សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋស្នើឱ្យអាជ្ញាធរមានចំណាត់ការលើរោងចក្រប្លាស្ទិកក្នុងសង្កាត់ចោមចៅ២ ដោយសារជះក្លិនស្អុយខ្លាំង

ទិដ្ឋភាពថតពីផ្ទះជួលដែលមានកម្មករ កម្មការិនីរោងចក្រដែលមកពីបណ្ដាខេត្តនានា ស្នាក់នៅក្បែររោងចក្រផលិតប្លាស្ទិក ស្ថិតក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ដែលទទួលរងក្លិនស្អុយពីរោងចក្រប្លាស្ទិកនោះ។ រូបថតនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)
ទិដ្ឋភាពថតពីផ្ទះជួលដែលមានកម្មករ កម្មការិនីរោងចក្រដែលមកពីបណ្ដាខេត្តនានា ស្នាក់នៅក្បែររោងចក្រផលិតប្លាស្ទិក ស្ថិតក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ដែលទទួលរងក្លិនស្អុយពីរោងចក្រប្លាស្ទិកនោះ។ រូបថតនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

ប្រជាពលរដ្ឋ អាជីវករលក់ដូរ ដែលរស់នៅជាប់រោងចក្រផលិតប្លាស្ទិក Diamond plastic ស្នើឱ្យ​អាជ្ញាធរ និងក្រសួងពាក់ព័ន្ធមានចំណាត់ការទៅលើរោងចក្រនេះ ខណៈជះក្លិនស្អុយ មាន​ផ្សែង​ធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ ស្ថិតក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជាអ្នកលក់ដូរផ្លែឈើមួយរូបមិនឆ្ងាយពីទីតាំងរោងចក្រផលិតប្លាស្ទិក លោក សុ ធិ​ អាយុ៣១​ឆ្នាំ បានឱ្យដឹងថា ក្លិនស្អុយចេញពីរោងចក្រផលិតប្លាស្ទិក គឺសាយភាយចេញមកក្រៅមិន​ដែល​លុះថ្ងៃ ពិសេសគឺពេលដែលគ្មានភ្លៀង។ ដោយសារតែកត្តាជីវភាពលោក ធិ បន្តថា លោក និងភរិយាបន្តទ្រាំលក់ដូរក្បែរទីតាំងនោះបើទោះបីជាមានក្លិនស្អុយយ៉ាងណាក៏ដោយ។

លោកធិ ឱ្យដឹងថា៖ «និយាយទៅក្លិនដែលប៉ះពាល់ពីរោងចក្រប្លាស្ទិក គឺប៉ះពាល់ច្រើន ដោយ​សារអីវាស្អុយខ្លាំង ហើយមានក្រាមៗធ្វើឱ្យស្ទះលូទៀត ព្រោះមានទាំងផ្សែង និងបង្ហូរ​ទឹកពី​រោងចក្រមកក្រៅ»

អាជីវករលក់ដូររូបនេះបន្ថែមថា ក្លិនស្អុយ និងផ្សែងចេញពីរោងចក្រ អាចនឹងធ្វើឱ្យប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ ដែលរស់នៅទីតាំងក្បែរៗក្រុមហ៊ុននេះ ហើយលោករំពឹងថា អាជ្ញាធរ និងក្រសួងពាក់ព័ន្ធមានចំណាត់ការណាមួយ ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ។

លោក ធិ បន្តថា៖ «និយាយឱ្យចំ ទីមួយវាមិនមែនតែប៉ះពាល់តែសុខភាពយើងទេ ប៉ះពាល់​ស្ថាន​ភាពផ្លូវ ស្ថានភាពអនាម័យជុំវិញ ដូចយើងរស់នៅក្នុងបរិយាកាសមួយដែលស្អុយរហូត។ បើ[អាជ្ញាធរ]មានចំណាត់ការលឿនកាន់តែល្អ ព្រោះជួយបរិស្ថានល្អឡើងវិញ សុខភាព​យើងក៏​ល្អដែរ»។

ពលរដ្ឋមួយរូបទៀត គឺលោក ទី ណាក់ អាយុ៣១ឆ្នាំ អះអាងថា បានរស់នៅតំបន់នេះមុន​រោងចក្រ​​បង្កើតឡើងទៅទៀត ហើយជានិច្ចកាលលោកឃើញឡានធំៗដឹកសំរាម​ដែលមាន​ថង់ប្លាស្ទិកមានក្លិនស្អុយចូលមករោងចក្រដើម្បីកែច្នៃសំណល់ថង់ប្លាស្ទិក ទៅជាផលិតផលថ្មី ដូច្នេះហើយបានជាមានផ្សែង និងក្លិនស្អុយចេញពីរោងចក្រនេះ។​

លោក ណាក់ បញ្ជាក់ថា៖‍ «ខ្ញុំឃើញដឹកថង់កៅស៊ូស្អុយៗទាំងឡានៗមកពីវៀតណាម អ៊ីចឹង​គេ​លាង​ថង់ពីម៉ាស៊ីនមួយទៅម៉ាស៊ីនមួយស្អាតហើយទើបទៅកន្លែងផលិត»។

លោកប្រាប់ទៀតថា ម្ដងម្កាលរូបលោក និងកូនប្រុសអាយុប្រហែល៥ឆ្នាំ ឧស្សាហ៍ឈឺក្បាល ដោយ​សារតែបរិយាកាសជុំវិញមិនសូវល្អ ពោរពេញដោយក្លិន និងផ្សែងចេញពីរោងចក្រ​កែច្នៃ​ប្លាស្ទិកនេះ។ ជាពលរដ្ឋម្នាក់លោកយល់ថា អាជីវកម្មប្រភេទនេះ គួរតែធ្វើនៅឆ្ងាយពីទីប្រជុំជន ដើម្បីចៀសវាងពីផលប៉ះពាល់លើសុខភាពសាធារណៈ។

លោកបន្តថា៖ «ក្លិនខ្លាំងពេកធ្វើឱ្យយើងឈឺក្បាល យើងអត់អីទេតែក្មេងៗវាទ្រាំអត់បានទេ ធ្លាប់​ក្អូត ឧស្សាហ៍ផ្ដាសាយកោសខ្យល់អីដែរ សុខភាពគ្នាខ្សោយតែយើងមិនដឹងធ្វើម៉េច»

លោក ណាក់ បន្ថែមថា ក្រុមហ៊ុននេះបានបញ្ចេញទឹកសំអុយ​ដែលជាកាកសំណល់​ពីការលាង​សម្អាត​ថង់ប្លាស្ទិកចូលប្រឡាយតូចមួយក្បែរផ្លូវបេតុង ដែលជាហេតុធ្វើឱ្យកាន់តែមាន​ក្លិន​ស្អុយប្រៀបបាននឹងលាមកដូច្នេះដែរ។

លោក ណាក់ បន្ថែមថា៖ «បើទឹកអត់ទាន់លិចទៅមើលប្រឡាយទៅ ស្មាទោសដូច​លាមក​អ៊ីចឹង»។

ផ្នែកចំហៀងមុខនៃរោងចក្រ ដែលនៅជាប់នឹងផ្ទះជួលមួយកន្លែង ដែល​ពលរដ្ឋ​អះអាងថា រោងចក្រនេះធ្វើឱ្យមានក្លិនស្អុយប៉ះពាល់ការរស់នៅរបស់ពួកគេ។ រូបថត​នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

យោងតាមរបាយការណ៍របស់អង្គការUNDP បានឱ្យដឹងថា ប្រទេសកម្ពុជា មិនមែនជាប្រទេស​ដែលផលិតប្លាស្ទិកចម្បងនោះឡើយ ហើយផលិតផលប្លាស្ទិកភាគច្រើន គឺត្រូវបាននាំចូល។ ក្នុងពេលជាមួយគ្នានេះ កម្ពុជាក៏ពុំមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ឬបច្ចេកវិទ្យាជឿនលឿន​សម្រាប់គ្រប់គ្រង និងកែច្នៃសំណល់នោះដែរ។

ខណៈពេលដែលបរិមាណសំណល់ប្លាស្ទិកបន្តកើនឡើង បច្ចុប្បន្ននេះ ការកាត់បន្ថយ​បរិមាណ​ថង់ប្លាស្ទិក គឺជារឿង ដែលចាំបាច់ត្រូវធ្វើជាបន្ទាន់ និងចាំបាច់ត្រូវ​បង្កើត​នូវបរិយាកាសមួយ​ដែល​ជួយសម្រួលឱ្យមានការគ្រប់គ្រង កែច្នៃ និងទាញយកសំណល់ទាំងនេះមកប្រើប្រាស់​ឡើង​វិញ។

ការសិក្សាស្រាវជ្រាវរបស់ក្រសួងបរិស្ថានបានលើកឡើងថា ផ្សែងពុលពីការដុតប្លាស្ទិកអាច​បង្ក​​បញ្ហាផ្លូវដង្ហើម រួមនឹងជំងឺមហារីកផង ជារឿយៗ នៅកម្ពុជា ប្លាស្ទិកត្រូវបាន​គេយក​ទៅ​ដុត​ចោល។

ប្លាស្ទិកដែលត្រូវបានគេដុត ក៏បង្កការគំរាមកំហែងដល់សុខភាពរបស់មនុស្ស សត្វ និងរុក្ខជាតិ​ផង​ដែរ ព្រោះថាវាបញ្ចេញសារធាតុគីមីដែលមានគ្រោះថ្នាក់ ដូចជា ឧស្ម័នកាបូនិក​(CO2) ឌីអុក​ស៊ីន (Dioxins) និងហ្វូរ៉ង់ (Furans)ជាដើម។ នៅពេលមនុស្សស្រូបយកសារធាតុ​គីមី​ទាំងនេះពីផ្សែង វាអាចបង្កឱ្យមានជំងឺផ្លូវដង្ហើម ហើយក៏អាចបង្កជំងឺ​មហារី។ ការបំភាយ​ឧស្ម័នពុលពីការដុតប្លាស្ទិកទំាងនោះបានរួមចំណែកធ្វើឲ្យមានបម្រែបម្រួលអាកាសធាតុផងដែរ។

ផ្សែងដែលកើតចេញពីចំហេះប្លាស្ទិកមានផ្ទុកសារធាតុPM2.5ដែលបង្កឱ្យកើតជំងឺផ្លូវដង្ហើម និងជំងឺមហារីក។ សារធាតុPM2.5 អណ្តែតនៅក្នុងបរិយាកាសហើយអាចចូលជ្រៅទៅ​ក្នុង​សួត​របស់យើងតាមរយៈការដកដង្ហើម។

ផ្នែកមួយនៃរោងចក្រប្លាស្ទិក ដែលថតពីខាងក្រៅក្បែរបន្ទប់ជួលកម្មករ មានអាងស្តុកទឹកបែកពពុះមានក្លិនជូ។ រូបថតនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

ចំណែកអ្នកស្រី ឈឹង​ ជាកម្មាការនីរោងចក្ររស់នៅក្បែរទីតាំងកែច្នៃប្លាស្ទិក ទើបតែសម្រាក​កូន​បាន​៩ថ្ងៃ ប្រាប់ថា រូបគាត់បារម្ភនឹងបញ្ហាសុខភាព ស្របពេលដែលបន្ទប់ជួលដែលអ្នកស្រី​រស់នៅ គឺនៅជាប់របងរោងចក្រនេះតែម្ដង។ អ្នកស្រីបារម្ភថា ផ្សែង និងក្លិនស្អុយសាយភាយ​មក​បរិយាកាសខាងក្រៅអាចមានសារធាតុគីមី ហើយធ្វើឱ្យប៉ះពាល់សុខភាព ត្បិតអ្នកស្រី​ទើបតែសម្រាលកូន ហើយមានកូនតូចទើបតែអាយុមិនដល់មួយខែផង។

អ្នកស្រីឈឹង រៀបរាប់ថា៖ «ពេលមេឃភ្លៀងមិនសូវធុំក្លិន តែមេឃរាំងគឺស្អុយ​ខ្លាំង។ ខ្ញុំមករស់​នៅ​ផ្ទះជួលនេះ៥ឆ្នាំ រោងចក្រនេះទើបបើកក្រោយទេ។ ខ្ញុំខ្លាចប៉ះពាល់ដែរ ធុំក្លិនជ័រស្អុយ​អាក្រក់​ទ្រាំមិនបានទេ អ្នកខ្លះឈឺក្បាលរកក្អួត តែឥឡូវសុំាហើយ បើដុតខ្លាំងផ្សែងខ្មៅហ្មង៎»។

អ្នកស្រី ឈឹង បន្ថែមថា ថង់ប្លាស្ទិកជាច្រើនតោនត្រូវបានរោងចក្រប្រមូលពីទីលានចាក់សំរាម ហើយយកមកលាងសម្អាត ហើយទើបយកថង់ទាំងនោះទៅស្លក្នុងឡ ហើយកែច្នៃទៅ​ជា​ថង់​ប្លាស្ទិក ដែលជាផលិតផលសម្រេច។ ទឹកកង្វក់ដែលលាងថង់សំរាមទាំងនោះ ត្រូវបាន​ក្រុមហ៊ុន​បង្ហូរ​មកក្រៅ ដែលធ្វើឱ្យមានក្លិនស្អុយ ហើយផ្សែងដែលបង្ហុយ​ពីរោងចក្រ​ក៏មានក្លិន​ស្អុយផងដែរ។

អ្នកស្រី ឈឹង បន្ថែមទៀតថា៖ «សុទ្ធតែសារធាតុគីមី ព្រោះថង់ទាំងអស់នឹងគេរើសពីសំរាម​មក​ស្អុយជាងប្រហុកទៅទៀត គេស្លឡើងវិញជាថង់ប្លាស្ទិក»

អ្វីដែលប្រជាពលរដ្ឋតំបន់ខាងលើចង់បាន គឺពួកគេចង់ឃើញចំណាត់ការរបស់ក្រសួង ឬ​អាជ្ញាធរ​ពាក់ព័ន្ធ ធ្វើយ៉ាងណាកុំឱ្យរោងចក្របង្កផលរំខានដល់ការរស់នៅ និងប៉ះពាល់​សុខភាព​របស់ពួកគេ​។

លោក ប៉ាង លីដា អភិបាលខណ្ឌពោធិ៍សែនជ័យ មិនទាន់បកស្រាយជុំវិញករណីនេះទេ ដោយទូរសព្ទទៅ លោកថាកំពុងរវល់ការងារ។

ទិដ្ឋភាពជុំវិញនៃរោងចក្រប្លាស្ទិក ស្ថិតក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ​ ថ្លែងប្រាប់ ខេមបូចា ថា បញ្ហានេះសាលាក្រុង​ភ្នំពេញ​បានរាយការណ៍ជូនគណៈកម្មាធិការក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធបាន​ចុះទៅពិនិត្យ​មើលទីតាំងរោងចក្ររួចហើយ ព្រោះបញ្ហានេះពាក់ព័ន្ធនឹងក្រសួងបរិស្ថាន។

លោក កើត ឆែ មានប្រសាសន៍ថា៖ «​បញ្ហានេះមន្ទីរបរិស្ថានគេកំពុងចាត់ចែងហើយ»

រោងចក្រ ដាយមិនប្លាស្ទិក( Diamond Plastic) មិនអាចទាក់ទងបានដើម្បីសុំការបកស្រាយ​ជុំវិញបញ្ហានេះបានទេ។

លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន មិនអាច​ទាក់ទងសុំការធ្វើអត្ថាធិប្បាយអំពីបញ្ហានេះបានទេចាប់ពីថ្ងៃពុធរហូតដល់ថ្ងៃសៅរ៍នេះ។

យោងតាមច្បាប់ស្ដីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រធនធានធម្មជាតិមាត្រា៦ និងមាត្រា៧ បាននិយាយអំពីការគ្រប់គ្រងធនធានធម្មជាតិ តម្រូវឱ្យបណ្ដាក្រុមហ៊ុនទាំងអស់ត្រូវរៀបចំ​របាយការណ៍​វាយតម្លៃហេតុប៉ះពាល់បរិស្ថាន(EIA)​ ឬរបាយការណ៍វាយតម្លៃហេតុផលប៉ះ​ពាល់​បរិស្ថានពេញលេញ(ESIA)​ ដើម្បីការពារ​លើក​កម្ពស់​គុណភាពបរិស្ថាន និងសុខភាព​ពលរដ្ឋ ធានាឱ្យមានការអភិរក្ស ការអភិវឌ្ឍ ការគ្រប់​គ្រង​ប្រើប្រាស់ឱ្យសមហេតុផល និង​បង្រ្កាប​អំពើទាំងឡាយណា ដែលធ្វើឱ្យ​ប៉ះពាល់ដល់​បរិស្ថាន៕

រាយការណ៍បន្ថែមដោយ៖ រ៉ាន់ ស្រីដែត

264 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម