កាលពីថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលស្គាល់ជាសាធារណៈជាលើកដំបូងថា ប្រទេសកម្ពុជាមានបញ្ហាជួញដូរមនុស្សពាក់ព័ន្ធនិងល្បែងស៊ីសងខុសច្បាប់និងបទល្មើសផ្សេងៗ ខណៈលោកថ្លែងសម្រាលបទល្មើសដែលត្រូវបានគេរាយការណ៍ជាទូទៅ ដោយលោកអះអាងថាប្រទេសផ្សេងៗទៀតក៏មានបញ្ហាស្រដៀងគ្នានេះដែរ ហើយមានជនបរទេសខ្ទង់រយនាក់ប៉ុណ្ណោះគឺជា «ជនរងគ្រោះពិតប្រាកដ»។
អំឡុងពេលថ្លែងសុន្ទរកថានៅវេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស លោកនាយករដ្ឋមន្ត្រីក៏បានព្រមានផងដែរថា ប្រទេសកម្ពុជាអាចក្លាយជាជម្រកសុវត្ថិភាពសម្រាប់ក្រុមជួញដូរមនុស្សនិងអាចត្រូវបានគេចាត់ទុកថា ជា «ប្រទេសដ៏អាក្រក់បំផុតនៅក្នុងពិភពលោក» ប្រសិនបើអាជ្ញាធរមិនចាត់វិធានការ ដើម្បីទប់ស្កាត់។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា៖ «បញ្ហារបស់យើង [ ការជួញដូរមនុស្ស ] បើធៀបទៅនឹងបណ្តាប្រទេសផ្សេងទៀតក្នុងពិភពលោក វាមិនទាន់យឺតពេលពេកទេ ប៉ុន្តែប្រសិនបើយើងមិនទប់ស្កាត់នៅពេលនេះ។ [ប្រទេសនេះ] នឹងកា្លយជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជនដែលរត់ពន្ធមនុស្សចូលមកប្រទេសកម្ពុជាឬរត់ពន្ធចេញពីប្រទេសកម្ពុជា។ ដូច្នេះ យើងត្រូវតែប្រញាប់ប្រញាល់ធ្វើការរួមគ្នា ដើម្បីចាត់វិធានការប្រឆាំងនឹងការជួញដូរមនុស្ស»។
ខណៈពេលដែលករណីជួញដូរមនុស្សមិនមែនកើតមានតែនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែនៅគ្រប់តំបន់នោះ លោក ហ៊ុន សែន បានមានប្រសាសន៍ថា តួអង្គជាច្រើនចាំបាច់ត្រូវសហការគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។
លោកមានប្រសាសន៍ថា៖ «ប្រសិនបើគ្មានការពន្យល់ច្បាស់លាស់ [ចំពោះបទល្មើសជួញដូរមនុស្ស] ប្រទេសរបស់យើងអាចត្រូវគេចាត់ទុកជាប្រទេសអាក្រក់បំផុតនៅក្នុងពិភពលោក»។
កាលពីដើមឆ្នាំនេះ សហរដ្ឋអាមេរិកបានទម្លាក់ប្រទេសកម្ពុជាមកចំណាត់ថ្នាក់ទី៣នៅក្នុងរបាយការណ៍ជួញដូរមនុស្សប្រចាំឆ្នាំ ជាចំណាត់ថ្នាក់ទាបបំផុតក្នុងចំណោមចំណាត់ថ្នាក់ទាំងបី ដោយលើកឡើងពីអំពើពុករលួយដ៏រាលដាលនិងការគ្មានឆន្ទៈក្នុងការនាំយកក្រុមជួញដូរមនុស្សឲ្យមកទទួលខុសត្រូវ។
ប្រទេសកម្ពុជា ប្រទេសចិន វៀតណាម ម៉ាឡេស៊ី ភូមា កូរ៉េខាងជើង ស៊ីរី អាហ្គានីស្ថាន ស៊ូដង់ខាងត្បូងនិងប្រទេស១៤ផ្សេងទៀតស្ថិតនៅចំណាត់ថ្នាក់ទាបបំផុត។
ការទទួលស្គាល់របស់លោកនាយករដ្ឋមន្ត្រីធ្វើឡើង បន្ទាប់ពីការបដិសេធច្រើនខែនិងការនិយាយសម្រាលចំពោះសេចក្តីរាយការណ៍កាន់តែច្រើនឡើងពីស្ថានទូតបរទេសនិងបណ្តាញព័ត៌មានអំពីទីតាំងឆបោកអនឡាញដែលបើកដំណើរការដោយក្រុមឧក្រិដ្ឋជនដែលមានការចាត់តាំងដែលយកមនុស្សមកធ្វើជាទាសករ ហើយពួកគេភាគច្រើនមកពីប្រទេសចិននិងទូទាំងតំបន់អាស៊ីអាគ្នេយ៍និងបង្ខំពួកគេឲ្យធ្វើការឆបោកដែលត្រូវបានគេប៉ាន់ប្រមាណថា ក្រុមឧក្រិដ្ឋជនអាចរកបានប្រាក់រាប់ពាន់លានដុល្លារដោយការបោកប្រាស់ពីមនុស្សជុំវិញពិភពលោក។
លោក Jeremy Douglas ជាតំណាងប្រចាំតំបន់នៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្មបានប្រាប់ ខេមបូចា កាលពីសប្តាហ៍មុនថា ការិយាល័យរបស់លោកបានបង្ហាញការពិតដែលថា កាស៊ីណូនៅជុំវិញតំបន់អាស៊ីអាគ្នេយ៍ត្រូវបាន «ជ្រៀតចូល» ដោយក្រុមឧក្រិដ្ឋជនដែលមានការចាត់តាំងពាក់ព័ន្ធនឹងការលាងលុយច្រើនឆ្នាំមកហើយ។
អំឡុងពេលមានការរីករាយដាលជំងឺ លោក Douglas បានមានប្រសាសន៍ថា ឧស្សាហកម្មល្បែងស៊ីសងបានងាកមកធ្វើតាមអនឡាញហើយសហគ្រាសខ្លះ «បានផ្តោតនិងបង្វែរទៅជាការឆបោកនិងទីតាំងឆបោកទាំងនោះប្រើប្រាស់កម្លាំងពលកម្មដដែល»។
កាលពីថ្ងៃព្រហស្បតិ៍ លោក ហ៊ុន សែន បានមានប្រសាសន៍ថា ការរីករាលដាលជំងឺបានបណ្តាលឲ្យមានការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកើនឡើង ដែលផ្តល់អត្ថប្រយោជន៍ច្រើន ប្រសិនបើប្រើប្រាស់វាក្នុងផ្លូវត្រូវ ប៉ុន្តែខាតបង់ ប្រសិនបើប្រើប្រាស់វាក្នុងផ្លូវខុស។
លោកមានប្រសាសន៍ថា៖ «ចំណុចនេះទាមទារឲ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវធ្វើសកម្មភាពរួមគ្នា។ វាមិនគ្រាន់តែបញ្ហាជួញដូរមនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាមានមែកធាងរបស់វាក្នុងការចាប់ផ្តើម ដូចជាចាប់ផ្តើមចេញពីល្បែងស៊ីសងនិងអំពើទុច្ចរិតនាៗទៀតដែលឈានទៅរកស្ថានភាព ធ្ងន់ធ្ងរគឺការជួញដូរមនុស្ស»។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ជនបរទេសរាប់ពាន់នាក់ត្រូវបានអូសទាញឲ្យមកធ្វើការងារនៅក្នុងប្រទេសកម្ពុជា រួមទាំងពលរដ្ឋមកពីបណ្តាប្រទេសអាស៊ានក្បែរខាងដូចជាឥណ្ឌូណេស៊ីនិងម៉ាឡេស៊ីផងដែរ។
ខណៈពេលជារឿយៗ ពលរដ្ឋកម្ពុជាទៅធ្វើការនៅប្រទេសម៉ាឡេស៊ី លោកបានមានប្រសាសន៍ថា ឥឡូវ ជនជាតិម៉ាឡេស៊ីមកធ្វើការនៅប្រទេសកម្ពុជា។ ប៉ុន្តែលោកមានប្រសាសន៍ថា៖ «ពួកគេត្រូវបានបោកប្រាស់ [ហើយប្រាប់] ថា ប្រទេសកម្ពុជាមានប្រាក់ខែខ្ពស់»។
មានសេចក្តីរាយការណ៍ព័ត៌មានជាច្រើនថា ជនបរទេសត្រូវបានគេបោកបញ្ឆោតឲ្យមកប្រទេសកម្ពុជា បន្ទាប់ពីសន្យាផ្តល់ប្រាក់ឈ្នួលខ្ពស់ ប៉ុន្តែផ្ទុយទៅវិញ នៅពេលពួកគេមកដល់ លិខិតឆ្លងដែនរបស់ពួកគេត្រូវបានដកហូតហើយប្រាក់ឈ្នួលត្រូវបានគេរក្សាទុក ខណៈពួកគេត្រូវបានបង្ខំឲ្យប្រព្រឹត្តិការឆបោកនៅក្នុងកន្លែងបិទបាំង។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «យើងអត់នឹកដល់ថាជនជាតិបរទេសមកចាញ់បោកគេអស់មិនចេះតិចនៅក្នុងនេះ ចូលដល់រាប់ពាន់នាក់ ប៉ុន្តែដែលយើងរកឃើញដែលជាជនរងគ្រោះពិតប្រាកដដល់រយនាក់»។
លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានប្រាប់បណ្តាញព័ត៌មានជាភាសាចិន Cambodia-China Times កាលពីសប្តាហ៍មុនថា រដ្ឋាភិបាលបានប៉ាន់ប្រមាណថា មានមនុស្សប្រហែល៧០.០០០ទៅ១០០.០០០នាក់ មកធ្វើការនៅបនល្បែងអនឡាញខុសច្បាប់។
លោក សុខ ផល មានប្រសាសន៍ថា៖ «ពួកគេត្រូវយល់ថា ប្រសិនបើពួកគេធ្វើការងារនេះ វារំលោភច្បាប់កម្ពុជា។ ពួកគេមិនអាចបន្តធ្វើអាជីវកម្មនេះ ដើម្បីផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃនិងគ្រួសារបានទេ។ ពួកគេគួរស្វែងរកអ្វីផ្សេងដើម្បីធ្វើ។ ប្រសិនបើយើងទាំងអស់គ្នាយល់ចឹងទៅ ខេត្តព្រះកំពង់សោមរបស់យើងនិងខេត្តដទៃទៀតនឹងអាចដោះស្រាយជាបណ្តើរៗនូវបញ្ហាលេងល្បែងខុសច្បាប់និងការរត់ពន្ធមនុស្ស»។
ដោយបញ្ជាក់ឡើងវិញអំពីការអំពាវនាវរបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ហ៊ុន សែន បានមានប្រសាសន៍ថា អាជ្ញាធរ «ត្រូវតែផ្តោតគោលដៅ» លើទំនាក់ទំនង ដើម្បី «សង្គ្រោះជនរងគ្រោះឲ្យបានឆាប់ ស៊ើបអង្កេតរកជនល្មើសនិងស្វែងរកមេក្លោងដើម្បីយកមកកាត់ទោសនិងប្រមូលភស្តុតាងដើម្បីបិទអាជីវកម្មខុសច្បាប់ ជាពិសេសល្បែងស៊ីសងនិងល្បែងតាមអនឡាញខុសច្បាប់»។
លោកបានបន្ថែមថា៖ «ខ្ញុំជឿថា យុទ្ធនាការបង្ក្រាបលើល្បែងស៊ីសងនឹងជួយកាត់បន្ថយការជួញដូរមនុស្សនិងពង្រឹងគោលនយោបាយភូមិ ឃុំ សុវត្ថិភាពឲ្យមានប្រសិទ្ធិភាព»។
នៅក្នុងវេទិកាដដែលនេះកាលពីថ្ងៃព្រហស្បតិ៍ លោក ស ខេង មានប្រសាសន៍ថា ចាប់តាំងពីថ្ងៃទី១៨ ខែសីហា រដ្ឋាភិបាលបានទទួលបណ្តឹងចំនួន៣៦៨ ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ពលកម្មដោយបង្ខំឬការបង្ខាំងមនុស្ស ដែលក្នុងនោះមាន១៤៩ករណីកើតឡើងនៅខេត្តព្រះសីហនុ។
លោកមានប្រសាសន៍ថា៖ «កម្ពុជាមានករណីឆបោកតាមប្រព័ន្ធគមនាគមន៍យ៉ាងគគ្រឹកគគ្រេង»។
អាជ្ញាធរបានធ្វើការឆែកឆេរនៅតាមទីតាំងជាច្រើន ដោយសង្គ្រោះមនុស្ស៣៦១នាក់រួមទាំងប្រាំបួនករណីដែលមានមនុស្ស៥៤នាក់មកពី៦ប្រទេសផ្សេងគ្នាត្រូវបានគេជួញដូរ។ លោករដ្ឋមន្ត្រីមានប្រសាសន៍ថា នគរបាលបានឃាត់ខ្លួននិងចោទប្រកាន់ជនសង្ស័យចំនួន៤១នាក់ រឹបអូសភស្តុតាងនិងបិទទីតាំងដើម្បីស៊ើបអង្កេតបន្ថែម។
នៅក្នុងខែនេះ នគរបាលបានឆ្មក់ចូលឆែកឆេរទីតាំងរបស់ក្រុមហ៊ុនមួយនៅក្រុងព្រះសីហនុដោយឃាត់ខ្លួនជនបរទេស២៧នាក់និងបានអះអាងថា មានការប្រព្រឹត្តិល្បែងស៊ីសង ការជួញដូរមនុស្សនិងបទល្មើសផ្សេងទៀតនៅទីនោះ។ ប៉ុន្មានថ្ងៃក្រោយមក គណៈកម្មាការគ្រប់គ្រងល្បែងស៊ីសងបានផ្តល់អាជ្ញាបណ្ណកាស៊ីណូដល់ក្រុមហ៊ុនដដែលនេះ។
លោក ស ខេង មានប្រសាសន៍ថា ក្រុមឧក្រិដ្ឋជនបានប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនិងជនរងគ្រោះជាឧបករណ៍ ដើម្បីឆបោកអ្នកដទៃ ដោយបង្ខំឲ្យពួកគេធ្វើការងារ បង្ខាំងពួកគេទុកនិងបង្ខំពួកគេ។
លោកបានបន្ថែមថា៖ «ជនល្មើសខ្លះកាន់កាប់អាវុធដោយខុសច្បាប់។ ដែលសកម្មភាពនេះបើមិនបង្ការទប់ស្កាត់ទេនឹងអាចប៉ះពាល់ដល់សន្តិសុខជាតិនាពេលអនាគត»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia At Risk of Being Called ‘Worst Country’ Over Trafficking: PM