សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកសារព័ត៌មានកម្ពុជារិះគន់ការយាយីរបស់រដ្ឋាភិបាល អំឡុងទិវាសេរីភាពសារព័ត៌មានពិភពលោក

អ្នកសារព័ត៌មានត្រូវបានបង្ខំឲ្យប្រមូលផ្តុំគ្នានៅផ្នែកម្ខាងផ្លូវនៅមុខសាលាដំបូងរាជធានីភ្នំពេញ អំឡុងពេលសវនាការកាត់ទោសអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិលោកកឹម សុខា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
អ្នកសារព័ត៌មានត្រូវបានបង្ខំឲ្យប្រមូលផ្តុំគ្នានៅផ្នែកម្ខាងផ្លូវនៅមុខសាលាដំបូងរាជធានីភ្នំពេញ អំឡុងពេលសវនាការកាត់ទោសអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិលោកកឹម សុខា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ក្រុមសង្គមស៊ីវិលនិងសមាគមសារព័ត៌មានមួយចំនួនបានអះអាងនៅថ្ងៃទិវាសេរីភាពសារព័ត៌មានពិភពលោកថា សេរីភាពសារព័ត៌មាននៅកម្ពុជានៅតែអាក្រក់ ដោយសារការបន្តបង្រ្កាបរបស់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលរួមមានការគំរាមកំហែង អំពើហិង្សានិងការចាប់អ្នកសារព័ត៌មានដាក់ពន្ធនាគារ។ ប៉ុន្តែអ្នកនាំពាក្យក្រសួងព័ត៌មានបានច្រានចោលការចោទប្រកាន់នេះ ដោយអះអាងថាសារព័ត៌មាននៅកម្ពុជាបន្តប្រតិបត្តិការដោយសេរីនិងរលូន។

សមាគមសារព័ត៌មាននិងអង្គការក្រៅរដ្ឋាភិបាលចំនួន១៣ រួមទាំងសម្ព័ន្ធអ្នកសារព័ត៌ មានកម្ពុជា (ខេមបូចា) បានប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកតាមរយៈកិច្ច ពិភាក្សាជាក្រុមតាមបណ្តាញអ៊ីនធើណេតនៅថ្ងៃទី៣ ខែឧសភាឆ្នាំ២០២១ ដោយលើកឡើងពីបរិយាកាសលំបាកនិងកំពុងកើនឡើង ដែលវិស័យសារព័ត៌មានរបស់ប្រទេសនេះកំពុងប្រឈម។ កិច្ចពិភាក្សានេះត្រូវបានចូលរួមដោយមន្រ្តីមួយចំនួនមកពីក្រសួងព័ត៌មានផងដែរ។

លោក ប៉ា ងួនទៀង ជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រ ព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) មានប្រសាសន៍ថា ការឆ្លងរាលដាលជំងឺកូវីដ-១៩នៅកម្ពុជាបានធ្វើឱ្យអ្នកសារព័ត៌មាននៅកម្ពុជាកាន់តែពិបាក។

លោកមានប្រសាសន៍ថា៖ «រដ្ឋាភិបាលបច្ចុប្បន្នបានប្រើប្រាស់ស្ថានការណ៍នយោបាយនិងឆ្លៀតឱកាសពីការឆ្លងរាលដាលជំងឺ-១៩ ដើម្បីរឹតត្បិតសេរីភាពសារព័ត៌មាន»

លោកបានបន្ថែមថា៖ «សម្រាប់ខ្ញុំ នៅពេលមានការរឹតត្បិតកាន់តែខ្លាំងលើសេរីភាពសារព័ត៌មាន នោះសង្គមនឹងបាត់បង់អភិបាលកិច្ចល្អ»។

លោក ងួនទៀង បានកត់សម្គាល់ថា សេរីភាពសារព័ត៌មាននៅកម្ពុជាបាននិងកំពុងធ្លាក់ចុះចាប់តាំងពីឆ្នាំ២០១៧ នៅពេលដែលរដ្ឋាភិបាលបានចាប់ផ្តើមការបង្ក្រាបរបស់ខ្លួនទៅលើសេរីភាពនៃការបញ្ចេញមតិ ដោយផ្តោតគោលដៅលើប្រព័ន្ធផ្សព្វផ្សាយឯក រាជ្យ និងបិទវិទ្យុអាស៊ីសេរីដែលគាំទ្រដោយសហរដ្ឋអាមេរិកនិងកាសែត ឌឹ ខេមបូឌា ដេលី។

លោកបានបន្ថែមថា CCIM បានធ្វើការស្ទង់មតិលើអ្នកសារព័ត៌មានឯករាជ្យ ដែលបានបង្ហាញថា ពួកគេភាគច្រើនមានការព្រួយបារម្ភអំពីការធ្វើសេចក្តីរាយការណ៍អំពីបញ្ហារសើបដូចជាអំពើពុករលួយ ការកាប់បំផ្លាញព្រៃឈើ បញ្ហាបរិស្ថាន និងនយោបាយ។

អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនបានចាត់ថ្នាក់ប្រទេសកម្ពុជាស្ថិតនៅលំដាប់ទី១៤៤ ក្នុងចំណោម១៨០ប្រ ទេសក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២០។

នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយ ដែលបានចេញផ្សាយកាលពីខែមីនា ខេមបូចា បានកត់ត្រាការយាយី៣៥ករណី លើអ្នកសារព័ត៌មាន៧២នាក់។ ប្រភេទនៃការយាយីទូទៅបំផុតនោះ គឺការចាប់ដាក់ពន្ធនាគារនិងអំពើហិង្សា ដោយអ្នកសារព័ត៌មានអនឡាន ដែលមាន៦៤ករណីក្នុងចំណោម៧២ករណី ដែលប្រឈមនឹងការតបតធ្ងន់ធ្ងរពីអាជ្ញាធរចំពោះការសរសេររិះគន់។

ករណីនៃការវាយប្រហារទាំងនេះត្រូវបានគេភ្ជាប់មួយផ្នែកទៅនឹងការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើសេរីភាពនៃការបញ្ចេញមតិ ដែលផ្តើមចេញពីការរីករាលដាលនៃជំងឺកូវីដ-១៩។

លោក សុវណ្ណ រិទ្ធី នាយកបណ្តាញព័ត៌មានអនឡាន TVFB ត្រូវបានតុលាការកាត់ ទោសឲ្យជាប់ពន្ធនាគាររយៈពេល១៨ខែកាលពីខែតុលា បន្ទាប់ពីលោកបានរាយការ ណ៍អំពីសុន្ទរកថារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលណែនាំឱ្យអ្នករត់ម៉ូតូឌុបលក់ម៉ូតូរបស់ពួកគេ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារជំងឺកូវីដ-១៩។ លោក រិទ្ធី បានចំណាយពេល៦ខែក្នុងការឃុំខ្លួនបណ្តោះអាសន្នរួចទៅហើយ ចំណែកទោសនៅសល់របស់លោកត្រូវបានព្យួរ។ កាលពីខែធ្នូ លោក សុខ ឧត្តម ម្ចាស់ស្ថានីយ៍វិទ្យុរិទ្ធិសែនត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល២០ខែពីបទញុះញង់ បន្ទាប់ពីលោករាយការណ៍អំពីជម្លោះ ដីធ្លីរវាងអ្នកភូមិក្នុងខេត្តកំពង់ឆ្នាំងនិងមន្រ្តីយោធាជាន់ខ្ពស់មួយរូប។

ស្ត្រីម្នាក់មើលការផ្សាយផ្ទាល់នៃកិច្ចពិភាក្សាតាមបណ្តាញអ៊ីនធឺណេតតាមកម្មវិធី Zoom ដើម្បីប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
ស្ត្រីម្នាក់មើលការផ្សាយផ្ទាល់នៃកិច្ចពិភាក្សាតាមបណ្តាញអ៊ីនធឺណេតតាមកម្មវិធី Zoom ដើម្បីប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ទោះបីជាមានរបាយការណ៍ទាំងនេះក៏ដោយ  ក៏លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រ សួងព័ត៌មានលោកបានច្រានចោលការលើកឡើងដែលថា សេរីភាពសារព័ត៌មាននៅកម្ពុជាបានធ្លាក់ចុះ ដោយបញ្ជាក់ថា រដ្ឋាភិបាលបានខិតខំការពារសិទ្ធិអ្នកសារព័ត៌មានរួមទាំងសិទ្ធិក្នុងការបោះពុម្ពផ្សាយដោយសេរីផងដែរ។

លោកបានមានប្រសាសន៍ថា៖ «ខ្ញុំចង់ជម្រាបអស់លោក លោកស្រីថា សិទ្ធិនិងសេរីភាពសារព័ត៌មាននៅ ក្នុងប្រទេសកម្ពុជានៅតែត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ ហើយមានស្ថានភាពល្អប្រសើរបើទោះបីជាយើងស្ថិតក្រោមស្ថានភាពនៃជំងឺកូវីដ-១៩ ក៏ដោយ»

ជាក់ស្តែង លោក សុភ័ណ្ឌ បានបង្ហាញថាចំនួនប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអនឡាញបានកើនឡើង១០៧ស្ថាប័នក្នុងឆ្នាំ២០២០ បើប្រៀបធៀបទៅឆ្នាំ២០១៩ ដែលធ្វើឲ្យចំនួនសរុបកើនដល់៦៦៩ស្ថាប័ន។ ក្រសួងបានចេញប័ណ្ណព័ត៌មានចំនួន៤,២៣០ សម្រាប់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ដែលកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជា។

លោកអះអាងថា ក្រុមសង្គមស៊ីវិលតែងតែចោទប្រកាន់រដ្ឋាភិបាលថា បានរំលោភសេរី ភាពសារព័ត៌មាននៅពេលរដ្ឋាភិបាលចាត់វិធានច្បាប់ប្រឆាំងនឹងស្ថាប័នសារព័ត៌មានឬអ្នកសារព័ត៌មានដែលបានរំលោភច្បាប់។

លោក សុភ័ណ្ឌ បានចោទសួរថា៖ «តើលោកអ្នកមានបានពិចារណាលើអ្នកកាសែតដែលបានធ្វើខុស ដូចដែលពួកគេត្រូវបានចោទប្រកាន់ដោយអាជ្ញាធរដែរឬទេ?។ សិទ្ធិសេរីភាពសារព័ត៌មាន ជាពិសេសសេរីភាពបញ្ចេញមតិ ត្រូវបានអនុវត្តស្របតាមច្បាប់របស់ប្រទេសកម្ពុជា »។

ទោះយ៉ាងណាក៏ដោយ មិនមែនគ្រប់គ្នាសុទ្ធតែជឿជាក់នោះទេ។ លោក ស៊ឹង សែនករុណា អ្នកស៊ើបអង្កេតជាន់ខ្ពស់នៅអង្គការសិទ្ធិមនុស្សអាដហុកបានមានប្រសាសន៍ថា អ្នកសារព័ត៌មានជាច្រើនបានត្អូញត្អែរថា ពួកគេគ្មានសិទ្ធិចូលយកព័ត៌មាននៅសន្និ សីទសារព័ត៌មានខ្លះ លើកលែងតែអ្នកសារព័ត៌មានដែលគាំទ្ររដ្ឋាភិបាល ។

លោកបានមានប្រសាសន៍ថា៖ «នេះបង្ហាញយ៉ាងច្បាស់ថា មានការរើសអើងលើអ្នកសារព័ត៌មានមួយចំនួន»

កញ្ញា ខាន់ លក្ខិណា អ្នកយកព័ត៌មាននៅបណ្តាញសារព័ត៌មាន៽វីអូឌី (VOD) ដែលគ្រប់គ្រងដោយមជ្ឈមណ្ឌល CCIM បានយល់ស្របថា អ្នកសារព័ត៌មាននៅតែរងការគំរាមកំហែងពីសំណាក់អាជ្ញាធរនៅក្នុងការបំពេញការងាររបស់ពួកគេ។

កញ្ញាបាននិយាយថា៖ «ខ្ញុំធ្លាប់ត្រូវបានអាជ្ញាធរគំរាមកំហែងនៅពេលខ្ញុំចុះទៅយកព័ត៌មានផ្ទាល់ដល់កន្លែង»

អ្នកសារព័ត៌មានរូបនេះបានចែករំលែកបទពិសោធន៍របស់ខ្លួននៅពេលចុះយកព័ត៌ មានទាក់ទិននឹងសវនាការជំនុំជម្រះសមាជិករបស់បក្សប្រឆាំងមួយចំនួននៅឯសាលាដំបូងរាជធានីភ្នំពេញ ដែលកញ្ញាបាននិយាយថា ខ្លួនត្រូវបានអាជ្ញាធរគំរាមនិងដេញតាម ខណៈពេលព្យាយាមថតរូបភាពហើយទីបំផុតទូរសព្ទរបស់នាងត្រូវបានដកហូតដើម្បីលុបរូបភាព។

កញ្ញា លក្ខិណា បានអះអាងថា អ្នកសារព័ត៌មាននៅតែមានការព្រួយបារម្ភដោយសាររដ្ឋាភិបាលនៅតែបន្តប្រើប្រាស់ក្រមព្រហ្មទណ្ឌប្រឆាំងនឹងអ្នកសារព័ត៌មានជាជាងច្បាប់របបសារព័ត៌មាន ដែលច្បាស់ណាស់ត្រូវបានបង្កើតឡើងជាជំរើសជំនួសឲ្យនីតិវិធីព្រហ្មទណ្ឌ។

កញ្ញាបានបន្ថែមថា៖ «ខ្ញុំគិតថា ប្រសិនបើអ្នកសារព័ត៌មាននៅតែស្ថិតនៅក្រោមការគំរាមកំហែងនោះ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកម្ពុជានឹងមិនមានភាពប្រសើរឡើងទេ នាពេលអនាគត»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia’s journalists speak out against government harassment on World Press Freedom Day

594 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម