សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ចាប់​ផ្ដើម​​ពី​សូន្យ៖ ពលករ​ត្រឡប់ពី​ប្រទេស​​ថៃ​នៅ​តែ​ប្រឈម​នឹងការ​ស្វែងរកការងារ​ជាប់​លាប់​

លោក រ៉ុន កក្កដា អតីតពល​ករ​ត្រឡប់​ពី​ប្រទេសថៃ​ក្រោយ​មាន​ជម្លោះព្រំដែន​កាល​ពី​ឆ្នាំមុន កំពុង​អង្គុយលក់​ក្រួច​អាំង​នៅ​ក្នុង​ភូមិ​បល្ល័ង្ក ខេត្ត​បាត់​ដំបង។ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។​(ខេមបូចា/ ស៊ើង និមល់)
លោក រ៉ុន កក្កដា អតីតពល​ករ​ត្រឡប់​ពី​ប្រទេសថៃ​ក្រោយ​មាន​ជម្លោះព្រំដែន​កាល​ពី​ឆ្នាំមុន កំពុង​អង្គុយលក់​ក្រួច​អាំង​នៅ​ក្នុង​ភូមិ​បល្ល័ង្ក ខេត្ត​បាត់​ដំបង។ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។​(ខេមបូចា/ ស៊ើង និមល់)

ខេត្ត​បាត់ដំបង​៖ លោក រ៉ុន កក្កដា ​បាន​សម្រេច​ចិត្ត​បោះ​បង់​ឱកាស​ការងារ​ដែល​លោក​រក​បាន​តាម​រយៈ​កម្មវិធី​គាំទ្រ​ដោយ​​រដ្ឋាភិបាល​។​

ក្នុង​វ័យ​៤០​ឆ្នាំ បុរស​ដែលជា​អតីត​ពល​ករ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​រូប​នេះ​បាន​ចុះ​ឈ្មោះ​រក​ការងារ​តាមកម្មវិធី​ស្វែង​រក​ការងារ​របស់​រដ្ឋាភិបាល​​កាល​ពី​ឆ្នាំ​មុន​។ ប៉ុន្តែ​ពេល​នោះ​លោក​បាន​ទទួល​ឱកាស​ការងារ​នៅ​ក្នុង​ក្រុម​ហ៊ុន​ដាំ​ចេក​មួយ​កន្លែង​នៅ​ខេត្ត​ភាគឦសាន​ប្រទេស ដែល​លោក​ថា​​មាន​ចម្ងាយ​ឆ្ងាយ​ពី​ផ្ទះ​ដែល​មាន​ម្ដាយ​ចាស់ និង​ក្មួយ​ដែល​លោក​ត្រូវ​មើល​ដែរ​។​

តាម​រយៈ​បទសម្ភាស​ន៍​នៅ​ផ្ទះ​របស់​លោក​ក្នុងខេត្ត​បាត់​ដំបង លោក​​ថា​៖​ «​បើ​សិន​ជា​មាន​តែ​ខ្លួន​មួយ​ខ្ញុំ​ទៅ​ធ្វើ​ហើយ ប៉ុន្តែ​ខ្ញុំ​នៅ​មាន​ម្ដាយ​ចាស់ និង​ក្មួយ​កំព្រា​ម្នាក់​នៅ​ជាមួយ​»។

លោក​ កក្កដា ជា​ពលករ​ម្នាក់​ក្នុង​ចំណោម​ពល​ករកម្ពុជា​​ជិត​១លាន​នាក់​ផ្សេង​ទៀ​ត​ដែល​បាន​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​​ក្រោយ​ប្រទេស​ទាំង​ពីរ​មាន​ជម្លោះ​ប្រដាប់​អាវុធ​នៅ​តាម​ព្រំ​ដែន​កាល​ពី​ឆ្នាំ​មុន​។ រដ្ឋាភិបាល​បាន​លើក​ឡើង​ថា​អតីត​ពល​ករស្ទើរ​​ទាំង​អស់​បានទទួល​ការងារ​ធ្វើ​តាម​រយៈ​​កម្មវិធី​ស្វែង​រក​ការងារ​របស់​ដ្ឋាភិបាល​ទាំង​ការងារក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ​​​។ អតីត​ពល​ករ​មួយ​ចំនួន​ និង​អង្គការ​ធ្វើការ​លើ​វិស័យការងារ​អះអាង​ថា ​ការងារ​ជាប់​លាប់​មួយ​នៅ​តែ​ពិបាក​រក ជាពិសេស​ក្រៅ​ពី​តំបន់​ពាណិជ្ជកម្ម​ធំៗ​ក្នុង​ប្រទេស​។​

​ជិត​មួយ​ឆ្នាំ​ហើយ​តាំង​ពី​ត្រឡប់​ពី​ប្រទេស​ថៃ លោក កក្កដា នៅ​តែ​បន្ត​ស្វែង​រក​ការងារ​ជាក់​លាក់​​មួយ​​នៅ​ឡើយ​​។ ចាប់​តាំងពី​សាច់​ញាតិ​របស់​លោក​ចាកចេញ​ពី​បាត់ដំបង​ទៅ​រកការងារ​នៅ​​​ខេត្ត​ផ្សេង​មក លោក​ក្លាយ​ជា​អ្នក​ទទួល​ខុស​ត្រូវ​សំខាន់​ក្នុងការ​មើល​ថែម្ដាយ​ចាស់ និ​ងក្មួយ​ម្នាក់​ដែល​កំពុងមាន​បញ្ហា​ផ្នែក​ស្មារតី និង​មាន​អាការ​ខុស​ប្រក្រតី​លើ​ផ្នែក​រាង​កាយ​ផង​ដែរ។​

លោក កក្កដា ​បញ្ជាក់​ថា៖ «​ពេល​មក​ដល់​ស្រុកវិញ ខ្ញុំ​គឺ​ដូច​ជា​ចាប់​ផ្ដើម​ពី​សូន្យ​វិញអ៊ីចឹង»។​

លោក កក្តដា បាន​ចាកចេញពី​ស្រុក​កំណើត​ទៅ​ធ្វើ​ការ​ប៉ាទីយ៉ា ​ប្រទេស​ថៃ​ កាលពី​ឆ្នាំ​២០១៨ ដោយ​លោក​រក​ការងារ​បាន​ជាអ្នក​អនាម័យ​ ធ្វើ​ការ​នៅ​អគារ​ស្នាក់នៅ​មួយ​កន្លែង និង​អាច​រក​ប្រាក់​បាន​៥០០​ដុល្លារ​ក្នុង​មួយ​ខែ និង​បាន​ទទួល​អត្ថប្រយោជន៍​ផ្សេង​ទៀត​ដូច​ជា​កន្លែង​ស្នាក់​នៅ និង​ការធានារ៉ាប់​រង​លើ​ម៉ូតូ​ផង​ដែរ។​

​ពេល​មក​ដល់​ផ្ទះ លោក​បាន​ឃើញ​ឱកាស​ការងារ​នៅ​ក្នុង​ចម្ការចេក​ដែល​គេ​ផ្សព្វ​ផ្សាយ​តាម​រយៈ​ទីភ្នាក់ងារ​មុខរបរ​របស់​រដ្ឋាភិបាលមាន​ប្រាក់ខែ​ប្រហែល​២៥០ដុល្លារ​។ លោក​បាន​ដាក់​ពាក្យ​​ធ្វើជា​អ្នក​អនាម័យ​នៅ​តាម​សណ្ឋាគារ​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​ដែរ តែ​ថា​មិន​បាន​ទទួល​លទ្ធផលអ្វី​ទេ​។​

លោក រ៉ុន កក្កដា និង​ម្ដាយ​កំពុង​អង្គុយ​ក្រោម​ផ្ទះ​មាន​ជញ្ជាំង​ស្លឹ​កត្នោត​ក្នុង​ភូមិ​បល្ល័ង្ក ខេត្ត​បាត់​ដំបង ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២៦​។ (ខេមបូចា/ ស៊ើង និមល់)

ក្រោយ​ចំណាយ​ពេល​រក​ការងារ​អស់​ពេល​ជា​ច្រើន​ខែ លោក​បាន​បង្កើត​មុខ​របរ​មួយ​ដោយ​ខ្លួន​ឯង គឺ​របរលក់​ក្រួច​អាំង ដែល​បាន​ដើមទុក​ពី​ការ​ជួល​ដីស្រែរបស់​ម្ដាយ​ទំហំ​៥០០​ម៉ែត្រ​ការ៉េ​​ឲ្យ​កសិករ​ផ្សេង​ទៀត​ក្នុង​តម្លៃ​៣០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​​។

​លោក​ឲ្យដឹងថា ​ជា​ធម្មតា​ក្នុង​មួយ​ថ្ងៃ​លោក​រក​បាន​​តិចជាង​ប្រាំ​បី​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ និង​ថា​ពេល​ខ្លះ​បាន​លុយ​ចូល​ផ្ទះ​ប្រហែល​បី​ដុល្លារ​ប៉ុណ្ណោះ បាន​ត្រឹម​គ្រប់ទិញ​ម្ហូប​សម្រាប់​ម្ដាយ និង​ក្មួយ និង​មាន​ក្រួច​អាំងសល់​ខ្លះ​សម្រាប់ធ្វើម្ហូប​ដែរ​។​

​សម្រាប់​អតីត​ពល​ករ​ដូច​ជា​លោក កក្កដា ការ​ទៅធ្វើ​ការ​ងារ​ឆ្ងាយ​ពីផ្ទះ​ គឺ​មិនមានជា​ជម្រើស​នោះទេ​។ លោកបន្ត​ថា ការងារ​ភាគច្រើន​ដែល​មាន​​តាមរយៈ​ទីភ្នាក់​ងារជាតិ​​មុខរបរ​របស់​ក្រ​សួងការងារ គឺ​ច្រើន​តែ​មាន​នៅតាម​តំប​ន់សេដ្ឋកិច្ច​ពិសេស និង​តំបន់​កសិឧស្សាហកម្ម​​ដូច​ជានៅ​ភ្នំពេញ និងខេត្ត​រតនគិរី​។​

បើ​តាម​ក្រ​សួង​ការងារ អតីតពល​ករ​ជាង​៨០​ភាគរយ​បាន​ទទួល​ការងារធ្វើ ដែល​ភាគច្រើន​នៅ​ក្នុង​វិស័យ​វាយណភណ្ឌ និង​កសិឧស្សាហកម្ម​។ ប៉ុន្តែ​បើ​តាម​របាយការណ៍របស់​អង្គការ​សង់ត្រាល់​ ​​កាលពី​ខែ​មីនា បាន​រក​ឃើញ​ថា ​អតីត​ពល​ករ​ជា​ច្រើន​ទៀត​កំពុង​ប្រឈម​នឹង​ការ​ពិបាក​រក​ការងា​រ​សមរម្យ រួម​មាន​លក្ខខណ្ឌ​ការងារ​មិន​សុវត្ថិភាព ធ្វើការ​មិន​បាន​ប្រាក់​ឈ្នួល និង​ការ​មាន​ឱកាស​ការងារ​តិចតួច​នៅ​ស្រុក​កំណើត​ជា​ដើម​។​

​អង្គការ​សង់ត្រាល់​បានធ្វើ​ការ​ស្ទង់មតិ​លើ​អតីត​ពល​ករ​ជាង​៥០០​នាក់​នៅ​ខេត្ត​ចំនួន​១១ ចន្លោះ​ខែ​កក្កដា ដល់​ខែ​ធ្នូ ឆ្នាំ​២០២៥។ ការ​ស្ទង់មតិ​នេះ​បាន​រក​ឃើញ​ថា​ មាន​អតីត​ពល​ករ​ជាង​៧០​ភាគរយ​ជាប់បំណុល ដែល​គិត​ជាមធ្យម​ក្នុង​មួយគ្រួសារមាន​បំណុល​​៥០០០​ដុល្លារ ហើយ​ក្នុង​នោះ​មាន​៨៥​ភាគ​រយ​មិន​អាច​រក​ប្រាក់​ទូទាត់​បំណុល​ប្រចាំ​ខែ​បាន​ទេ​។ ​ជា​មធ្យម​អ្នក​ទាំង​​នោះ​រក​ចំណូល​បាន​ប្រហែល​៦៤​ដុល្លារ​ក្នុង​មួយ​ខែ ហើយ​មាន​ជាង​ពាក់​កណ្ដាល​នៃអ្នក​ចូល​រួម​ស្ទង់​មតិ​បាន​លើក​ឡើងថា ​ខ្លួន​មាន​គម្រោង​ធ្វើ​ចំណាកស្រុក​ជាថ្មី​។​

មេភូមិ​បល្ល័ង្ក លោក ជា ហ៊ាន ​បាន​ឲ្យ​ដឹងថា ​អតីតពល​ករ​ក្រោយ​ត្រឡប់ពី​ប្រទេសថៃ​​ជា​ច្រើននាក់​ ប្រហែល​៣០​ភាគរយ​នៃ​ប្រជា​ពល​រដ្ឋ​៥០០​គ្រួសារ​នៅ​ក្នុង​ភូមិ​ បាន​​ឡើង​ទៅ​ភ្នំពេញ​ដើម្បី​រក​ការងារ​ធ្វើ​នៅ​តាម​រោងចក្រ និង​ការងារ​សំណង់​។​

ប៉ុន្តែ​ក្រោយ​មក​មាន​មួយ​ចំនួន​ធំ​ក៏​បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ ដើម្បី​រក​ការងារ​​មាន​ចំណូល​ប្រចាំ​ថ្ងៃ​ ដូច​ជា​ការងារ​នៅ​តាម​ចម្ការ​ដំឡូង​មី ក្រោយ​អ្នក​ទាំង​នោះ​ជួប​បញ្ហា​មួយ​ចំនួន​ដូចជា​ធ្វើការ​មិន​បាន​បើក​ប្រាក់ខែ និង​ការ​កេង​ប្រវ័ញ្ច​ពី​មេការ​នៅ​តាម​ការដ្ឋាន​សំណង់​ជា​ដើម​។

លោក​មេភូមិ​ឲ្យ​ដឹងថា​៖ «​នៅ​បាត់ដំបង​ស្ងាត់ណាស់»។ លោក​លើក​ឡើង​ដោយ​សំដៅ​លើ​ឱកាស​ការងារ​​ក្នុង​វិស័យ​ឧស្សាហកម្ម​ដែល​មិន​សូវ​មាន​។​

ពលករ​ខ្មែរ​ត្រឡប់​ពី​ប្រទេសថៃ​វិញ​​ក្រោយភាព​តានតឹង​នៅ​តាមព្រំ​ដែន​ក្លាយ​ជា​ជម្លោះ​ប្រដាប់​អាវុធ​។ រូបភាពថតនៅថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា)

អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ស៊ុន មេសា​ មាន​ប្រសាសន៍​ថា ​ឱកាស​ការងារ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្មមាន​ប្រហែល ​៩០ ០០០​កន្លែង​ សម្រាប់​អតីតពល​ករ​ត្រឡប់​ពី​ប្រទេស​ថៃ​ តែ​លោក​មិន​បាន​បញ្ជាក់​ថា​ឱកាស​ការងារ​នោះមាន​ទីតាំង​នៅ​ទី​ណា​ខ្លះ​នោះទេ​។​

លោក​ឲ្យ​ដឹងថា៖ «ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា​មាន​បងប្អូន​ខ្លះ​នៅ​មិន​ទាន់សម្រេច​ចិត្ត​រក​ការងារ​ធ្វើ​វិញ​នៅ​ឡើយ»។ លោក​បន្ថែម​ថា ក្រសួង​ក៏​ត្រូវ​ធានា​ថា​អ្នក​ស្វែង​រក​ការងារ​ធ្វើ​បាន​យល់​ច្បាស់​អំពី​ប្រាក់ខែ និង​អត្ថប្រយោជន៍​នានា​​ដែល​មាន​ផង​ដែរ។​

យ៉ាងណា អតីត​ពល​ករ​មួយ​ចំនួន​បាន​លើក​ឡើង​ដែរថា ឱកាស​ការងារ​មាន​តែ​នៅ​ឆ្ងាយ​ពី​ផ្ទះ ឬ​មាន​កន្លែង​ខ្លះ​មាន​ប្រាក់ខែ​តិច​មិន​គ្រប់គ្រាន់​នឹង​ការ​ចំណាយ​លើ​គ្រួសារ ឬ​សង​បំណុល​។​

អតីត​ពល​ករ​ខ្លះ​បាន​ប្រកប​អាជីវកម្មខ្នាត​តូច​ក្នុង​គ្រួសារ​ ដោយ​បាន​ដើម​ទុន​ពី​ប្រាក់​សន្សំ​កាល​នៅ​ធ្វើ​ការ​ក្នុង​​ប្រទេស​ថៃ​ជា​ច្រើន​ឆ្នាំ​។​

ក្នុង​ចំណោមនោះ អ្នកស្រី វិន ផល្លីន វ័យ​៣៩​ឆ្នាំ មាន​កូន​ពីរ​នាក់​ក្នុង​បន្ទុក​បាន​រស់​ជា​បណ្ដោះ​អាសន្ន​នៅ​ក្នុង​ជំរំ​ជនភៀសសឹក​​។

ដោយ​សារតែ​មិន​អាច​​រកការងារ​ជាក់លាក់​មួយ​បានអ្នកស្រី ក៏​បាន​ប្រើ​ប្រាស់​ប្រាក់​​សន្សំ ​ដើម្បី​បើក​តូបលក់​ម្ហូប​អាហារ​​តូច​មួយ​ក្បែរផ្ទះ​។ ប៉ុន្តែ​អ្នកស្រី​ថា អាជីវកម្មនេះ​មិន​អាច​រក​ចំណូល​បានគ្រប់គ្រាន់​សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ​នោះទេ​។​​

ប្រជា​ពល​រដ្ឋ​ភៀសសឹក​ជា​ច្រើនពាន់គ្រួសារ​ដែល​​រស់​នៅ​ក្នុង​ជំរំបណ្ដោះអាសន្ន កំពុង​ពិបាក​រក​ការងារ​ធ្វើ​ជាក់​លាក់មួយ​។​

អ្នកស្រី​ឲ្យ​ដឹងថា​៖ «​បើ​សិនជា​មាន​រោងចក្រ​នៅ​ជិត វា​ពិតជា​ល្អណាស់។ បើ​សិនជាមាន​រោង​ចក្រ​នៅ​ក្នុង​ខេត្ត យើង​អាច​ត្រឡប់​ពីធ្វើការ​នៅពេល​ល្ងាច និង​បាននៅជុំគ្រួសារ»។

អ្នក​ស្រី ផល្លីន លើក​ឡើងថា អ្នកស្រី​អាច​នឹង​ឲ្យ​ស្វាមី​ទៅ​រក​ការងារ​ធ្វើ បើ​សិន​ជា​ចំណូល​ពី​របរ​សព្វ​ថ្ងៃមិ​នល្អ​ប្រសើរ ប៉ុន្តែ​ថាការងារជិតៗ​ផ្ទះ​មិន​សូ​វមាន​នោះទេ ដែល​នេះ​មាន​ន័យ​ថា​ស្វាមី​អ្នកស្រី​អាច​ត្រូវ​ធ្វើចំណាក​ស្រុក​ទៅ​កន្លែង​ណា​មួយ​ផ្សេង​ទៀត​។​

​អ្នកស្រី​ក៏​បាន​អំពាវនាវ​ឲ្យ​មានការ​ផ្ដល់ជា​ថវិកា និង​ម្ហូបអាហា​បន្ថែម​ទៀត ដើម្បី​ជួយ​គ្រួសារ​ឲ្យ​កសាង​ជីវិត​ថ្មី​បាន​។​

អាជីវករលក់ម្ហូបនៅក្បែរកន្លែងតាំងទីលំនៅបណ្ដោះអាសន្ននៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២៦។ (ខេមបូចា/គុជ ស៊ីកុល)
អាជីវករលក់ម្ហូបនៅក្បែរកន្លែងតាំងទីលំនៅបណ្ដោះអាសន្ននៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២៦។ (ខេមបូចា/គុជ ស៊ីកុល)

អ្នក​នាំពាក្យ​ក្រសួងការងារ លោក ស៊ុន មេសា មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ទៅ​នឹង​សំណួរ​បន្ថែមអំពី​ថា​តើ​រដ្ឋាភិបាល​នឹង​អាច​ជួយ​ផ្ដល់ជា​ថវិកា ឬ​ម្ហូបអាហារ​បន្ថែម​ដម្រាប់​អតីត​ពល​ករ​ដែល​ចាប់​ផ្ដើម​អាជីវកម្ម​ខ្នាត​តូច​ដែរ​ឬយ៉ាងណា​។​

អង្គការ​ធ្វើ​ការ​លើ​សិទ្ធិការងារ​បាន​លើក​ឡើងថា ​បញ្ហា​របស់​អតីត​ពល​ករ​គឺ​លើស​ពី​ឱកាស​ការងារ​។​

លោក ឌី ថេហូយ៉ា មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស និងជាប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស លើក​ឡើងថា ​អតីត​ពល​ករ​ចំណាក​ស្រុក​ដែល​បាន​ផ្ដល់​បទសម្ភាស​ន៍​ឲ្យ​អង្គការ​សង់ត្រាល់ បាន​ឲ្យ​ដឹង​ថា​ពួកគេ​បាន​រក​ការងារ​តាម​ទីភ្នាក់​ងារ​របស់​រដ្ឋាភិបាល​នៅ​តាម​រោងចក្រ​ក្រោយ​​ត្រឡប់​ពីប្រទេស​ថៃ តែ​ថា​ធ្វើ​បានតែមួយ​រយៈ​ក៏​បោះបង់ការងារ​នោះវិញ​។​

លោកបន្ត​ថា ​​ពលករ​ទាំង​នោះអះអាងថា​មាន​បញ្ហា​មួយ​ចំនួន​ដូច​ជា ប្រាក់ឈ្នួល​ទាប ​ជម្លោះរឿង​ប្រាក់ឈ្នួល និង​លក្ខខណ្ឌការងារ​ពិបាក​ជា​ដើម​។​​

លោក​ ថេហូយ៉ា ឲ្យ​ដឹងថា ​រដ្ឋាភិបាល​គួរតែ​វិនិយោគ​ច្រើន​ថែម​ទៀត​លើ​វិស័យ​កែច្នៃ​កសិផល​ និង​ឧស្សាហកម្ម​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្ត​តាម​ព្រំដែន ដើម្បី​បង្កើត​ការងារ​ឲ្យកាន់តែជិត​ សម្រាប់​អតីត​ពល​ករ​ដែល​ធ្លាប់ចំណាកស្រុក​ទាំង​នោះ ឲ្យ​បាន​ធ្វើការ និងរស់​នៅ​ជិត​ផ្ទះ ជួយ​បង្កើន​សេដ្ឋកិច្ច​ក្នុង​សហគមន៍​។​

លោក​បន្ថែមថា៖ «យើង​មិន​ត្រូវ​ពឹង​ផ្អែក​តែលើ​ទីផ្សារ​ការងារ​ប្រទេស​ថៃនោះទេ»។​

​យ៉ាងណា អតីត​ពល​ករ​មួយ​ចំនួន​នៅតែ​បន្ត​ស្វែង​រក​ឱកាសការងារ​ក្រៅ​ប្រទេស​។​

លោក​ឲ្យ​ដឹងថា ​អង្គការ​សង់ត្រាល់ បាន​រកឃើញ​​ច្រើន​ករណី​ទាក់ទង​នឹង​ប្រជា​ពល​រដ្ឋ​ខ្មែរ​បន្ត​ស្វែង​រក​ការងារ​​ក្នុង​ប្រទេស​ថៃ បើទោះ​ជា​ព្រំដែន​ប្រទេស​ទាំង​ពីរ​បិទក៏​ដោយ​។ លោកបន្តទៀត​ថា​ អ្នក​ទាំង​នោះ​បាន​បង់​ប្រាក់​ទៅ​ឲ្យ​​មេខ្យល់​រាប់​រយ​ដុល្លារ​ដើម្បី​បាន​ការងារធ្វើ និង​អាច​ឆ្លង​ព្រំដែន​តាមច្រក​ខុសច្បាប់​បាន​៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ ‘Starting From Zero’: Returnees from Thailand Still Struggle to Find Stable Jobs

ព័ត៌មានថ្មី

អត្ថបទពេញនិយម