សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

សេចក្ដីរាយការណ៍បញ្ជាក់ថា ថៃទម្លាក់គ្រាប់​ចូលខេត្តព្រះវិហារ​កាន់តែជ្រៅ ប្រជាពលរដ្ឋក្នុង​ក្រុង​កំពុងជម្លៀស

ផែនទីបង្ហាញ​ពី​ទីតាំង​ដែល​ទាហាន​ថៃ​បាញ់​ផ្លោងចូលជ្រៅ​ក្នុង​ទឹក​ដី​កម្ពុជា​​។
ផែនទីបង្ហាញ​ពី​ទីតាំង​ដែល​ទាហាន​ថៃ​បាញ់​ផ្លោងចូលជ្រៅ​ក្នុង​ទឹក​ដី​កម្ពុជា​​។

ព្រះវិហារ៖ យ៉ាង​ហោច​ណាស់​មាន​ខេត្ត​ចំនួន​បី​ដែល​ទាហានថៃ​បាន​បើកការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃព្រហស្បតិ៍​​ដោយ​បានប្រើ​យន្តហោះ​ទម្លាក់គ្រាប់​​​​ចូល​ជ្រៅ​ក្នុង​ទឹក​ដី​កម្ពុជា ក្រោយ​ពី​មាន​ជម្លោះ​ប្រដាប់អាវុធ​កើត​ឡើង​នៅ​តាម​ព្រំ​ដែន​ជាថ្មី​​អស់រយៈពេល​ប្រាំ​ថ្ងៃមក​នេះ ដែល​ការ​ទម្លាក់គ្រាប់​​​មានចម្ងាយ​​​យ៉ាង​តិច​៦៣​គីឡូម៉ែត្រ​ពី​ព្រំ​ដែន។ នេះបើ​តាម​សេចក្ដី​រាយការណ៍​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក សេចក្ដីថ្លែងការណ៍​របស់​មន្ត្រី​រដ្ឋាភិបាល និង​ពី​ប្រជាពល​រដ្ឋ​ផ្ទាល់​។​

កាលពី​ល្ងាច​ថ្ងៃព្រហស្បតិ៍សារព័ត៌មាន​ក្នុង​ស្រុក និង​អ្នកភូមិដែល​រស់​នៅ​ជិត​កន្លែង​ទម្លាក់​គ្រាប់​បាន​​​ឲ្យ​ដឹងថា​ យន្ត​ហោះ​ចម្បាំង F-16 ថៃ​បាន​ទម្លាក់​គ្រាប់​បែក​លើ​បន្ទាយ​ទាហាន​ខ្មែរ​​មួយ​កន្លែង​ដែល​មាន​ចម្ងាយ​តែ​ប៉ុន្មាន​គីឡូម៉ែត្រភាគខាងត្បូង​ក្រុង​ព្រះវិហារ ដែល​ការ​ទម្លាក់​គ្រាប់​បែក​នេះ​មាន​ចម្ងាយ​ប្រហែល​៦៣​គីឡូម៉ែត្រ​ពីព្រំដែន​កម្ពុជា​ថៃ​។ ​​

នៅ​ល្ងាច​ថ្ងៃព្រហស្បតិ៍ មន្ទីរ​សុខាភិបាលខេត្តព្រះវិហារ​បាន​ឲ្យ​ដឹង​ថា ចំនួន​អ្នក​រងគ្រោះ​ក្នុង​ហេតុ​ការណ៍​នោះ​គឺ​មាន​ទាហាន​ក្នុង​បន្ទាយ​​ម្នាក់​បាន​រង​របួស​។​

ការ​ទម្លាក់​គ្រាប់​បែក​ពី​យន្ត​ហោះ​ចម្បាំង​ថៃ​នេះ បាន​ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​ក្នុង​ក្រុង​ព្រះវិហារ​មាន​ការ​ភ័យ​ខ្លាច ហើយ​សាលារៀន ហាងលក់ទំនិញ និង​ស្ថានីយប្រេងឥន្ធៈ​បាន​បិទទ្វារ ខណៈ​ដែល​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​បាន​ចាកចេញ​ពី​ផ្ទះ​សម្បែង​គិត​តាំងពី​ថ្ងៃព្រហស្បត្តិ៍ ដល់​ថ្ងៃ​សុក្រ​នេះ​។​

ម្ដាយ​របស់​ ហួន សៀងហៃ បាន​រៀប​ចំអីវ៉ាន់​ចាកចេញពីក្រុង​ព្រះវិហារ បន្ទាប់ពី​ទាហាន​ថៃ​បាន​ទម្លាក់គ្រាប់បែ​ក​នៅ​បន្ទាយ​ទាហានក្បែរ​ក្រុង និង​ជិត​ផ្ទះ​អ្នកស្រី។ បើ​តាម​សេចក្ដី​រាយការណ៍ ​យន្ត​ហោះ​ចម្បាំង F-16 ថៃបាន​ទម្លាប់គ្រាប់​ចំ​បន្ទាយ​ទាហាន​នោះ​។​ រូបភាពថតថ្ងៃទី​១២ ខែធ្នូ ឆ្នាំ២០២៥។ (ខេមបូចា/ វ៉ា សុភានុត)

លោក ហួន សៀងហៃ ជាអ្នក​ភូមិ​រស់​នៅ​ភូមិ​ដូង ចម្ងាយ​ប្រហែ​ល​៣គីឡូម៉ែត្រ​ពី​បន្ទាយ​ទាហាន​។ លោក​បាន​និយាយ​ថា ​លោក​បាន​ឮសំឡេង​ផ្ទុះ​ចំនួន​ពីរ​ដង​នៅ​ម៉ោង​ប្រហែល​៤ល្ងាច កាលពី​ថ្ងៃព្រហស្បតិ៍​។ អាជ្ញាធរ​បាន​ប្រាប់​ប្រជាពល​រដ្ឋ​ដែល​រស់នៅ​ក្បែរ​បន្ទាយ​ទាហាន​ឲ្យ​ជម្លៀស​ចេញ​ពី​ផ្ទះ​ជា​បណ្ដោះអាសន្ន​។ លោក​បន្ថែម​ថា ​លោក​បាន​រៀប​ចំឲ្យ​ម្ដាយ និង​កូនៗ ពីរ​នាក់​ចាកចេញ​ពី​ខេត្តព្រះវិហារ​នៅ​ថ្ងៃសុក្រ​នេះ។​

លោក​បន្តថា៖ «ខ្ញុំ​ខ្លាច​ពេល​ខ្ញុំ​ឮសំឡេង​គ្រាប់​បែក​ផ្ទុះ​ភ្លាមៗ ពីព្រោះ​យើង​មិន​ដឹង​ថា​ពួក​វា​មក​ទេ ហើយ​​ពី​ព្រំ​ដែន​មក​នេះ​មាន​ចម្ងាយ​ឆ្ងាយ​»។​

អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តព្រះវិហារ លោក គឹម ចាន់​បញ្ញា មាន​ប្រសាសន៍​ថា ​អាជ្ញាធរ​បាន​ជំរុ​ញ​ឲ្យ​ប្រជា​ពល​រដ្ឋ​​នៅ​ឆ្ងាយ​ពី​មូលដ្ឋាន​កងទ័ព និង​បង្កើ​នការ​ប្រុងប្រយ័ត្ន​។​ លោកបន្ត​ថា ​ប្រជាពល​រដ្ឋ​ខ្លះ​បាន​ចាកចេញពីក្រុង​ព្រះវិហារដោយសារ​ភាពភ័យខ្លាច ប៉ុន្តែ​លោក​មិន​ទាន់​មាន​តួលេខជាក់ស្ដែង​នោះទេ​។​

បើ​តាម​សារព័ត៌មាន​ក្នុង​ស្រុក​ ទាហាន​ថៃ​ក៏​បាន​បាញ់​ផ្លោង​ដល់​ព្រំដែន​រវាងស្រុក​អន្លង់វែងខេត្ត​ឧត្តរមានជ័យ និង​ខេត្តសៀម​រាប​ផង​ដែរ​កាលពី​ថ្ងៃព្រហស្បតិ៍​។​

អភិបាល​រង​ខេត្តសៀម​រាប លោក សុខ ថុល មាន​ប្រសាសន៍ថាគ្រាប់​ផ្លោង​របស់​ថៃ​បាន​ធ្លាក់​ក្នុងទឹក​ដី​ខេត្ត​ឧត្តរមានជ័យ ប្រហែល​ជា​​៤២គីឡូម៉ែត្រ​ពីព្រំដែន​ថៃ និង​ប្រហែល​១០០គីឡូម៉ែត្រ​ពី​តំបន់​ប្រយុទ្ធគ្នា​នៅ​អូស្មាច់​។​

អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ឧត្តរមានជ័យ​លោក​ ម៉េត មាស​ភក្ដី មិន​ទាន់អាចសុំ​ការអត្ថាធិប្បាយភ្លាមៗ​បាន​នៅ​ឡើយ​។​

ពេល​សួរ​អំពី​ការ​ទម្លាក់​គ្រាប់​បែក​ពី​យន្តហោះចម្បាំងថៃ​នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃព្រហស្បតិ៍ អ្នក​ពាក្យ​រដ្ឋបាល​ខេត្ត​លោក ណង វុទ្ធី បញ្ជាក់​ថា ពិត​ជា​មា​នការទម្លាក់គ្រាប់​បែក​មែន ប៉ុន្តែ​បដិសេដផ្ដល់​ព័ត៌មាន​លម្អិត​អំពី​ទីតាំង​ដោយ​ថា «ជា​បញ្ហាសន្តិសុខ» និង​បាន​បង្វែរសំណួរទៅ​កាន់​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​វិញ​។​

ផ្សារធំក្នុងខេត្តព្រះវិហារ​បិទភ្លាមៗក្រោយ​មានសេចក្ដីរាយការណ៍​ថា ​យន្ត​ហោះចម្បាំង​F-16 ថៃ​បាន​ទម្លាក់គ្រាប់​បែ​ក​នៅ​ក្បែរក្រុងព្រះវិហារ​កាលពី​ថ្ងៃព្រហស្បតិ៍។ រូបភាពថតនៅថ្ងៃទី​១១ ខែធ្នូ ឆ្នាំ២០២៥​។ (ខេមបូចា/ វ៉ា សុភានុត)

អ្នកនាំពាក្យ​ក្រ​សួង​ការពារជាតិ​ អ្នកស្រី ម៉ាលី សុជាតា បដិសេធអត្ថាធិប្បាយលើ​ការ​ទម្លាក់​គ្រាប់​បែង​របស់​ទាហាន​ថៃ​ និង​បាន​ឲ្យ​អ្នក​សារព័ត៌មាន​ស្វែង​រក​ព័ត៌មាន​បច្ចុប្បន្ន​ភាព​នៅ​ក្នុង​ឆាណែល​​តេឡេក្រាម​របស់​ក្រសួង​។​

ក្រ​សួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃសុក្រ​នេះថា​ជនស៊ីវិល និង​ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ​​​ក្នុ​ង​ខេត្ត​ព្រះ​វិហារ​បន្ត​រង​ការ​ខូច​ខាត​ដោយ​សារតែអ្វី​ដែល​ក្រសួងអះអាងថា​ «​ការ​បំផ្លិចបំផ្លាញ​ពី​ការ​បាញ់ផ្លោង និង​ការ​ទម្លាក់គ្រាប់​បែក​ពី​យន្ត​ហោះ​F-16 របស់ថៃ» ហើយ​ក្រសួង​ថា​ការ​ទម្លាក់​គ្រាប់បែក​នេះ​ចូល​ជ្រៅ​ក្នុង​ដី​កម្ពុជា​ប្រហែល​ពី​៨០ទៅ​៩០គីឡូម៉ែត​​ពី​ព្រំដែន​ថៃ​។​

ក្រុម​អ្នកសារព័ត៌មាន​មិន​ទាន់​អាច​ស្វែង​រក​ការបញ្ជាក់​ច្បាស់​ថា​មាន​កន្លែង​ណា​ដែល​គួរ​ឲ្យ​សង្ស័យ​ថា​ត្រូវ​យន្តហោះចម្បាំងថៃ​ទម្លាក់​គ្រាប់​បែក​ទៀត​នោះទេ ក្រៅតែ​ពី​បន្ទាយ​ទាហាន​មួយ​កន្លែង​នៅ​ជាយ​ក្រុង​ព្រះវិហារ​៕​

(រាយការណ៍​បន្ថែម​ដោយ៖​ឃួន ណារីម)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Reports of Deep Thai Strikes Prompt More to Flee in Krong Preah Vihear

ព័ត៌មានថ្មី

អត្ថបទពេញនិយម