គណបក្សប្រឆាំង និងមេដឹកនាំសង្គមស៊ីវិល សម្តែងការព្រួយបារម្ភថា ការអនុម័តវិសោធនកម្មច្បាប់បោះឆ្នោតរបស់រដ្ឋសភា នឹងរឹតត្បិតសិទ្ធិពលរដ្ឋក្នុងការឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតនាពេលអនាគត។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានរដ្ឋសភាអនុម័តភ្លាមៗកាលពីថ្ងៃសុក្របន្ទាប់ពីសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យមានការកែសម្រួល។ ច្បាប់នេះចែងថា បេក្ខជនដែលឈរឈ្មោះឲ្យគេបោះឆ្នោតឱ្យនឹងតម្រូវឱ្យបោះឆ្នោតនៅក្នុងការបោះឆ្នោតបានចំនួនពីរលើកជាប់ៗគ្នា។ ច្បាប់នេះត្រូវបានបញ្ជូនទៅព្រឹទ្ធសភាដើម្បីពិនិត្យបន្ថែម។
លោក សំ គន្ធាមី នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលការបោះឆ្នោត Nicfec មានប្រសាសន៍ ថា លោកមិនភ្ញាក់ផ្អើលទេ ដែលសេចក្តីព្រាងច្បាប់ត្រូវបានអនុម័តនៅក្នុងរដ្ឋសភា ដែលគណបក្សកាន់អំណាចគ្រប់គ្រងអាសនៈទាំង១២៥នោះ។
លោក សំ គន្ធាមី មានប្រសាសន៍ថា៖ «មិនមានការត្រួតពិនិត្យ និងតុល្យភាព [នៅរដ្ឋសភា] ឬគណបក្សនយោបាយ [ផ្សេងទៀត] ជជែកដេញដោលនោះទេ»។
លោកបានបន្ថែមថា៖ «គោលបំណងនៃច្បាប់ គឺមានគោលបំណងរារាំងពួកគេ [អ្នកប្រឆាំងនៅក្រៅប្រទេស] មិនឲ្យឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោត ដោយសារពួកគេមិនអាចមកបោះឆ្នោតបាន។ ច្បាប់នោះរឹតត្បិតខ្លាំងចំពោះបុគ្គល ដែលចង់ឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតលើកក្រោយ»។
លោកបានកត់សម្គាល់ថា សកម្មជនគណបក្សប្រឆាំងណា ដែលបច្ចុប្បន្នកំពុងនិរទេស ឬនៅក្រៅប្រទេស ហើយមិនអាចទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា នឹងមិនមានសិទ្ធិសម្រាប់ការបោះឆ្នោតនាពេលអនាគតទេ។
លោក គឹមសួរ ភិរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀនដែលគណបក្សរបស់លោកត្រូវបានបាត់បង់សិទ្ធិចូលរួមក្នុងការបោះឆ្នោតខែកក្កដា បានអះអាងថា វិសោធនកម្មច្បាប់នេះ គឺផ្តោតគោលដៅលើគណបក្សរបស់លោកហើយ «មិនបម្រើផលប្រយោជន៍សង្គមទេ»។
លោក អេង ស្រូយ ប្រធានគណបក្សភ្លើងទៀនប្រចាំខេត្តត្បូងឃ្មុំមានប្រសាសន៍ថា លោកចាត់ទុកសេចក្តីព្រាងច្បាប់នេះថា ជាការបំផ្លាញដំណើរការប្រជាធិបតេយ្យបន្ថែមទៀត។
លោក ស្រូយ បានមានប្រសាសន៍ថា៖ «សម្រាប់ខ្ញុំ មិនថា ខ្ញុំទៅបោះឆ្នោតឬមិនទៅបោះឆ្នោតនោះទេ វាគឺជាសិទ្ធិរបស់ខ្ញុំ»។ ប៉ុន្តែ «វាមិនបញ្ហាទេ ព្រោះមិនមានដំណើរការប្រជាធិបតេយ្យ ហើយបើទោះជាយើងមានសិទ្ធិបោះឆ្នោតក៏ដោយ ក៏ការបោះឆ្នោតនេះ ត្រូវបានធ្វើឡើងក្រោមការបំភិតបំភ័យដែរ»។
លោក វៃ ឡង់ឌី អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋានមានប្រសាសន៍ថា វិសោធនកម្មនេះហាក់ដូចជាមានគោលបំណងរារាំងការធ្វើពហិកាការបោះឆ្នោតនាពេលខាងមុខ ដូចដែលអ្នកគាំទ្រគណបក្សភ្លើងទៀនមួយចំនួននៅក្រៅប្រទេសបានអំពាវនាវ។
កាលពីឆ្នាំ២០១៨ អ្នកគាំទ្រគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយដោយតុលាការបានទទូចឱ្យធ្វើពហិកា ជាផ្នែកមួយនៃយុទ្ធនាការ «ម្រាមដៃស្អាត»ដែលសំដៅដល់ទឹកខ្មៅ ដែលអ្នកបោះឆ្នោតជ្រលក់ម្រាមដៃ ដើម្បីបញ្ជាក់ថាបានបោះឆ្នោត។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានពន្យល់ថា ប្រសិនបើច្បាប់នេះចូលជាធរមាន អ្នកណាដែលចង់ឈរឈ្មោះក្នុងការបោះឆ្នោតជាតិឆ្នាំ២០២៨ ត្រូវតែបញ្ជាក់ថា ខ្លួនបានបោះឆ្នោតក្នុងការបោះឆ្នោតជាតិឆ្នាំ២០២៣ និងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២៧។
លោក អំ សំអាត នាយកប្រតិបត្តិនៃអង្គការសិទ្ធិមនុស្ស លីកាដូ បានអំពាវនាវឱ្យរដ្ឋាភិបាលពិចារណាឡើងវិញនូវសេចក្តីព្រាងច្បាប់នេះ ដោយសារលោកអះអាងថា វារឹតត្បិតសិទ្ធិពលរដ្ឋ។
លោក អំ សំអាត បានមានប្រសាសន៍ថា៖ «បើយើងពិនិត្យមើល [សេចក្តីព្រាង]ច្បាប់ វាបានរំលោភសិទ្ធិអ្នកបោះឆ្នោត ជាពិសេសសិទ្ធិឈរឈ្មោះជាបេក្ខជនឱ្យគេបោះឆ្នោតឱ្យ ព្រោះយើងមើលឃើញថា បើច្បាប់នោះជួយសម្រួលដល់សិទ្ធិបោះឆ្នោត វានឹងបន្ថែមសិទ្ធិបោះឆ្នោតសម្រាប់ពលរដ្ឋ ដែលកំពុងធ្វើការនៅបរទេស»។ លោកបានស្នើឱ្យមានការបោះឆ្នោតតាមអ៊ីមែល ឬតាមការិយាល័យបោះឆ្នោត ដែលបានបង្កើតឡើងនៅស្ថានទូតកម្ពុជានៅបរទេស។
លោក ឡង់ឌី បានមានប្រសាសន៍ថា៖ «វាអាចប៉ះពាល់ដល់សិទ្ធិរបស់ប្រជាពលរដ្ឋមួយចំនួន ដែលមានបំណងឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោត ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្រៅប្រទេស ពួកគេមិនអាចមកបោះឆ្នោតបានទៀងទាត់ទេ ដូច្នេះវាកាន់តែជាបន្ទុកថែមទៀតសម្រាប់ពួកគេ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចច្រានចោលការអះអាងដែលថា វិសោធនកម្មច្បាប់បោះឆ្នោតបានរឹតត្បិតសិទ្ធិអ្នកបោះឆ្នោត។
លោក សុខ ឥសាន បានមានប្រសាសន៍ថា៖ «អ្នកដែលមានបំណងចង់ឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោត ហើយពួកគេមិនបានបោះឆ្នោត វាមានន័យថាពួកគេបានបោះបង់ចោលសិទ្ធិនយោបាយផ្ទាល់ខ្លួនរបស់ពួកគេ។ ច្បាប់ទាំងនេះត្រូវបង្ខំលើជនណា ដែលមានចេតនាទុច្ចរិត និងប៉ុនប៉ងបំផ្លាញលទ្ធផលបោះឆ្នោត និងបំពានសិទ្ធិអ្នកបោះឆ្នោត»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បដិសេធមិនធ្វើអត្ថាធិប្បាយលើសេចក្តីព្រាងច្បាប់នេះ ក្រៅពីបញ្ជាក់ថា៖ «សេចក្តីព្រាងច្បាប់នេះដឹកនាំដោយក្រសួងមហាផ្ទៃ ដូច្នេះអ្នកនាំពាក្យក្រសួងយុត្តិធម៌មិនអាចធ្វើការបកស្រាយបានទេ»។
លោកបានបង្វែរសំណួររបស់ខេមបូចាទៅលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាបានថ្លែងថា ឥឡូវនេះ គណៈកម្មការនីតិកម្ម និងយុត្តិធម៌កំពុងពិនិត្យមើលសេចក្តីព្រាងច្បាប់នេះ។ ប្រសិនបើសេចក្តីព្រាងច្បាប់នេះ ត្រូវបានព្រឹទ្ធសភាអនុម័ត នោះនឹងត្រូវបញ្ជូនទៅរដ្ឋសភាវិញដើម្បីពិនិត្យ ហើយបន្ទាប់មកថ្វាយព្រះមហាក្សត្រនរោត្តម សីហមុនី ដើម្បីឡាយព្រហស្ថលេខា។
លោក ហ៊ុន សែន បានអំពាវនាវឱ្យអនុម័តសេចក្តីព្រាងច្បាប់នេះទាំងស្រុង និងចុះហត្ថលេខាក្លាយជាច្បាប់មុនការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Civil Society and Opposition Candidates Concerned Over New Electoral Law Amendments