កម្ពុជាបានសម្រេចឱ្យផ្អាកការនាំចូលបសុសត្វ ឬសត្វពាហនៈ និងសាច់ពីប្រទេសថៃ ក្រោយប្រទេសនេះបញ្ជាក់ថាបានរកឃើញជនជាតិថៃពីរនាក់ឆ្លងជំងឺឈាមខ្មៅ ដែលបណ្ដាលឲ្យម្នាក់ស្លាប់ ខណៈកម្ពុជាគិតមកដល់ពេលនេះនៅមិនទាន់មានសេចក្ដីរាយការណ៍ពីករណីជំងឺនេះនៅឡើយ។
មិនមែនមានតែកម្ពុជាទេ ប្រទេសឡាវក៏បានដាក់ចេញវិធានការហាមឃាត់ការនាំចូលសាច់សត្វពីប្រទេសថៃដែរ។
កាលពីថ្ងៃទី៦ ខែឧសភា ក្រសួងកសិកម្មកម្ពុជា បានប្រកាសពីការហាមឃាត់ការនាំចូលសាច់សត្វពីប្រទេសថៃ ដែលការហាមឃាត់នេះមិនបញ្ជាក់ថាត្រូវធ្វើដល់ពេលណានោះទេ។ ការហាមឃាត់នេះ បន្ទាប់ពីមានករណីឆ្លងជំងឺឈាមខ្មៅពីសត្វទៅមនុស្សនៅខេត្ត Mukdahan ប្រទេសថៃ។ ជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ បង្កឡើងដោយបាក់តេរីដែលអាចឆ្លងពីសត្វទៅមនុស្ស និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម បានឲ្យដឹងថា ខ្លួនបានរៀបចំឲ្យមានប្រព័ន្ធឆ្លើយតបបន្ទាន់នៅគ្រប់ខេត្តដើម្បីតាមដានបសុសត្វ និងសកម្មភាពដែលគួរឲ្យសង្ស័យ។
ទន្ទឹមនឹងតួលេខជាក់លាក់ពីការនាំសាច់ និងបសុសត្វពីប្រទេសថៃនៅមានកម្រិត កម្ពុជាត្រូវគេមើលឃើញថាបានធ្វើពាណិជ្ជកម្មសត្វយ៉ាងច្រើនជាមួយប្រទេសជិតខាងមួយនេះ។ ក្នុងឆ្នាំ២០២០ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានលើកឡើងថាកម្ពុជាបានចំណាយប្រាក់ជិត១ពាន់លានដុល្លារក្នុងមួយឆ្នាំក្នុងការនាំសាច់ និងបន្លែពីប្រទេសក្នុងតំបន់ ដែលភាគច្រើនពីប្រទេសថៃ។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្វឹមសត្វកម្ពុជា មានប្រសាសន៍ថា សមាគមបានណែនាំដល់សមាជិកនៅតាមបណ្ដាខេត្តឲ្យតាមដានសញ្ញានៃការផ្ទុះរាលដាលជំងឺនេះ និងជៀសវាងលក់សត្វដែលសង្ស័យថាមានជំងឺ។
លោកឲ្យដឹងថា៖ «នៅជិតព្រំដែន[ថៃ] យើងបានជំរុញឲ្យសមាជិករាយការណ៍ និងការពារជំងឺនេះ។ យើងសង្ឃឹមថាគ្រប់គ្នានឹងមានការប្រុងប្រយ័ត្នខ្ពស់អំពីអ្វីដែលយើងបរិភោគដើម្បីការពារខ្លួនយើង»។
អ្នកស្រី ហ៊ុល កែវ ពេទ្យសត្វម្នាក់ក្នុងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ស្ថានភាពសត្វដូចជានៅធម្មតា និងថាកម្ពុជាអាចគ្រប់គ្រងបញ្ហាជំងឺឈាមខ្មៅនេះបាន។
អ្នកស្រីបន្តថា៖ «ខ្ញុំមិនឃើញមានរោគសញ្ញាគួរឲ្យសង្ស័យអ្វីទេក្នុងតំបន់របស់ខ្ញុំ។ ប៉ុន្តែវាជារឿងសំខាន់ដែលយើងត្រូវការពារកុំឲ្យមានផ្ទុះជំងឺនេះ ហើយអាជ្ញាធរគួររិតបន្តឹងការត្រួតពិនិត្យ»។

លោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលផង បានជំរុញឲ្យអ្នកលក់សាច់គោ និងអ្នកបរិភោគមានការប្រុងប្រយ័ត្ន។ លោកមានប្រសាសន៍ថា ក្រសួងកំពុងតាមដានរឿងនេះ ហើយនឹងធ្វើបច្ចុប្បន្នភាពតាមការចាំបាច់។
លោក ពែក សាមេត កសិករនៅខេត្តបាត់ដំបងប្រាប់ថា លោកមានការព្រួយបារម្ភពីការផ្ទុះរាលដាលជំងឺមួយនេះ។ លោកកត់សម្គាល់ថាកសិករ និងអ្នកចិញ្ចឹមសត្វផ្សេងទៀតប្រឈមហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺ។
ជំងឺឈាមខ្មៅ ជាជំងឺកម្រមួយប៉ុន្តែគ្រោះថ្នាក់ដែលកើតចម្បងលើសត្វពាហនៈ និងសត្វព្រៃ។ នេះបើតាមការឲ្យដឹងរបស់ក្រសួងសុខាភិបាល។ មេរោគបង្កជំងឺនេះធន់នឹងអាកាសធាតុ អាចរស់បានដោយស្រួលក្រោមរូបភាពជាស្ព័រនៅមជ្ឈដ្ឋានខាងក្រៅ ដូចជាក្នុងដី សាកសពសត្វ និងលាមកសត្វរហូតរាប់សិបឆ្នាំ។
បើតាមក្រសួងសុខាភិបាល មនុស្សអាចឆ្លងជំងឺនេះតាមរយៈការប៉ះពាល់សត្វឈឺ ការដកដង្ហើមចូលនូវធូលីមានផ្ទុកមេរោគអង់ត្រាក់ ការហូបសាច់សត្វមានផ្ទុកមេរោគ ឬការប្រើម្ជុលសឺរ៉ាំងរួមគ្នា។ ក្រសួងឲ្យដឹងទៀតថា ជំងឺនេះអាចព្យាបាលបាន និងថែមទាំងមានវ៉ាក់សាំងបង្ការផងដែរ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia Joins Laos in Halting Thai Meat, Livestock Imports Over Anthrax Scare