សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ប្អូនប្រុសរបស់លោក ជា វិជ្ជា សន្យាថានឹងរកយុត្តិធម៌ក្នុងរយៈពេលមួយសប្តាហ៍ បើបក្សប្រឆាំងឈ្នះការបោះឆ្នោតសកល

លោក ជា មុនី ប្អូនប្រុសរបស់លោក ជា វិជ្ជា មេដឹកនាំកម្មករ ដែលត្រូវបានសម្លាប់ បានថ្លែងនៅក្នុងពិធីរំលឹកខួបលើកទី២២នៃការបាញ់សម្លាប់ នៅទីរាជធានីភ្នំពេញ ថ្ងៃទី២២ ខែខែមករា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)
លោក ជា មុនី ប្អូនប្រុសរបស់លោក ជា វិជ្ជា មេដឹកនាំកម្មករ ដែលត្រូវបានសម្លាប់ បានថ្លែងនៅក្នុងពិធីរំលឹកខួបលើកទី២២នៃការបាញ់សម្លាប់ នៅទីរាជធានីភ្នំពេញ ថ្ងៃទី២២ ខែខែមករា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)

លោក ជា មុនី ដែលជាប្អូនប្រុសរបស់លោក ជា វិជ្ជា មេដឹកនាំកម្មករដែលត្រូវបានសម្លាប់ក្នុងឆ្នាំ២០០៤ បានលើកឡើងនៅថ្ងៃព្រហស្បតិ៍ថា លោកនឹងកំណត់អត្តសញ្ញាណឃាតកក្នុងរយៈពេលមួយសប្តាហ៍ ប្រសិនបើគណបក្សប្រឆាំងរបស់លោកឈ្នះការបោះឆ្នោតសកលនៅឆ្នាំ២០២៨។

លោកបានថ្លែងនៅក្នុងពិធីរំលឹកខួបលើកទី២២នៃឃាតកម្មលើលោក វិជ្ជា ជាកន្លែងដែលសមាជិកសហជីព និងសកម្មជនសិទ្ធិមនុស្សរាប់រយនាក់បានដាក់កម្រងផ្កានៅរូបសំណាករបស់អតីតមេដឹកនាំកម្មករកាត់ដេរ។

លោក ជា វិជ្ជា ដែលជាប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) ត្រូវបានបាញ់សម្លាប់នៅឆ្នាំ២០០៤ បន្ទាប់ពីបានជួយរៀបចំវិស័យកាត់ដេររបស់ប្រទេស។ មេដឹកនាំសហជីពពីរនាក់ទៀត គឺលោក ហ៊ី វុទ្ធី ដែលត្រូវបានឃាតកបាញ់សម្លាប់កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០០៧ និងលោក រស់ សុវណ្ណារ៉េត ដែលត្រូវបានឃាតកបាញ់សម្លាប់នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០០៩ ។

បុរសពីរនាក់ត្រូវបានកាត់ទោសពីបទឃាតកម្មលោក វិជ្ជា និងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ ប៉ុន្តែករណីនេះត្រូវបានរិះគន់យ៉ាងទូលំទូលាយចំពោះកង្វះភស្តុតាង។ ពួកគេត្រូវបានដោះលែងបន្ទាប់ពីជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ បន្ទាប់ពីមានសម្ពាធពីក្រុមគ្រួសារ និងក្រុមសិទ្ធិមនុស្សរបស់គាត់។

គណៈកម្មការពិសេសមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដើម្បីកំណត់អត្តសញ្ញាណអ្នកដែលទទួលខុសត្រូវមិនទាន់បានបង្ហាញលទ្ធផលនៅឡើយទេ។

លោក មុនី បានថ្លែងថា៖ «យើងចង់ឃើញការពិត – ថាតើរដ្ឋាភិបាលមានសមត្ថភាពកំណត់អត្តសញ្ញាណឃាតកឬអត់»។ លោកបន្តថា គណបក្សកម្លាំងជាតិរបស់លោក ដែលឥឡូវនេះលោកជាអ្នកដឹកនាំ បន្ទាប់ពីអតីតប្រធានរបស់ខ្លួនត្រូវបានចាប់ខ្លួនពីបទញុះញង់ដែលត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយដោយក្រុមសិទ្ធិមនុស្ស នឹងតាមដានអ្នកដែលទទួលខុសត្រូវ បន្ទាប់ពីការបោះឆ្នោតទូទៅលើកក្រោយ ដែលលោកបានព្យាករថា គណបក្សរបស់លោកនឹងឈ្នះ។

គណបក្សប្រឆាំង និងអ្នកប្រឆាំងត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា (CPP) ដែលបានគ្របដណ្ដប់លើនយោបាយកម្ពុជាអស់រយៈពេលជាងបួនទសវត្សរ៍មកហើយ។

អំណាចត្រូវបានផ្ទេរទៅឱ្យលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដែលកាន់អំណាចដ៏យូរ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣។ គណបក្សប្រឆាំងដ៏សំខាន់គឺគណបក្សភ្លើងទៀនត្រូវបានដកហូតសិទ្ធិបោះឆ្នោត ក្នុងការបោះឆ្នោតដែលត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយដោយក្រុមសិទ្ធិមនុស្ស និងរដ្ឋាភិបាលបរទេសថាមិន «សេរី និងយុត្តិធម៌»។

នៅក្នុងការបោះឆ្នោតឃុំសង្កាត់ចុងក្រោយក្នុងឆ្នាំ២០២២ ដែលអង្គការឃ្លាំមើលសិទ្ធិមនុស្សបានលើកឡើងថា ការបោះឆ្នោតមានការបន្លំ និងការរៀបចំអ្នកបោះឆ្នោត ខណៈគណបក្សប្រជាជនកម្ពុជាបានអះអាងពីជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីផងដែរ។ ការបោះឆ្នោតឃុំសង្កាត់ត្រូវបានគ្រោងធ្វើនៅឆ្នាំក្រោយ។

លោក មុនី បានបញ្ជាក់ថា៖ «ខ្ញុំធានាថា សម្រាប់អ្នកប្រជាធិបតេយ្យដឹកនាំប្រទេសនឹងមានការជឿនលឿន ទាំងសេដ្ឋកិច្ច និងសីលធម៌ ទាំងសិទ្ធិមនុស្ស»។

អ្នកចូលរួមគោរព និងអុជធូបក្នុងពិធីរំលឹកខួបលើកទី២២នៃការសម្លាប់មេដឹកនាំកម្មករ លោក ជា វិជ្ជា នៅរាជធានីភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)
អ្នកចូលរួមគោរព និងអុជធូបក្នុងពិធីរំលឹកខួបលើកទី២២នៃការសម្លាប់មេដឹកនាំកម្មករ លោក ជា វិជ្ជា នៅរាជធានីភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)

សកម្មជនផ្សេងទៀត រួមទាំងប្រធានបច្ចុប្បន្នរបស់ FTUWKC គឺលោកស្រី ទូច សើ បានបន្ទរការអំពាវនាវឱ្យមានយុត្តិធម៌ ដែលពួកគេបានលើកឡើងជារៀងរាល់ឆ្នាំអស់រយៈពេលជាច្រើនទសវត្សរ៍នៅខួបនៃការធ្វើឃាតលោក វិជ្ជា។

លោកស្រី ទូច សើ បានលើកឡើងថា៖ «សូមអាជ្ញាធរ ក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធវែកមុខរកឃាតក ដើម្បីឱ្យលោក ជា វិជ្ជា ពន្លឺយុត្តិធម៌រយៈពេល២២ឆ្នាំ អត់ទាន់ឃើញ»។

លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការគណបក្សពន្លឺទៀន បានមានប្រសាសន៍ថា៖ «យើង[គណបក្សប្រឆាំង]នឹងគាស់រំលើងនូវអំពើឃាតកម្មនោះឡើងវិញ ជាពិសេសស្វែងរកយុត្តិធម៌សម្រាប់លោក ជា វិជ្ជា ហើយរួមទាំងអ្នកបាត់បង់នៅក្នុងការតស៊ូទាមទារនូវសេរីភាពជូ​នប្រជាពលរដ្ឋខ្មែរ»។

សមាជិកជាច្រើននាក់នៃគណបក្សត្រូវបានចាប់ខ្លួនចាប់តាំងពីការដកសិទ្ធិនៅឆ្នាំ២០២៣ ដែលជារឿយៗត្រូវបានចោទប្រកាន់ពីបទញុះញង់ដែលជាប់ទាក់ទងនឹងការបង្ហោះសារក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមដែលរិះគន់រដ្ឋាភិបាល។

មន្ត្រីឃុំម្នាក់នៅខេត្តបាត់ដំបន់ត្រូវបានចាប់ខ្លួនកាលពីដើមខែនេះ និងត្រូវបានចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ក្រោមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ដែលអាចជាប់ពន្ធនាគារពីប្រាំទៅដប់ឆ្នាំ។

អ្នកនាំពាក្យនគរបាលជាតិ លោក ឆាយ គឹមខឿន និងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Chea Vichea’s Brother Vows Justice if Opposition Wins Election

ព័ត៌មានថ្មី

អត្ថបទពេញនិយម