត្តធ្លាប់បានចុះអប់រំ និងណែនាំជាច្រើនដងតាំងពីឆ្នាំ២០១៨មកម៉្លេះ។
លោក ពិសិដ្ឋ ថ្លែងថា៖ «នៅសល់តែចំណុចសេសសល់ចាស់ទេ ហើយកន្លែងបង្ហូរចូល យើងក៏បានបិទរួចហើយដែរ កន្លែងខ្លះទឹកខ្មៅ។ រោងចក្រដំណាប់ស្វាយ[បឹងកេត]នេះ យើងបានណែនាំគាត់តាំងពីឆ្នាំ២០១៨ និងណែនាំមិនក្រោម៨លើកទេ ធ្លាប់ពិន័យពី២០លានទៅ៤០លានម្ដងដែរ»។
លោកអភិបាលស្រុក ប្រាប់ឱ្យដឹងទៀតថា ខាងអាជ្ញាធរពិតជាមានការខកចិត្តចំពោះក្រុមហ៊ុនដំណាប់ស្វាយ ដែលមិនកសាងអាងប្រព្រឹត្តកម្មកាកសំណល់រាវ ហើយមិនអនុវត្តតាមការសន្យាកន្លងទៅ ដែលនៅតែបង្កឱ្យមានការបំពុលទឹក ប៉ះពាល់ដល់ការរស់នៅប្រជាពលរដ្ឋ និងពុលត្រី បើទោះបីជាខាងមន្ទីរបរិស្ថាន និងអាជ្ញាធរខេត្តធ្លាប់បានចុះអប់រំជាច្រើនដងហើយ។
លោក ពិសិដ្ឋ បញ្ជាក់ថា៖ «៥ឆ្នាំហើយក្រុមហ៊ុនអត់គោរពតាមសន្យា មកដល់ដំណាក់កាលនេះនៅតែមានការយឺតយ៉ាវ ដំណោះស្រាយហាក់មានតិច យើងមិនដឹងថាក្រុមហ៊ុនគាត់គិតរបៀបម៉េច គាត់សន្យាថាធ្វើអាងទឹក តែគាត់អត់ធ្វើ។ គាត់បានបង្ហូរទឹកលាងស្វាយចូល ហើយកម្រិតPHក្នុងទឹកបានតែ៣ទៅ៤ ទើបធ្វើឱ្យជីវិតសត្វក្នុងទឹករស់នៅអត់បាន»។
យ៉ាងណាមិញ លោកពិសិដ្ឋ អះអាងថា ក្រុមហ៊ុនកែច្នៃផលិតផលស្វាយនេះ អាចប្រឈមនឹងការបិទ ក្រោយក្រសួងបរិស្ថាន និងក្រសួងឧស្សាហកម្ម និងនវានុវត្តន៍ ពិនិត្យលើករណីនេះ។ យោងតាមវេបសាយ Opencorperates បានឱ្យដឹងថា ក្រុមហ៊ុន Boengket Planting & Industrial Co., Ltd បានចុះឈ្មោះផ្លូវការនៅក្នុងក្រសួងប្រៃសណីយ៍ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧ ដែលមានលោក Fang Xingchao ជាប្រធាន និងមានលោក Heng Long ជាប្រធានក្រុមប្រឹក្សាភិបាល ជាជនជាតិចិន។

បើតាមលោក សុខ សុខា ជាឈ្មោះអ្នកសារព័ត៌មានដាក់ឱ្យ បានឱ្យដឹងថា ស្ថានភាពទឹកស្ទឹងក្បែរផ្ទះលោក មានសភាពរងថ្លាបន្តិចដោយសារតែមេឃភ្លៀង ខណៈកាលពីជិតមួយខែមុន ទឹកមានក្លិនស្អុយ សូម្បីតែសត្វត្រីក៏ពុលស្លាប់ដែរ ហើយមិនមានពលរដ្ឋណាហ៊ានប្រើប្រាស់ទឹកនេះឡើយ។
លោក សុខា និយាយថា៖ «ពីដើមទឹកខ្មៅ ស្អុយ ពុលត្រីទំាងនៅក្នុងភក់ និងនៅក្នុងទឹក ទឹកប្រើមិនកើតទេ សូម្បីតែត្រីក៏វាពុលទៅហើយ។ ខ្ញុំបារម្ភទាំងសត្វ បារម្ភទាំងមនុស្ស»។
បើតាមពលរដ្ឋរូបនេះ ការបង្ហូរទឹកស្អុយចេញពីរោងចក្រកែច្នៃដំណាប់ស្វាយនេះ កើតមានយូរហើយ ខណៈពលរដ្ឋបានត្រឹមតែរាយការណ៍ប្រាប់អាជ្ញាធរប៉ុណ្ណោះ។
លោក សុខា បន្តថា៖ «រោងចក្រនៅជាប់ភូមិជាប់ស្ទឹង ដងអូរហ្នឹង ប្រាប់អាជ្ញាធរគាត់ដឹង គាត់ចុះមើលដែរ តែមិនដឹងគេធ្វើទៅដល់ត្រឹមណា»។
សម្រាប់ លោក សុខា សង្ឃឹមថា ក្រសួង និងមន្ទីរពាក់ព័ន្ធដោះស្រាយបញ្ហាទឹកដែលរងការបំពុលនេះឱ្យបានឆាប់រហ័ស និងកុំឱ្យមានក្រុមហ៊ុនបង្ហូរកាកសំណល់ពុលចូលប្រភពទឹកបន្តទៀត ខណៈពលរដ្ឋដែលរស់នៅសងខាងស្ទឹងត្រូវការទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ហើយពួកគេពិតជាបារម្ភចំពោះសុខភាព និងបរិស្ថានផងដែរ។
លោក សុខា បន្ថែមថា៖ «សូមឱ្យតែគេទុកដាក់កាកសំណល់ត្រឹមត្រូវ ហើយទឹកមានជាតិពុលហើយបង្ហូរចូលស្ទឹង វាប៉ះពាល់ដល់ត្រី សត្វពាហនៈ ប៉ះពាល់ដល់មនុស្ស វាមិនមែនបារម្ភតែខ្ញុំទេ ពលរដ្ឋទាំងអស់ក៏អ៊ីចឹងដែរ»។
តំណាងក្រុមហ៊ុនតំណាប់ស្វាយបឹងកេត លោក លឹម ស៊ីហេង អះអាងថា ក្រុមហ៊ុនរបស់លោកមិនបានបង្ហូរទឹកចេញពីរោងចក្រផលិតដំណាប់ស្វាយចូលក្នុងស្ទឹងឡើយ។
លោក ហេង បញ្ជាក់ថា៖ «និយាយទៅខាងខ្ញុំមិនបង្ហូរទឹកចូលក្នុងស្ទឹងទេ ខ្ញុំបង្ហូរចូលក្នុងអាងស្ដុករបស់ខ្ញុំទេ អាចមកសួរមេភូមិបាន»។
រីឯលោក បាន ធារិទ្ធ តំណាងមួយរូបទៀតរបស់ក្រុមហ៊ុនដំណាប់ស្វាយបឹងកេត ប្រាប់ខេមបូចា ខាងក្រុមហ៊ុនមិនបានបង្ហូរទឹកស្អុយ ឬទឹកពុលចូលស្ទឹងឡើយ ហើយទឹកដែលហូរចេញពីក្រុមហ៊ុនទៅក្នុងស្ទឹង គឺជាទឹកលាងសម្ភារៈ និងទឹកលាងស្វាយ ដែលបាក់ទំនប់ហូរចេញពីស្រះរបស់ក្រុមហ៊ុនដោយសារតែមេឃភ្លៀងប៉ុណ្ណោះ។
លោក ធារិទ្ធ និយាយថា៖ «និយាយទៅទឹកដែលហូរទៅហ្នឹង មិនមែនជាទឹកផលិតកម្មទេទឹកស្ករទេ ជាទឹកលាងស្វាយ និងលាងសម្ភារៈទេ ប៉ុន្តែទឹកស្ករយើងបូមដាក់អាងម្ដុំ»។
តំណាងក្រុមហ៊ុនរូបនេះបកស្រាយទៀតថា មូលហេតុដែលក្រុមហ៊ុនមិនទាន់មានលទ្ធភាពសាងសង់អាងប្រព្រឹត្តកម្ម ដោយសារតែក្រុមហ៊ុនទើបតែចាប់ផ្ដើមរកស៊ី ហើយជួបវិបត្តិកូវីដផងដែរ។
លោក ធារិទ្ធ បន្តថា៖ «និយាយទៅដោយសារខាងរោងចក្រយើងដំណើរការបានតិចមួយរយៈកូវីដដំណើរបានបាន៣ខែ ៤ខែ ដល់ពេលចឹងមេក៏គាត់អត់ទាន់បានធ្វើ[អាងប្រព្រឹត្តកម្មទឹកស្អាត]»។
យ៉ាងណាមិញ ក្រោយមានការប្រជុំជាមួយមន្ទីរបរិស្ថាន និងអាជ្ញាធរខេត្ត ក្រុមហ៊ុនបាននឹងកំពុងកសាងអាងប្រព្រឹត្តកម្មទឹក នឹងកំពុងធ្វើរបាយណ៍ការវាយតម្លៃបរិស្ថានជូនភាគីពាក់ព័ន្ធផងដែរ។
លោក ធារិទ្ធ បន្ថែមថា៖ «ពាក់ព័ន្ធនឹងអាងយើងកំពុងតែរៀបចំធ្វើហើយ មិនទាន់ហើយទេ»។

អ្នកស្រី តាំង គឹមចេង ជាមេឃុំអូរ បញ្ជាក់ថា តាមរយៈការចុះសង្កេតផ្ទាល់ ក្រុមហ៊ុនដំណាប់ស្វាយបឹងកេត ពិតជាបង្ហូរទឹកកាកសំណល់ពីរោងចក្រចូលក្នុងស្ទឹង ធ្វើឱ្យទឹកស្អុយឈរក្បែរមិនបាន និងធ្វើឱ្យពលរដ្ឋមិនអាចប្រើប្រាស់បានពិតមែន។
អ្នកស្រី គឹមចេង លើកឡើងថា៖ «ជាការពិត! ក្រុមខ្ញុំចុះទៅផ្ទាល់ ទឹកហ្នឹងមានដោយសំបកស្វាយ គ្រាប់ស្វាយ មិនដឹងមានជាតិអ្វីខ្លះហូរចូលស្ទឹងឡើងខ្មៅព្រិច ហើយត្រីហ្នឹងក៏ងាប់ដែរ រមាស់មិនអាចប្រើប្រាស់បាន»។
យោងតាមមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែឧសភានេះ មានត្រីជាច្រើនក្បាលពុលអណ្ដែត និងងាប់ជាច្រើនក្បាល ខណៈអាជ្ញាធរដាក់ការសង្ស័យលើក្រុមហ៊ុនផលិតដំណាប់ស្វាយ Boengket Planting & Industrial Co., Ltd ។ យ៉ាងហោចណាស់មានពលរដ្ឋចំនួន៤ភូមិនៃឃុំ ឃុំត្រែងត្រយឹង និងឃុំអូរ ស្រុកភ្នំស្រួច កំពុងប្រឈមនូវបញ្ហានេះ។
លោក ឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានឱ្យដឹងថា រោងចក្រដំណាប់ស្វាយនៅតែបន្តបង្ហូរសំណល់រាវពីរោងចក្រផ្ទាល់ ដោយពុំមានការសម្អាត ហើយអាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា ស្ថានភាពទឹកនៃដងស្ទឹងតូច និងស្ទឹងស្រែខ្លុង (ពីចំណុចអាងទឹកទំនប់ពាមទុងហូរចូលស្ទឹងតូចដល់ចំណុចស្ទឹងព្រែកត្នោត) ដែលមានប្រវែងសរុបប្រមាណ១៥គម មានទឹកពណ៌ខ្មៅ ក្លិនស្អុយ ត្រីពុលងាប់ និងពុំអាចប្រើប្រាស់បានឡើយ។
លោក ម៉ាកថាវី ថ្លែងថា៖ «រោងចក្រពុំបានរៀបចំអាងប្រព្រឹតិ្តកម្មសំណល់រាវ ហើយនៅតែបង្ហូរសំណល់រាវពីរោងចក្រផ្ទាល់ទៅស្រះស្ដុកចំនួន៤ រួចហូរចូលអាងទឹកទំនប់ពាមទុង ហើយសំណល់ទាំងនោះបានហូរមកតាមអូរ បន្តចូលស្ទឹងតូច ស្ទឹងស្រែខ្លុង និងចុងក្រោយស្ទឹងព្រែកត្នោត»។
លោក រ័ត្ន ថាវី មន្រ្តីសម្របសម្រួលអាដហុក ប្រចាំខេត្តកំពង់ស្ពឺ លើកឡើងថា ក្រសួង និងមន្ទីរ រួមទាំងអាជ្ញាធរដែលពាក់ព័ន្ធមិនគួរមានការធូររលុងរហូតធ្វើឱ្យក្រុមហ៊ុនមួយអាចបំពុលទឹកប៉ះពាល់ប្រជាពលរដ្ឋដូច្នេះទេ ដូចនេះត្រូវតែមានវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសបញ្ហានេះកើតឡើងធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពប្រជាពលរដ្ឋ។
លោក ថាវី ឱ្យដឹងថា៖ «ត្រូវទប់ស្កាត់ឱ្យខាងតែបាន ហើយបើគាត់[អាជ្ញាធរ]ធ្វើការបានល្អមិនមែនមានបញ្ហានេះកើតឡើងទេ»។
សម្រាប់លោក ថាវី យល់ឃើញថា ការបំពុលទឹកស្ទឹង ដែលជាប្រភពទឹកដ៏សំខាន់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ពលរដ្ឋ ពិតជាជះឥទ្ធិពលអាក្រក់ ដល់សុខភាពសាធារណៈ ដោយគួរតែមានចំណាត់ការឱ្យបានឆាប់រហ័សនិងមានប្រសិទ្ធភាព។
លោក ថាវី និយាយថា៖ «បើនិយាយទៅអ្នកនៅសងខាងស្ទឹងហ្នឹងគឺប៉ះពាល់ទាំងអស់ហើយពីលើរហូតក្រោម វាប៉ះពាល់ដល់ជីវភាពមនុស្ស សត្វ និងជីវចម្រុះ គ្រាន់តែខ្ញុំមិនអាចប៉ាន់ប្រមាណបានទេ»៕