សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ពលរដ្ឋខ្មែរជាង១ម៉ឺននាក់ទទួលបានការងារក្នុងចំណោមជាង​៥​ម៉ឺន​នាក់​ដែលត្រឡប់ពីថៃ បន្ទាប់មានវិវាទព្រំដែន

មន្ត្រីក្រសួងការងារផ្តល់ព័ត៌មានអំពីឱកាសការងារ និងអត្ថប្រយោជន៍ផ្សេងៗជួនពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ នៅមណ្ឌលសំចតការងារប៉ោយប៉ែត ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។ (រូបភាព៖ ក្រសួងការងារ)
មន្ត្រីក្រសួងការងារផ្តល់ព័ត៌មានអំពីឱកាសការងារ និងអត្ថប្រយោជន៍ផ្សេងៗជួនពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ នៅមណ្ឌលសំចតការងារប៉ោយប៉ែត ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។ (រូបភាព៖ ក្រសួងការងារ)

ពលរដ្ឋខ្មែរចំនួនជាង១ម៉ឺននាក់ទទួលបានការងារពីរដ្ឋាភិបាល ក្នុងចំណោមពលរដ្ឋខ្មែរជាង៥ម៉ឺននាក់ដែលវិលត្រឡប់ពីប្រទេសថៃ ខណៈពលរដ្ឋមួយចំនួនកំពុងព្រួយបារម្ភពីការស្វែងរកការងារធ្វើ បន្ទាប់ពីមានវិវាទព្រំដែនកម្ពុជា-ថៃ បានបង្កឱ្យមានភាពតានតឹងរយៈពេលជិតពីរខែ។

អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា ថ្លែងប្រាប់ សារព័ត៌មានខេមបូចា ថា​ ក្នុងចំណោមពលរដ្ឋខ្មែរជាង៥ម៉ឺននាក់ដែល​វិល​ត្រឡប់ពិប្រទេសថៃ មានពលរដ្ឋចំនួន ១៣ ៥០០នាក់ដែលទទួលបានការងារភ្លាមៗពីរដ្ឋាភិបាល ហើយពលរដ្ឋផ្សេងទៀតកំពុងធ្វើការផ្គូរផ្គង និងសិក្សាទៅលើ​សហគ្រាស ឬវិស័យដែលពួកគេចង់ធ្វើ។

​លោកបន្តថា នៅកម្ពុជាកំពុងខ្វះកម្លាំងពលកម្មប្រមាណ២៥ម៉ឺនកន្លែង ក្នុងនោះវិស័យឧស្សាហកម្ម​កំពុងត្រូវការកម្លាំងពលកម្មប្រមាណ​២៣ម៉ឺនកន្លែង  វិស័យសេវាកម្ម ៥ពាន់កន្លែង និង​វិស័យ​​កសិកម្មជិត២ម៉ឺនកន្លែង ដែលជាឱកាសសម្រាប់ពលករខ្មែរត្រឡប់មកពីប្រទេស​ថៃ​។ ទន្ទឹម​នេះ ក្រសួងការងារ ក៏បានត្រៀមការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់ប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស​១លាន៥សែននាក់។ 

លោក មេសា ថ្លែងថា៖ «ក្រសួងនឹងផ្ដល់ជំនាញវិជ្ជាជីវៈចំនួន៤៥ជំនាញ ដោយឥតគិតថ្លៃ ហើយពលរដ្ឋមកពីគ្រួសារក្រីក្រក្រសួងនឹងផ្ដល់ថវិកាជូនពួកគេផងដែរ»។ 

ទាក់ទងនឹងអត្ថប្រយោជន៍ការងារនៅកម្ពុជា លោក មេសា អះអាងថា អត្ថប្រយោជន៍ការងារនៅកម្ពុជាអាចបានច្រើនជាងនៅប្រទេសថៃ ដូចជានៅកម្ពុជាមានប្រាក់សោធននៅពេលដែលចូលនិវត្តន៍ មានការធានាគ្រោះថ្នាក់ការងារ មានពេលវេលាសម្រាកប្រចាំឆ្នាំ និងប្រាក់លើកទឹកចិត្តជាដើម ។ 

អ្នកនាំពាក្យក្រសួងការងារ ក៏បានអំពាវនាវឱ្យពលរដ្ឋកម្ពុជា ដែលត្រឡប់មកពីថៃ ឬក៏ចង់ទៅថៃ ពិនិត្យ​ការងារនៅក្នុងស្រុក​ជាមុនសិន ហើយបើពួកគេមិនដឹងអំពីឱកាសការងារ ពួកគេអាចទាក់ទងមកក្រសួងការងារតាមលេខទូរសព្ទ១២៩៧។ បន្ទាប់មកមន្ត្រីក្រសួងនឹងភ្ជាប់ពួកគេទៅឱកាសការងារដែលមាននៅតាមរោងចក្រសហគ្រាសក្នុងស្រុក។

វិវាទព្រំដែនកម្ពុជា-ថៃ បានបន្តអូសបន្លាយឱ្យមានភាពតានតឹងអស់រយៈពេលជិតពីរខែ ចាប់តាំងពីការប៉ះទង្គិចគ្នានៅជិតតំបន់ព្រំដែនក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា បណ្តាល​ឱ្យ​ទាហាន​​ខ្មែរម្នាក់ស្លាប់ បានជះឥទ្ធិពលធ្ងន់ធ្ងរលើពលករខ្មែរចំណាកស្រុក បង្ខំចិត្តត្រឡប់មកស្រុកកំណើតវិញ ដោយភ័យខ្លាចបញ្ហាសុវត្ថិភាព ការ​រើស​​អើង​​។ ទោះមានការធានាច្បាស់ៗពីរដ្ឋាភិបាលអំពីការគាំទ្ររកការងារឲ្យពលករខ្មែរក៏ដោយ ពួកគេនៅតែមានការព្រួយបារម្ភក្រោមសម្ពាធបំណុល និងការខ្វះប្រាក់ចំណូលសម្រាប់ជីវភាពប្រចាំថ្ងៃ។

ទន្ទឹមនឹងនោះ ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញឱ្យពលករចំណាកស្រុកវិលត្រឡប់មកមាតុប្រទេសវិញ  ដោយអះអាងថា រដ្ឋាភិបាលទទួលយកពលករទាំងអស់ដែលមានឯកសារ និងគ្មានឯកសារ ដរាបណាពួកគេជាប្រជាពលរដ្ឋខ្មែរ ។ 

ចំណែកលោក ហ៊ុន ម៉ាណែត ក៏បានប្រាប់ទៅអាជ្ញាធរពាក់ព័ន្ធឱ្យរៀបចំទទួលពលករខ្មែរនៅតាមច្រកព្រំដែន ដូចជាការត្រៀមស្បៀងអាហារ មធ្យោបាយធ្វើដំណើរ និងផ្ដល់ឱកាសការងារ ក៏ដូចជាសម្របសម្រួលជាមួយធនាគារក្នុងស្រុកសម្រាប់ពលករដែលជំពាក់បំណុលគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ។ 

អុ្នកស្រី ឈាង ភាងលី ជាពលករធ្វើការនៅប្រទេសថៃ ដែលទើបតែត្រឡប់មកស្រុកកំណើតវិញ ប្រាប់ឲ្យដឹងថា ស្ថានភាពតានតឹងនៃបញ្ហាព្រំដែនជាមូលហេតុមួយដែលធ្វើឲ្យអ្នកស្រីសម្រេចចិត្តមកប្រទេសកំណើតវិញ ហេតុផលមួយទៀត គឺរំពឹងថានឹងបានការងារនៅស្រុកខ្មែរដើម្បីបានប្រាក់ចំណូលបន្តផ្គត់ផ្គង់គ្រួសារ និងសងបំណុលធនាគារ។

អ្នកស្រី ភាងលី និយាយថា៖ «ខ្ញុំព្រួយបារម្ភបើសិនរកការងារធ្វើអត់ទាន់បាន ព្រោះខ្ញុំជំពាក់ធនាគារ ខ្ញុំសុខចិត្តអត់ខ្លួនឯងឲ្យតែបានលុយសងធនាគាសិន ទោះខ្ញុំពិបាកខ្លាំង ខ្ញុំនឹងព្យាយាមរកការងារផ្សេងធ្វើ​ទៀត»។
អ្នកស្រី ភាងលី បន្ថែមថា ដោយសារតែក្រសួងប្រកាសថានឹងរកការងារឲ្យពលរដ្ឋដែលត្រឡប់មកពីថៃវិញ ដូច្នេះហើយបានជាអ្នកស្រីសម្រេចចិត្តត្រឡប់មកខ្មែរវិញ ប៉ុន្តែជាក់ស្ដែងអ្នកស្រីរកការងារមិនទាន់បាននៅឡើយទេ ស្របពេលដែលអ្នកស្រីប្រឈមនឹងជីវភាពគ្រួសារ និងការចំណាយប្រចាំថ្ងៃ។

លោក ជា សុភ័ក្រ  និងភរិយា ធ្វើការនៅប្រទេសថៃរយៈពេល៩ឆ្នាំមកហើយ   ហើយដោយ​សារ​តែក្រសួងការងារអះអាងថា នឹងរកការងារឲ្យពលរដ្ឋខ្មែរដែលទើបត្រឡប់ពីប្រទេសថៃវិញ ទើបលោក និងប្រពន្ធសម្រេចចិត្តមកស្រុកកំណើតនៅខេត្តព្រៃវែង។ ម្យ៉ាងវិញទៀត លោក សុភ័ក្រ ក៏បារម្ភអំពីស្ថានភាពជម្លោះព្រំដែននៅតែមានភាពតានតឹង។ លោកបន្តថា មុនពេលមានបញ្ហាព្រំដែន ស្ថានភាពការងារនៅប្រទេសថៃមានភាពល្អប្រសើរ និងរកចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់គ្រួសារ ប៉ុន្តែចាប់តាំងពីមានបញ្ហាព្រំដែនមក ស្ថានភាពគ្រួសារមិនសូវល្អទេ។ 

លោក សុភ័ក្រ និយាយថា៖ «រាល់ថ្ងៃខ្ញុំ មិនទាន់មានការងារធ្វើទេ ស្ថានភាពគ្រួសារពិបាកខ្លាំង​អត់មានការងារធ្វើ អត់លុយបង់ធនាគារ អត់មានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ» ។ លោក​ប​ន្តថា លោកស្នើសុំរដ្ឋាភិបាល និងក្រសួងការងារជួយរកការងារឲ្យពលរដ្ឋដែលទើបតែត្រឡប់មកពីប្រទេសថៃ ត្បិតថាពួកគេកំពុងត្រូវការចំណូលផ្គត់ផ្គង់គ្រួសារ និងសងបំណុល​ធនាគារ។

ឡានដឹកជញ្ជូនកម្មកររោងចក្រកាត់ដេរចេញពីធ្វើការនៅឯរោងចក្រមួយកន្លែងនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ។ (ខេមបូចា / ព្រីង សំរាំង)
ឡានដឹកជញ្ជូនកម្មកររោងចក្រកាត់ដេរចេញពីធ្វើការនៅឯរោងចក្រមួយកន្លែងនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ។ (ខេមបូចា / ព្រីង សំរាំង)

លោក គឹម ចន្ទបញ្ញា អភិបាលរងខេត្តព្រះវិហារ ថ្លែងប្រាប់ សារព័ត៌មានខេមបូចា យ៉ាងដូច្នេះថា ពលករខ្មែរច្រើននាក់ដែលត្រឡប់ពីប្រទេសថៃវិញ មានពលករខ្លះបានចូលធ្វើការ ខ្លះទៀតត្រឡប់ទៅគេហដ្ឋានជាមួយគ្រួសារវិញ និងមួយចំនួនទៀតព្យាយាមរកការងារធ្វើស្របតាមការប្រកាសរបស់ក្រសួងការងារ។ យ៉ាងណាមិញ លោកមិនបានបញ្ជាក់ពីតួលេខអ្នកដែលទទួលបានការងារធ្វើទេ  និងអ្នកមិនទាន់មានការងារធ្វើនៅឡើយទេ ព្រោះកំពុងប្រមូលតួ​លេខ​។

លោក ចន្ទបញ្ញា មានប្រសាសន៍ថា៖ «ក្រុមការងារខេត្តសហកាជាមួយក្រសួងការងារចុះសួរសុខទុក្ខពលរដ្ឋតាមបណ្ដាផ្ទះរៀងៗខ្លួន ក្នុងមូលដ្ឋានផ្ទាល់ដើម្បីជួយស្វែងរកការងារជូនពួកគេឱ្យបានធ្វើការគ្រប់ៗគ្នា»។

លោក ចន្ទបញ្ញា បន្ថែមថា ពលរដ្ឋដែលត្រឡប់មកកម្ពុជាវិញ ភាគច្រើនអាយុចន្លោះ២០ទៅ៤០ ហើយរាល់ថ្ងៃមានពលករខ្មែរបន្តបន្ទាប់ឆ្លងមកខ្មែរតាមច្រកព្រំដែន ចន្លោះពី៣ទៅ៤នាក់​។ គិតត្រឹមថ្ងៃទី១៥ ខែកក្តដានេះ ចំនួន២០ទៅ៣០នាក់ភាគច្រើនមកពីច្រកប៉ោយប៉ែត បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន។

មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករប្រចាំប្រទេសថៃនៃអង្គការសង់ត្រាល់ លោក លឹង​ សុផុន  បានថ្លែងថា ពលរដ្ឋខ្មែរច្រើនរយនាក់បានវិលត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់​ពីខែឧសភា រហូតមកដល់ខែកក្កដានេះ ដែលមានប្រមាណជាង៥ម៉ឺននាក់។

លោកបន្តទៀតថា ប្រជាពលរដ្ឋខ្មែរដែលចាកចេញពីប្រទេសថៃត្រឡប់មកខ្មែរវិញ​ គឺដោយ​សារ​តែពួកគេបារម្ភអំពីសុវត្ថិភាព និងមានការរើសអើងពីប្រជាជនថៃ ក្រោយកម្ពុជា និងថៃ មានបញ្ហាជម្លោះព្រំដែន ដូច្នេះពលករខ្មែរបារម្ភអំពីសុវត្ថិភាពក្នុងការរស់នៅ។

លោក សុផុន បញ្ជាក់ថា ភាគច្រើនប្រជាជនខ្មែរចំណាកស្រុកទៅប្រទេសថៃធ្វើការផ្នែកសំណង់ កម្មករនៅតាមចម្ការ  និងនៅតាមបណ្ដាសហគ្រាសផ្សេងៗ ដូច្នេះចំពោះពលរដ្ឋដែលទើបតែត្រឡប់មកកម្ពុជាវិញ ពួកគេហាក់មានការពិបាកក្នុងការធ្វើការក្នុងវិស័យរោងចក្រកាត់ដេរបន្តិច។ មកទល់ពេលនេះ មានពលរដ្ឋមួយចំនួនស្នាក់នៅផ្ទះដោយមិនទាន់រកការងារបានធ្វើនៅឡើយទេ។

លោកបន្តទៀតថា នៅស្រុកខ្មែរភាគច្រើនមានរោងចក្រកាត់ដេរ  តែកំឡុងពេលកម្មករចុះទៅខ្មែរវិញភាគច្រើនជាកម្មករសំណង់ ដូច្នេះកម្មករភាពច្រើនមិនទាន់អាចសម្របខ្លួននិងបរិបទការងារនៅតាមរោងចក្រកាត់ដេរនៅឡើយទេ។

លោក សុផុន លើកឡើងថា៖ «យើងតាមដានឃើញថាពលករដែលគាត់ត្រឡប់មកខ្មែរហើយ តែមិនទាន់បានការងារធ្វើ ហើយភាគច្រើនគាត់ឆ្លងដែនទៅប្រទេសថៃវិញព្រោះឃើញអាជ្ញាធរផ្សព្វផ្សាយនៅតាមបណ្ដាញសង្គមច្រើននៅពេលដែលចាប់ពួកគាត់បាន»។

លោក សុផុន បន្តទៀតថា  រដ្ឋាភិបាលគួររៀបចំការងារ ឬបង្ហាត់ពួកគេនូវជំនាញណាមួយ ហើយទន្ទឹមនឹងនោះត្រូវតែបង្កលក្ខខណ្ឌការងារ និងបរិយាកាសល្អសម្រាប់ពួកគេបើពុំដូច្នេះទេ ពួកគេអាចនឹងត្រឡប់មកប្រទេសថៃវិញ។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលត្រូវដោះស្រាយបញ្ហាព្រំដែនឱ្យបានឆាប់ដើម្បីសម្រួលដល់ប្រជាជនដែលរស់នៅតាមបន្ទាត់ព្រំដែន ព្រោះមកទល់ពេលនេះមិនទាន់ឃើញមានការវិវត្តន៍ជាវិជ្ជមានជុំវិញបញ្ហាព្រំដែននៅឡើយទេ។

លោក សុផុន បានឱ្យដឹងថា៖ «នៅពេលដែលពួកគេត្រឡប់មកប្រទេសកំណើតហើយ ប៉ុន្តែគ្មានការងារ​​ធ្វើ មិនមានប្រាក់ចំណូលច្បាស់លាស់ពួកគេអាចនឹងត្រលប់ទៅថៃរកការងារធ្វើវិញ នេះជាបញ្ហាប្រឈម»។

 លោកបានបន្ថែមថា ការងារនៅប្រទេសថៃអាចរកប្រាក់ចំណូលប្រចាំថ្ងៃបាន១៥ដុល្លារ ឬហក់ទៅដល់២០ដុល្លារជាដើម ត្បិតថាបច្ចុប្បន្នរដ្ឋាភិបាលថៃបានកំណត់ប្រាក់ឈ្នួលនៅឆ្នាំ២០២៥ អាចទទួលបានប្រាក់៤០០បាត ក្នុងមួយថ្ងៃ។

ចំណែក លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពការងារកម្ពុជា​ លើកឡើងថា ស្របពេលដែលកម្ពុជាមានបញ្ហាព្រំដែនកម្មករនិយោជិកមួយចំនួនដែលត្រឡប់មកពីប្រទេសថៃវិញ កំពុងប្រឈមនឹងការគ្មានការងារធ្វើ ដោយសារពួកគាត់យល់ឃើញថានៅប្រទេសថៃអាចរកចំណូលបានច្រើន ហើយការងារមួយចំនួននៅស្រុកខ្មែរមានប្រាក់ចំណូលទាប  និងមិនទាន់ចំជំនាញដែលពួកគេមាន។

លោកស្រី សុភ័ណ្ឌ បានថ្លែងថា៖ «ស្ថានភាពសេដ្ឋកិច្ចក្នុងគ្រួសារពួកគាត់បាត់បង់ប្រាក់ចំណូល បញ្ហាមិនមានការងារធ្វើ ពួកគាត់មានពេលទំនេរច្រើន គ្រួសារមួយចំនួនគាត់ខ្ចីលុយធនាគារ ធ្វើឱ្យបញ្ហារបស់គាត់កាន់តែមានបន្ទុកច្រើនឡើង»៕ 

ព័ត៌មានថ្មី

អត្ថបទពេញនិយម