សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

អំពាវនាវ​ឱ្យ​មាន​ការ​ថែទាំ​កាន់តែ​ប្រសើរ​សម្រាប់​មនុស្ស​ចាស់​នៅកម្ពុជា ​ចំពេល​មាន​ការ​ផ្លាស់​ប្តូរ​ប្រជាសាស្ត្រ

សមាជិកនៃសមាគមមនុស្សចាស់ចូលរួមជួបជុំគ្នាមួយខែម្តង ក្នុងខេត្តសៀមរាប។ (រូបភាពផ្តល់ដោយ៖ HelpAge Cambodia)
សមាជិកនៃសមាគមមនុស្សចាស់ចូលរួមជួបជុំគ្នាមួយខែម្តង ក្នុងខេត្តសៀមរាប។ (រូបភាពផ្តល់ដោយ៖ HelpAge Cambodia)

បក់ ណែប ជាមួយនិង​ស្វាមី​រស់​នៅ​ដោយ​ខ្លួន​ឯង​ក្នុង​ផ្ទះ​តូច​មួយ​នៅ​ភូមិ​ល្វា ខេត្តសៀមរាប។ ការធ្វើ និងលក់នំអន្សមត្នោត គឺជាអ្វីដែលធ្វើឱ្យអ្នកស្រីសកម្មជារៀងរាល់ថ្ងៃ មុនពេលថ្ងៃទី២០​ មកដល់។

ថ្ងៃនោះគឺដូចជាថ្ងៃឈប់សម្រាកសម្រាប់អ្នកស្រី។ វា​ជា​ថ្ងៃ​ដ៏​មាន​តម្លៃ​ដែល​អ្នកស្រីអាចរក​ឃើញ​សុភមង្គល​ដោយការភ្ជាប់​ទំនាក់ទំនង​ជាមួយ​មិត្ត​ភក្តិ​របស់​អ្នកស្រី​នៅ​ក្នុងសមាគម​មនុស្ស​ចាស់ (OPA) ដែលដូច​ជា​ប្រភេទ​ក្លិប​ថែទាំ​មនុស្ស​ចាស់​តាម​ភូមិ។

បន្ទាប់ពីកូនបីនាក់របស់អ្នកស្រីបានបែកផ្ទះមក អ្នកស្រី ណែប អាយុ៦៥ ឆ្នាំ និងប្តីអាយុ៧៥ ឆ្នាំបានចូលជាសមាជិកនៅក្នុងសមាគមមនុស្សចាស់ (OPA) នៅខេត្តសៀមរាប ដែលមានសមាជិកទាំងអស់ ១៧១នាក់ ព្យាយាមជម្នះភាពឯកាដោយជួបជុំគ្នាមួយខែម្តងនៅផ្ទះដែលបានកំណត់នៅក្នុងភូមិរបស់ពួកគាត់។

អ្នកស្រី ណែប បាន​និយាយ​ក្នុង​បទ​សម្ភាស​តាម​ទូរសព្ទ​ថា​៖ «​នៅ​ពេល​ដែល​យើង​ជួប​ជុំ​គ្នា ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ណាស់​»អ្នកស្រីបានបន្ថែមថា៖ «យើងមានការពិនិត្យសុខភាព ហាត់ប្រាណ រាំ និងឆ្លើយសំណួរ ពីគ្រូ។ ចម្លើយ​ខ្លះ​ខុស ខ្លះ​ត្រូវ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់»

កម្ពុជា​កំពុង​មានការផ្លាស់ប្តូរផ្នែកប្រជាសាស្រ្ត​យ៉ាង​សំខាន់ ហើយ​មាន​ការ​អំពាវនាវ​ឲ្យ​មាន​ការថែទាំ​ល្អ​សម្រាប់​មនុស្ស​ចាស់​ជាង​មុន។ យោងតាមជំរឿនប្រជាជនឆ្នាំ២០១៩ប្រហែល ៨.៨៦ ភាគរយនៃប្រជាជន ១៥.៥ លាននាក់របស់ប្រទេស ត្រូវបានគេចាត់ទុកថាជាមនុស្សចាស់ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ។ ចំនួននេះបើយោងតាមជំរឿនត្រូវបានព្យាករណ៍ថានឹងឈានដល់ជាង ២៣ភាគរយ នៃចំនួនប្រជាជនសរុបនៅឆ្នាំ២០៥០ ។

របាយការណ៍ជំរឿននេះបានប្រាប់ថា ការផ្លាស់ប្តូររបស់មនុស្សគឺជាលទ្ធផលនៃការថយចុះនៃការមានកូន និងការបង្កើនអាយុវែង។ អត្រានៃការមានកូននៅកម្ពុជាបានធ្លាក់ចុះពី ២.៧ កូនសម្រាប់ស្រ្តីម្នាក់ក្នុងឆ្នាំ ២០០៨ មក ២.៥ ក្នុងឆ្នាំ២០១៩។ ទន្ទឹមនឹងនោះ អាយុសង្ឃឹមរស់ក្នុងអំឡុងពេលដូចគ្នាបានកើនឡើង ១៣.៤៩ ឆ្នាំ (ពី ៦០.៨១ឆ្នាំ ដល់​ ៧៤.៣ឆ្នាំ) សម្រាប់បុរស និង ១៣.១៤ឆ្នាំ (ពី ៦៣.៦៦ឆ្នាំដល់ ៧៦.៨ឆ្នាំ) សម្រាប់ស្ត្រី។ ភាពចាស់នៃចំនួនប្រជាជនយ៉ាងឆាប់រហ័សបង្ហាញពីបញ្ហាប្រឈមជាច្រើនចំពោះប្រទេស។

រដ្ឋាភិបាល និងអង្គការក្នុងស្រុក និងអន្តរជាតិនានា បានដាក់ចេញនូវគោលនយោបាយ និងចាត់វិធានការ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់មនុស្សចាស់ ជាពិសេសគ្រួសារក្រីក្រ។ ប៉ុន្តែ​ក្រុម​អ្នក​សង្កេតការណ៍​បាន​និយាយ​ថា​ត្រូវ​ធ្វើ​បន្ថែម​ទៀត។

លោក ប៉ា ច័ន្ទរឿន នាយកប្រត្តិបត្តិវិទ្យាស្ថាន​កម្ពុជា​ដើម្បី​ប្រជាធិបតេយ្យបាននិយាយថា៖ «ការផ្លាស់ប្តូរនៅក្នុងសង្គម និងសេដ្ឋកិច្ចបានផ្លាស់ប្តូររបៀបរស់នៅ ដោយបង្ខំឱ្យកូនៗខ្លះ ចាកឆ្ងាយពីឪពុកម្តាយរបស់ពួកគេដើម្បីរកស៊ី ធ្វើការងារដើម្បីចិញ្ចឹមជីវិត។ ជា​លទ្ធផល មនុស្ស​ចាស់​ជាច្រើន​មិន​បាន​ទទួល​ការ​ថែទាំ​ដែល​ពួកគេ​ត្រូវ​ការ»

សមាគមមនុស្សចាស់ OPA នៅខេត្តសៀមរាបគ្រាន់តែជាអង្គការមួយក្នុងចំណោមសហគមន៍ជាច្រើនដែលត្រូវបានបង្កើតឡើងនៅក្នុងសហគមន៍នានាទូទាំងប្រទេសកម្ពុជាក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរដ្ឋាភិបាល និងអង្គការអន្តរជាតិដូចជាអង្គការមនុស្សចាស់កម្ពុជា HelpAge Cambodia ជាដើម។

លោក ជុច សូ ប្រធានសមាគមមនុស្សចាស់ភូមិល្វា ខេត្តសៀមរាប មានប្រសាសន៍ថា ចាប់តាំងពីបង្កើតនៅឆ្នាំ២០២២មក សមាគមបានប្រមូលផ្តុំសមាជិករបស់ខ្លួនក្នុងមួយខែម្តង ដើម្បីធ្វើសកម្មភាពសង្គម និងហាត់ប្រាណ ការពិនិត្យសុខភាពមូលដ្ឋាន និងទទួលទានអាហារសម្រន់។

លោកបាននិយាយថា៖ «ការធ្វើលំហាត់ប្រាណធ្វើឱ្យ ពួកគាត់មានអារម្មណ៍ថាខ្លួនស្រាលជាងមុន និងជួយកាត់បន្ថយអារម្មណ៍ឯកោ»។

ទន្ទឹមនឹងនោះ សមាជិកវ័យក្មេង ក្រៅពីភារកិច្ចរបស់ពួកគាត់។ ពួកគាត់ដាក់វេនគ្នាដើម្បី​មើល​ថែ​មិត្ត​រួម​សមាគមដែលមានវ័យចាស់នៅតាមផ្ទះ ​ក្នុងនោះមានវ័យពី ៧០ និង ៨០ ឆ្នាំ​។

អ្នកស្រី ព្រះ ខុន អាយុ ៦១ឆ្នាំ បាននិយាយថា៖ «​​គាត់ចាស់មិនអាចដើរបាន ដូច្នេះយើងជួយងូតទឹក ហើយទៅអើតគាត់នាំគាត់ហាត់ប្រាណ ដើម្បីកុំឲ្យគាត់ឯកោផងដែរ»។

អត្ថប្រយោជន៍រួមគ្នា

សមាគមមនុស្សចាស់នៅសៀមរាប មិនត្រឹមតែជាសមាគមក្នុងសង្គមប៉ុណ្ណោះទេ។ សមាគមនេះមានគម្រោងហិរញ្ញវត្ថុផ្ទាល់ ដើម្បីជួយសមាជិកនៅពេលត្រូវការ។

លោក ជុច សូ បានឲ្យដឹងថា សមាជិកនីមួយៗត្រូវបង់កម្រៃសមាជិកប្រចាំឆ្នាំចំនួន ១២,០០០ រៀល។ វាជាផ្នែកមួយនៃអត្ថប្រយោជន៍ សមាជិកទាំងអស់មានសិទ្ធិក្រោយយកប្រាក់កម្ចីពីរដងក្នុងមួយឆ្នាំ ដើម្បីគាំទ្រសកម្មភាពប្រកបរបររបស់ពួកគេ។ ប្រាក់កម្ចីនីមួយៗមិនត្រូវលើសពី ១លាន រៀល ហើយត្រូវសងវិញក្នុងរយៈពេល ៦ខែ ជាមួយអត្រាការប្រាក់ ២ភាគរយ ក្នុងមួយខែ។

កម្ចី​នេះ​ជួយ​អ្នកស្រី បក់​ ណែប ផ្តល់​ហិរញ្ញប្បទាន​ដល់​អាជីវកម្ម​នំអន្សមត្នោតដើម្បី​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​របស់​អ្នកស្រី​។

អ្នកស្រីនិយាយថា៖ «ខ្ញុំមានកូន ប៉ុន្តែពួកគេសុទ្ធតែមានគ្រួសារផ្ទាល់ខ្លួន។ ពួក​គេ​ចំណាយ​អ្វី​ដែល​ពួក​គេ​រក​បាន​ក្នុង​គ្រួសារ ហើយ​ពួក​គេ​ក៏​ជួប​ការ​លំបាក​ដែរ»

អ្នកស្រីបន្ថែម៖ «ទោះ​ជា​យ៉ាង​ណា ពេល​ដែល​យើង​ជួបជុំ​ក្នុង​មួយ​ខែ ខ្ញុំ​មាន​អារម្មណ៍​រីករាយ។ ពេល​ខ្ញុំ​ឈឺ គេ​មកមើល​ខ្ញុំ ហើយ​ថែម​ទាំង​ឲ្យ​ខ្ញុំ​២០,០០០​ទៅ​៣០,០០០​ ​រៀល​ផង»

មានវ័យ៥៣ឆ្នាំ អ្នកស្រី ម៉ន ខុន ជាកសិករ ដែលមិនទាន់កំណត់និយមន័យមនុស្សចាស់នៅឡើយទេ។ ប៉ុន្តែសមាគមក៏ស្វាគមន៍សមាជិកវ័យក្មេងដូចអ្នកស្រីដើម្បីជួយមើលថែមនុស្សចាស់។ ជាថ្នូរ ម៉ន ខុន អាចប្រើគម្រោងហិរញ្ញវត្ថុទៅវិញទៅមក នៅពេលដែលអ្នកស្រីត្រូវការលុយ។

អ្នកស្រី ម៉ន ខុន និយាយថា៖ «ពេល​យើង​ត្រូវ​ទិញ​ថ្នាំ ឬ​ទៅ​មន្ទីរពេទ្យ យើង​ប្រើ​លុយ [៣០,០០០​​រៀល] គេ​ឲ្យ​យើង។ សមាជិក​ផ្សេង​ទៀត​ក៏​ជួយ​ដោយ​ពិនិត្យ​មើល​ខ្ញុំ​ផង»។

ខណៈពេលដែលប្តីរបស់គាត់រកប្រាក់ចំណូលបានដោយការរត់ម៉ូតូឌុប គាត់រកប្រាក់បានមួយចំនួនដោយដាំបន្លែ និងចិញ្ចឹមសត្វនៅផ្ទះ។

អ្នកស្រីបន្តថា៖ «ពី​មុន​មក យើង​មិន​ដែល​មក​ជុំ​គ្នា​ទេ ព្រោះ​យើង​ផ្ដោត​តែ​លើ​ការងាររាងខ្លួន ហើយ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ច្រើន​ដល់​សុខភាព​យើង​ទេ។ ប៉ុន្តែ​ជាមួយ​សមាគម​នេះ ពួកយើង​មាន​សុខភាព​ល្អ​ប្រសើរ និង​មាន​ភាព​រួសរាយ​រាក់ទាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក»។ អ្នកស្រី​បាន​បន្ថែម​ថា ពេល​ដល់​វេន អ្នកស្រីនឹង​ទៅ​ពីផ្ទះមួយ ទៅផ្ទះមួយ ដើម្បី​ជួយមើល​សមាជិក​ចាស់​ៗ និងជួយ​តាម​តម្រូវការ​របស់​ពួក​គេ ។

វិធីសាស្រ្តទៅវិញទៅមកបែបនេះជួយជំរុញឱ្យមានការយល់ដឹងអំពីសហគមន៍នៅក្នុងស្ថានភាពសេដ្ឋកិច្ចសង្គមនាពេលបច្ចុប្បន្នរបស់ប្រទេសកម្ពុជា ដែលមនុស្សចាស់ជាច្រើននៅជនបទត្រូវបានទុកចោលដើម្បីចិញ្ចឹមខ្លួនឯង បន្ទាប់ពីកូនរបស់ពួកគេបានចាកចេញពីស្រុករបស់ពួកគេទៅស្វែងរកការងារធ្វើនៅទីក្រុង ឬនៅបរទេស។

ព្យាយាម​សុំ​យោបល់​ពី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ប៉ុន្តែ​មិន​បាន​ជោគជ័យ។ នៅ​ពេល​ទាក់​ទង​តាម​ទូរសព្ទ លោក តូច ចាន់នី អ្នក​នាំ​ពាក្យ​ក្រសួង​បាន​ស្នើ​សុំ​ដាក់​សំណួរ​តាម តេលេក្រាម។ សំណួរ​ត្រូវ​បាន​ដាក់​ជូន ប៉ុន្តែ​មិន​បាន​ទទួល​ចម្លើយ​ទេ។

លោក ប៉ា ច័ន្ទរឿន នាយកប្រត្តិបត្តិវិទ្យាស្ថាន​កម្ពុជា​ដើម្បី​ប្រជាធិបតេយ្យ​បាន​ថ្លែង​ថា​​​​​​​   រ​ដ្ឋាភិបាល​គួរ​តែ​ធ្វើ​បន្ថែម​ទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​មនុស្ស​ចាស់​ដែល​ចំនួន​នឹង​កើន​ឡើង​ខ្លាំង​ក្នុង​រយៈពេល២០ឆ្នាំ​ខាង​មុខ។ លោក​ថា គួរ​ផ្តោត​លើ​ប្រជាពលរដ្ឋ​អាយុ​ពី ៦៥​ឆ្នាំ​ឡើង​ទៅ ដែល​បច្ចុប្បន្ន​មិន​ទាន់ទទួល​បាន​អត្ថប្រយោជន៍​ដែល​ផ្តល់​ដោយ​បេឡាជាតិ​របប​សន្តិសុខ​សង្គម។

លោកនិយាយថា៖ «យើងខ្វះកម្មវិធី និងសកម្មភាពសម្រាប់មនុស្សចាស់។ សូម្បីតែការរកកន្លែងហាត់ប្រាណនៅភ្នំពេញក៏ពិបាកដែរ ដែលធ្វើឲ្យពួកគាត់ពិបាកក្នុងការបន្តសកម្មភាព ដែលរួមចំណែកដល់បញ្ហាសុខភាពផ្លូវចិត្តរបស់ពួកគេផងដែរ»។ លោកបានបន្ថែមថា៖ «ខ្ញុំជឿថាយើងគួរតែផ្តល់អាទិភាពដល់មនុស្សចាស់ដែលមានអាយុលើសពី ៦៥ឆ្នាំ»

ទន្ទឹមនឹងនោះ នៅសមាគមមនុស្សចាស់ខេត្តសៀមរាប សមាជិករង់ចាំយ៉ាងអន្ទះសារនៅថ្ងៃទី២០ នៃខែនីមួយៗ។

អ្នកស្រី ដោស ណារ័ត្ន អាយុ ៤២ឆ្នាំ ជា​កូន​ស្រី​របស់​អ្នកស្រី ព្រះ ខុន បាន​និយាយ​ថា ម្ដាយ​របស់​គាត់​មាន​សុភមង្គល​​រាល់​ពេល​ដែល​គាត់​ត្រឡប់​មក​ពី​ការ​ជួប​ជុំ​​ប្រចាំ​ខែ។

អ្នកនាងនិយាយថា៖ «គាត់ដឹងអំពីសុខភាពកាន់តែច្រើន ហើយគាត់បានប្រាប់ខ្ញុំថា គាត់មានអារម្មណ៍ធូរស្រាល។ គាត់និង​សមាជិក​រួម​គ្នា​និយាយ​ពី​រឿង​នេះ ពីរឿងនោះ ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​បានឃើញអញ្ចឹង»

ហើយ​ម្តាយ​របស់​នាង​គឺ​អ្នកស្រី ព្រះ ខុន អ្នកស្រី​បាន​និយាយ​ថា​៖«​រាល់​សកម្មភាព​ដែល​យើង​ធ្វើ​ជាមួយ​គ្នា​ធ្វើ​ឱ្យ​ខ្ញុំ​សប្បាយចិត្ត។​ ខ្ញុំនឹងឯកោណាស់ប្រសិនបើមិនមានកម្មវិធីនេះ»

កំណត់សម្គាល់៖ អត្ថបទនេះសរសេរដោយនិស្សិតដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំនាន់ទី២២ ។

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Calls for Greater Care for Cambodian Elderly Amid Demographic Shift

473 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម