សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ជម្លោះ​អូសបន្លាយ​ជាយូរ​ឆ្នាំឈានដល់ការ​ដុត​ស្នាក់ការរបស់​​ក្រសួង​បរិស្ថាន​

ស្នាក់ការក្រសួងបរិស្ថាននៅឃុំស្រែជិះ ខេត្តក្រចេះ បន្ទាប់ពីត្រូវដុតបំផ្លាញ ដោយប្រជាពលរដ្ឋរាប់រយនាក់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣។ (រូបភាពផ្តល់ឲ្យ)
ស្នាក់ការក្រសួងបរិស្ថាននៅឃុំស្រែជិះ ខេត្តក្រចេះ បន្ទាប់ពីត្រូវដុតបំផ្លាញ ដោយប្រជាពលរដ្ឋរាប់រយនាក់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣។ (រូបភាពផ្តល់ឲ្យ)

ឃុំស្រែជិះ​ នៃខេត្តក្រចេះ៖ សំណល់ទី​ស្នាក់ការ​របស់​ក្រសួងបរិស្ថាននៅ​រាយប៉ាយ​​ ​បន្ទាប់ពី​ត្រូវ​អ្នក​​ភូមិ​ជាង៣០០នាក់​បាន​ដុតកម្ទេច​​ចោល​កាលពី​ពីរ​សប្តាហ៍​មុន។ សូម្បី​តែ​បន្ទប់​ទឹក​​ក៏​ត្រូវ​បាន​វាយ​កម្ទេច​រាបដល់​ដីដែរ ដោយ​បញ្ចប់​នូវ​​​​ជម្លោះ​ជា​ច្រើន​​ឆ្នាំ​រវាង​សហគមន៍​មូលដ្ឋាន និង​មន្ត្រី​បរិស្ថាន​។

ថ្លែង​ទាំង​ទឹកភ្នែក​និង​ខឹងសម្បារ​ កសិករ​ម្នាក់មកពី​ភូមិ​ស្រែ​ជិះ​​បាន​និ​យា​យ​​ថា៖ ​​«ប្រសិនបើពួកគេត្រឡប់មកវិញ យើងនឹងដុតទៀត។ ប្រសិន​បើ​មេ​ភូមិ​អនុញ្ញាត​ឲ្យ​ពួក​គេ​​ត្រឡប់​មក​វិញ យើង​ដុត​ផ្ទះ​មេភូមិទៀត»

យោង​តាម​ការ​លើក​ឡើង​របស់​ប្រជា​ពល​រដ្ឋ​ដែល​បាន​ចូល​រួម​ដុត​បំផ្លាញ​ស្នាក់​ការ​បាន​ឲ្យ​ដឹងថា ពាក្យចចាមអារ៉ាមដែល​ថា ព្រំប្រទល់នៃតំបន់ការពារសសរស្តម្ភ​សត្វ​តោ​នៅក្បែរនោះ​នឹងពង្រីកបន្ថែម ​បានបណ្តាល​ឲ្យ​មានការដុតបំផ្លាញស្នាក់​​ការ​របស់​ក្រសួងបរិស្ថាន។

ប៉ុន្តែ​ការ​ខឹងសម្បារ​​នឹង​​មន្ត្រី​ក្រសួង​បាន​កើត​មាន​បន្តិចម្តងៗអស់​រយៈពេល​ជាច្រើន​​ឆ្នាំ​មក​ហើយ​ក្នុងចំណោម​​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ក្រោល​នៅ​ក្នុង​ឃុំ​។ ប្រជាពលរដ្ឋជាង១០នាក់បានប្រាប់ខេមបូចាថា ចាប់តាំងពីមន្ត្រីក្រសួងមកដ​ល់​កាល​ពី​ឆ្នាំ២០២១ ពួកគេបាន​បណ្តេញ​ប្រជាពលរដ្ឋចេញពីដី​ដែល​ពួកគាត់​ដាំដុះ​ជាច្រើនជំនាន់មកហើយនោះ​។

លោក ខុន ផារ៉ុង ជា​ពលរដ្ឋ​នៅ​ភូមិ​ស្រែ​ជិះ​បាន​និយាយថា៖ «​ពលរដ្ឋដើរ​​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ពួកគេ​សួរ​ថា ​​ទៅ​ណា ហើយ​ពួក​គេ​និយាយថា ​ទៅ​តវ៉ា​នឹង​​​ស្នាក់ការបរិស្ថាន! ។ អ្នក​ផ្សេង​ទៀតនិយាយ​ថា «ខ្ញុំ​ទៅ​ដែរ!»

ក្រោយ​ពេលភ្លើង​​ឆេះស្នាក់ការ​របស់​​ក្រសួង​បរិស្ថាន មាន​នៅសល់​តែ​ទូដាក់​ឯកសារ និង​ស័ង្កសី​រមូរ​កោង​ប៉ុណ្ណោះ​។ (ខេមបូចា/ Andrew Califf)
សូម្បី​តែ​បន្ទប់ទឹក​​ក៏​ត្រូវ​បាន​វាយកម្ទេច​រាប​ដល់​ដី​។ (ខេមបូចា/ Andrew Califf)

មួយសប្តាហ៍ក្រោយមក លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានបញ្ជាក់​តាម​ហ្វេសប៊ុកថា តំបន់ការពារបានពង្រីកពី៨៣៩ហិកតាដល់៥.៣២៧ ហិកតា ដែលធំជាងមុន​៦ដង​ ដើម្បីភ្ជាប់ជាមួយដែនជម្រកសត្វព្រៃភ្នំព្រេច ឆ្លងកាត់ព្រំប្រទល់​ខេត្តមណ្ឌលគិរី។

អនុក្រឹត្យនេះកើត​មាន​បន្ទាប់​ពី​ការពង្រីកតំបន់ការពារដ៏ទៃទៀតនៅទូទាំងប្រទេសដែលបានចេញផ្សាយ​កាលពីខែកក្កដា ហើយធ្វើ​ឲ្យ​​ផ្ទៃដី​សរុបកើន​ដល់​ជាង៧៥០.០០០ហិកតា ដែល​ភាគច្រើនតាមរយៈការកំណត់​ឡើង​វិញ​នៃដីដែលបានបង្កើតជាច្រករបៀងអភិរក្ស​ជីវចម្រុះក្នុងឆ្នាំ២០១៧ រួមទាំងតំបន់ជុំវិញតំបន់​ការ​ពារ​សសរស្តម្ភសត្វ​តោ​។

ប៉ុន្តែតំបន់ទាំងនេះបានគ្រប​ដណ្តប់​លើ​ដីកសិកម្មសហគមន៍ដែលមានស្រាប់ ដែល​​ការ​ធ្វើ​ស្រែ​ចម្ការ​របស់​អ្នក​ភូមិ​ក្លាយជារឿង​ខុសច្បាប់ បើ​ផ្អែក​លើ​ការកំណត់តំបន់ការពារនិង​​ច្រករបៀងអភិរក្សជីវចម្រុះ។ ក្រុមអង្គការ​សិទ្ធិមនុស្ស និងសកម្មជនបរិស្ថានព្រួយបារម្ភថា ការកើនឡើងនៃការពង្រឹង​ព្រំប្រទល់​តំបន់ការពារដែលត្រូវ​បានពង្រីក នឹងបង្កឱ្យមានជម្លោះដីធ្លីជាមួយក្រសួងបរិស្ថាន។

លោក ទូច ចាន់ ជា​អ្នក​ភូមិ​ជនជាតិដើម​ភាគតិច​​ក្រោល​បាន​និយាយថា៖ «​ប្រសិន​បើ​​ការ​ពង្រីក​ទំហំ៥០០០ហិកតា​នោះ​ជា​កម្មសិទ្ធិ​របស់​ពួកគេ [ក្រសួង​បរិស្ថាន] ចឹងមានតែ​ ដី​របស់​យើង​ទាំង​អស់​ សម្បីតែដីនៅផ្ទះបស់យើងក៏​របស់​ពួកគេ​ដែរ។ យើង​ទុក​ចិត្ត​​ពួក​គេ​ក្នុង​ការ​ធានានូវ​​សិទ្ធិ​ ការពារព្រៃឈើ ការពារបរិស្ថាន​របស់​យើង ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ពួក​គេ​ធ្វើដាក់មកយើងដូចខ្មែរក្រហម »។ ដោយលោកបន្ថែមថា៖ «ខ្ញុំ​គិត​ថា ​ប្រសិន​បើ​ពួក​គេ​មាន​ភាព​ស្មោះ​ត្រង់​ គ្មាន​អ្នក​ភូមិ​ណា​​រិះគន់​ពួក​គេ​ទេ។ អ្វីក៏ដោយបើ​គ្មាន​ភ្លើង ក៏​គ្មាន​ផ្សែង​ដែរ​»

គំនូស​ពណ៌លឿងទំហំ៥.៣០០ហិកតាគឺ​ជា​ផ្ទៃ​ដី​ដែលត្រូវ​បាន​ប្រកាស​ពង្រីក​ ខណៈគំនូសខ្វែង​ពណ៌សបង្ហាញពីតំបន់​ប្រើ​ប្រាស់​ច្រើន​យ៉ាង​ ស​សរ​ស្តម្ភសត្វតោ​ ដែលត្រូវ​បានកំណត់ក្នុងឆ្នាំ២០១៧។ (គំនូស​ ស–) = ព្រំប្រទល់រវាងខេត្តមណ្ឌលគិរី និងខេត្ត​ក្រចេះ។ គំនូស​អក្សរ​អ៊ិច​ពណ៌បៃតង​ = វាលដែលត្រូវបានកាប់​រាន​ដោយក្រសួងបរិស្ថាន។ គំនូស​​ក្រហម​សម្គាល់​សម្បទាន​ដី​សេដ្ឋកិច្ច​ដែល​មិន​ពាក់ព័ន្ធ។ (លីកាដូ)

លោក នេត្រ ភក្ត្រា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថានមិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ម្តង​ហើយ​ម្តង​ទៀត​។

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យអង្គការសិទ្ធិមនុស្សអាដហុក បាននិយាយកាលពីសប្តាហ៍មុនថា ខណៈដែលលោកមិនទាន់បានឮអំពីការពង្រីកផ្ទៃដីដល់​៥.៣២៧ហិកតានៅក្នុងខេត្តក្រចេះ លោកគិត​​ថា រដ្ឋាភិបាលគួរតែធ្វើការវាយតម្លៃពីផលប៉ះពាល់ជាមុនសិន​។

លោក ស៊ឹង សែនករុណា បានប្រាប់ខេមបូចាថា៖ «យើងដឹងរួចមកហើយថា សហគមន៍អាស្រ័យតែ​អនុផលព្រៃឈើទេ ដូច្នេះហើយ ខ្ញុំគិតថា រដ្ឋាភិបាលត្រូវតែធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថានជាមុនសិន មុននឹងធ្វើការពង្រីកដី ហើយ គប្បីស្វែងយល់ពីផលប៉ះពាល់លើជីវភាពរស់នៅ របស់ជនជាតិដើមភាគតិច»

សសរស្តម្ភសត្វតោ​ ត្រូវបានបង្កើតឡើងជាតំបន់ការពារនិង​ប្រើប្រាស់ច្រើនយ៉ាង​ ដែលបានកំណត់យ៉ាងច្បាស់លាស់ដោយអនុក្រឹត្យលេខ២០១ កាល​ពី​ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយព័ទ្ធជុំវិញរូបសំណាកតោដ៏​ខ្ពស់ ដែលត្រូវ​បានសាងសង់ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ ដើម្បីរំលឹកដល់ជ័យជម្នះរបស់​កងទ័ព​។

រូបសំណាកសត្វតោដែលសាង​ឡើង អំឡុង​សម័យសង្រ្គាម គឺជាទី​តាំងប្រវត្តិសាស្ត្រដ៏សំខាន់ ហើយនេះ​ជា​មូល​ហេតុដែល​តំបន់ការពារត្រូវបានបង្កើតឡើងតាំងពីដំបូង។ (ខេមបូចា/ Andrew Califf)

លោក ម៉ើ​ ដា ជា​ប្រធាន​សហគមន៍ព្រៃឈើជន​ជាតិ​ដើម​ភាគតិច​ក្រោល​បាន​និយាយ​ថា អ្នកភូមិមិនបានឮអំពីអនុក្រឹត្យនេះ​ទេ​ ទើប​តែ​នៅ​ឆ្នាំ២០១៨ ហើយពួកគាត់​មិន​​ដឹង​ថា វានឹងប៉ះពាល់ដល់ការប្រកបរបរកសិកម្ម ឬជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេយ៉ាងណានោះទេ រហូតដល់មន្ត្រីក្រសួងមកដល់នៅ​ឆ្នាំ២០២១។

លោក ម៉ើ ដា បាននិយាយថា៖ «ពួកគេមិនដែលបង្ហាញផែនទីប្រាប់​យើងទេ ពួកគេគ្រាន់តែយកដីកន្លែងនេះកន្លែងនោះ​»  ដោយលោក​ពន្យល់ថា ជា​មូលហេតុដែល​ធ្វើ​ឲ្យ​មានភាពច្របូកច្របល់ និងការមិន​សប្បាយ​ចិត្ត​ពីសហគមន៍មូលដ្ឋាន​។

យោង​តាម​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្រែជិះ​ និង​ភូមិ​រវៀង​ក្បែរ​ខាង​បាន​ឲ្យ​ដឹង​ថា ​ក្រុម​មន្ត្រី​​បរិស្ថានបាន​បណ្តេញ​ប្រ​ជា​ពលរដ្ឋ​​ចេញ​ពី​ស្រែចម្ការរបស់ពួកគាត់​​កាល​ពី​​ឆ្នាំ២០២១ ដោយ​មិន​ផ្តល់​សំណង ហើយ​ស្នាក់​ការ​ក៏​​​ត្រូវ​បាន​គេ​សាងសង់នៅ ឆ្នាំ​នោះដែរ​។

អ្នក​ខ្លះ​និយាយ​ថា មន្ត្រី​ចាប់​ផ្ដើម​គំរាម​ចាប់​ខ្លួន ឬ​រឹប​អូសសម្ភារ​របស់​ពួកគាត់​នៅ​ពេល​​កាប់​ឈើ​ធ្វើ​របង។ អ្នក​ខ្លះ​ទៀត​និយាយថា ក្រុម​អ្នក​ភូមិ​ត្រូវ​បាន​រារាំង​មិន​ឱ្យ​ប្រមូល​អនុផល​ព្រៃឈើ ឬ​មិន​ឱ្យ​បន្ត​ធ្វើ​ចម្ការ​វិល​ជុំ​នៅ​លើ​ដីដែល​បាន​ភ្ជួរ​ហើយ​នៅពេល​​​​​ក្រសួង​មក​​ដល់​ដំបូង។

អ្នក​ភូមិ​៥នាក់​បាន​ប្រាប់​ខេមបូចាថា បន្ទាប់ពីសមាជិកសហគមន៍បានកាប់ឈើ ដើម្បី​ធ្វើ​របងសម្គាល់ព្រំបង្គោលថ្មី និងរក្សាទុកសត្វចិញ្ចឹម​របស់ពួកគាត់​ មន្ត្រីក្រសួងបានរុះរើរបងនេះម្តងហើយម្តងទៀត។

អ្នក​ភូមិ​ម្នាក់​​ក៏​ដូច​អ្នក​ផ្សេង​ទៀត​ដែរ​ ដែលខេមបូចាបាន​សម្ភាស​មិន​ចង់​បញ្ចេញ​ឈ្មោះ​ទេ ព្រោះ​បារម្ភ​ពី​​សុវត្ថិភាពបាន​​និយាយថា «​គេ​ដក​បង្គោល​របង​យើង ហើយ​ដុត​ចោល។ យើង​ដាំ​​​បង្គោល​របង​ ​គេ​ដក​ចេញ​វិញ។​ យើង​ដាក់​ចូល គេ​ដក​ចេញ​​​»

អ្នក​ស្រី​​បាន​និយាយ​ថា គ្រួសារ​របស់​អ្នក​ស្រី​​បាន​បាត់​បង់​ដី​ធ្វើ​ស្រែ​ចម្ការ​ច្រើន​ហិក​​តា​​ចាប់​តាំង​ពី​ក្រសួង​បាន​មក​ដល់​ក្នុង​ឆ្នាំ២០២១។

ទី​វាលដែលធ្លាប់ធ្វើស្រែពីមុន មុន​ពេល​មន្ត្រីក្រសួងបរិស្ថានបង្ខំឲ្យ​ប្រជាពលរដ្ឋចាក​ចេញ ដើម្បី​បង្កើតតំបន់ការពារសសរស្តម្ភសត្វតោ​នោះ នៅសល់តែបង្គោលរបងដែល​ឆេះ​ខ្លោច​ដែលមន្ត្រីបានដុតបំផ្លាញចោល។ (ខេមបូចា/ Andrew Califf)

ទាក់ទងតាមទូរសព្ទជាច្រើនដងកាលពីសប្តាហ៍មុន លោក ពេជ្រ ទូច ជា​មេឃុំ​ស្រែ​ជិះ​បានប្រាប់ខេមបូចាថា លោកមិនអាចផ្តល់ការអត្ថាធិប្បាយបានទេនៅពេលនេះ ដោយសារលោកជាប់រវល់ប្រជុំពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ។

លោក ផារ៉ុង ជា​អ្នក​ភូមិ​ស្រែជិះ​​បាន​និយាយ​ថា៖​ «​មុន​ពេល​មន្ត្រី​បរិស្ថាន​មកដល់​ ប្រជាពលរដ្ឋ​អាច​រស់​នៅ​ដោយ​សុខស្រួល ប៉ុន្តែ​ក្រោយ​មក ​អ្វីៗ​កាន់​តែ​លំបាក» ​​លោក ផារ៉ុង បាន​​និយាយ​ថា មន្ត្រី​ក្រសួង​បាន​រឹបអូស​រណាយន្ត​របស់​លោក​​កាល​ពី​ដើម​ខែ​សីហា។

លោក​បាន​និយាយថា៖ ​«ខ្ញុំ​បារម្ភ​ថា ​ពួកគេ​នឹង​ត្រឡប់​មក​វិញ​ហើយ​ចាប់​ខ្លួន​ប្រជា​ពលរ​ដ្ឋ​​​។ ​ប៉ុន្តែ​ប្រ​ជា​ពលរដ្ឋ​ក្នុង​សហគមន៍​​នឹង​មិន​អនុញ្ញាត​ឱ្យ​ពួកគេ​ត្រឡប់​មក​វិញ​ទេ​»​។

លោក ឆាយ ដួងសាវុធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះមាន​ប្រសាសន៍​ថា អ្នក​ដុត​​បំផ្លាញ​ត្រូវ​តែ​ដាក់​ឲ្យ​ទទួល​ខុស​ត្រូវ។

លោក​បានមាន​ប្រសាសន៍​​ថា៖​ ​​​«ស្នាក់​ការ​ថ្មី​ត្រូវ​តែ​សាងសង់​ឡើង​វិញ​នៅ​កន្លែង​ដដែល​។ ​បើ​ពួកគាត់​​មិន​ឯកភាព​ទេ មានន័យថា​ ពួក​គាត់​​ចង់​ផ្តាច់​ខ្លួន ព្រោះ​ប្រទេស​​យើង​មាន​ច្បាប់​»

លោក ឈា ផល្លី អភិបាល​ស្រុក​អូរគ្រៀ​ង​សែន​ជ័យ​បាន​មាន​ប្រសាសន៍​ថា​បច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​ដំណោះស្រាយ​ចំពោះ​ជម្លោះ​នេះ​នៅឡើយ​ទេ ហើយ​មន្ត្រី​​ថ្នាក់​ស្រុក​ត្រូ​វ​សម្របសម្រួល​ជាមួយ​ក្រសួង​បរិស្ថាន​ ឃុំ​និង​ភូមិ​ជា​មុន​សិន​ដើម្បី​រក​មូលហេតុ​ដំបូង​។

លោក ផល្លី បាន​មាន​ប្រសាសន៍​ថា៖​ «ពួកគាត់​​ភាគ​ច្រើនគឺ​​ជា​ជនជាតិ​ដើម​ភាគតិច ។ ពួកគាត់​​អាច​យល់​ខុស [​ស្ថានភាព​ទាក់ទិន​​នឹង​តំបន់​ការពារ​]​។ ដូច្នេះ​ មន្ត្រី​ស្រុក​នឹង​ចុះទៅផ្សព្វផ្សាយដល់ពួក​គាត់»  ក្រៅ​ពី​ការ​រាន​​ដី សមាជិក​សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​ក្រោល​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​របៀប​ដែល​ក្រសួង​ចាត់​ចែង​​ព្រៃ​សហគមន៍​របស់​ពួក​គាត់​ដែលមានឈ្មោះ​​ថា ​ត្រពាំង​កណ្តឹង នៅ​ក្នុង​តំបន់​​សសរស្តម្ភសត្វតោ​។ ពលរដ្ឋមួយចំនួនបានលើកឡើងថាមន្ត្រី ទទួលសំណូកពីអ្នកកាប់ឈើខុស​ច្បាប់ទៀត​ផង​។

លោក ទូច ចាន់ ជា​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគតិច​ក្រោលបាន​និយាយថា៖ «ពួកគាត់​ជា​​មន្ត្រី​បរិស្ថាន​មក​ការពារ​ព្រៃឈើ។ ប៉ុន្តែ​ពួកគេ​រារាំង​យើង​មិន​ឲ្យ​ចូល​ព្រៃ​ ខណៈ​​អ្នក​ផ្សេង​ទៀត​ដឹក​ឈើ​រាប់​តោន​ឆ្លង​កាត់​ទីនេះ»

លោកបន្ថែមថា សមាជិកសហគមន៍ត្រូវបានមន្ត្រីក្រសួងប្រាប់ថា ពួកគេមិនអាចកាប់ដើមឈើតូចៗធ្វើជារបង ឬដើរល្បាតព្រៃសហគមន៍របស់ពួកគេបានទេ ប៉ុន្តែអ្នកមក​ពី​ក្រៅឆ្លងកាត់ភូមិជាមួយ​ឈើដែលទើប​កាប់ថ្មីៗ។

អ្នកភូមិម្នាក់បាននិយាយ​ថា៖ «តើក្រសួងបរិស្ថានការពារអ្វី? ​ពួកគេ​មិន​បាន​ការពារ​ទេ គ្រាន់​តែ​មក​ ដើម្បី​យក​លុយ និង​គាប​សង្កត់​ប្រជា​ពល​រដ្ឋ​ប៉ុណ្ណោះ​»

អ្នកភូមិជាង៣០០នាក់បានដុត​ស្នាក់ការ​នេះចោល​កាលពីថ្ងៃទី៥ ខែសីហា ដោយប្រើប្រេងចំនួន២ធុង នេះបើយោងតាមរបាយការណ៍ផ្លូវការ និងសាក្សី។ (ខេមបូចា/ Andrew Califf)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖​ Burning of Environment Ministry Station Caps Off Years-Long Feud

204 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម