ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអ៊ីនធឺណិត មេគង្គណិត (MekongNet) និយាយថា ខ្លួនព្រួយបារម្ភពីបណ្តាញអ៊ីនធឺណិតដែលអាចជឿជាក់បាន និងការចំណាយបន្ថែមលើការវិនិយោគនានា ទាក់ទងទៅនឹងការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិលើកដំបូងរបស់កម្ពុជា ដែលនឹងផ្តល់អំណាចដល់រដ្ឋាភិបាលក្នុងការគ្រប់គ្រងមកលើទំនាក់ទំនងតាមប្រព័ន្ធអ៊ីនធឺណិតរបស់ពលរដ្ឋកម្ពុជា។
អនុក្រឹត្យដែលបានចេញកាលពីសប្តាហ៍មុន បានអនុញ្ញាតឲ្យមានការបង្កើតជាច្រកទ្វារអ៊ីនធឺណិតជាតិ ដើម្បីគ្រប់គ្រងលើលំហូរព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងគោលបំណង «កៀរគរចំណូលជាតិ រក្សាសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងប្រពៃណីវប្បធម៌»។ ប៉ុន្តែអង្គការការពារសិទ្ធិនិយាយថា ច្រកទ្វារអ៊ីនធឺណិតអាចត្រូវប្រើប្រាស់ដើម្បីរឹតត្បិតការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិត និងពង្រឹងយុទ្ធសាស្រ្តឃ្លាំមើលដែលកំពុងត្រូវបានប្រើប្រាស់រួចស្រាប់ទៅហើយដើម្បីកំណត់គោលដៅមកលើក្រុមអ្នករិះគន់។
លោកស្រីសុខ ចិន្តា នាយិកាប្រតិបតិ្តក្រុមហ៊ុន មេគង្គណិត បាននិយាយថា ក្រុមហ៊ុនមេគង្គណិត កំពុងរង់ចាំសេចក្តីណែនាំផ្នែកបច្ចេកទេសបន្ថែមពីរដ្ឋាភិបាលពាក់ព័ន្ធនឹងអនុក្រឹត្យថ្មីនេះ។
លោកស្រីបានលើកឡើងថា រដ្ឋាភិបាលចង់គ្រប់គ្រង់លើសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ប៉ុន្តែរដ្ឋាភិបាលក៏ត្រូវធានាផងដែរថា ព័ត៌មាននិងទិន្នន័យរបស់អតិថិជនមិនត្រូវធ្វើឲ្យបែកធ្លាយនោះទេ។
លោកស្រីបានថ្លែងថា៖ «ប្រសិនបើទិន្នន័យត្រូវបែកធ្លាយ វានឹងប៉ះពាល់មកលើអតិថិជនរបស់យើង។ ខ្ញុំសូមលើកឧទាហរណ៍ដូចជា ទិន្នន័យធនាគារអាចបែកធ្លាយ ហើយនឹងប៉ះពាល់ដល់ពួកគាត់។ នេះជារឿងដែលយើងព្រួយបារម្ភ។ ឬទិន្នន័យអាចត្រូវផ្តល់ឲ្យដល់គូប្រជែងផ្នែកអាជីវកម្មរបស់យើង»។
លោកស្រីចិន្តាបាននិយាយថា ចរាចរណ៍ទិន្នន័យតាមប្រព័ន្ធអ៊ីនធឺណិតតាមច្រកតែមួយនឹងជាបញ្ហាព្រួយបារម្ភសម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអ៊ីនធឺណិត ពីព្រោះត្រូវបង្កើនការវិនិយោគនៅក្នុងច្រកទ្វារនេះ។
លោកស្រីបានលើកឡើងថា៖ «នៅពេលយើងត្រូវឆ្លងកាត់ច្រកតែមួយ យើងបារម្ភថា ពេលដែលច្រកទ្វារអ៊ីនធឺណិតត្រូវបានកាត់ផ្តាច់ នោះក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអ៊ីនធឺណិតទាំងអស់នឹងត្រូវកាត់ផ្តាច់ដូចគ្នាផងដែរ»។
លោកស្រីបន្ថែមថា ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអ៊ីនធឺណិតបានដាក់សំណើពីការព្រួយបារម្ភនេះទៅកាន់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក្នុងអំឡុងពេលដែលពួកគេត្រូវបានអញ្ជើញដើម្បីប្រឹក្សាយោបល់លើអនុក្រឹត្យ។ ប៉ុន្តែមកទល់ពេលនេះ ពួកគេមិនទទួលបានការឆ្លើយតបនោះទេ។
រដ្ឋាភិបាលកម្ពុជាបានអះអាងថា ច្រកទ្វារអ៊ីនធឺណិតនឹងលើកកម្ពស់ការតភ្ជាប់បណ្តាញអ៊ីនធឺណិត ផ្តល់ឱកាសដើម្បីលុបបំបាត់ការគំរាមកំហែងលើសន្តិសុខជាតិ និងជំរុញការប្រមូលថវិកាជាតិ។ កាលពីសប្តាហ៍មុន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានច្រានចោលការព្រួយបារម្ភលើកឡើងដោយអង្គការការពារសិទ្ធិ ដោយនិយាយថា ការលើកឡើងទាំងនោះគឺ «មិនមានមូលដ្ឋានច្បាស់លាស់ ធ្វើឡើងក្នុងហេតុផលនយោបាយ មិនពិត និងផ្ទុយពី» គោលបំណងចែងនៅក្នុងអនុក្រឹត្យ។
លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍សម្រាលការព្រួយបារម្ភ ដោយលើកឡើងថា ក្រុមបច្ចេកទេសរបស់ក្រសួងកំពុងពិភាក្សាដើម្បីដាក់បញ្ចូលបច្ចេកវិទ្យាថ្មីសម្រាប់ច្រកទ្វារអ៊ីនធឺណិតជាតិ។
លោកបានថ្លែងថា៖ «ប្រតិបត្តិករមួយចំនួនប្រហែលព្រួយបារម្ភអំពីរឿងនេះ ប៉ុន្តែយើងមានច្រកទ្វារមួយចំនួនដើម្បីតភ្ជាប់ ដូចជា នៅក្រុងប៉ោយប៉ែត ក្រុងភ្នំពេញ និងក្រុងព្រះសីហនុ។ ដូច្នេះ វាមិនគួរជាការព្រួយបារម្ភនោះទេ»។
អនុក្រឹត្យខាងលើអនុញ្ញាតឲ្យមានការផ្តល់អាជ្ញាបណ្ណដល់ប្រតិបត្តិករច្រកទ្វារអ៊ីនធឺណិតជាតិដើម្បីគ្រប់គ្រងច្រកទ្វារទាំងនេះ ប៉ុន្តែមិនបានផ្តល់នូវសេចក្តីលម្អិតដែលថា ក្រុមហ៊ុនណានឹងទទួលបានសិទ្ធិគ្រប់គ្រងលើចរាចរណ៍ទិន្នន័យតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជានោះទេ។
លោកបានថ្លែងថា ក្រសួងបានអញ្ជើញក្រុមហ៊ុនឯកជនសម្រាប់ការពិគ្រោះយោបល់ចំនួនបីលើក ហើយនឹងបន្តពិភាក្សាពីច្រកទ្វារអ៊ីនធឺណិតជាតិជាមួយក្រុមហ៊ុនទាំងនោះ។
សកម្មជនសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិលកាលពីសប្តាហ៍មុនបានបញ្ចេញនូវសេចក្តីថ្លែងការណ៍ដោយអំពាវនាវឲ្យមានការទម្លាក់ចោលនូវអនុក្រឹត្យខាងលើ។
លោក អ៊ុល វ៉ាន់ ប្រធានអង្គការបណ្តាញយុវជនកម្ពុជា និយាយថា រដ្ឋាភិបាលមានបំណងគ្រប់គ្រងលើចរាចរណ៍អ៊ីនធឺណិតនៅកម្ពុជា ស្របពេលសកម្មភាពតាមប្រព័ន្ធអ៊ីនធឺណិតកំពុងកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេស។
លោកបានមានប្រសាសន៍ថា៖ «ឥឡូវនេះយើងឃើញមនុស្សកាន់តែច្រើនប្រើប្រាស់អ៊ីនធឺណិតជាវេទិកាដើម្បីទាក់ទងគ្នា និងចែករំលែកព័ត៌មាន។ ពួកគេប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតដើម្បីបង្ហាញការព្រួយបារម្ភរបស់ពួកគេ និងអំពាវនាវឲ្យមានការដោះស្រាយបញ្ហាផ្សេងៗ»។
លោកបានបន្តថា ច្រកទ្វារអ៊ីនធឺណិតជាតិអាចឲ្យរដ្ឋាភិបាលគ្រប់គ្រង ឬរក្សាទុកទិន្នន័យ និងព័ត៌មានរបស់អ្នកប្រើប្រាស់ ដែលនេះអាចគំរាមកំហែងដោយសិទ្ធិឯកជនភាព។
លោកបានថ្លែងថា៖ «យើងមិនដឹងថា រដ្ឋាភិបាលនឹងប្រើប្រាស់ទិន្នន័យសម្រាប់ហេតុផលណាមួយនោះទេ ជាពិសេសទិន្នន័យរបស់អ្នកនយោបាយ សកម្មជនសិទ្ធិមនុស្ស ឬអ្នកដែលជាគោលដៅរបស់រដ្ឋាភិបាល»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Local ISP concerned about costs and data security with new internet gateway