ក្រុមការងារដែលតំណាងឱ្យអង្គការសង្គមស៊ីវិលចំនួន ១៩ស្ថាប័ន អំពាវនាវស្នើឱ្យរដ្ឋាភិបាលកម្ពុជាបង្កើនថវិកាសម្រាប់វិស័យអប់រំ សុខាភិបាល និងការគាំពារសង្គម នៅក្នុងការឆ្លើយតបទៅនឹងថវិកាជាតិឆ្នាំ២០២៤ ដែលត្រូវបានរដ្ឋសភាអនុម័តរួចហើយ ។
ក្រុមការងារថវិកានៃអង្គការសង្គមស៊ីវិល ដែលបានបង្កើតឡើងនាដើមទសវត្សរ៍ឆ្នាំ២០០០ ធ្វើការងារដើម្បីតស៊ូមតិជំរុញឱ្យមានតម្លាភាពនិងគណនេយ្យភាពនៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់រដ្ឋាភិបាល ។ នៅក្នុងរបាយការណ៍ក្នុងខែមករា ក្រុមការងារនេះលើកឡើងថា ការបង្កើនកញ្ចប់ថវិកា ព្រមទាំងការកែលម្អសេវាកម្មឱ្យកាន់តែប្រសើរឡើង នៅក្នុងកម្មវិធីអប់រំ សុខាភិបាល និងសង្គមកិច្ច នឹងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ។
កាលពីថ្ងៃទី១៦ ខែវិច្ឆិកាកន្លងទៅ រដ្ឋសភាបានអនុម័តច្បាប់ថវិកាជាតិឆ្នាំ២០២៤ ដែលមានចំនួនថវិកាប្រចាំឆ្នាំ ៩,១ប៊ីលានដុល្លារ ដែលថយចុះ ៥,៣% ប្រសិនបើធៀបនឹងឆ្នាំ២០២៣ ។ ចំណូលថវិការដ្ឋសរុបដែលរំពឹងទុក មានត្រឹមតែ ៨ប៊ីលានដុល្លារប៉ុណ្ណោះ ដែលបង្កើតឱ្យមានឱនភាពថវិកា ១២,៣៩% ។ រដ្ឋាភិបាលថ្លែងថា អាទិភាពជាយុទ្ធសាស្ត្ររបស់ខ្លួនសម្រាប់ថវិកាជាតិប្រចាំឆ្នាំ គឺពង្រឹងសេវាកម្មថែទាំសុខភាព ពង្រីកជំនាញវិជ្ជាជីវៈសម្រាប់ក្រុមប្រជាជនក្រីក្រ បង្កើតកម្មវិធីជំនួយសង្គមសម្រាប់គ្រួសារងាយរងគ្រោះ ព្រមទាំងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការគាំទ្រហិរញ្ញវត្ថុ ។
ទោះបីមានការប្ដេជ្ញាចិត្តជាសាធារណៈពីរដ្ឋាភិបាលដើម្បីលើកកម្ពស់វិស័យអប់រំ សុខាភិបាល និងសង្គមកិច្ចក្ដី ក្រុមអង្គការសង្គមស៊ីវិលនិយាយថា ថវិកាថ្មីមិនបានបង្កើនថវិកាគ្រប់គ្រាន់នៅក្នុងវិស័យទាំងនេះឡើយ ។
ក្រុមអង្គការសង្គមស៊ីវិលលើកឡើងពីការកាត់បន្ថយថវិកាសុខាភិបាលសម្រាប់ឆ្នាំ២០២៤ ដែលខ្លួននិយាយថា ផ្ទុយពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលនិងអាទិភាពយុទ្ធសាស្ត្រដែលបានប្រកាសស្ដីពីការពង្រឹងសេវាកម្មថែទាំសុខភាព ។ ថវិកាសុខាភិបាលសម្រាប់ឆ្នាំ២០២៤ តិចជាងថវិកាឆ្នាំ២០២៣ ចំនួន ៥២,២៥លានដុល្លារ ។ ថវិកាសុខាភិបាលឆ្នាំ២០២៤ ដែលមានចំនួន ៦៥៦លានដុល្លារ បង្ហាញឱ្យឃើញថា រដ្ឋាភិបាលពុំទាន់សម្រេចបានគោលដៅថវិកា ៧៤៥លានដុល្លាររបស់ខ្លួនដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រសុខាភិបាល ឆ្នាំ២០១៦-២០២០ នៅឡើយទេ ។
ដោយសាររដ្ឋាភិបាលនៅថ្នាក់ជាតិកាត់ចំណាយទៅលើវិស័យសុខាភិបាល ក្រុមអង្គការសង្គមស៊ីវិលផ្ដល់អនុសាសន៍ថា មន្ត្រីមូលដ្ឋាន ដូចជា មេឃុំចៅសង្កាត់ត្រូវលៃលកបែងចែកថវិកាដែលអាចរកបាននៅថ្នាក់មូលដ្ឋាន សម្រាប់មូលដ្ឋានសុខាភិបាលនិងសេវាកម្មសុខាភិបាល ។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សុវណ្ណ មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយឡើយ ។
ភាគរយនៃចំណាយថ្នាក់ជាតិសម្រាប់វិស័យអប់រំបានកើនឡើងពី ១០,១៩% នៅឆ្នាំ២០២៣ មកដល់ ១១,៧៥% នៅឆ្នាំនេះ ។ ប៉ុន្តែ អនុសាសន៍នានាដែលបានផ្សព្វផ្សាយកត់សម្គាល់ថា ចំនួននេះនៅទាបជាងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ឆ្នាំ២០១៩-២០២៣របស់រដ្ឋាភិបាល នៅឡើយ ដែលនៅក្នុងផែនការនេះបានដាក់គោលដៅថវិកាវិស័យអប់រំ ស្មើនឹង ១៩,១% នៃថវិកាជាតិនៅឆ្នាំ២០២៣ ។ ក្រុមអង្គការសង្គមស៊ីវិឡចង់ឱ្យរដ្ឋាភិបាលប្ដេជ្ញាចិត្តបង្កើនថវិកាអប់រំបន្តិចម្ដងៗ ឱ្យដល់ ២០% នៃចំណាយថវិកាជាតិ ដូចដែលបានសន្យាកាលពីឆ្នាំ២០២១ ។
ក្រៅពីអនុសាសន៍ពាក់ព័ន្ធនឹងថវិកាជាតិ ក្រុមការងារស្នើជាយោបល់ថា រដ្ឋាភិបាលគួរធ្វើការដើម្បីកាត់បន្ថយភាពខុសគ្នារវាងសាលារដ្ឋនិងសាលាឯកជន ដោយបង្កើនការវិនិយោគបន្ថែមទៅលើសាលារៀននៅតាមទីជនបទ ។ មួយផ្នែកនៃថវិកាគួរផ្ដោតទៅលើការជួសជុល ហេដ្ឋារចនាសម្ព័ន្ធ និងការបណ្ដុះបណ្ដាលគ្រូ ។ លើសពីនេះទៀត ក្រុមអង្គការសង្គមស៊ីវិលអំពាវនាវឱ្យរដ្ឋាភិបាលធ្វើតាមការសន្យារបស់ខ្លួនដើម្បីធានាថា កុមារគ្រប់រូបទទួលបាន«ការអប់រំជាមូលដ្ឋាន ៩ឆ្នាំ» ដោយផ្ដល់ការគាំទ្របន្ថែមដល់កុមារក្រីក្រ កុមារដែលមានពិការភាព និងកុមារដែលងាយរងគ្រោះ ។
អ្នកនាំពាក្យក្រសួងអប់រំ លោកស្រី ឃួន វិច្ឆិកា ពុំបានផ្ដល់ចម្លើយទៅនឹងសំនួររបស់ខេមបូចា ពាក់ព័ន្ធនឹងអនុសាសន៍នៅក្នុងរបាយការណ៍ឡើយ ។
លោកស្រីបានឆ្លើយតបក្នុងសារតេឡេក្រាម យ៉ាងដូច្នេះថា៖ «ការអភិវឌ្ឍមូលធនមនុស្សគឺជាអាទិភាពសំខាន់មួយរបស់រដ្ឋាភិបាលនៅក្នុងការសម្រេចផែនការយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលដើម្បីក្លាយជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០ ។ ដើម្បីសម្រេចគោលដៅនេះ រដ្ឋាភិបាលនឹងផ្ដល់ថវិកាដើម្បីអនុវត្តនៅក្នុងវិស័យអប់រំ» ។
លោកស្រីក៏បានកត់សម្គាល់ផងដែរថា ថវិកាវិស័យអប់រំមានចំនួនស្ទើរតែ ៣ដងច្រើនជាងកាលពី១០ឆ្នាំមុន ដោយកើនឡើងពីត្រឹមប្រហែល ៣១៩លានដុល្លារនៅឆ្នាំ២០១៤ ឡើងមកដល់ ៩៨១លានដុល្លារ ។
ថវិកាសម្រាប់ក្រសួងសង្គមកិច្ចកើនឡើងគួរឱ្យកត់សម្គាល់ ពី ៣៦៧លានដុល្លារនៅក្នុងឆ្នាំ២០២៣ ដល់ ៥៦៩លានដុល្លារនៅឆ្នាំ២០២៤ ។ នេះបង្ហាញពីកំណើនភាគរយនៃចំណាយថ្នាក់ជាតិទៅលើក្រសួងនេះ កើនឡើងពី ៤,០១% ទៅដល់ ៦,៧១% ។
អនុសាសន៍នានាសម្រាប់កម្មវិធីគាំពារសង្គមរបស់រដ្ឋាភិបាល រួមមាន ការពង្រីកការគាំពារដល់ក្រុមងាយរងគ្រោះ ដូចជា អ្នកទាំងឡាយដែលធ្វើការនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ម្ចាស់អាជីវកម្មខ្នាតតូច កសិករលក្ខណៈគ្រួសារ ជនចាស់ជរា ក្រុមជនជាតិដើមភាគតិច និងប្រជាជនដែលមានពិការភាព ។ ក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា រដ្ឋាភិបាលគួរពង្រីកថវិកានិងវិសាលភាពនៃកម្មវិធីសន្តិសុខសង្គម ព្រមទាំងបង្កើតការគាំទ្រផ្ទះថែទាំមនុស្សចាស់ ។ ក្រុមការងារអង្គការសង្គមស៊ីវិល ក៏អំពាវនាវផងដែរ ឱ្យរដ្ឋាភិបាលកំណត់អាណត្តិផ្លូវច្បាប់ទៅលើការបញ្ចេញឱ្យដឹងជាសាធារណៈនូវរបាយការណ៍ហិរញ្ញវត្ថុនិងសវនកម្មរបស់បេឡាជាតិសន្តិសុខសង្គម និងមូលនិធិជាតិជំនួយសង្គម ។
លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច បាននិយាយថា រៀងរាល់ឆ្នាំ ថវិកាជាតិសម្រាប់ក្រសួងមិនគ្រប់គ្រាន់ដើម្បីបម្រើដល់គ្រប់ប្រជាជនដែលងាយរងគ្រោះនោះឡើយ ប៉ុន្តែ អាចជួយដល់ក្រុមមនុស្សគោលដៅបាន ។
លោកបាននិយាយថា៖ «សេចក្ដីត្រូវការរបស់ប្រជាជនមានច្រើនណាស់» ។ ហើយក្រសួងអាចធ្វើបានតែទៅតាមចំនួនថវិកាដែលមានកម្រិតដែលខ្លួនទទួលបានប៉ុណ្ណោះ ។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក គឹម ភក្ដី មិនបានឆ្លើយតបនឹងសំណួររបស់ ខេមបូចានោះទេ ។
លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពអន្តរជាតិកម្ពុជា ជាអង្គការមួយដែលចូលរួមនៅក្នុងក្រុមការងារអង្គការសង្គមស៊ីវិលដែរ បាននិយាយថា រដ្ឋាភិបាលគួរតែវិនិយោគបន្ថែមទៀតទៅលើកម្មវិធីថែទាំសុខភាព អប់រំ និងជំនួយសង្គម ដើម្បីជួយដល់ក្រុមប្រជាជនដែលងាយរងគ្រោះ ។ លោកបានបន្ថែមថា អ្វីដែលសំខាន់នៅក្នុងការអនុវត្តកំណែទម្រង់ទាំងនេះ គឺ «វាចាំបាច់ណាស់ដែលរដ្ឋាភិបាលត្រូវដោះស្រាយបញ្ហាអំពើពុករលួយដ៏រាលដាល ជាលក្ខណៈប្រព័ន្ធ និងជាលក្ខណៈរចនាសម្ព័ន្ធ» ។
លោក ឡាំ សុជាតិ នាយកវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ ដែលជាអង្គការមួយផ្សេងទៀតដែលចូលរួមនៅក្នុងក្រុមការងារដែរ បាននិយាយថា អង្គការសង្គមស៊ីវិលចង់ឃើញថវិកាច្រើនថែមទៀតត្រូវបានគេផ្ដល់ទៅឱ្យវិស័យអប់រំនិងសុខាភិបាល ពីព្រោះវិស័យទាំងនេះដែលជួយផ្ទាល់ទៅដល់ប្រជាជន មិនអាចបម្រើសេចក្ដីត្រូវការរបស់ប្រជាជនឱ្យបានគ្រប់គ្រាន់នៅឡើយទេ នៅពេលបច្ចុប្បន្ននេះ ។
លោកបាននិយាយថា៖ «មានមណ្ឌលសុខភាព ប៉ុន្តែ អត់មានគ្រូពេទ្យគ្រប់គ្រាន់ និងគ្មានថ្នាំពេទ្យគ្រប់គ្រាន់» ។ លោកបន្ថែមថា៖ «សាលារៀនពុំមានសម្ភារៈគ្រប់គ្រាន់សម្រាប់សិស្ស ពុំមានបណ្ណាល័យសម្រាប់សិស្ស និងខ្វះសម្ភារៈរៀននិងបង្រៀន» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Civil Society Groups Call for Increased Health, Education and Social Services Funding