ផែនការបូមយកប្រេងលើកដំបូងរបស់កម្ពុជាមើលទៅទំនងជាបរាជ័យ ប៉ុន្តែពេលនេះរដ្ឋាភិបាលកំពុងប្រើប្រាស់វិធានការច្បាប់ដើម្បីរក្សាប្រេងដែលបូមបាន។
នៅពេលការបូមប្រេងក្នុងដែនសមុទ្រកម្ពុជាតំបន់អប្សរាត្រូវបានផ្អាក នាវាដឹកប្រេងមួយគ្រឿងបានបាត់ខ្លួន ដោយនាំយកប្រេងឆៅពេញទៅជាមួយផង ដែលសកម្មភាពនេះត្រូវបានរដ្ឋាភិបាលកម្ពុជាហៅថាជាការលួច។ ការបូមប្រេងនេះធ្វើឡើងដោយមានការចូលហ៊ុនគ្នារវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនចុះបញ្ជីនៅសិង្ហបុរីឈ្មោះ KrisEnergy ។
រដ្ឋាភិបាលកម្ពុជាពេលនេះបានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងម្ចាស់នាវា អ្នកគ្រប់គ្រង ប្រធានក្រុម និងបក្សពួកទាក់ទងនឹងបទល្មើស ផ្សេងទៀត ដែលបានលួចដឹកប្រេងចេញនេះ។ នាវិកនៅលើនាវា MT Strovolos នេះបច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួន និងសាកសួរក្នុងប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីមន្ត្រីប្រទេសនេះបានចាប់ឃាត់ ពេលនាវាចូលចតក្នុងដែនទឹកឥណ្ឌូនេស៊ីដោយគ្មានការអនុញ្ញាត។ នាវានេះ បើតាមក្រសួងរ៉ែ គឺគ្រប់គ្រងដោយ ក្រុមហ៊ុន World Tankers Management មានមូលដ្ឋាននៅសិង្ហបុរី។
លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេង នៃក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថាបណ្ដឹងនេះបានដាក់ទៅកាន់តុលាការកម្ពុជា។ លោកមានប្រសាសន៍ទៀតថា រដ្ឋាភិបាលកម្ពុជាបានដាក់សំណើទៅកាន់អាជ្ញាធរឥណ្ឌូណេស៊ី ដើម្បីបញ្ជូនជនសង្ស័យមកកម្ពុជាដើម្បីស៊ើបអង្កេត ប៉ុន្តែលោកមិនបានផ្ដល់ព័ត៌មានលម្អិតជាងនេះទេ ដោយបង្វែរឲ្យទៅយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង រាជរដ្ឋាភិបាលកម្ពុជាបានស្វែងរកជំនួយពីប្រទេសឥណ្ឌូណេស៊ី ដើម្បីនាំយកអ្នកដែលរងការចោទថាបានប្រព្រឹត្តិល្មើស និងអ្នកពាក់ព័ន្ធផ្សេងទៀត «មកផ្ដន្ទាទោស និងដើម្បីយកប្រេងឆៅកម្ពុជាមកវិញ»។
ក្រសួងបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «បញ្ហានេះ គឺជានីតិវិធីផ្លូវច្បាប់សុទ្ធសាធ ហើយមិនពាក់ព័ន្ធនឹងបញ្ហានយោបាយ ឬពាណិជ្ជកម្មឡើយ»។
ក្រសួង ក៏បានបញ្ជាក់ពីជម្លោះរវាងអ្នកគ្រប់គ្រងនាវា Strovolos និងក្រុមហ៊ុន KrisEnergy លើថ្លៃឈ្នួលនាវាផងដែរ។ កន្លងមកមានការផ្សាយថាម្ចាស់នាវាបានយកប្រេសឆៅនោះជាថ្នូរនឹងថ្លៃដែលក្រុមហ៊ុន KrisEnergy ជំពាក់ តែក្រសួងបានច្រានចោលរឿងនេះ និងថាមិនពាក់ព័ន្ធនឹងកម្ពុជានោះទេ។
សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា៖ «នេះជារឿងរវាងពួកគេ ហើយមិនមានអ្វីពាក់ព័ន្ធនឹងរាជរដ្ឋាភិបាលកម្ពុជា និងប្រេងឆៅកម្ពុជាឡើយ»។
ក្រសួងបានពន្យល់ថា ខណៈពេលស្ថិតនៅក្រោមការជួលរបស់ក្រុមហ៊ុន KrisEnergy អ្នកគ្រប់គ្រងនាវា បានទទួលបញ្ជាពីក្រុមហ៊ុន World Tankers នៅល្ងាចថ្ងៃទី២៨ ខែមិថុនា ឲ្យចាកចេញពីកម្ពុជា និងបើកចូលក្នុងដែនទឹកថៃ ដោយយកទាំងប្រេងឆៅកម្ពុជាទៅជាមួយផង។ ការចាកចេញពីដែនទឹកកម្ពុជា ក្រសួងថានាវានេះមិនបានឆ្លងកាត់នីតិវិធីគយ និងមិនមានការអនុញ្ញាតពីអាជ្ញាធរកម្ពុជា និងបានបំពានទៅនឹងច្បាប់កម្ពុជា។
នាវា និងនាវិកទាំងអស់ ក្រោយមកត្រូវបានចាប់ឃាត់ដោយអាជ្ញាធរឥណ្ឌូណេស៊ីនៅថ្ងៃទី២៧ ខែមិថុនា បន្ទាប់ពីបានចូលចតនៅសមុទ្រស៊ូមាត្រា។
នាវាប្រវែង១៨៣ម៉ែត្រនេះបានបើកចេញពីដែនទឹកប្រទេសថៃទៅកាន់កោះ Batam ដោយត្រូវបានគេរាយការណ៍ថាបានបិទប្រព័ន្ធកំណត់ទីតាំងរបស់ខ្លួន និងបានចូលចតដោយខុសច្បាប់ក្នុងទីប្រជុំកោះរបស់ឥណ្ឌូណេស៊ី។ កងទ័ពជើងទឹកឥណ្ឌូណេស៊ី បាននិយាយថាខ្លួនកំពុងសួរចម្លើយលើនាវិកទាំងនោះ មានជនជាតិឥណ្ឌាចំនួន១៣នាក់ បង់ក្លាដេសចំនួនបីនាក់ និងមីយ៉ាន់ម៉ាចំនួនបីនាក់ នៅមូលដ្ឋានរបស់ខ្លួនក្បែរប្រទេសសិង្ហបុរី។
យ៉ាងណាក្រុមហ៊ុន World Tankers បានបដិសេធការចោទប្រកាន់ថាបានផ្ទុកប្រេងដោយខុសច្បាប់និងថានាវានេះមិនមានការអនុញ្ញាតចូលចតនៅដែនទឹកឥណ្ឌូណេស៊ី នេះបើតាមការផ្សាយរបស់សារព័ត៌មាន Reuters ។
សេចក្ដីរាយការណ៍បានបន្តថា ក្រុមហ៊ុនបាននិយាយថានាវា Strovolos បានដាក់ប្រេងឆៅចំណុះ៣០០ ០០០បារ៉ែល កាលពីថ្ងៃទី២១ ខែឧសភា ដោយដឹងថានេះជាទំនិញរបស់ក្រុមហ៊ុនដែលបានជួលនាវា។
អ្ននាំពាក្យក្រុមហ៊ុន World Tankers បានប្រាប់ខេមបូចាតាមរយៈអ៊ីម៉ែលថាភាគីពាក់ព័ន្ធកំពុងធ្វើការជាមួយគ្នាលើបញ្ហានេះ តែមិនបានផ្ដល់ព័ត៌មានលម្អិតនោះទេ។
អ្ននាំពាក្យក្រុមហ៊ុនបានលើកឡើងថា៖ «ភាគីជាប់ពាក់ព័ន្ធក្នុងរឿងនេះទាំងអស់ ឥឡូវនេះកំពុងធ្វើការជាមួយគ្នាដើម្បីធានាថានឹងទទួលបានលទ្ធផលឆាប់ៗ និងមានទំនាក់ទំនងល្អ ហើយយើងជឿថារឿងនេះនឹងចេញផ្លែផ្កាឆាប់ៗនេះ»។
ក្រុមហ៊ុនWorld Tankers បានបញ្ជាក់ទៀតថា នាវាគ្មានជម្រើសអ្វីផ្សេងច្បាស់លាស់ ក្រៅតែពីការបើកនាវាចេញពីដែនទឹកកម្ពុជា ដើម្បីផ្លាស់ប្ដូរនាវិក និងចាក់ប្រេង។ ក្រសួងរ៉ែ និងថាមពលកម្ពុជាបានច្រានចោលការលើកឡើងនេះ និងថាមិនដែលមានម្ចាស់នាវា អ្នកគ្រប់គ្រង ឬភាគីពាក់ព័ន្ធណាបានទាក់ទងមកអាជ្ញាធរដើម្បីរៀបចំ ឬអនុញ្ញាតឲ្យមានសកម្មភាពនេះទេ។
ក្រសួងបានបញ្ជាក់ទៀតថា៖ «បញ្ហាទាំងអស់នេះមិនអាចយកជាលេសដើម្បីយកនាវា និងប្រេងឆៅចេញពីដែនទឹកកម្ពុជា ដោយមិនអនុលោមតាមច្បាប់កម្ពុជាឡើយ»។ ដោយបន្ថែមថា៖ «ក្រោយពីនាវាចាកចេញពីដែនទឹកកម្ពុជាដោយខុសច្បាប់ នាវាមិនដែលបានបង្ហាញឆន្ទៈក្នុងការវិលត្រឡប់ និងដឹកប្រេងឆៅមកដែនទឹកកម្ពុជាវិញឡើយ»។
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពអន្តរជាតិកម្ពុជា បានសាទរទៅនឹងវិធានការច្បាប់លើជនដែលបានលួចប្រេងនេះ។
លោកមានប្រសាសន៍ថា៖ «វាពិតជាមានសារសំខាន់ណាស់ដែលកម្ពុជានាំយកជនសង្ស័យទៅកាន់តុលាការ ហើយច្បាប់ត្រូវតែអនុវត្តលើអ្នកពាក់ព័ន្ធ បើសិនជារកឃើញកំហុស»។ លោកបន្តថា៖ «មុខមាត់កម្ពុជានឹងប៉ះពាល់ បើយើងមិនបន្តវិធានការនេះឲ្យបានសមស្រប»។
លោក ពិសី ថាកម្ពុជាគួរតែរិះរកគ្រប់វិធានការច្បាប់ដែលមាន និងបទដ្ឋាននានា ដើម្បីបន្តសំណុំរឿងនេះ និងធ្វើការឲ្យបានជិតស្និទ្ធជាមួយ អាជ្ញាធរ និងភាគីពាក់ព័ន្ធនានា ដើម្បីបានយុត្តិធម៌ និងតម្លាភាព៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia files lawsuit against vessel owners over alleged crude oil theft