ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិស្នើឱ្យកម្ពុជាផ្អាកការអនុវត្តអនុក្រឹត្យទាក់ទងនឹងការ តាមដានទិន្នន័យរបស់អ្នកប្រើប្រាស់អ៊ីនធឺណិត ដោយសារអនុក្រឹត្យនេះមានការរឹតត្បិតព្រមទាំងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិឯកជន និងសេរីភាពបែបប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ខណៈអ្នកនាំពាក្យរដ្ឋាភិបាលបានសម្ដែងការមិនពេញចិត្តចំពោះការលើកឡើងរបស់អ្នក ជំនាញUN។
ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិបានបានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី១ ខែកុម្ភៈ បានលើកឡើងថា អនុក្រឹត្យនេះអនុញ្ញាតឱ្យរដ្ឋាភិបាលកម្ពុជាអាចតាមដានសកម្មភាពលើប្រព័ន្ធអ៊ីនធឺណិត ស្កាត់ចាប់យក និងត្រួតពិនិត្យការប្រាស្រ័យទាក់ទងតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងប្រមូល រក្សាទុក និងចែករំលែកព័ត៌មានបុគ្គលរបស់អ្នកប្រើប្រាស់នីមួយៗ។
អ្នកជំនាញបានសង្កត់ធ្ងន់ថា៖ «អនុក្រឹត្យដែលមានលក្ខណៈរឹតត្បិតនេះ អាចនឹងមានផលប៉ះពាល់យ៉ាងអាក្រក់លើសិទ្ធិឯកជនភាព និងបង្កើតបានជាហានិភ័យគ្រោះថ្នាក់មួយប្រសិនបើព័ត៌មានទាំងនោះត្រូវបានគេប្រើខុស»។
អ្នកជំនាញអះអាងថា អនុក្រឹត្យដែលស្ថិតក្នុងទម្រង់បច្ចុប្បន្នធ្វើទៅហួសពីការរឹតត្បិតដែលត្រូវបានអនុញ្ញាតក្នុងការកម្រិតសេរីភាពនៃការបញ្ចេញមតិ ដែលមានចែងក្នុងមាត្រា១៧ និង១៩ (៣) នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលជាសន្ធិសញ្ញាសិទ្ធិមនុស្សដ៏សំខាន់មួយដែលកម្ពុជាជាភាគី។
អ្នកជំនាញលើកឡើងទៀតថា៖ «ដើម្បីបញ្ជាក់ភាពត្រឹមត្រូវតាមផ្លូវច្បាប់ ការរឹតត្បិតសេរីភាពបុគ្គលបែបនេះទាមទារឱ្យអនុលោមតាមការកម្រិតយ៉ាងតឹងរឹងតាមផ្លូវច្បាប់ មានភាពចាំបាច់ និងមានសមាមាត្រ រួមទាំងបញ្ហាសន្តិសុខជាតិ ឬសីលធម៌សាធារណៈផងដែរ។ មើលទៅហាក់ដូចជាលំបាកខ្លាំងណាស់ក្នុងការស្រមៃមើលថាតើយុត្តិកម្មផ្លូវច្បាប់យ៉ាងតឹងតែងបែបនេះអាចអនុវត្តបាននៅក្នុងករណីអនុក្រឹត្យនេះដោយរបៀបណា»។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផានបានមានប្រសាសន៍ថា កម្ពុជាមិនមានហេតុផលណាក្នុងការផ្អាកអនុវត្តច្បាប់ច្រកទ្វារអ៊ីនធឺណិតទេ ហើយប្រសិនបើចង់ឱ្យកម្ពុជាផ្អាក ប្រទេសធំៗ មានអាមេរិកជាដើមគួរលុបច្បាប់នេះជាមុនសិន។ លោកបន្តថា ជាយន្តការណ៍ កម្ពុជាគ្រាន់តែចង់បានសេវាអ៊ីនធឺណិតគ្របដណ្ដប់គ្រប់កន្លែង និងមានតម្លៃថោក។ ម្យ៉ាងគោលបំណងនៃច្បាប់នេះ មិនបានបង្កជារនាំងដល់ការបញ្ចេញមតិ ឬសិទ្ធិសេរីភាពអនឡាញទេ ហើយច្បាប់នេះមានស្ដង់ដារប្រហាក់ប្រហែលប្រទេសផ្សេងដែរ។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «បើប្រាប់ឱ្យកម្ពុជាលុបច្បាប់ហ្នឹងចោល គេគួរនាំគ្នាលុបច្បាប់ដែលជា Homeland របស់សហរដ្ឋអាមេរិក ដែលគេគ្រប់គ្រងលើអនឡាញចោលសិន បានកម្ពុជាធ្វើតាម។ កម្ពុជាអត់មានចរិតណាទៅផ្តន្ទាទោស ឬបង្កើតឧបសគ្គក្នុងការបញ្ចេញយោបល់ទេ យើងលើកទឹកចិត្តឱ្យមានការបញ្ចេញយោបល់តាមអនឡាញ»។
លោក ស៊ីផាន បានបដិសេធចំពោះការលើកឡើងរបស់អ្នកជំនាញនៃអង្គការសហប្រជាជាតិ ដែលស្នើឱ្យរដ្ឋាភិបាលកម្ពុជាផ្អាកក្នុងការអនុវត្តច្បាប់ស្ដីពី«ច្រកទ្វារអ៊ីនធឺណិត»។ លោកអះអាងថា នៅក្នុងការគ្រប់គ្រងច្រកចេញចូលតែមួយរបស់អ៊ីនធឺណិត គឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាល ក៏ដូចជារដ្ឋាភិបាលដទៃទៀតនៃពិភពលោកទាំងមូលមិនថារបបគុម្មុយនីស្ត សង្គមនិយម ឬសេរីនោះទេ។
លោកថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងគោលបំណងនេះ កម្ពុជា ច្បាប់ហ្នឹងអត់មានដេកយល់សប្តធ្វើកើតទេ កម្ពុជាយើងបានជ្រើសរើសយកប្រទេសមួយចំនួន ដូចជា អង់គ្លេស សាំងហ្គាពួរ ដើម្បីមកធ្វើ »។
លោកបន្តថា ច្បាប់នេះ គឺដើម្បីធានានូវចំណូលរបស់រដ្ឋគ្រប់គ្រងប្រឆាំងនឹងអំពើរភេរវកម្ម និងត្រៀមលក្ខណៈស្រាប់ច្បាប់ឌីជីថលសាយប័រ ដោយមានស្ថានភាពស្រាលជាងគេបើប្រៀបធៀបជាមួយអាមេរិក និងអង់គ្លេស។
អ្នកនាំពាក្យអង្គភាពរដ្ឋាភិបាលរូបនេះអះអាងថា អ្នកជំនាញនៃអង្គការសហប្រជាជាតិ ប្រតិកម្មនឹងច្បាប់ច្រកទ្វារអ៊ីនធឺណិតនៅកម្ពុជា គឺជាការមើលឃើញតែមួយជ្រុង និងគួរពិចារណាច្បាប់ភេរកម្មនៅសហរដ្ឋអាមេរិកជាមុនសិន មុននឹងស្នើឱ្យកម្ពុជាផ្អាកអនុវត្តច្បាប់នេះ។
លោកថ្លែងថា៖ «ការលើកឡើងហ្នឹង គាត់លើកឡើងមិនបានគ្រប់ជ្រុងជ្រោយទេ អាហ្នឹងគាត់គួរតែមើល ពិចារណាអំពីUNខ្លួនឯង ដែលប្រឆាំងភេរវកម្មអនឡាញ អាហ្នឹងគេមានច្បាប់គេនៅក្នុងហ្នឹងដែរ»។
លោកបន្តថ្លែងថា កម្ពុជាតាក់តែងច្បាប់ដូចគ្នានឹងប្រទេសគេផ្សេងទៀត ដោយមិនមានចេតនាអាក្រក់ ដើម្បីរិតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិតាមអនឡាញនោះទេ ពោលរដ្ឋាភិបាលស្វាគមន៍រាល់ការបញ្ចេញមតិរបស់ប្រជាជន។
លោកថា៖ «កម្ពុជាយើងធ្វើដូចគេដូចឯង មិនមានគំនិតអាក្រក់ការបញ្ចេញយោបល់ ការបញ្ចេញមតិអនឡាញយើងស្វាគមន៍ យើងមិនមែនបិទរឹតត្បិតនោះទេ»។

ទន្ទឹមនឹងនេះលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ធ្លាប់បានបកស្រាយ យ៉ាងដូច្នេះថា អនុក្រឹត្យស្តីពីច្រកទ្វារអ៊ីនធឺណិតជាតិ មិនមែនជាឧបករណ៍ប្រើសម្រាប់ចាប់ទិន្នន័យពីអ្នកប្រើប្រាស់អ៊ីនធឺណិត ឬរឹតត្បិតសេរីភាពលើបណ្តាញអ៊ីនធឺណិតនោះឡើយ។
លោកលើកឡើងថា៖«ច្រកទ្វារអ៊ីនធឺណិតជាតិនេះ បង្កើតឡើងដើម្បីសម្របសម្រួល និងគ្រប់គ្រងការតភ្ជាប់បណ្តាញអ៉ីនធឺណិតក្នុង និងក្រៅប្រទេស និងសម្រាប់ផ្លាស់ប្តូរទិន្នន័យអ៊ីនធឺណិតក្នុងប្រទេស និងក្រៅប្រទេស»។
យ៉ាងណាមិញ លោក វ៉ាន់ដេត ធ្លាប់បានអះអាងថា គោលបំណងនៃការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិនេះ មានគោលបំណងមួយចំនួនផ្សេងទៀតផងដែរ គឺដើម្បីការពារផលប្រយោជន៍ជាតិតាមរយៈការបង្កើតប្រសិទ្ធភាពនៃការប្រមូលចំណូលជាតិ ការពារអ្នកប្រើប្រាស់តាមរយៈការចូលរួមទប់ស្កាត់ល្បែងស៊ីសងអនឡាញខុសច្បាប់ ការគំរាមកំហែងតាមអ៉ីនធឺណិត ការរំលោភបំពានលើកុមារ ព្រមទាំងបទល្មើសឆបោក និងឧក្រឹដ្ឋកម្មតាមប្រព័ន្ធអនឡាញ។ ពិសេស ដើម្បីពង្រឹងប្រសិទ្ធភាព និងស្ថេរភាពនៃការតភ្ជាប់អ៊ីនធឺណិត នៅក្នុង និងក្រៅប្រទេស ហើយចុងក្រោយគឺ ការពារប្រយោជន៍ស្របច្បាប់របស់ប្រតិបត្តិករ។
ដោយឡែក លោកស្រី ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានយល់ស្របចំពោះការលើកឡើងរបស់អង្គការសហប្រជាជាតិ ជុំវិញការស្នើឱ្យរដ្ឋាភិបាលកម្ពុជាផ្អាកការអនុវត្តច្បាប់នេះ និងបានស្នើទៅរដ្ឋាភិបាលឱ្យពិនិត្យឡើងវិញមុនអនុក្រឹត្យនេះត្រូវបានអនុម័ត។ យ៉ាងណាមិញ លោកស្រី សុភាព នៅតែសម្ដែងការព្រួយបារម្ភចំពោះអនុក្រឹត្យនេះថានឹងមានវិសាលភាពក្នុងការឃ្លាំមើល ការតាមដានត្រួតពិនិត្យមកលើឯកជនភាពរបស់អ្នកប្រើប្រាស់ទាំងឡាយពីសំណាក់អាជ្ញាធរមានអំណាចចំពោះការគ្រប់គ្រងប្រព័ន្ធអ៊ិនធឺណិតនេះ។
លោកស្រីមានប្រសាសន៍ថា៖ «បញ្ញាតិនៃអនុក្រឹត្យនេះ គឺមានការចែងអំពីកាតព្វកិច្ចរបស់ក្រុមហ៊ុនត្រូវប្រមូលទុកនូវទិន្នន័យនៃការប្រើប្រាស់ ត្រូវប្រគល់ជូនអាជ្ញាធរនៅពេលណាដែលអាជ្ញាធរស្នើសុំ។ ចឹងច្បាប់នេះ វានឹងបន្ថែមទម្ងន់ បានន័យថាបន្ថែមភាពស្របច្បាប់ ដែលអាជ្ញាធរលោកអាចធ្វើការទប់ស្កាត់ ឬដៅមុខសញ្ញាហ្នឹង»។
លោកស្រីមើលឃើញថា ច្បាប់នេះមិនទាន់មានការកំណត់ច្បាស់លាស់ និងមានការចែងទូលំទូលាយ។ លោកស្រីបន្តថា ការរឹតបណ្ដឹងណាមួយទៅលើលំហនៃប្រព័ន្ធអ៊ិនធឺណិត វានឹងធ្វើឱ្យប៉ះពាល់នៅដល់លំហសង្គមស៊ីវិល និងបរិយាកាសអំណោយផលរបស់ពលរដ្ឋទូទៅ និងការបោះឆ្នោតនាពេលខាងមុខ។
លោកស្រីលើកឡើងថា៖ « នៅក្នុងមាត្រា៦ នៃអនុក្រឹត្យ គឺមានការចែងអំពីការអនុញ្ញាតឱ្យអាជ្ញាធរធ្វើការទប់ស្កាត់ ការតភ្ជាប់បណ្ដាញ ឬខ្លឹមសារណាដែលចាត់ទុកថាប៉ះពាល់ដល់ចំណូលជាតិ សុវត្ថិភាព ឬរបៀបរៀបរយសណ្ដាប់ធ្នាប់សង្គម និងសីលធម៌ វប្បធម៌។ ខ្លឹមសារទាំងអស់នេះត្រូវបានចែងក្នុងលក្ខណៈមួយទូលំទូលាយ ហើយមិនអាចទាញយកទៅបកស្រាយ និងអាចប៉ះពាល់ទៅដល់សិទ្ធិសេរីភាពប្រជាពលរដ្ឋ»។
លោកស្រីបារម្ភថា នៅពេលដែលអាជ្ញាធរមានអំណាចលើសលប់ក្នុងការគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត អាចតាមដាន អាចត្រួតពិនិត្យទៅលើការប្រើប្រាស់ វានឹងបង្កហានិភ័យចំពោះលំហសង្គមស៊ីវិល ពិសេសធ្វើឱ្យពលរដ្ឋខ្លាចរអា និងការចាប់ពិរុទ្ធ។
ថ្វីបើយ៉ាងនេះក្ដី លោកស្រី សុភាព ប្រាប់ឱ្យដឹងថា កាលពីឆ្នាំ២០១៥ ប្រទេសថៃ ក៏ធ្លាប់គិតគូរចង់បង្កើតច្បាប់ច្រកទ្វារអ៊ីនធឺណិតនេះដែរ ប៉ុន្តែគេបានលុបច្បាប់នេះវិញ បន្ទាប់ពីមើលឃើញនូវផលអវិជ្ជមានជះមកលើបញ្ហាសិទ្ធិមនុស្ស និងកត្តាសេដ្ឋកិច្ច ដល់ក្រុមហ៊ុនឯកជនមួយចំនួនផងដែរ។ សួមជម្រាបជូនថា កាលពីឆ្នាំមុន ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិបានផ្ញើលិខិតមួយច្បាប់ជូនដល់អាជ្ញាធរកម្ពុជា ដោយបានស្នើកុំឱ្យបន្តអនុវត្តអនុក្រឹត្យនេះ រហូតដល់ការការពារសិទ្ធិមនុស្សយ៉ាងហ្មត់ចត់ត្រូវបានការអនុវត្តជាមុន។
អ្នកជំនាញលើកឡើងបន្ថែមថា៖ «ការបើកឱ្យមានការត្រួតត្រាយ៉ាងទូលំទូលាយបែបនេះអាចបណ្តាលឱ្យមានដំណើរថយក្រោយនៃការការពារ និងការធានាសិទ្ធិមនុស្សយ៉ាងច្រើន ដែលសម្រេចបានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ហើយនៅពេលដែលមានការផ្តល់សិទ្ធិអំណាចទូលំទូលាយដែលជាការរឹតត្បិតសិទ្ធិបែបនេះ វានឹងពិបាកក្នុងការគ្រប់គ្រងម្តងទៀត»៕