សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

សេរីភាពសារព័ត៌មាននៅកម្ពុជាបន្តធ្លាក់ចុះ ប៉ុន្តែរដ្ឋាភិបាលអះអាង​ថា​​ស្ថានភាព«ល្អណាស់»

រូបភាពអ្នកសារព័ត៌មានកំពុងសម្ភាសន៍ជាមួយប្រភព ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។(ខេមបូចា/ ព្រីង សំរាំង)
រូបភាពអ្នកសារព័ត៌មានកំពុងសម្ភាសន៍ជាមួយប្រភព ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។(ខេមបូចា/ ព្រីង សំរាំង)

អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន(RSF) បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ១៦១ ក្នុងចំណោម ១៨០ ប្រទេសនៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៥ ដែលជាការធ្លាក់ចុះបន្ថែមទៀតពីចំណាត់ថ្នាក់ ១៥១ កាលពីឆ្នាំ២០២៤ ដែលចំណាត់ថ្នាក់នេះឆ្លុះបញ្ចាំងពីទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយកាន់តែយ៉ាប់យ៉ឺន។ នេះបើយោងតាមរបាយការណ៍របស់អង្គការខាងលើដែលបានចេញផ្សាយថ្ងៃទី២ ខែឧសភា មុនទិវាសេរីភាពសារព័ត៌មានពិភពលោក។

ទោះជាយ៉ាងនេះក្ដី ក្រសួងព័ត៌មានបានច្រានចោលការវាយតម្លៃនេះ ដោយលើកឡើងថា វាមិនឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែង ដែលខ្លួនបានពិពណ៌នាថា «ល្អណាស់»

ការធ្លាក់ចុះនេះ ដោយផ្អែកលើសោកនាដកម្មនៃមរណភាពរបស់អ្នកសារព័ត៌មានដែលចុះយកព័ត៌មានអំពីបញ្ហាព្រៃឈើក្នុងខេត្តសៀមរាប និងការចាប់ខ្លួនអ្នកសារព័ត៌មានដែលទទួលបានពានរង្វាន់លោក ម៉ិច ដារ៉ា ជុំវិញការបង្ហោះតាមបណ្តាញសង្គម ប៉ុន្តែគាត់ត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំកាលពីខែតុលាឆ្នាំមុន។

បន្ថែមលើនេះ ការបញ្ជាឱ្យបិទវិទ្យុសម្លេងប្រជាធិបតេយ្យ(VOD)កាលពីឆ្នាំ២០២៣ ដែលជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយ ក្នុងចំណោមស្ថាប័នព័ត៌មានឯករាជ្យដ៏តិចតួចដែលសេសសល់នៅកម្ពុជា។ វាក៏ប៉ះពាល់ដល់ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសផងដែរ។

ឆ្លើយតបទៅនឹងការរកឃើញរបស់អង្គការ​RSF អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ មានប្រសាសន៍ថា ការប្រមូលខ្លឹមសាររបស់សមាគមប្រព័ន្ធផ្សព្វផ្សាយ តាមរយៈ«ការផលិតរបាយការណ៍មានលក្ខណៈនិន្នាការនយោបាយ» ដោយមិនឆ្លុះបញ្ចាំងពីការពិតនៅក្នុងប្រទេសកម្ពុជានោះទេ។

ជាមួយគ្នានេះ សមាគមសារព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាលជាច្រើននៅក្នុងប្រទេសកម្ពុជា បានប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រោមប្រធានបទ ការពារប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា នៅថ្ងៃទី២ ខែឧសភា នៅរាជធានីភ្នំពេញ នៅមុនមួយថ្ងៃនៃព្រឹត្តិការណ៍ពិភពលោកនៅថ្ងៃទី៣ ខែឧសភា។

ដោយភ្ជាប់ជាមួយនឹងការប្រារព្ធពិធីនេះ ក្រុមសារព័ត៌មានក្នុងស្រុក និងថ្នាក់តំបន់ចំនួន១៧ស្ថាប័ន ក្រុមអ្នកតស៊ូមតិសិទ្ធិប្រព័ន្ធផ្សព្វផ្សាយ និងអង្គការស៊ីវិលអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយបង្ហាញពី «ការព្រួយបារម្ភយ៉ាងខ្លាំង» របស់ពួកគេអំពីការកើនឡើងនៃការរឹតបន្តឹង និងការគំរាមកំហែងដល់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។

ពួកគេបានលើកឡើងពីបញ្ហាប្រឈមជាច្រើនដែលអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបានជួបប្រទះ ដូចជាការយាយីផ្នែកច្បាប់ ការបំភិតបំភ័យ ការចាប់ខ្លួន ការដកហូតអាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយ និងការចាប់ពិរុទ្ធ ដែលធ្វើឡើងដោយរដ្ឋាភិបាល និង «អ្នកមានអំណាច»

សេចក្តីថ្លែងការណ៍រួមបានសរសេរថា៖ «យើងសូមអំពាវនាវឱ្យប្រជាជនកម្ពុជាចូលរួមជាមួយយើងក្នុងការទាមទារឱ្យបញ្ចប់ការរឹតត្បិតទាំងនេះ» ដោយជំរុញឱ្យរដ្ឋាភិបាលធានានូវបរិយាកាសសេរី និងសុវត្ថិភាពទាំងតាមអនឡាញ និងដោយផ្ទាល់ សម្រាប់អ្នកសារព័ត៌មាន និងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ អនុវត្តការងាររបស់ពួកគេដោយគ្មានការរឹតត្បិត ឬភ័យខ្លាច។

ផ្ទាំងរូបភាពដែលភ្ជាប់ជាមួយខ្លឹមសារ «ការពារប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា» សម្រាប់ស្វាគមន៍អ្នកចូលរួមក្នុងព្រឹត្តិការណ៍ទិវាសេរីភាពសារព័ត៌មាន នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

អង្គការសហប្រជាជាតិ និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) ក៏បានបោះពុម្ពរបាយការណ៍ប្រចាំឆ្នាំដោយបញ្ជាក់ថា សេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិនៅតែ «រងការវាយប្រហារ» នៅក្នុងប្រទេសកម្ពុជា។

ក្នុងព្រឹត្តិការណ៍ទិវាសេរីភាពសារព័ត៌មាន ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោក Jacques Pellet មានប្រសាសន៍ថា ប្រទេសបារាំងចាត់ទុកសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មានជាអាទិភាពក្នុងគោលនយោបាយរបស់ខ្លួន ហើយថា«បរិបទកម្ពុជាទាមទារឱ្យមានការប្រុងប្រយ័ត្នជាថ្មី»

លោកក៏បានដកស្រង់របាយការណ៍របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) ក្នុងឆ្នាំ២០២៤ផងដែរ ដែលបានកត់ត្រាករណីយាយី ការឃុំខ្លួន និងបញ្ហាផ្លូវច្បាប់ចំនួនជាង ៤០ ករណី។

របាយការណ៍បានលើកឡើងថា ការយាយីផ្នែកច្បាប់គឺកើតឡើងញឹកញាប់បំផុត ដោយអ្នកសារព័ត៌មានចំនួន៥នាក់ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអាសន្ន និងម្នាក់ទៀតត្រូវបានសម្លាប់នៅពេលរាយការណ៍អំពីបទល្មើសព្រៃឈើ។ នេះជាការកើនឡើង ២៨ភាគរយ នៃករណីដែលបានរាយការណ៍សរុប បើធៀបនឹងឆ្នាំ ២០២៣។

នៅដើមឆ្នាំ ២០២៥ មានអ្នកសារព័ត៌មានចំនួន៣នាក់ត្រូវបានឃុំខ្លួនដោយចោទប្រកាន់ពីបទញុះញង់ ខណៈអ្នកសារព័ត៌មានបែបស៊ើបអង្កេតលើបញ្ហាបរិស្ថានសញ្ជាតិអង់គ្លេសម្នាក់ត្រូវបានហាមឃាត់មិនឱ្យចូលមកប្រទេសកម្ពុជាវិញ។

ទិដ្ឋភាពអ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិល សហជីព និងតំណាងស្ថានទូតមកចូលរួមប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)​

លោក ប្រាក់ ចន្ធុល ជាប្រធានក្រុមប្រឹក្សាភិបាលរបស់ខេមបូចា មានប្រសាសន៍ថា មាគ៌ាឆ្ពោះទៅរកសេរីភាពសារព័ត៌មាននៅកម្ពុជា គឺ «ដោយគ្មានការសង្ស័យ មានការលំបាក និងពិបាកក្នុងការទៅដល់»

លោកបានថ្លែងថា៖ «ពួកយើង ជាអ្នកដែលខិតខំនាំយកព័ត៌មានដែលមិនលំអៀងទៅកាន់សាធារណជន ជាញឹកញាប់រកឃើញថាខ្លួនយើងកំពុងរងសម្ពាធដ៏ស្មុគស្មាញ»។ ដោយលោកបន្ថែមថា និរន្តរភាពហិរញ្ញវត្ថុនៅតែជាឧបសគ្គ ព្រោះវា«គំរាមកំហែងដល់អាទិភាពនៃសម្លេងឯករាជ្យដែលធានានូវគណនេយ្យភាពនៃការទទួលខុសត្រូវ»

អ្នកស្រី ហង្ស សម្ផស្ស ប្រធានក្រុមបណ្តាញអ្នកសារព័ត៌មានស្ត្រីកម្ពុជា (CFJ) បានលើកឡើងថា ការរឹតត្បិតលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យធ្វើឱ្យមានការលំបាកសម្រាប់អ្នកសារព័ត៌មានស្ត្រី ដែលប្រឈមនឹងការ«បាត់បង់»ការងារ ជាពិសេសដោយសារកង្វះកញ្ចប់ជំនួយសម្រាប់ផ្គត់ផ្គង់ការងាររបស់ពួកគេ។

កញ្ញា មាស ដា ជាអតីត​អ្នក​យក​ព័ត៌មាន​របស់វិទ្យុសម្លេងសហរដ្ឋអាមេរិក(VOA) បានឱ្យដឹងថា នាង​កំពុងជួបបញ្ហា​ប្រឈម ​បន្ទាប់​ពីអង្គភាពរបស់ខ្លួនត្រូវបានផ្អាក​ប្រតិបត្តិការ​នៅ​កម្ពុជា។ កញ្ញាបាន​បន្ត​ថា​៖ «​ខ្ញុំ​គិត​ថា​វា​លឿន​ពេក​ក្នុង​ការ​បិទ​ប្រតិបត្តិការ​របស់សារព័ត៌មានVOA បូក​រួម​នឹង​ការ​រក​ការងារ​ធ្វើ​ក៏​ពិបាក​ដែរ»។ យ៉ាង​ណា​ក៏​ដោយ នាង​ប្ដេជ្ញា​បន្ត​អាជីព​ជា​អ្នក​សារព័ត៌មាន។

អតីតអ្នកសារព័ត៌មាននៃវិទ្យុសម្លេងសហរដ្ឋអាមេរិក(VOA) កញ្ញា មាស ដា ថ្លែងក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក ដែលនាងបានលើកឡើងពីបញ្ហាប្រឈមក្នុងការងាររបស់នាង បន្ទាប់ពីសហរដ្ឋអាមេរិកកាត់បន្ថយការផ្តល់មូលនិធិ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

លោក សេង សុវឌ្ឍនា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សង្កេតឃើញថា សេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិបានធ្លាក់ចុះក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ដោយលោកសង្កត់ធ្ងន់ថា ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងដំណើរការប្រជាធិបតេយ្យ និងធានានូវគណនេយ្យភាព។

លោកបានមានប្រសាសន៍ថា៖ «នៅពេលដែលយើងបាត់បង់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ យើងបាត់បង់ការផ្សាយព័ត៌មានចម្រុះ ដែលឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែង។ ដូច្នេះហើយ តម្រូវការសាធារណៈត្រូវបានមើលរំលង ហើយការបង្កើតគោលនយោបាយកាន់តែមិនសូវបានគ្រប់ជ្រុងជ្រោយ»

កាលពីថ្ងៃទី៣០ ខែមេសា ក្រសួងព័ត៌មានបានចេញផ្សាយរបាយការណ៍ ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាន ដែលពិពណ៌នាអំពីស្ថានភាពរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥ ថា៖ «ល្អណាស់» ដោយផ្អែកលើការស្ទង់មតិជាមួយអ្នកសារព័ត៌មានចំនួន៤៦៧នាក់។ ទិន្នន័យនៃការស្ទង់មតិបានបង្ហាញថា ៨១.៤ភាគរយ បានវាយតម្លៃសេរីភាពសារព័ត៌មានជាវិជ្ជមាន ខណៈដែលជាង៨៦ភាគរយ នៃអ្នកឆ្លើយសំណួរបាននិយាយថាពួកគេមាន«សេរីភាពពេញលេញ» និង«មានអារម្មណ៍ថាមានសុវត្ថិភាព» ក្នុងការអនុវត្តការងាររបស់ពួកគេ។

ក្នុងសន្និសីទសារព័ត៌មាន រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ត្រូវបានវាយតម្លៃ«ពិតប្រាកដ»ដោយប្រជាជនកម្ពុជាខ្លួនឯង និង«មិនមែនជាជនបរទេស ដែលអះអាងជំនួសពលរដ្ឋខ្មែរទេ»

លោកបាននិយាយថា៖ «ខ្ញុំជឿថានៅពេលបន្តិចទៀតនេះនឹងមានអង្គការបរទេសមួយចំនួនធ្វើការវាយតម្លៃដាក់កម្រិតលេខរបស់ប្រទេសកម្ពុជាដល់លេខប៉ុន្មានទៅ វាជាសិទ្ធិរបស់គាត់ ប៉ុន្តែលំហសេរីភាពសារពត៌មាននៅកម្ពុជាយើង គឺជនជាតិកម្ពុជា និងអ្នកសារពត៌មានបានដឹងច្បាស់»

លោកបន្ថែមថា៖ «ការពិតនៅកម្ពុជា មិនមែនការពិតនៅលើជនដែលអង្គុយនៅក្រៅប្រទេស ហើយធ្វើការទស្សទាយ ​ឬប៉ាន់ស្មាន ឫស្តាប់តែរបាយការណ៍របស់អ្នកមួយចំនួនត្រូវធ្វើរបាយការណ៍ដើម្បីទទួលជំនួយនោះទេ»

លោក ភក្ត្រា បាន​មាន​ប្រសាសន៍​ថា៖ «អ្វីដែលជាការវាយតម្លៃរបស់ក្រុមជនមួយចំនួនទៅតាមទិន្នាការរបស់គាត់ ឬទៅតាមការយល់ឃើញជាបុគ្គល វាជារឿងរបស់គាត់»

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា លើកឡើងពីរបាយការណ៍សេរីភាពសារព័ត៌មានឆ្នាំ២០២៥របស់កម្ពុជា ដែលផ្តល់ពិន្ទុខ្ពស់សម្រាប់សេរីភាពសារព័ត៌មាននៅកម្ពុជា ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

ដោយឡែក នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី បង្ហាញការសោកស្ដាយអំពីការធ្លាក់ចុះយ៉ាងខ្លាំងនៃសេរីភាពសារព័ត៌មាននៅកម្ពុជា ដោយលោកសង្កត់ទៅលើការស្លាប់របស់អ្នកសារព័ត៌មាននៅខេត្តសៀមរាប និងការចាប់ខ្លួនលោក ម៉ិច ដារ៉ា​។

លោកបានលើកជាសំណួរថា៖ «តើយើងមានភាពចម្រុះនៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយដែលមានទស្សនៈផ្សេងគ្នាត្រូវបានផ្សព្វផ្សាយ មិនថាអ្នកមកពីគណបក្សប្រឆាំង ឬរដ្ឋាភិបាលនោះទេ?»។ លោក​បាន​​បន្ត​ថា ប្រជាជន​កម្ពុជា​មិន​អាច​ចូល​ទៅ​កាន់គេហទំព័ររបស់​វិទ្យុ​អាស៊ីសេរី និង​ឌឹ ខេមបូឌា ដេលី ព្រម​ទាំង កំណត់ត្រា ដែល​ជា​មូលដ្ឋាន​ទិន្នន័យ​​គ្រប់គ្រង​ដោយ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ​បាន​ទៀត​ទេ ដោយសារ​គេហទំព័រទាំងនេះ​ត្រូវ​បាន​រាំងខ្ទប់នៅកម្ពុជា។

លោកបានបញ្ជាក់​ថា ការ​រឹត​បន្តឹង​សារព័ត៌មាន​បាន​កើន​ឡើង​បន្ទាប់​ពី​មាន​ឧប្បត្តិហេតុ​នយោបាយ​​ដែល​កើត​ឡើង​ក្នុង​អំឡុង​ពេល​បោះឆ្នោត​លើក​មុន ក៏ដូចជា​ការ​ប្រើ​មាត្រា ៤៩៤ និង ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ ដើម្បី​ចោទ​ប្រកាន់​អ្នក​សារព័ត៌មាន​ពី​បទ​ញុះញង់។

លោក ណុប វី បានកត់សម្គាល់ថា៖ «សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់យើងបានធ្លាក់ចុះ»។ ដោយលោកបន្តចែករំលែកថា ការបញ្ចប់ទីភ្នាក់ងារជំនួយអាមេរិក USAID ដល់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកលបានប៉ះពាល់ដល់ការផ្សាយរបស់វិទ្យុសម្លេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរី។ លោកបន្ថែម៖ «ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមិនបម្រើផលប្រយោជន៍បុគ្គលទេ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ RSF Report: Cambodia’s Press Freedom Score Drops Further But Gov’t States Real Situation is “Very Good”

93 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម