អង្គការក្រៅរដ្ឋាភិបាលជាង ៥០ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយកាលពីថ្ងៃចន្ទ ដោយបានសម្តែងការព្រួយបារម្ភរបស់ពួកគេចំពោះអ្នកសារព័ត៌មាន បន្ទាប់ពីមានការធ្វើទុក្ខបុកម្និញជាបន្តបន្ទាប់ពីសំណាក់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនិងចេតនារបស់រដ្ឋាភិបាលក្នុងការរារាំងសេរីភាពសារព័ត៌មាន ដែលបានបង្កឱ្យមានប្រតិកម្មពីរដ្ឋាភិបាល។
សេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បណ្តាញយុវជនកម្ពុជា សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) និង អង្គការសមាគមជាច្រើនទៀតក៏បានអំពាវនាវឲ្យផ្តល់អាជ្ញាបណ្ណឡើងវិញដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានចំនួន ៤ ដែលត្រូវបានដកហូតនៅឆ្នាំនេះ។
អង្គការក្រៅរដ្ឋាភិបាលបានគូសបញ្ជាក់ពីការយាយីលើអ្នកសារព័ត៌មានចំនួន ៩ ករណីចាប់តាំងពីឆ្នាំ ២០១៩មក។ បច្ចុប្បន្ន អ្នកសារព័ត៌មានបីនាក់ទៀតកំពុងជាប់ឃុំ ក្រោមការចោទប្រកាន់ពីបទញុះញង់និងបរិហារកេរ្តិ៍រួមមានលោក សុខ ឧត្តម លោក រស់ សុឃិត និង លោក រ៉ាត់ រត្នមុនី។
សេចក្តីថ្លែងការណ៍ដែលប្រារព្ធទិវាអន្តរជាតិបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មានបានលើកឡើងថា៖ «រដ្ឋាភិបាលគួរតែទម្លាក់ចោលការចោទប្រកាន់ដោយហេតុផលនយោបាយទៅលើអ្នកសារព័ត៌មានដូចមានរៀប រាប់នៅខាងក្រោម ហើយដោះលែងពួកគេដោយគ្មានលក្ខខណ្ឌ»។
សេចក្តីថ្លែងការណ៍ដដែលបានលើកឡើងថា៖ «ច្បាប់ដែលមានលក្ខណៈគាបសង្កត់ រារាំងសេរីភាពសារព័ត៌មាន និងសេរីភាពក្នុងការបញ្ចេញមតិដែលមិនសមហេតុផលគួរត្រូវលុបចោលឬកែប្រែ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានមានប្រសាសន៍ក្នុងសារតាម តេលេក្រាម (Telegram) ទៅកាន់អ្នកយកព័ត៌មានខេមបូចាថា ក្រុមដែលនៅពីក្រោយសេចក្តីថ្លែងការណ៍នេះ តែងតែចោទប្រកាន់រដ្ឋាភិបាលថា បានរំលោភបំពានសិទ្ធិមនុស្សដោយមិនធ្វើការវិភាគលើទិដ្ឋភាពច្បាប់នៃអ្វីដែលបង្កើតជាបទល្មើសព្រហ្មទណ្ឌឡើយ។
លោក ជិន ម៉ាលីន បានមានប្រសាសន៍ថា៖ «មែនទែន អ្វីដែលជាការពិតជាក់ស្តែងរដ្ឋាភិបាលមិនបានធ្វើទុក្ខបុកម្និញឬក៏ធ្វើបាបអីអ្នកសារព័ត៌មានអីនោះទេ»។ «អ្នកសារព័ត៌មានដែលលើកក្នុងសេចក្តីថ្លែងការណ៍ហើយត្រូវប្រឈមមុខផ្លូវច្បាប់ គឺដោយសារតែការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ហើយមិនមែនដោយសារការអនុវត្តវិជ្ជាជីវៈនិងសេរីភាពអ្នកសារព័ត៌មាននោះទេ។ ចឹងការលើកឡើងរបស់គាត់មិនមានមូលដ្ឋានច្បាប់ក្នុងការការពារអ្វីទាំងអស់»។
លោកបានស្នើឱ្យអង្គការក្រៅរដ្ឋាភិបាលជៀសវាងធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ហើយផ្ទុយទៅវិញចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការ ប្រសិនបើពួកគេមានភស្តុតាងរឹងមាំ ដើម្បីគាំទ្រដល់អ្នកដែលមិនបានប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌ។
លោកមានប្រសាសន៍ថា៖ «ការទម្លាក់ចោលបទចោទ ការដោះលែងឬមិនដោះលែង [ ជនសង្ស័យ] ការសម្រេចមានទោសឬមិនមានទោស គឺជាសមត្ថកិច្ចផ្តាច់មុខរបស់តុលាការដែលជាស្ថាប័នឯករាជ្យ»។
ក្នុងបទសម្ភាសន៍ផ្សាយផ្ទាល់តាមហ្វេសប៊ុកដែលមានឈ្មោះថា យុវជន៧មករា ក្នុងថ្ងៃដដែលលោក ម៉ាលីន បានមានប្រសាសន៍ថា ក្នុងចំណោមអង្គការជាង ៥០ ដែលបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍នោះមានតែ ៣ ទៅ ៤ ប៉ុណ្ណោះ ដែលតែងតែរិះគន់និងវាយប្រហាររដ្ឋាភិបាលតាមរបៀបវារៈនយោបាយរបស់ខ្លួន។
សេចក្តីថ្លែងការណ៍របស់ក្រុមសង្គមស៊ីវិលចំនួន ៥៧ បានទទូចឲ្យរដ្ឋាភិបាលកម្ពុជាគោរពច្បាប់ជាតិនិងអន្តរជាតិ ដោយធានានូវសេរីភាពក្នុងការបញ្ចេញមតិនិងការបញ្ចេញមតិ និងសិទ្ធិក្នុងការស្វែងរក ទទួលបាន និងចែកចាយព័ត៌មាន។
សេចក្តីថ្លែងការណ៍នេះបានលើកឡើងថា៖ «ការរឹតត្បិតណាមួយចំពោះសិទ្ធិទាំងនេះ ត្រូវតែធ្វើឡើងប្រកបដោយយុត្តិធម៌និងស្របច្បាប់ក្នុងភាពចាំបាច់ និងសមាមាត្រ ដោយគោរពទៅតាមគោលបំណងនៃច្បាប់។ រាល់ករណីដែលបានលើកឡើងខាងលើ គ្មានករណីចោទប្រកាន់ប្រឆាំងនឹងអ្នកសារព័ត៌មាននិងការបោះពុម្ភផ្សាយរបស់ពួកគេអនុលោមតាមគោលការណ៍ទាំងនេះទេ៖ រាល់ការចោទប្រកាន់ទាំងនោះ មិនបានអះអាងឬឈានដល់គោលបំណងស្របច្បាប់ហើយក៏មិនមានភាពចាំបាច់សម្រាប់គោលបំណងបែបនេះ ដែលនាំឲ្យមានការរំលោភលើសិទ្ធិមនុស្សអន្តរជាតិនិងកាតព្វកិច្ចផ្លូវច្បាប់របស់កម្ពុជាឡើយ»។
ប្រតិកម្មទៅនឹងសេចក្តីថ្លែងការណ៍រួមនេះ ក្រសួងព័ត៌មានបានចេញសេចក្តីឆ្លើយតបកាលពីថ្ងៃអង្គារ ដោយសង្កត់ធ្ងន់ថា មានតែអង្គការចំនួន ១២ ប៉ុណ្ណោះក្នុងចំណោមអង្គការសង្គមស៊ីវិលទាំង ៥៧ ដែលបានចុះហត្ថលេខាលើលិខិតនោះ ត្រូវបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃឬក្រសួងព័ត៌មាន។
ក្រសួងបានចោទប្រកាន់អង្គការសង្គមស៊ីវិលទាំងនេះថា បានព្យាយាមទាក់ទាញការគាំទ្រផ្នែកហិរញ្ញវត្ថុពីម្ចាស់ជំនួយអន្តរជាតិនិងបង្កើនប្រជាប្រិយភាពរបស់ក្រុមពួកគេតាមរយៈការបំភាន់សាធារណជន។
សេចក្តីថ្លែងការណ៍របស់ក្រសួងព័ត៌មានបានលើកឡើងថា៖ « សកម្មភាពរបស់ពួកគេមានគោលបំណង ដើម្បីទទួលបានការយកចិត្តទុកដាក់បន្ថែមទៀតដោយផ្អែកលើនីតិវិធីរបស់តុលាការ»។
សេចក្តីថ្លែងការណ៍នេះ ក៏បានលើកឡើងផងដែរថា ក្រសួងគ្រាន់តែបំពេញភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ស្តីពីសារព័ត៌មាននៅពេលខ្លួនបានដកហូតអាជ្ញាបណ្ណរបស់អង្គភាពសារព័ត៌មានទាំងនោះ។
សេចក្តីថ្លែងការណ៍នេះសរសេរថា៖ « លើសពីនេះ ក្រសួងព័ត៌មានមានកាតព្វកិច្ចផ្តល់ឬផ្អាកជាបណ្តោះអាសន្នឬលុបចោលអាជ្ញាបណ្ណព័ត៌មាននិងការផ្សាយនៅក្នុងប្រទេសកម្ពុជា»។
លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានគូសបញ្ជាក់ថា ខណៈដែលអ្នកកាសែតខ្លួនឯងបានក្លាយជាមុខសញ្ញានិងត្រូវបានគេចាប់ដាក់ពន្ធនាគារនោះ អ្នកដែលបានប្រព្រឹត្តិបទឧក្រិដ្ឋប្រឆាំងអ្នកសារព័ត៌មានមិនត្រូវបានចាប់ខ្លួននោះទេ។ លោកបានលើកជាឧទាហរណ៍នៃក្រុមអ្នកសារព័ត៌មានពីរក្រុមផ្សេងគ្នា ដែលត្រូវបានគេវាយប្រហារក្នុងប៉ុន្មានខែថ្មីៗនេះគឺនៅខេត្តត្បូងឃ្មុំនិងខេត្តស្ទឹងត្រែង។
លោក ណុប វី បានបន្ថែមថា រដ្ឋាភិបាលគួរតែលុបបំបាត់និទណ្ឌភាពចំពោះបទឧក្រិដ្ឋដែលបានប្រព្រឹត្តចំពោះអ្នកសារព័ត៌មាន ហើយគួរតែធានាថា រាល់ករណីទាំងអស់ នឹងត្រូវស៊ើបអង្កេតដោយតម្លាភាព។
លោក ណុប វី បានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា ចៅក្រមឬព្រះរាជអាជ្ញាត្រូវមានតួនាទីសកម្មជាងនេះក្នុងការចាត់វិធានការប្រឆាំងនឹងអ្នកដែលបានប្រព្រឹត្តបទឧក្រិដ្ឋ…លើអ្នកសារព័ត៌មាន ដើម្បីកុំឲ្យមាននិទណ្ឌភាពនៅក្នុងសង្គមរបស់យើង»។
លោកក៏បានលើកឡើងពីការយាយីរបស់អាជ្ញាធរចំពោះអ្នកសារព័ត៌មានរួមទាំងការរឹបអូសឧបករណ៍នៅមុខស្ថានទូតចិនកាលពីសប្តាហ៍មុន អំឡុងបាតុកម្មមួយ ដែលប្រារព្ធទិវាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី ២៣ខែតុលា។
លោក ណុប វី បានបន្ថែមថា៖ «អ្នកសារព័ត៌មានមិនមែនជាជនសង្ស័យដែលបានប្រព្រឹត្តិបទឧក្រិដ្ឋ ដូច្នេះពួកគេមិនគួរភ័យខ្លាចឬត្រូវបានគំរាមកំហែងដោយសារការបំពេញការងាររបស់ពួកគេឡើយ»។
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមានប្រសាសន៍ថា ការយាយីរបស់រដ្ឋាភិបាលលើអ្នកសារព័ត៌មាន ដែលកំពុងបន្តកើតមាននេះ គឺមិនអាចទទួលយកបានទេ។
លោកស្រីបានមានប្រសាសន៍ថា៖ «និទណ្ឌភាពដ៏រាលដាលនេះត្រូវតែបញ្ឈប់។ វាប៉ះពាល់ដល់ប្រជាជនកម្ពុជានិងសង្គមទាំងមូល ហើយវាមិនស្របតាមកាតព្វកិច្ចសិទ្ធិមនុស្សរបស់រដ្ឋាភិបាលទេ» ។
លោកស្រីបានបន្ថែមថា៖ «វាចាំបាច់ណាស់ដែលឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាននិងអ្នកការពារសិទ្ធិមនុស្សត្រូវឆ្លើយតបដោយការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាព ឯករាជ្យនិងតម្លាភាព ហើយយុត្តិធម៌សម្រាប់អ្នកទាំងឡាយដែលសិទ្ធិរបស់ពួកគេត្រូវបានគេបោះចោលនោះ ត្រូវតែផ្តល់មកវិញ»។
លោក យាង សុធារិន្ទ អតីតអ្នកកាសែតវិទ្យុអាស៊ីសេរី (RFA) បាននិយាយថា លោកនិងអតីតសហសេវិករបស់លោកគឺលោក អ៊ួន ឈិន នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ចាប់តាំងពីការជំនុំជម្រះរបស់លោកទាំងពីរចំពោះការចោទប្រកាន់ថា បានផ្តល់ឲ្យរដ្ឋបរទេសនូវព័ត៌មានដែលអាចធ្វើឲ្យអន្តរាយដល់ការការពារជាតិដែលបានចាប់ផ្តើមកាលពីមួយឆ្នាំមុននោះ។
លោក សុធារិន្ទ បាននិយាយថា៖ «ទោះបីយើងមិនបានប្រព្រឹត្តិបទល្មើសក៏ដោយ ក៏អាជ្ញាធរបានចាប់ខ្លួនយើង ហើយគាត់បានដោះលែងយើងវិញ តែក៏បានដាក់យើងឲ្យស្ថិតនៅក្រោមការស៊ើបអង្កេតតាមផ្លូវតុលាការផងដែរ… នេះគឺជាការរំលោភសេរីភាពអ្នកសារព័ត៌មាននៅកម្ពុជា»។
លោកបានបន្ថែមថា ករណីប្រឆាំងរូបលោក គឺជារឿងនយោបាយហើយថា នៅតែមិនទាន់មានការបង្ហាញភស្តុតាងណាមួយដែលដាក់បន្ទុករូបលោកឬលោក អ៊ួន ឈិន នៅក្នុងបទល្មើសដែលតាមចោទថា បានប្រព្រឹត្តដោយការបញ្ជូនអត្ថបទទៅវិទ្យុអាស៊ីសេរី ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិកនោះទេ បន្ទាប់ពីការិយាល័យរបស់វិទ្យុនេះក្នុងក្រុងភ្នំពេញបានបិទទ្វារក្នុងឆ្នាំ ២០១៧ ។
លោក សុធារិន្ទ បាននិយាយថា លោកនិងលោក ឈិន បន្តស្នើឱ្យតុលាការទម្លាក់ចោលបណ្តឹងនេះ និងប្រគល់សម្ភារ ដែលមន្រ្តីប៉ូលីសបានដកហូតពីពួកគាត់ ដែលការនេះបានធ្វើពួកគាត់មិនអាចមានលទ្ធភាពផ្គត់ផ្គង់គ្រួសាររបស់ពួកគាត់បាន។
លោក សុធារិន្ទ បាននិយាយថា៖ «ឥឡូវ ខ្ញុំអាចធ្វើអត្ថបទខ្លះៗ ប៉ុន្តែខ្ញុំនៅតែខ្លាច ព្រោះខ្ញុំមិនដឹងថា តើអ្វីដែលខ្ញុំសរសេរនឹងធ្វើឱ្យភាគីខ្លះឬអ្នកខ្លះមិនសប្បាយចិត្តឬយ៉ាងណានោះទេ ។ ដោយសារតែយើងត្រូវបានគេចោទប្រកាន់គេអាចចាប់ខ្លួនយើងនៅពេលណាក៏បាន»។
ករណីអ្នកកាសែតវិទ្យុអាស៊ីសេរីទាំង ២ នាក់ កំពុងស្ថិតក្រោមនីតិវិធីចាត់របៀបរបស់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីតុលាការកំពូលបានច្រានចោលបណ្តឹងសាទុកឲ្យបញ្ចប់ការស៊ើបអង្កេតកាលពីខែមុន៕