សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្មករ​ក្រុមហ៊ុន​ស៊ីនទ្រី​បញ្ចប់​កូដកម្ម​ក្រោយ​ភាគី​ក្រុមហ៊ុន​យល់​ព្រម​តាម​ការ​ទាម​ទា​រ​

កម្មករ​ក្រុមហ៊ុន​ស៊ីនទ្រី​អបអរសាទរ​បន្ទាប់ពីភាគី​ក្រុមហ៊ុន​យល់ព្រម​តាមការទាមទារ​របស់គួកគេ នាំឲ្យ​ការធ្វើកូដកម្ម​រយៈពេល​១២ថ្ងៃ​ត្រូវបានបញ្ចប់។ បញ្ញា​ ឆព័ណ្ណ

ក្រុម​កម្មករ​ប្រមូល​សំរាម​ក្រុមហ៊ុន​ស៊ីនទ្រី ​បាន​យល់​ព្រម​វិល​ត្រឡប់​ចូល​ធ្វើការ​ដើម្បីប្រមូលសំរាមទូទាំង​រាជធានី​ភ្នំពេញ​វិញ​ នា​ល្ងាច​ថ្ងៃទី​​១៤​ ខែតុលា​ បន្ទាប់​ពី​ក្រុម​ហ៊ុន​បាន​សន្យា​ថា​ខ្លួន​នឹង​ធ្វើ​តាម​ការទាមទារ​របស់​កម្មករ​ នៅ​ពេល​កិ​​ច្ច​សន្យា​របស់​ពួកគេ​បញ្ចប់​នៅ​ថ្ងៃទី​៣១​ ខែ​មករា​ឆ្នាំ​ក្រោយ​។​ នេះ​បើ​យោង​តាម​តំណាង​សហជីព​។

លោក កៅ សុវ៉ាត ប្រធានសហជីព​ប្រចាំ​ក្រុមហ៊ុន​ស៊ីនទ្រី​​ដែល​​ជា​​ផ្នែក​មួយ​នៃ​សហព័ន្ធ​​​សហជីព​​កម្មករ​​និយោជិត​​វិស័យ​​ទេសចរណ៍​​កម្ពុជា​(CTWUF​)​ បាន​លើក​ឡើង​ថា​ កម្មករ​ទាំង​អស់​បាន​យល់​ព្រម​បញ្ចប់​ការ​ធ្វើ​កូដ​កម្ម​រយៈ​ពេល​​១២​ ថ្ងៃ​របស់​ពួក​គេ ​បន្ទាប់​ពី​ក្រុមហ៊ុន​ស៊ីន​ទ្រី​បាន​យល់​ព្រម​​ទូទាត់​ប្រាក់​អត្ថប្រយោជន៍​នានា​ជូន​ពួក​គេ​។

 លោក សុវ៉ាត​បានមាន​ប្រសាសន៍​ថា៖«​ក្រុមហ៊ុន​បាន​ព្រម​ទូទាត់​ប្រាក់​អត្ថប្រយោជន៍​ទាំង​អស់​ ដល់​កម្មករ​នៅ​សប្តាហ៍ទី​​២​ នៃ​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ​»​។  «កម្មករ​វេន​យប់​នឹង​ចេញ​ទៅ​ប្រមូល​សំរាម​នៅ​ម៉ោង​ប្រហែល​៤​ល្ងាចឬ​៥​ល្ងាច [ថ្ងៃទី ១៤ ខែតុលា] ហើយ​កម្មករ​នឹង​ធ្វើ​ការ​វេន​ថ្ងៃ​និង​ប្រមូល​សំរាម​នៅ​ព្រឹក​ថ្ងៃ​ស្អែក​»​។

 លោក​បាន​ប​ញ្ជាក់​ថា ​ក្រុម​ហ៊ុន​ស៊ីន​​ទ្រី​ បាន​យល់​ព្រម​ទូទាត់​ប្រាក់​អត្ថប្រយោជន៍​៥​ចំណុច​ រួមមាន​ ប្រាក់​​អតីតភាព​​ការងារ​ ប្រាក់​​សំណង​ជំងឺ​ចិត្ត​ ប្រាក់​​ជួស​​ឱ្យ​​ការ​​ជូន​ដំណឹង​​មុន​ ប្រាក់​ខែចុងក្រោយ​ និង​ប្រាក់​ដំណាច់​ឆ្នាំ​ដែល​នៅ​សេស​សល់​នៅ​ពេល​កិច្ច​សន្យា​ចាស់​របស់​ក្រុម​ហ៊ុន​ត្រូវ​បាន​បញ្ចប់​ បន្ទាប់​ពី​សាលា​រាជធានី​បាន​ជ្រើស​រើស​ក្រុម​ហ៊ុន​ថ្មី​ចំនួ​ន​​៣ ដើម្បី​អនុវត្ត​ការងារ​ប្រមូល​សំរាម​ចាប់​ពី​​ថ្ងៃ​ទី​​១៦ ​ខែ​តុលា​។​

ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​ ​សុវ៉ាត បាននិយាយ​ថា​ប្រាក់​ឈ្នួល​រ​បស់​កម្មករ​នឹង​ត្រូវ​បាន​កាត់​សម្រាប់​ថ្ងៃ​ធ្វើ​កូដកម្ម​រយៈពេល៧​ថ្ងៃ ពោល​គឺ​ចាប់​ពី​ ​ថ្ងៃទី ​៨ ដល់​ ថ្ងៃ​ទី​១៤ ​ខែតុលាពី​ព្រោះ​ពួក​គេ​មិន​បាន​ចូល​ធ្វើ​ការ​វិញ​ទេ​នៅ​ពេល​ដែល​​លោក​ ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ស្នើ​សុំ​ឱ្យ​ពួកគេ​ធ្វើ​ដូច្នេះ​។

ជា​លទ្ធផល​មន្ត្រី​ថ្នាក់​ខ​ណ្ឌ​​ត្រូវ​បាន​ទទួល​ភារកិច្ច​ប្រមូល​សំរាម​ដែល​បាន​គរ​លើ​ចិញ្ចើម​ផ្លូវ​ពាសពេញ​រាជ​ធានី​ភ្នំពេញ​។

កម្មករ​ក្រុមហ៊ុន​ស៊ីនទ្រី ចាប់ផ្តើមប្រមូលសំរាមឡើងវិញ នៅល្ងាចថ្ងៃទី១៤​ បន្ទាប់ពីធ្វើកូដកម្ម​រយៈពេល​១២ថ្ងៃ។ បញ្ញា​ ឆព័ណ្ណ

លោក ​សុវ៉ាត ​បាន​លើឡើង​ថា​៖​ «​មាន​សំរាម​ច្រើន​ជាង​៣,០០០ តោន​ក្នុង​មួយ​ថ្ងៃ​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​»​។ លោក​បាន​បន្ថែម​ថា​មាន​សំរាម​ច្រើន​ជាង២ម៉ឺន​តោន​បាន​កក​កុញ​នៅ​តាម​ដង​ផ្លូវ​ ​នៅពេល​​កម្មករ​​ប្រមូល​សំរាមកំ​ពុង​ធ្វើ​កូដ​កម្ម​។

 ដីការសម្រេចចាត់ចែងបណ្តោះអាសន្ន​មួយ​របស់​តុលាការរាជធានីភ្នំពេញ​ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី​១៣ ​ខែតុលា​ បាន​បង្ហាញ​ថា​ការ​ធ្វើ​កូដកម្ម​របស់​និយោជិក​នៃ​ក្រុម​ហ៊ុន​ស៊ីន​ទ្រី​​គឺ​ខុស​ច្បាប់​ហើយ​បាន​បញ្ជា​ឱ្យ​ពួក​គេ​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​មុន​ថ្ងៃទី​១៦ ​ខែតុលា​។

 កម្មករ​ប្រមូល​សំ​រាម​បាន​ចាប់​ផ្តើម​ធ្វើ​កូដកម្ម​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២ ខែតុលា​ បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ថា​​សាលា​រាជធានី​គ្រោង​នឹង​ចាប់​ផ្តើម​​កិច្ច​សន្យា​នៅ​ថ្ងៃ​ទី​​១៦​ ខែ​តុលា​​ជាមួ​យ​ក្រុម​ហ៊ុន​សំរាម​ថ្មី​ចំនួន​​៣ ដែល​នឹង​បណ្តាល​ឱ្យ​ក្រុម​កម្មក​រ​​បាត់​បង់​ការងារ​នៅ​ក្រុម​ហ៊ុន​ស៊ីន​ទ្រី​។  ជា​លទ្ធផល​ក្រុម​កម្មក​រ​បាន​ទាមទារ​សំណង​ ប្រសិន​បើ​កិច្ច​សន្យា​របស់​ពួក​គេ​ត្រូវ​បាន​បញ្ចប់​។

បុគ្គលិក​ក្រុមហ៊ុន​ស៊ីន​ទ្រី​ឈ្មោះ​ រ៉ុង​ សារ៉ាយ​ បាន​បញ្ជាក់​ថា​កម្មករ​បាន​យល់​ព្រម​ចូល​ធ្វើការ​វិញ​ហើយ​នៅ​ល្ងាច​នេះ​។

លោក សារ៉ាយ ​បាន​និយាយ​ថា​៖« ឥឡូវ​នេះ​ពួក​យើង​បាន​យល់​ព្រម​វិល​ត្រឡប់​មក​ធ្វើការ​វិញ​ហើយ​ពី​ព្រោះ​ក្រុម​ហ៊ុន​បាន​យល់​ព្រម​ផ្តល់​ឱ្យ​ពួក​យើង​នូវ​ប្រាក់​អត្ថប្រយោជន៍​ទាំង​អស់​»​​។

ទោះ​ជា​យ៉ាង​ក៏​​លោក​ថា​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា​តើបុគ្គលិក​ជិត​​២ ០០០​នាក់ នៅ​ក្រុមហ៊ុន​ស៊ីនទ្រី​នឹង​ត្រូវ​ផ្តល់​ការងារ​ថ្មី​ នៅ​ក្នុង​ក្រុមហ៊ុន​ថ្មី​ដែល​សាលា​ក្រុង​ជ្រើស​រើស​ដើម្បី​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ប្រមូល​សំរាម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ឬ​យ៉ាង​ណា​។

 លោក​ ទូច កុសល ប្រធាន​​សហព័ន្ធ​​សហជីព​​កម្មករ​​និយោជិត​​​វិស័យ​​ទេសចរណ៍​​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​បន្ទាប់​ពី​កិច្ច​សន្យា​របស់​កម្មករ​ត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ ២០២១​ ពួក​គេ​នឹង​ទទួល​បាន​ប្រាក់​អត្ថប្រយោជន៍​តាម​ការស្នើ​សុំ​។ ​ក្រុម​ហ៊ុន​ស៊ីន​ទ្រីនឹង​ជួល​ពួកគេវិញ​បន្ទាប់​ពី​កាល​បរិច្ឆេទ​ខាង​លើ ​និង​ស្ថិត​ក្រោម​កិច្ច​សន្យា​ថ្មី​ ប្រសិនបើក្រុមហ៊ុននេះត្រូវបានជ្រើសរើស​​ក្នុងចំណោមបីក្រុមហ៊ុន។

លោក ​កុសល​ បាន​និយាយ​ថា​៖​​«​ខ្ញុំគិ​ត​ថា​បន្ទាប់​ពី​លទ្ធផល​នៃកិច្ច​ប្រជុំ​នៅ​ថ្ងៃ​នេះ ​ទាំង​កម្មករ​និង​ភាគី​ក្រុម​ហ៊ុន​យល់​ព្រម​ទទួល​យក​ដំណោះ​ស្រាយ​»​

អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ លោក​ ម៉េត​ មាស​ភក្តី​ បាន​កោត​សរសើរ​ដល់​ការ​ខិត​ខំ​របស់​អាជ្ញាធរ​ខណ្ឌ​ក្នុង​ការ​សម្អាត​សំរាម​នៅ​ទូទាំង​រាជធានី​នា​ពេល​កន្លង​ម​ក​​​។​  

លោក មាស​ភក្តី​ បាន​លើក​ឡើង​ថា​៖«មន្រ្តី​របស់​យើង​បាន​ខិត​ខំ​ប្រមូល​សំរាម​នៅ​រាជ​ធានី​ភ្នំពេញ​ក្នុង​ខណៈ​ពេល​ដែល​កម្មករ​ស៊ីន​ទ្រី​កំពុង​ធ្វើ​កូដកម្ម​»​។​

 លោក​បាន​បញ្ជាក់​ថា​សាលារាជធានី​​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ជ្រើស​រើស​ក្រុម​ហ៊ុន​ចំនួន​ ៣​ ដើម្បី​ចូល​រួម​បំពេញ​ភារកិច្ច​ប្រមូល​សំរាម​ ​នៅ​រាជធានី​ភ្នំពេញ ​ប៉ុន្តែ​លោក​បា​​ន​បដិសេធ​មិនប្រាប់​ឈ្មោះ​ក្រុមហ៊ុន​ដែល​​ជាប់​​ក្នុង​បញ្ជី​សម្រិត​សម្រាំង​នោះ​ទេ​។

ប្រធាន​ក្រុមហ៊ុន​ស៊ីន​ទ្រី ​លោក ​សេង​ សាវី មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​៕

83 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម