បច្ចុប្បន្នភាពព័ត៌មាន ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទម្លាក់កម្រិតទំនាក់ទំនងការទូតកម្ពុជា-ថៃ ឱ្យមកនៅទាបបំផុត ត្រឹមលេខាទី២ និងដកមន្ត្រីផ្សេងទៀតទាំងអស់ ដែលបម្រើការងារនៅស្ថានទូតកម្ពុជាក្នុងទីក្រុងបាងកក ឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ និងតម្រូវឱ្យមន្ត្រីទូតថៃ កែសម្រួលចេញពីកម្ពុជាដូចគ្នា នេះជាការឆ្លើយតបដែលថៃបានសម្រេចដូច្នេះមុន។
កម្ពុជាសម្រេចបែបនេះ ដោយសារ ប្រព័ន្ធផ្សព្វផ្សាយនានារបស់ថៃដូចជាកាសែត The Nation នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានចុះផ្សាយថា «ថៃបានសម្រេចចិត្តទម្លាក់ កម្រិតការទូតជាមួយកម្ពុជាដោយកោះហៅឯកអគ្គរាជទូតថៃពីកម្ពុជា និងបណ្តេញឯកអគ្គរាជទូតកម្ពុជាចេញពីទីក្រុងបាងកក»។
ប្រកាសបណ្តេញមន្រ្តីទូតថៃ ធ្វើឡើងបន្ទាប់ពីភាគីថៃបានកោះហៅឯកអគ្គរាជទូតរបស់ខ្លួនត្រឡប់ពីកម្ពុជាទៅប្រទេសថៃវិញ និងបណ្តេញឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងបាងកក ក្រោមលេសគ្មានមូលដ្ឋានច្បាស់លាស់រឿងផ្ទុះមីន។
ការអះអាងដែលគ្មានភស្តុតាងរបស់ថៃបែបនេះ ត្រូវបានគេមើលឃើញថាជាចេតនារបស់ថៃ ក្នុងការទម្លាក់កំហុសមកលើភាគីកម្ពុជា ដើម្បីធ្វើឲ្យប្រតិកម្មផ្នែកការទូតរបស់ខ្លួន ហាក់ដូចជា គ្មានភាពសមហេតុផល។ ទង្វើនេះបានបង្ហាញពីការខ្វះសុឆន្ទៈ ក្នុងការដោះស្រាយបញ្ហាតាមរយៈកិច្ចសន្ទនា និងបានជ្រើសរើសយកការប្រឈមមុខដាក់គ្នាជំនួសវិញ។
កាលពីយប់ថ្ងៃទី២៣ ខែកក្កដា ប្រទេសថៃបានបន្ថយកម្រិតទំនាក់ទំនងការទូតជាមួយកម្ពុជា ហើយបានកោះហៅឯកអគ្គរដ្ឋទូតថៃប្រចាំកម្ពុជាត្រឡប់ទៅវិញ បន្ទាប់ពីឧប្បត្តិហេតុផ្ទុះគ្រាប់មីនមួយផ្សេងទៀតដែលបណ្តាលឱ្យទាហានថៃម្នាក់ដាច់ជើង នៅរសៀលថ្ងៃពុធនេះ ខណៈដែលយោធាជួរមុខកំពុងតែប្រឈមនឹងភាពតានតឹងតាមព្រំដែនបានខ្លាំងឡើង។ យោងតាមការផ្សាយរបស់ Khaosod English។
ទំនាក់ទំនងកម្ពុជា-ថៃកាន់តែយ៉ាប់យ៉ឺនជាងមុននៅថ្ងៃទី២៣ ខែកក្កដា បន្ទាប់ពីទាហានល្បាតម្នាក់បានជាន់មីនដាច់ជើងក្នុងឧប្បត្តិហេតុចុងក្រោយនៅតាមព្រំដែនដែលមានជម្លោះ។ យោធាថៃបានឆ្លើយតបដោយការបិទប្រាសាទបុរាណចំនួនពីរនៅក្នុងតំបន់ប្រកួតប្រជែង និងបិទច្រកព្រំដែនចំនួនបួន ខណៈដែលនាយករដ្ឋមន្រ្តីស្តីទី Phumtham Wechayachai ដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរបានបញ្ជាឱ្យបន្ថយកម្រិតការទូត។
លោក Phumtham មានប្រសាសន៍ថា៖ «រដ្ឋាភិបាលបានសម្រេចឱ្យឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ត្រឡប់ទៅកាន់ប្រទេសថៃវិញ ហើយបញ្ជូនឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃឱ្យត្រឡប់ទៅប្រទេសរបស់គាត់វិញផងដែរ។ យើងនឹងពិចារណាកម្រិតនៃទំនាក់ទំនងបន្ថែមទៀត»។
លោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃប្រទេសកម្ពុជា នៅយប់ថ្ងៃទី២៣ ខែកក្កដា បានប្រកាសច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការផ្ទុះគ្រាប់មីន នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ នៅយប់ថ្ងៃទី២៣ ខែកក្កដា។
ក្រសួងការពារជាតិ សូមប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ភាគីថៃ ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃចំនួន ៥ នាក់ ដោយសារការផ្ទុះគ្រាប់មីន ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។
កម្ពុជាតែងតែបានរំលឹកភាគីថៃជាច្រើនលើកច្រើនសារថា តំបន់ទាំងនេះនៅមានគ្រាប់មីនដែលជាសំណល់ពីសង្គ្រាមជាច្រើនគ្រាប់ ដែលមិនទាន់បានបោសសម្អាតអស់ ហើយជំរុញឱ្យភាគីថៃចៀសវាងអនុវត្តផ្ទុយពីការឯកភាពគ្នាលើការប្រើប្រាស់តម្រាយផ្លូវសម្រាប់ដើរល្បាត ដូចដែលមានចែងនៅក្នុងអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ (MOU 2000)។
វាជាការដែលគួរឱ្យសោកស្តាយយ៉ាងខ្លាំងបំផុតដែលភាគីថៃ មិនត្រឹមតែមិនបានទទួលខុសត្រូវចំពោះទង្វើឈ្លានពានរបស់ខ្លួន ហើយថែមទាំងមកចោទប្រកាន់កម្ពុជាថា បានរំលោភច្បាប់អន្តរជាតិ ទាំងកម្ពុជាខ្លួនឯងជាជនរងគ្រោះដ៏អយុត្តិធម៌នៃការរំលោភបំពានច្បាប់របស់ថៃ។
ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បន្តអនុវត្តតាមការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី និងសុខសុវត្ថិភាពប្រជាជនកម្ពុជា ដោយមិនអនុញ្ញាតឱ្យប្រទេសណាមួយឈ្លានពានមកលើទឹកដីរបស់ខ្លួនបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ៕











