សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

នាយឧត្តមសេនីយ៍ផ្កាយមាស៥ ហ៊ុន សែន ទទួលភារកិច្ចជាអគ្គភ័ស្តុភារជាន់ខ្ពស់សម្រាប់​កងទ័ព បន្ទាប់ពីវិវាទព្រំដែន

នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកងទ័ពកម្ពុជានៅព្រំដែនថៃ ក្នុងខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៥ ខែមិថុនា​ ឆ្នាំ២០២៥។ (រូបភាព៖ SHS Media)
នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកងទ័ពកម្ពុជានៅព្រំដែនថៃ ក្នុងខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៥ ខែមិថុនា​ ឆ្នាំ២០២៥។ (រូបភាព៖ SHS Media)

នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នៅថ្ងៃទី២៦ ខែមិថុនា បានទទួលភារកិច្ចជាអគ្គភ័ស្ដុភារជាន់ខ្ពស់ សម្រាប់​កងកម្លាំងប្រដាប់អាវុធ តាមសំណើរបស់មេបញ្ជាការទាំង​ឡាយ បន្ទាប់ពីវិវាទព្រំដែនកម្ពុជា-ថៃ ដែលបណ្តាលឱ្យទាហានកម្ពុជាម្នាក់បានស្លាប់កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ យោងតាមការផ្សាយក្នុងទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន​។

នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា បានប្រកាសដូច្នេះក្នុងឱកាសអញ្ជើញជួបប្រជុំជាមួយ មេបញ្ជាការអង្គភាពចំណុះទិសទី២ និងទិសទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ។ លោកបានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកងទ័ពកម្ពុជា ដែលកំពុងឈរជើងដ៏អង់អាចក្លាហានបំផុតការពារទឹកដីជាប់ព្រំដែនថៃ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភា បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ លោក ហ៊ុន សែន បានប្រកាសទទួលយកតាមសំណើរបស់មេបញ្ជាការទាំងឡាយ នូវភារកិច្ចជាអគ្គភ័ស្ដុភារជាន់ខ្ពស់ សម្រាប់កងកម្លាំងប្រដាប់អាវុធកម្ពុជា ដែលជាការបញ្ជាក់យ៉ាងច្បាស់ពីលោកនៅក្នុងការជួយដល់កងទ័ព ជាពិសេស គឺជាការធានានូវការផ្គត់ផ្គង់ដល់កងកម្លាំងកម្ពុជាដែលកំពុងតែប្រឈមមុខជាមួយនឹងសត្រូវ។

លោក ធីរិទ្ធ បានថ្លែងថា៖ «សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា សូមកងទ័ពទាំងឡាយកុំខ្លាច នៅក្នុងការវាយប្រហារជាមួយសត្រូវដែលឈ្លានពានយើង»

ដោយឡែក គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៦ ខែមិថុនានេះ ថា ការបិទភ្លាមៗ និងគ្មានការសម្របសម្រួលបាន «ប៉ះពាល់ដល់សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ»

សេចក្តីថ្លែងការណ៍បានសរសេរថា៖ «ការបិទព្រំដែនឯកតោភាគីដោយប្រទេសថៃបានធ្វើឱ្យជាប់គាំងមនុស្ស រួមទាំងកម្មករ ពាណិជ្ជករ អ្នកធ្វើដំណើរ និងក្រុមគ្រួសារ – រារាំងពួកគេមិនឱ្យឆ្លងកាត់ព្រំដែនសម្រាប់ហេតុផលស្របច្បាប់»

សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា សេរីភាពជាមូលដ្ឋានត្រូវបានរំលោភ រួមទាំងសិទ្ធិក្នុងការធ្វើចលនា កម្រិតជីវភាពគ្រប់គ្រាន់ ការងារ សិទ្ធិទទួលបានព័ត៌មាន សុខភាព និងការអប់រំ ក៏ដូចជាការការពារពីការជួញដូរមនុស្ស។

ការបិទព្រំដែននេះ ធ្វើឡើងបន្ទាប់ពីមានភាពតានតឹងកាន់តែខ្លាំងឡើង បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយយោធា កាលពីថ្ងៃទី២៨ ខែឧសភា នៅតំបន់ «មុំបី» ជិតខេត្តព្រះវិហារ ដែលបណ្តាលឱ្យទាហានខ្មែរស្លាប់។

ពលករ​ខ្មែរ​ចាក​ចេញពីប្រទេសថៃតាម​ច្រកទ្វារ​អន្តរជាតិ​ដូង ក្នុង​ខេត្ត​បាត់ដំបង បន្ទាប់​ពី​យោធា​ថៃ​បើក​ច្រក​ដោយ​អនុញ្ញាត​ឱ្យ​ពួកគេ​ត្រឡប់​មក​កម្ពុជា​វិញ។ (ហ្វេសប៊ុករបស់​ច្រក​ទ្វារ​ព្រំដែនអន្តរជាតិ​ដូង)

ពាក់នឹងបញ្ហាពលករដែលត្រឡប់មកកម្ពុជាវិញ លោក ពេជ្រ វណ្ណា ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានឱ្យដឹងថា ពលករខ្មែរជាង៤០០នាក់បានត្រឡប់ពីថៃតាមច្រកទ្ធារព្រំដែនអន្តរជាតិប៉ោយប៉ែតកាលពីល្ថាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។

លោកបានថ្លែងថា៖ «ពលករជាង៤០០នាក់ត្រឡប់មកវិញ….ចាប់ពីម៉ោង៧យប់ដល់ម៉ោង៨៖៣០យប់»

លោក វណ្ណា បានបន្តថា ពលករអាចចេញមកកម្ពុជាវិញបាន លុះត្រាតែមានការចរចានៅតាមច្រកព្រំដែននីមួយៗរវាងភាគីកម្ពុជា និងថៃ។ លោកមិនទាន់ដឹងថាតើពលករសរុបចំនួនប៉ុន្មាននាក់ដែលត្រឡប់មកកម្ពុជានោះទេ។ លោកបានបន្តថា ស្ថានភាពនៅព្រំដែនហាក់មានសភាពស្ងាត់ធម្មតា ប៉ុន្តែភាគីទាំងពីរមានការប្រុងប្រយ័ត្នរៀងៗខ្លួន។

លោកបានបញ្ជាក់ថា មូលហេតុដែលពលករត្រឡប់មកកម្ពុជា ដោយសារតែមានការផ្សព្វផ្សាយតាមបណ្តាញសង្គម និងព័ត៌មានផ្សេងៗពីបញ្ហាវិវាទព្រំដែន និងមួយទៀត ពួកគាត់បារម្ភខ្លាចចេញមកមិនទាន់ ព្រោះតែមានការបិទច្រកព្រំដែន ដូច្នេះពលករមួយចំនួនត្រូវបង្ខំចិត្តចេញមក ប៉ុន្តែពលករមួយចំនួនទៀតនៅធ្វើការធម្មតានៅថៃ។

លោក វណ្ណា បានបន្ថែមថា៖ «សូមឱ្យប្រជាពលរដ្ឋយើងមានការប្រុងប្រយ័ត្នដើម្បីសុវត្ថិភាព ដើម្បីក្រុមគ្រួសារ ព្រោះមកដល់មកនេះគាត់ដឹងគ្រប់គ្នាហើយ»

អ្នកស្រី ទាត ចាន់នី ពលករខ្មែធ្វើការនៅថៃរយៈពេល៥ឆ្នាំ បានរៀបរាប់ថា អ្នកស្រី និងប្តីអ្នកស្រីត្រឡប់ពីប្រទេសថៃតាមច្រកទ្ធារអន្តរជាតិភ្នំដី ខេត្តបាត់ដំបង​ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ដោយសារតែក្រុមអ្នកលេងជនជាតិថៃបានវៃប្តីអ្នកស្រីនៅពេលយប់ ខណៈដែលប្តីអ្នកស្រីចេញពីរោងចក្រដែក ហើយអ្នកស្រីមិនដឹងពីមូលហេតុដែលពួកគេវៃគាត់ទេ។

អ្នកស្រីបន្តថា៖ «វាវៃប្តីខ្ញុំ ពេលដែលប្តីខ្ញុំចេញពីធ្វើការពេលយប់»

អ្នកស្រី ចាន់នី និយាយថា​ អ្នកស្រីធ្វើការនៅរោងចក្រសារាយសមុទ្រ ទទួលបានប្រាក់ខែ ក្នុងមួយបាន៣៧២បាត ដោយសាររឿងព្រំដែន ជនជាតិថៃមួយចំនួនរើសអើង ប៉ុន្តែជនជាតិថៃខ្លះក៏មិនរើស​អើង​ដែរ។

អ្នកស្រី ចាន់នី បានប្រាប់ថា៖ «យើងត្រឡប់មកខ្មែរវិញ ដោយសារខ្លាចគេវៃប្តីទៀត»។ អ្នកស្រីបន្តទៀតថា៖ «មួយទៀត ដោយសារបញ្ហាព្រំដែន ខ្លាចថៃធ្វើបាប»

អ្នកស្រីបន្ថែមថា អ្នកស្រីឈប់ទៅធ្វើការនៅថៃទៀតហើយ អ្នកស្រីនឹងទៅធ្វើការរោងចក្រនៅកម្ពុជា។

យោងតាមទំព័រហ្វេសប៊ុករបស់សង់ត្រាល់ បានបញ្ជាក់ថា នៅវេលាម៉ោង៦ល្ងាច នៅថ្ងៃពុធ ទីទី២៥ ខែមិថុនានេះ ក្រោយពីក្រុមយោធាថៃ បានបិទច្រកជាឯកតោភាគី។ ទិដ្ឋភាពនេះ ប៉ូលិសថៃ បានយកឡានដឹកពលករខ្មែរ ក្រោយពីពួកគាត់រងចាំតាំងពីព្រឹកម៉ោង៥ នៅស្រុកអារញ្ញ ខេត្តស្រះកែវ និងមានសកម្មភាពរារាំងពលករ ពីសំណាក់ប៉ូលិសថៃ មិនឱ្យពលករខ្មែរវិលចូលមកកម្ពុជាវិញ។

យោងតាមការសង្កេតផ្ទាល់ពីក្រុមការងារស្មា-SMA និងបណ្តាញពលករ របស់សង់ត្រាល់ ព្រមទាំងបានសាក​សួរ​ពលករខ្មែរខ្លះ ដែលមិនមានឯកសារ នៅល្ងាចវេលាម៉ោង៦ ថ្ងៃដដែល មានពលករប្រមាណ​១០៥នាក់ រួមទាំងកុមារតូចៗផង។ ពលករខ្លះ ត្រូវបានប៉ូលិសថៃ ទៅចាប់ដល់កន្លែងធ្វើការ និងបញ្ជូនមកខ្មែរយើងវិញ ហើយក៏មានពលករខ្លះទៀត ពួកគាត់បានដើរមកពីកន្លែងធ្វើការមកកាន់ច្រកព្រំដែនផងដែរ ដើម្បីរង់ចាំឱ្យថៃនាំមកខ្មែរវិញ។

សូមបញ្ជាក់ថា ហេតុការណ៍បានកើតមានឡើងជាបន្តបន្ទាប់ ក្រោយពីយោធាថៃ ប្រកាសបិទច្រកដោយឯកតោភាគីទាំងស្រុង ចាប់តាំងពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥កន្លងមកនេះ។

អង្គការសង់ត្រាល់លើកឡើងថា៖ «ហេតុការណ៍ បង្កឱ្យមានការមើលឃើញថា កុមារ និងស្ត្រីមួយចំនួន ជាពលករខ្មែរ រងផលប៉ះពាល់ និងប្រឈមសុខភាព ព្រមទាំងបំពានសិទ្ធិកុមារ និងសិទ្ធិស្ត្រី»

114 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម