រដ្ឋាភិបាលកម្ពុជាត្រៀមអនុវត្តប្រព័ន្ធច្រកទ្វារអ៊ីនធឺណិតជាតិតែមួយ ដើម្បីពង្រឹងការគ្រប់គ្រងលើបណ្តាញអ៊ីនធឺណិត និងគ្រប់គ្រងលើចរាចរណ៍ទិន្នន័យតាមប្រព័ន្ធអ៊ីនធឺណិតនៅក្នុងប្រទេស។
អនុក្រឹត្យចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែនកាលពីថ្ងៃទី១៦ ខែកុម្ភៈ បង្ហាញថា ច្រកទ្វារអ៊ីនធឺណិតជាតិនឹងបង្កើតជាប្រព័ន្ធច្រកចេញចូលតែមួយសម្រាប់គ្រប់បណ្តាញអ៊ីនធឺណិតទាំងអស់ក្នុងប្រទេស។ គោលបំណងនៃច្រកទ្វារអ៊ីនធឺណិតជាតិនេះគឺដើម្បី «កៀរគរចំណូលជាតិ ការពារសន្តិសុខជាតិ និងការថែរក្សារបៀបរៀបរយសណ្តាប់ធ្នាប់សង្គម វប្បធម៌ និងប្រពៃណីជាតិ»។
អនុក្រឹត្យខាងលើបានសរសេរថា៖ «ច្រកទ្វារអ៊ីនធឺណិតជាតិអនុញ្ញាតឲ្យប្រតិបត្តិការសហការជាមួយនឹងក្រសួងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ក្នុងការចាត់វិធានការទប់ស្កាត់ និងកាត់ផ្តាច់ចោលរាល់ការតភ្ជាប់បណ្តាញដែលប៉ះពាល់ដល់ចំណូលជាតិ សុវត្ថិភាព របៀបរៀបរយសណ្តាប់ធ្នាប់សង្គម សីលធម៌ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់»។
រដ្ឋាភិបាលនឹងផ្តល់អាជ្ញាបណ្ណដល់ប្រតិបត្តិករក្រោមច្រកទ្វារអ៊ីនធឺណិតជាតិឲ្យដាក់ដំណើរការជញ្ជាំងការពារ (Firewall) ប៉ុន្តែមិនបានបញ្ជាក់លម្អិតថា ប្រតិបត្តិករណាមួយនឹងមានសិទ្ធិទទួលបានអាជ្ញាបណ្ណនោះទេ។
ច្រកទ្វារអ៊ីនធឺណិតនឹងត្រូវដាក់តាមទីតាំងផ្សេងៗនៅក្រុងភ្នំពេញ ខេត្តព្រះសីហនុ ក្រុងប៉ោយប៉ែតនៅខេត្តបន្ទាយមានជ័យ និងក្រុងបាវិតនៅខេត្តស្វាយរៀង។
សម្ព័ន្ធអ៊ីនធឺណិតតំបន់អាស៊ី (AIC) កាលពីខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្តីថ្លែងការណ៍បង្ហាញពីការព្រួយបារម្ភពីច្រកទ្វារអ៊ីនធឺណិតជាតិរបស់កម្ពុជា បន្ទាប់ពីសេចក្តីព្រាងអនុក្រឹត្យបានលេចចេញតាមបណ្តាញផ្សព្វផ្សាយកាលពីឆ្នាំមុន។
សម្ព័ន្ធអ៊ីនធឺណិតតំបន់អាស៊ី (AIC) បាននិយាយថា សេចក្តីសម្រេចរបស់រដ្ឋាភិបាលកម្ពុជានៅក្នុងការបំបិទជម្រើសរបស់ពលរដ្ឋសម្រាប់ការតភ្ជាប់អ៊ីនធឺណិតជាសាកលអាចដាក់សម្ពាធលើការច្នៃប្រឌិត វិនិយោគបរទេស និងប៉ះពាល់ខ្លាំងទៅលើសេដ្ឋកិច្ចតាមប្រព័ន្ធឌីជីថល ដែលកំពុងរីកចម្រើន របស់កម្ពុជា។
ក្រុមសម្ព័ន្ធបានបន្តថា អនុក្រឹត្យខាងលើផ្តល់ឲ្យរដ្ឋាភិបាលនូវអំណាចធំធេង ដើម្បីបង្អាក់ការបង្ហោះសារផ្សេងៗតាមប្រព័ន្ធអ៊ីនធឺណឹត ឬបណ្តាញអ៊ីនធឺណិតណាមួយ។
លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បាននិយាយថា ការបង្កើតច្រកទ្វារអ៊ីនធឺណិតគឺជា ការព្រួយបារម្ភយ៉ាងខ្លាំងមួយ ពីព្រោះនេះអាចជាមធ្យោបាយមួយទៀតសម្រាប់រដ្ឋាភិបាលដើម្បីគ្រប់គ្រងលើលំហូរព័ត៌មាននៅកម្ពុជា។
លោកស្រីបាននិយាយថា៖ «ពេលវេលានៃការដាក់ចេញច្រកទ្វារអ៊ីនធឺណិតជាតិគឺពិតជាការព្រួយបារម្ភមួយ ខណៈនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានការកើនឡើងនូវចំនួនពលរដ្ឋដែលរងការគំរាមកំហែង ការបៀតបៀន និងរងការចោទប្រកាន់ពីការប្រើប្រាស់អ៊ីនធឺណិត និងប្រើប្រាស់សិទ្ធិសេរីភាពរបស់ពួកគេនៅក្នុងការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិត»។
លោកស្រី ចក់ សុភាពបានលើកឡើងថា ច្រកទ្វារអ៊ិនធឺណិតជាតិអាចត្រូវប្រើប្រាស់ដើម្បីពង្រឹងការតាមដានដែលកំពុងមានស្រាប់ បង្អាក់ការទាក់ទង និងទិន្នន័យឯកជន ក៏ដូចជា គំរាមកំហែងសិទ្ធិនៅក្នុងការបញេ្ចញមតិរបស់ពលរដ្ឋកម្ពុជា។
កម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់លើឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត ដែលអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានលើកឡើងកាលពីឆ្នាំមុនថា គួរត្រូវតែលុបចោលភ្លាមៗ ពីព្រោះច្បាប់នេះនឹងពង្រឹងការឃ្លាំមើលមកលើអ្នកប្រើប្រាស់អ៊ីនធឺណិត បំពានសិទ្ធិឯកជនភាព និងសេរីភាពនៅក្នុងការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិត។
លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជា បាននិយាយថា ការដាក់ចេញជាច្រកទ្វារអ៊ីនធឺណិតជាតិនឹងមិនប៉ះពាល់ដល់សិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិតនោះទេ ប៉ុន្តែមានគោលបំណងលើកកម្ពស់គុណភាពអ៊ីនធឺណិតនៅក្នុងប្រទេស។
លោកបានថ្លែងថា៖ «ដើម្បីឆ្លើយតបនឹងការប្រើប្រាស់អ៊ីនធឺណិតរបស់ពលរដ្ឋកម្ពុជា យើងត្រូវបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិតែមួយ ដើម្បីយើងអាចគ្រប់គ្រង និងប្រមូលថវិកាជាតិបន្ថែមពីវិស័យនេះ។ យើងអាចគ្រប់គ្រងភេរវកម្ម ឬឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតប្រកបដោយប្រសិទ្ធភាពផងដែរ»។
យោងទៅតាមអនុក្រឹត្យ ច្រកទ្វារអ៊ីនធឺណិតជាតិនឹងតម្រូវឲ្យប្រតិបត្តិករ ឬក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអ៊ីនធឺណិតផ្តល់នូវរបាយការណ៍ប្រចាំខែ ត្រីមាស និងប្រចាំឆ្នាំទៅកាន់រដ្ឋាភិបាល និងផ្តល់សិទ្ធិឲ្យរដ្ឋាភិបាលត្រួតពិនិត្យលើរចនាសម្ព័ន្ធ និងគ្រឿងសម្ភារៈរបស់ក្រុមហ៊ុន។
យោងទៅតាមរបាយការណ៍និយ័តកម្មទូរគមនាគមន៍កម្ពុជា មានអ្នកប្រើប្រាស់អ៊ីនធឺណិតចល័តចំនួន ១៤,៨លាននាក់ គិតត្រឹមខែឧសភា ឆ្នាំ២០២០ និងមានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ៩,៧ លាននាក់នៅកម្ពុជា គិតត្រឹមខែមករា ឆ្នាំ២០២០។
អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានជិត ៦០ភាគរយនៃប្រជាជនសរុប ដែលនេះបង្ហាញពីការពឹងអាស្រ័យរបស់ពលរដ្ឋកម្ពុជាលើបណ្តាញសង្គមជាប្រភពព័ត៌មាន និងជាបណ្តាញទំនាក់ទំនងផ្ទាល់ខ្លួន៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia establishes an internet gateway, raising red flags