សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អាជីវកម្មបើកដំណើរការឡើងវិញ បន្ទាប់ពីតំបន់លឿងនៅភ្នំពេញបញ្ចប់ការបិទខ្ទប់

អ្នកលក់ដូរបានបើកហាងរបស់ខ្លួនឡើងវិញបន្ទាប់ពីរដ្ឋាភិបាលបានបញ្ចប់ការបិទខ្ទប់នៅទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
អ្នកលក់ដូរបានបើកហាងរបស់ខ្លួនឡើងវិញបន្ទាប់ពីរដ្ឋាភិបាលបានបញ្ចប់ការបិទខ្ទប់នៅទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

អ្នក​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បានចាប់​ផ្ដើម​បើក​ដំណើរ​ការ​អាជីវកម្ម​របស់​ខ្លួន​វិញ​ហើយ​បន្ទាប់​ពី​អាជ្ញាធរ​រាជធានី​បាន​ប្រកាស​ដក​ចេញ​វិធានការ​បិទខ្ទប់​​សម្រាប់​អ្នក​រស់​នៅ​ក្នុង​តំបន់​លឿង​​។ ចំណែក​តំបន់​តូចៗ​ដែល​មាន​អត្រា​ឆ្លង​កូវីដ១៩ ខ្ពស់​នៅ​បន្ត​រឹត​បន្តឹង​លើ​ការ​ធ្វើ​ដំណើរ ជាមួយ​គ្នា​នេះ​ដែរ អ្នក​សិក្សា​ពីបញ្ហា​សង្គម​ព្រមាន​ថា​អាច​នឹង​មាន​ការ​ផ្ទុះ​ការឆ្លង​រាលដាល​ជា​ថ្មី​នៅពេលណា​មួយ ប្រសិនបើ​សាធារណ​ជន​មិន​អនុវត្តតាម​វិធានការ​សុខាភិបាល។​

លោក ផន ដា វ័យ​២២​ឆ្នាំ ជា​ម្ចាស់​ហាង​​តុប​តែង បាន​បើក​ដំណើរ​ការ​ហាង​របស់​ខ្លួន​ឡើង​វិញ​ហើយ​នៅ​ថ្ងៃនេះ បន្ទាប់ពី​បាន​បិទ​អស់​រយៈពេល​២១​ថ្ងៃ​។​

លោក​ និយាយថា៖ «​ខ្ញុំ​ទើប​តែ​បើក​ហាង​នៅ​ព្រឹក​នេះ ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​គេ​អនុញ្ញាត​ឲ្យ​ខ្ញុំ​បើក​ដំណើរ​ការ​អាជីវកម្ម​ដូច​ធម្មតា​វិញ»។​ 

លោក ផន ដា ដែល​មាន​អាជីវកម្ម​នៅ​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ និយាយ​ទៀត​ថា​ការ​បិទ​ខ្ទប់​នេះ​បាន​ដាក់​បន្ទុក​យ៉ាងធ្ងន់​ដល់​ជីវភាព​របស់​លោក​។​

លោក​បន្ថែមថា៖ «​ខ្ញុំ​មិន​មាន​ប្រាក់ចំណូល​ទេអំឡុងពេល​បិទខ្ទប់ ហើយ​ខ្ញុំ​ត្រូវ​ចំណាយ​លើ​ថ្លៃជួល​កន្លែង ក៏​ដូច​ជា​ប្រាក់​ខែ​បុគ្គលិក​របស់​ខ្ញុំ​ផង»។ លោក​ថា ថ្លៃជួល​ហាង​របស់​លោក​ថ្លៃ​៤០០​ដុល្លារ​ក្នុង​មួយ​ខែ ក៏​ដូច​ជា​៣ ០០០​ដុល្លារ​ផ្សេង​ទៀត​សម្រាប់​ប្រាក់ខែ​បុគ្គលិក​ចំនួន​១០​នាក់ និង​ប្រាក់​សង​ធនាគារ​ផង​។​

ទន្ទឹម​នឹង​លោកស្វាគមន៍​ចំពោះ​ការ​សម្រេច​របស់​រដ្ឋាភិបាល លោក​ក៏​កំពុង​បារម្ភ​ដែរ​ថា​នឹង​ត្រូវ​ជួបបញ្ហានេះ​ម្ដង​ទៀត បើមាន​ការ​ផ្ទុះការ​ឆ្លង​​​រាល​ដាល​ជា​ថ្មី​។​

លោក​ថា៖ «​បើសិនជា​គេ​បិទ​ខ្ទប់​យើង​ម្ដង​ទៀត អាជីវកម្ម​របស់​ខ្ញុំ​នឹង​រលំមិន​ខាន»។​

មិន​មែន​អាជីវកម្មទាំងអស់​សុទ្ធ​តែអាច​បើក​ដំណើរ​ការ​ឡើង​វិញ​បានទេ។ សម្រាប់​អ្នក​​រស់​នៅ​ក្នុង​តំបន់​ក្រហម និងលឿង​ទុំ ក្នុង​ផ្នែកខ្លះនៃសង្កាត់​ចំនួន​១១​ ក្នុង​ខណ្ឌ៧មករា ខណ្ឌទួលគោក ខណ្ឌមានជ័យ ខណ្ឌពោធិ៍​សែន​ជ័យ ខណ្ឌឬស្សីកែវ និង​ខណ្ឌច្បារអំពៅ នឹង​ត្រូវ​បន្ត​ស្ថិត​ក្នុង​វិធានការ​បិទខ្ទប់​​ដដែល​។ ​

លោក ទូច រ៉ុង វ័យ​៤២ឆ្នាំ ជាអ្នក​ល់គ្រឿង​ទេស ស្វាគមន៍​ចំពោះ​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​។

លោក​ឲ្យ​ដឹង​ថា៖ «​ខ្ញុំ​មិន​សូវ​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​អ្វី​ទេ ព្រោះ​ហាង​នៅ​បន្ត​ដំណើរ​ការ ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ដែល​អាជ្ញាធរ​បាន​អនុញ្ញាត​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ធ្វើ​ដំណើរ​[ក្នុង​តំបន់​លឿង] ហើយ​ខ្ញុំ​អាច​​ដឹក​ទំនិញ និង​បន្លែ​បាន​ងាយ​ស្រួល​»។​

លោកបន្ថែមថា៖ «​ខ្ញុំ​មិន​អាច​និយាយ​ថាយ៉ាងម៉េចទេ រឿង​កូវីដ១៩ នឹង​ផ្ទុះ​ឡើង​ជា​ថ្មី​ឬ​យ៉ាងណា ព្រោះខ្ញុំ​ឃើញ​ចំនួន​អ្នក​ឆ្លង​នៅ​តែ​បន្ត​កើន​ឡើង ហើយ​ខ្ញុំ​ក៏​នៅ​តែ​បារម្ភពី​ការ​ឆ្លង​ដែរ»។​

ស្ថានភាពចរាចរណ៍កកកុញនៅលើផ្លូវព្រះនរោត្តមក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី៦ ខែឧសភា បន្ទាប់ពីអាជ្ញាធរអនុញ្ញាតឲ្យមានការធ្វើដំណើរឡើងវិញនៅក្នុងតំបន់លឿង។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
ស្ថានភាពចរាចរណ៍កកកុញនៅលើផ្លូវព្រះនរោត្តមក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី៦ ខែឧសភា បន្ទាប់ពីអាជ្ញាធរអនុញ្ញាតឲ្យមានការធ្វើដំណើរឡើងវិញនៅក្នុងតំបន់លឿង។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅព្រឹក​ថ្ងៃព្រហស្បតិ៍ អភិបាល​រង​រាជធានី​ភ្នំពេញ​លោក កើត ឆែ បាន​អំពាវ​នាវ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​តំបន់​ក្រហម និង​តំបន់​លឿង​ទុំ​មាន​ការ​អត់ធ្មត់​។​

លោក​មាន​ប្រសាសន៍​ថា៖ «​នៅ​ក្នុង​តំបន់​លឿង ប្រ​ជា​ពល​រដ្ឋ​អាច​ធ្វើ​ដំណើរ​បាន​ច្រើន​ជាង​មុន ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​ ពួក​គាត់​អា​ចទៅ​មក​ដូច​ធម្មតា​មុន​ព្រឹត្តិការណ៍​២០ កុម្ភៈ នោះទេ ពួកគាត់​ត្រូវ​តែ​គោរព​វិធានការ​រឹត​បន្តឹង​មួយ​ចំនួន​»។ លោក​ថ្លែង​ដោយ​សំដៅ​ដល់​ការចាប់ផ្តើម​នៃ​ព្រឹត្តិការណ៍​នាំឲ្យ​ផ្ទុះ​ការ​ឆ្លង​កូវីដ១៩ ចុងក្រោយ​នេះ។​

លោក​បន្តថា ប្រ​ជា​ពល​រដ្ឋ​អាច​​ធ្វើ​ដំណើរ​ចូល​រាជធានី​ភ្នំពេញ​ដោយ​មិន​ចាំ​បាច់​ត្រូវ​ធ្វើ​ចត្តាឡីស័ក​១៤​ថ្ងៃ សម្រាប់​អ្នក​​ដែល​មិន​មក​ពី​តំបន់​ប្រឈម​ឆ្លងកូវីដ១៩​ ខ្លាំង​។​

 លោក​បញ្ជាក់ថា៖ «​ប្រ​ជា​ព​ល​រដ្ឋ​អាច​ធ្វើ​ដំណើរ​ចូល​ក្នុង​ក្រុង​បាន​ ពីព្រោះ​យើង​បាន​បញ្ឈប់​ការ​ហាម​ឃាត់​ហើយ ប៉ុន្តែ​ត្រូវ​តែ​អនុវត្ត​តាម​ការណែ​នាំ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ»។​

លោក​ឲ្យ​ដឹង​ទៀតថា៖ «វា​មាន​ន័យថា បើ​សិន​ជា​យើង​ដឹង​ថា​អ្នក​មក​ពី​តំបន់​ក្រហម យើង​នឹង​ទៅ​យក​សំណាក[ធ្វើ​តេស្ត​] ហើយ​អ្នក​នឹង​ត្រូវ​ធ្វើ​ចត្តាឡីស័ក…​ប៉ុន្តែ​បើ​សិនជា​អ្នក​មកពី​តំបន់​មាន​សុវត្ថិ​ភាព យើង​មិន​យក​សំណាក​អ្នក​ទេ ហើយ​អ្នក​ក៏​មិន​ចាំ​បាច់​ធ្វើ​ចត្តាឡីស័ក​ដែរ»។​

លោក​ថា ប្រ​ជា​ពល​រដ្ឋ​ក្រុង​ភ្នំពេញ ​រស់​នៅ​តំបន់​លឿង​អាចធ្វើ​ដំណើរ​ទៅ​តាម​បណ្ដា​ខេត្ត​បាន ប៉ុន្តែ​អ្នក​ទាំង​នោះ​ត្រូវ​តែ​អនុវត្ត​តាម​ការ​ណែនាំរបស់​អាជ្ញាធរ​មូល​ដ្ឋាន​។

លោក ហុង វណ្ណៈ អ្នក​ស្រាវ​ជ្រាវ​ផ្នែកអាជីវកម្ម​នៅ​រាជបណ្ឌិត្យ​សភាកម្ពុជា មាន​ប្រ​សាស​ន៍​ថា ការ​ដក​ចេញ​​វិធានការ​បិទខ្ទប់​នឹង​ជួយ​បង្កើន​ចំណូល​របស់​ប្រ​ជាពល​រដ្ឋ​។​​

លោក​បន្ថែម​ថា៖ «ខ្ញុំ​គិត​ថា​វា​នឹង​ជួយ ហើយ​នឹង​ស្ដារ​ជីវភាព​ប្រ​ជា​ពល​រដ្ឋ​រស់​នៅ​តំបន់​លឿង​ឡើង​វិញ»។ លោក​បន្ត​ថា​រយៈពេល​២១​ថ្ងៃ​នៃ​ការ​បិទខ្ទប់ បាន​ប៉ះពាល់​ចំណូល​របស់​ប្រជា​ពល​រដ្ឋ និង​អាជីវកម្ម​មួយ​ចំនួន ប៉ុន្តែ​ថា​ជីវិត​គឺ​សំខាន់​ជាង​សេដ្ឋកិច្ច។​

យ៉ាងណា លោក វណ្ណៈ ព្រមាន​ពី​លទ្ធភាព​ដែល​អាច​កើន​ឡើង​ការ​ឆ្លង​កូវីដ១៩​ដែរ បន្ទាប់ពី​មាន​ការ​កដ​ចេញ​វិធានការ​បិទខ្ទប់នេះ ប្រសិនបើ​សាធារណ​ជន​មិន​អនុវត្តតាម​វិធានការ​របស់​ក្រ​សួង​សុខាភិបាល ដើម្បី​ទប់​ស្កាត់​ការ​ចម្លង​កូវីដ១៩​។​

អ្នកលក់​បន្លែ​នៅ​តាម​ផ្លូវ​ក្បែរ​តំបន់​ក្រហម​ក្នុង​ខណ្ឌ​ទួលគោក ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២១។ ខេមបូចា/ ព្រីង សំរាំង

រដ្ឋាភិបាល​បាន​សម្រេច​បិទ​ខ្ទប់​​ទីក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅចំនួន​១៤​ថ្ងៃ​ តាំងពីថ្ងៃទី​១៥ ខែមេសា និង​បាន​បន្ត​វិធានការនេះ​មួយ​សប្ដាហ៍​បន្ថែម​ទៀត រហូត​ដល់​ថ្ងៃទី​៥ ខែឧសភា ព្រោះ​តែ​អត្រាឆ្លង​នៅ​មាន​ចំនួន​ខ្ពស់​។ ទោះ​បីជា​ពេល​នេះ ប្រ​ជា​ពល​រដ្ឋ​អាច​ធ្វើ​ដំណើរ​ពី​តាម​ខេត្ត​ចូល​រាជធានី​ភ្នំពេញ​មែន តែ​អ្នក​ទាំង​នោះ​មិន​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​លឿងទុំ និង​ក្រហម​បានទេ​។ ចំណែក​បំរាមគោចរ ហាម​មនុស្ស​ចេញ​ពី​ផ្ទះ​ចាប់ពី​ម៉ោង​៨​យប់​ដល​ម៉ោង​៥ភ្លឺ នៅ​ជា​ធរមាន​នៅឡើយ​។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​សារជាសំឡេង​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​របស់​លោក ដោយបាន​បញ្ជា​ទៅ​កាន់​អភិបាល​ខេត្ត​ទាំង​អស់​ឲ្យ​លុប​ចោល​វិធានការ​តម្រូវ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ត្រូវ​ធ្វើ​ចត្តាឡីស័ក។ ការ​ចេញ​បញ្ជានេះ ធ្វើ​ឡើង​បន្ទាប់ពី​មាន​ខេត្ត​មួយ​ចំនួន​បាន​ដាក់ចេញ​វិធានការ​តម្រូវ​ឲ្យ​អ្នក​ចូល​ក្នុង​ខេត្ត​ខ្លួន​ត្រូវ​ធ្វើ​ចត្តាឡីស័ក​១៤​ថ្ងៃ។​​​

លោក​មាន​ប្រសាសន៍​ថា​៖ «នេះ​មិន​ខុស​ពី​យើង​បង្កើត​រដ្ឋ​នៅ​ក្នុង​រដ្ឋ​នោះទេ…​វា​ដូច​ជា[យើង]ចែក​ប្រទេស​កម្ពុជា​ទៅ​ជា​២៥​ប្រទេស​» ដោយលោកបន្ថែមថា៖ «វា​នឹង​ធ្វើ​ឲ្យ​គាំង​ដំណើរ​ការ​ក្បាល​ម៉ាស៊ីន​នៃ ដំណើរ​ការ​សេដ្ឋកិច្ច​សង្គម​របស់​ប្រ​ជាពល​រដ្ឋ​តែម្ដង​… ដូច​នេះ​​ត្រូវ​តែ​កែប្រែនូវ​សេចក្ដី​សម្រេចនោះ​​ជា​បន្ទាន់​ ដើម្បី​សម្រួល​ដល់​ចរាចរណ៍​របស់​ប្រជា​ពល​រដ្ឋ…​កុំ​ឲ្យ​សេចក្ដី​សម្រេច​នោះ​ជ្រុល​ហួស​នាំទៅ​ដល់​ការ​រំខាន​ទៅ​ដល់ជីវភាព​របស់ប្រជា​ពល​រដ្ឋ​ទៅវិញ ដែល​វា​សម្លាប់សេដ្ឋកិច្ច​តែម្ដង»។

លោកនាយក​រដ្ឋ​មន្ត្រី​ បន្ថែម​ថា​អ្នក​ទាំង​ឡាយ​ណា​ដែល​សង្ស័យ​ថា​មាន​កូវីដ១៩ ត្រូវ​ប្រឈម​នឹង​ការ​ធ្វើ​ចត្តាឡីស័ក​។​

ក្នុង​សេចក្ដី​សម្រេច​បញ្ចប់​វិធានការ​បិទខ្ទប់ លោកនាយក​រដ្ឋ​មន្ត្រី បាន​ផ្ដល់អំណាច​ដល់​អាជ្ញាធរ​ខេត្ត​ដាក់​ចេញ​នូវ​វិធានការរបស់​ខ្លួន​ដើម្បី​គ្រប់​គ្រង​ការ​ឆ្លង​រាលដាល​វីរុស​កូវីដ១៩​។ ជា​ការ​ឆ្លើយ​តប ខេត្ត​ព្រៃវែង និង​ខេត្ត​ត្បូង​ឃ្មុំ បាន​កំណត់​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ឆ្លង​កាត់​ខេត្ត​របស់​ខ្លួន​ត្រូវ​ធ្វើ​ចត្តាឡីស័ក​១៤ថ្ងៃ ដែល​វិធានការ​ទាំងនេះ ត្រូវ​បាន​ដក​ចេញ​វិញ​ដែរ​ហើយ​នៅពេល​នេះ។​

អភិបាល​ខេត្ត​ត្បូង​ឃ្មុំ លោក ជាម ច័ន្ទសោភ័ណ មាន​ប្រសាសន៍​ថា​ខេត្ត​នឹង​អនុវត្តតាម​​បញ្ជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​។ 

លោក​បន្ថែមថា៖ «តាម​ពិត​ ខ្ញុំ​គ្រាន់តែ​បង្ហោះនៅលើ​ status ហ្វេសប៊ុក ដើម្បីពញាក់អារម្មណ៍​របស់​ប្រជា​ពលរដ្ឋ ​កុំ​ឲ្យ​សម្រុក​មក​ខេត្ត​ច្រើន​ពេក ហើយ​យើង​មិន​បាន​ចេញ​សេច​ក្ដី​សម្រេចជា​​ផ្លូវការណាមួយ​[ពីការ​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​] នៅឡើយ​ទេ»។ លោក​បន្ត​ថា ប្រ​ជា​ពល​រដ្ឋ​ដែល​មាន​បំណង​ទៅ​កាន់​ខេត្ត​ត្បូង​ឃ្មុំ​ គឺអាច​មក​ដោយ​សេរី មិន​មានការ​ហាម​ឃាត់នោះទេ​។​

លោក​បញ្ជាក់ថា៖ «​ទោះបី​យ៉ាងណា យើង​នឹង​ធ្វើ​តេស្ត​រហ័ស​ក្នុង​ករណី​សង្ស័យ​ថា​ពួកគាត់​មាន​វីរុស…​យើង​ត្រូវ​តែ​រឹត​បន្តឹង​នៅ​ថ្នាក់​​មូល​ដ្ឋាន អាជ្ញាធរ​ភូមិ ឃុំ នឹង​ល្បាត​តាម​ភូមិ​នានា​ដើម្បី​រក​អ្នក​ចំណូល​ថ្មី ហើយ​យើង​នឹង​មាន​វិធានការ​សុខាភិបាល ដូច​ជា​វាស់​កម្ដៅ​ជា​ដើម»។ លោក​ថា នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​មាន​អ្នក​ឆ្លង​កូវីដ១៩ ចំនួន​៥១​ករណី​។​

នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ ក្រ​សួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា​អ្នក​ឆ្លង​កូវីដ១៩​ មាន​៦៥០​ករណី​បន្ថែម​ទៀត ទាក់​ទងនឹងព្រឹត្តិការណ៍​២០ កុម្ភៈ។ ជា​រួម​ចំនួន​ករណី​ឆ្លង​កើនឡើង​ដល់​១៧ ៦២១ករណី គិត​ពី​មានការ​ផ្ទុះ​រាល​ដាល​វីរុស​កូវីដ​១៩ ចាប់ពីដើម​ឆ្នាំ​២០២០។ តាំងពី​ពេល​នោះ​មក ចំនួន​អ្នក​ស្លាប់ មាន​ចំនួន​សរុប​១១៤​នាក់​។

(រាយការណ៍​បន្ថែម​ដោយ ស៊ន សារ៉ាត)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Businesses reopen as Phnom Penh lifts lockdown in yellow zones

268 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម