សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រុមអ្នកឃ្លាំមើល៖ ការចាប់ខ្លួនសមាជិកបក្សភ្លើងទៀនធ្វើឡើងដើម្បីបំភ័យក្រុមបក្សប្រឆាំង

គណបក្សភ្លើងទៀន ធ្វើសមាជនាថ្ងៃទី២៧ ខែវិច្ឆិកា ដោយត្រៀមខ្លួនចូលរួមការបោះឆ្នោតឃុំសង្កាត់នាឆ្នាំ២០២២ និងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៣។ ខេមបូចា/ ឃួន ណារីម
គណបក្សភ្លើងទៀន ធ្វើសមាជនាថ្ងៃទី២៧ ខែវិច្ឆិកា ដោយត្រៀមខ្លួនចូលរួមការបោះឆ្នោតឃុំសង្កាត់នាឆ្នាំ២០២២ និងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៣។ ខេមបូចា/ ឃួន ណារីម

អ្នកឃ្លាំមើល លើកឡើងថាការឃុំខ្លួនសមាជិកគណបក្សភ្លើងទៀននៅខេត្តឧត្តរមានជ័យកាលពីសប្តាហ៍មុន ធ្វើឡើងដើម្បីផ្ញើសារទៅកាន់អ្នកនយោបាយបក្សប្រឆាំងដែលនឹងចូលរួមការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំក្រោយ។

លោក សុខ វិល ជាអតីតជំទប់ទី២បក្សសង្គ្រោះជាតិដែលត្រូវបានរំលាយបានវិលចូលឆាកនយោបាយវិញនាឆ្នាំនេះ ដោយចូលរួមជាមួយបក្សភ្លើងទៀន។ លោកមានបំណងឈរឈ្មោះជាបេក្ខជនមេឃុំក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ។

ប៉ុន្តែលោកត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធសប្តាហ៍មុនក្រោមការចោទប្រកាន់ថាពាក់ព័ន្ធនឹងគម្រោងវិលចូលប្រទេសកម្ពុជាវិញរបស់លោក សម រង្ស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ។

លោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារងខេត្តឧត្តមានជ័យ មានប្រសាសន៍ថា៖ «គាត់រួមគំនិតក្នុងគម្រោងហ្នឹង ហើយគាត់ត្រូវបានដាក់ក្នុងពន្ធនាគារហើយ»។ លោក វិល បានប្តឹងជំទាស់ការកាត់ទោសនេះ ហើយតុលាការគ្រោងនឹងជំនុំជម្រះម្តងទៀតនៅថ្ងៃទី៣០ ខែធ្នូ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបដិសេធថាការចាប់ខ្លួនលោក វិល ពាក់ព័ន្ធនឹងសមាជិកភាពជាមួយបក្សប្រឆាំង។

 លោក មានប្រសាសន៍ថា៖« ប្រជាពលរដ្ឋមានសិទ្ធិដើរតាមបក្សភ្លើងទៀន ប្រសិនបើពួកគេចង់ អ៊ីចឹងវាគ្មានបញ្ហាអីទាំងអស់»។ ដោយលោកបន្ថែមថា៖« សាធារណៈជនមិនត្រូវគិតថាចូលសមាជិកបក្សណាមួយនឹងត្រូវចាប់ខ្លូននោះទេ វាគ្មានបញ្ហាហ្នឹងទេ»។

ទោះយ៉ាងណាក្តី ភរិយា លោក សុខ វិល គឺអ្នកស្រី ភុន ភឿន អាយុ៤៤ ឆ្នាំ បានចោទថាសមាជិកបក្សប្រជាជនកម្ពុជាតែងតែដាក់សម្ពាធស្វាមីរបស់ខ្លួនឱ្យចូលជាមួយបក្សកាន់អំណាចនេះ។

អ្នកស្រី ភឿន បានប្រាប់ថា៖« ពួកគេតែងតែមកបញ្ចុះបញ្ចូលគាត់ឱ្យចុះចូលបក្សពួកគេ ប៉ុន្តែគាត់បានបដិសេធ ព្រោះថាគាត់មិនចូលចិត្តពួកគេ»។

លោក សុខ វិល អតីតក្រុមប្រឹក្សាឃុំ ជួបសហការីមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាឆ្នាំ២០១៧។ បច្ចុប្បន្នជាសមាជិកបក្សភ្លើងទៀន លោកត្រូវបានឃុំខ្លួនកាលពីសប្តាហ៍មុន ក្រោមបទដែលអ្នកឃ្លាំមើលមួយចំនួនថាជាបទចោទដែលបង្កើតឡើង។ រូបភាព៖ ផ្តល់ឱ្យ

គណបក្សភ្លើងទៀន បានផ្ញើលិខិតមួយទៅកាន់ក្រសួងយុត្តិធម៌ដោយស្នើសុំឱ្យក្រសួងនេះអន្តរាគមន៍ ដើម្បីដោះលែង លោក វិល ឱ្យមានសេរីភាពវិញ ដែលការស្នើសុំនេះត្រូវបានអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថានឹងពិនិត្យមើល។

លោក ថាច់ សេដ្ឋា មេដឹកនាំបក្សភ្លើងទៀន បានប្រាប់ខេមបូចា ថាការចោទប្រកាន់ប្រឆាំងនឹងលោក វិល ជាការប្រឌិតឡើង ហើយធ្វើឡើងដើម្បីរារាំងលោកមិនឱ្យចូលរួមក្នុងឆាកនយោបាយ។

លោក កន សាវាង្ស មន្រ្តីគណៈកម្មាធិការ ជាតិ រៀបចំការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា (COMFREL) យល់ស្របថាការចាប់ខ្លួនលោក វិល ហាក់បីដូចជាពាក់ព័ន្ធនឹងការបោះឆ្នោតនៅពេលខាងមុខ ហើយលោកបានជំរុញឱ្យរដ្ឋាភិបាលគោរពសិទ្ធិនយោបាយរបស់ពលរដ្ឋ មិនដូច្នោះទេ ដំណើរការបោះឆ្នោតនឹងមិនមានភាពស្មើភាពនោះទេ។

ទោះយ៉ាងណាក៏ដោយ លោក មួង ប៉រ ជាអតីតជំទប់បក្សសង្រ្គោះជាតិដែលពេលនេះជាសមាជិកបក្សភ្លើងទៀន បាននិយាយថាលោកមិនរាថយដោយសារតែការចាប់ខ្លួនសហការីរបស់លោកនោះទេ ហើយថានឹងនៅតែចូលរួមឈរឈ្មោះបោះឆ្នោតនៅឆ្នាំក្រោយ។

លោក បានប្រាប់ថា៖ «ខ្ញុំចូលបក្សនេះ ព្រោះថាខ្ញុំមើលមិនឃើញសោះថាមានបក្សប្រឆាំងពិតប្រាកដណាមួយ ហើយឥឡូវនេះបក្សកាន់អំណាចក៏អាចធ្វើអ្វីបានតាមតែអំពើចិត្តទៀត»។

លោកបន្ថែមថា៖ «ពួកយើងធ្វើការតស៊ូមតិ ដើម្បីឱ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ យើងនឹងទៅមុខ បើទោះបីជាមានការគំរាមកំហែងយ៉ាងណាក៏ដោយ»។

លោក មួង ប៉រ យល់ថាការណ៍ដែលលោក វិល ត្រូវបានចាប់ខ្លួនដោយថាមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្នាំ២០១៩ បានធ្វើឱ្យលោក ឆ្ងល់ថាហេតុអ្វីបានជាអាជ្ញាធររង់ចាំដល់ពេលនេះទើបចាប់ខ្លួន។ លោក បាននិយាយថា៖« ខ្ញុំគិតថា ពួកគេចង់បំភិតបំភ័យសកម្មជនយើង មិនឱ្យចូលបក្សភ្លើងទៀន»។

លោក ប៉ា ចន្ទរឿន ប្រធានវិទ្យស្ថានប្រជាធិបតេយ្យកម្ពុជា បានលើកឡើងថាដោយសារតែបក្សភ្លើងទៀនជាកូនចៅរបស់អតីតគណបក្សសង្រ្គោះជាតិ សមាជិកគណបក្សនេះ «នឹងជួបបញ្ហាប្រឈមជាច្រើនទៀត» នាពេលប៉ុន្មានខែខាងមុខទៀត៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Candlelight Party Member’s Arrest Intended to Scare Opposition, Say Critics

423 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម