សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម​ស៊ីវិល​សាទរចំពោះការ​បង្រ្កាបរបស់​សមត្ថកិច្ចលើក្រុម​ក្មេង​ទំនើង​ ប៉ុន្តែ​ចោទជាសំនួរ លើប្រសិទ្ធភាពនៃការអនុវត្ត

នគរបាលរាជធានីភ្នំពេញ បានឆ្មក់បង្ក្រាបក្រុមក្មេងទំនើងមួយក្រុម នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ (ហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត)
នគរបាលរាជធានីភ្នំពេញ បានឆ្មក់បង្ក្រាបក្រុមក្មេងទំនើងមួយក្រុម នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ (ហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត)

អាជ្ញាធរ​កំពុង​រឹត​បន្តឹង​វិធានការ និងការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ដែល​បង្ក​ភាព​ចលាចល​ក្នុង​សង្គម ​ដែលចំណាត់ការនេះ ​ទទួល​បាន​ការ​គាំទ្រ​ពី​សាធារណជន។ ទោះជាយ៉ាងណាក៏ដោយ ក៏នៅតែមានមន្ទិល ចំពោះប្រសិទ្ធភាពនៃការអនុវត្ត ដូចដែលវាបានកើតឡើងតែ «មួយដង ក៏បាត់ទៅវិញ» ហើយហាក់បីដូចជា មិនចំគោលដៅ។

ចាប់ពីថ្ងៃទី២៣ ខែឧសភា ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នគរបាលជាតិនៃក្រសួងមហាផ្ទៃ បានបង្រ្កាបក្រុមក្មេងទំនើងចំនួន ២២៧ក្រុម និងចាប់ខ្លួនក្រុមយុវជនចំនួន ៨៨៥នាក់។ អាជ្ញាធរ​បាន​កសាង​សំណុំ​រឿង ចំពោះករណីនៃ​ការ​ចាប់​ខ្លួនភាគច្រើន​​ ត្រូវ​បញ្ជូន​ទៅ​តុលាការ ​ហើយ​ចំនួននេះ បាន​កើន​ឡើង​ជិត​ពីរ​ដង​ពី​ប្រតិបត្តិការ​មុន។​ នេះ​បើ​យោង​តាមលោក ទូច សុឃៈ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ។

ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​តាម​បទបញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ព្រម​ទាំង​អភិបាល​ខេត្តទាំងអស់​ឲ្យ​បង្រ្កាប​«​ក្មេង​ទំនើង»។

លោក ហ៊ុន ម៉ាណែត បានថ្លែងនៅថ្ងៃទី២៣ ខែឧសភា ថា៖ «ខ្ញុំសូមអំពាវនាវឱ្យស្ថាប័នអយ្យការ និងស្ថាប័នតុលាការមានវិធានការអនុវត្តន៍ច្បាប់ឱ្យបានម៉ឺងម៉ាត់ក្នុងការចាត់ការលើសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងនេះ ប្រកបដោយការយកចិត្តទុកដាក់​ និងការទទួលខុសត្រូវខ្ពស់ដើម្បីលើកកម្ពស់ប្រសិទ្ធិភាពនៃការអនុវត្តច្បាប់របស់យើង»។

លោក​ ក៏​បាន​ជំរុញ​ឲ្យ​ឪពុកម្តាយគ្រប់រូបតាមដាន​កូនៗ​របស់​ពួកគេ និង​អប់រំ​ពួកគេ​ផងដែរ ព្រោះ «​ក្មេង​ទំនើង​ខ្លះ​មាន​អាយុ​ត្រឹមតែ ១៤ ឬ ១៥ ឆ្នាំ​ប៉ុណ្ណោះ​»​។

លោក ហ៊ុន ម៉ាណែត មានប្រសាន៍ថា៖ «ខ្ញុំសូមអំពាវនាវដល់ឪពុកម្តាយគ្រប់រូប ក៏ដូចជាអាណាព្យាបាល ត្រូវខិតខំអប់រំ តាមដាន និងប្រដៅកូនៗរបស់អ្នក។ ការងារនេះត្រូវតែអនុវត្តនៅក្នុងសាលារៀន និងនៅផ្ទះ»។

យោងតាមទំព័រ ហ្វេសប៊ុក របស់លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី២៤ ខែឧសភា បង្ហាញថានគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចាប់ខ្លួនយុវជន៨នាក់ នៃក្រុម «ចាក់ ស្លុយ» ដោយរឹបអូសដាវ កាំបិត និងថ្នាំញៀន នៅក្បែរផ្លូវរថភ្លើង ក្នុងខណ្ឌទួលគោក។

នគរបាលរាជធានីភ្នំពេញ ក៏បានកំណត់គោលដៅក្នុងខណ្ឌទាំង ១៤ ក្នុងរាជធានី និងបានប្តេជ្ញាចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់ និងបញ្ឈប់សកម្មភាពក្មេងទំនើងតាមវិធី «ធ្ងន់ធ្ងរបំផុត»។ ដោយពួគគេសង្ឃឹម​ថា​នឹង​ពង្រឹង​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ស្របតាម​គោលនយោបាយ «​ភូមិ​ឃុំ​មាន​សុវត្ថិភាព​»​។

ម្ចាស់​ហាងម្នាក់​ឈ្មោះ សិរីមុនី អាយុ ៤០​ឆ្នាំ នៅ​ផ្សារ​ដើមគរ បាន​និយាយ​ថា ក្មេង​ទំនើង​បង្ក​បញ្ហា​ច្រើន​ណាស់។ អ្នកស្រីតែងតែព្រួយបារម្ភអំពីសុវត្ថិភាពរបស់កូនស្រីគាត់ ដែលរៀនថ្នាក់ទី១០ ពេលដែលនាងត្រឡប់មកពីសាលារៀនវិញ។ ដោយអ្នកស្រី មានក្តីបារម្ភថា ក្រុមក្មេងទំនើងទាំងនោះអាចប្លន់ ឬធ្វើបាបនាង។

អ្នកស្រី សិរីមុនី លើកឡើងថា៖ «ខ្ញុំ​ភ័យ​ខ្លាច​រាល់​ថ្ងៃ។ ប្រសិនបើពួកគេប្លន់ […] វាមានគ្រោះថ្នាក់ខ្លាំងណាស់ [បើនាងអាចជួបរឿងនោះមែន] វាអាចដួល ឬបាក់ដៃ ឬជើងរបស់នាង» ដោយបន្ថែមថា៖  «ខ្ញុំសុំឱ្យអាជ្ញាធរជួយបញ្ឈប់ក្មេងដ៏ទៃទៀត ដែលឃើញនៅតាមប្រព័ន្ធផ្សព្វផ្សាយមានអាយុត្រឹមតែ ១២ ឬ ១៣ ឆ្នាំ [ក្នុងក្រុមក្មេងទំនើង] ពីការវាយតប់គ្នា»។

ឪពុកម្នាក់ មានវ័យ៦០ឆ្នាំ ដែលកំពុងរស់នៅក្នុងខណ្ឌទួលគោក សុំមិនបញ្ចេញឈ្មោះ បាននិយាយថា ការបង្រ្កាបក្រុមក្មេងទំនើងនេះ ជារឿងល្អ ព្រោះគាត់បារម្ភពីសុវត្ថិភាព ពេលធ្វើដំណើរតាមដងផ្លូវ។

លោកនិយាយថា៖ «ខ្ញុំ​ខ្លាច​ថា​ពួក​គេ​អាច​នឹង​វាយ​យើង​ ឱ្យធ្លាក់ពី​លើ​ម៉ូតូ​របស់​យើង។ ពេលខ្លះពួកគេព្យាយាមប្លន់យើង។ ពេលខ្លះពួកគេគ្រាន់តែវាយយើងដើម្បីសប្បាយ។ យើងមិនដឹងថាពួកគេមានកំហឹងមកពីណាទេ ហើយពេលខ្លះពួកគេគ្រាន់តែមកវាយប្រហារយើងប៉ុណ្ណោះ»។ លោកបានបន្ថែមថា ពលរដ្ឋកំពុងប្រឈមនឹងហានិភ័យ ដោយសមាជិកក្រុមក្មេងទំនើងទោះបីជាពួកគេមិនបានធ្វើអ្វីដើម្បីបង្ករឿង ជាមួយពួកក្មេងទំនើងទំាងនោះក៏ដោយ។

លោក​ថា អ្នក​ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​គួរ​តែ​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ដោយ​គ្មាន​ការ​លើក​លែង។ លោក​បាន​បន្ថែម​ថា​៖ «​ក្មេង​ទំនើង​ត្រូវ​តែ​ត្រូវ​បាន​គ្រប់គ្រង […] ប្រសិន​បើ​ពួកគេ​មិន​ទៅ​សាលារៀន​ទេ យើង​ត្រូវ​អប់រំ​ពួកគេ​»

លោកបានប្រាប់ ខេមបូចា ថា នៅតំបន់ក្បែរផ្ទះគាត់ នៅពេលដែលក្មេងទំនើងបង្កចលាចលក្នុងសង្គមដោយការផឹកស៊ី និងស្រែកឡូឡាទាំងកណ្តាលយប់នោះ អាជ្ញាធរមូលដ្ឋានមានការស្ទាក់ស្ទើរក្នុងការចាត់វិធានការ ព្រោះការចាប់ខ្លួនពួកគេពិបាកណាស់ ដោយត្រូវផ្តល់អាហារ ខណៈការចាប់ខ្លួននោះ ជាទង្វើដែលពួកគេនិយាយថា «គ្មានប្រយោជន៍»។

លោកបញ្ជាក់ថា៖ «ពួកគេ [អាជ្ញាធរមូលដ្ឋាន] បាននិយាយថា វាពិតជាពិបាកណាស់ក្នុងការចាប់ខ្លួន និងចម្អិនម្ហូបអាហារសម្រាប់ពួកក្មេងទំនើងទាំងនោះ។ វា​ជា​ការ​ខ្ជះខ្ជាយ​ពេលវេលា​»។  ហើយលោក​សង្កត់ធ្ងន់​ថា បញ្ហា​នេះ​ត្រូវតែ​ដោះស្រាយ​ដោយ​មន្ត្រី​ថ្នាក់លើ ព្រោះ​អាជ្ញាធរ​មូលដ្ឋាន​មិន​អាច​បង្ក្រាប​ពួកគេបានទេ​។

នគរបាល​រាជធានី​ភ្នំពេញ បានឆ្មក់​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២៤។ (ហ្វេសប៊ុក/ លោកហ៊ុន ម៉ាណែត)

ដោះ​ស្រាយ​ឫសគល់​នៃបញ្ហា ដើម្បី​លុប​បំបាត់​ក្រុម​ក្មេង​ទំនើង

អ្នកវិភាគនយោបាយ លោក មាស នី មានប្រសាសន៍ថា មានការយឺតយ៉ាវច្រើនក្នុងការដោះស្រាយរឿងក្មេងទំនើង ហើយថា «គ្រាន់តែចាប់ និងអប់រំក្មេងទាំងនោះធម្មតាៗ ដោយសារពួកគេមិនទាន់គ្រប់អាយុ មិនអាចទប់ស្កាត់សកម្មភាពប្រកបដោយប្រសិទ្ធភាពនោះទេ»។

លោកបានបន្ថែមថា ការចាត់វិធានការតឹងរ៉ឹងក្នុងការបង្ក្រាបក្រុមក្មេងទំនើង គឺជាមធ្យោបាយមួយ ប៉ុន្តែអាជ្ញាធរក៏ត្រូវតែលុបបំបាត់ឫសគល់នៃក្មេងទំនើងផងដែរ។

លោក មាស នី មានប្រសាសន៍ថា៖ «បើ​យើង​បន្ត​ចាប់​ក្មេង​ទំនើង​ដាក់​ពន្ធនាគារ​តែ​រក​មិន​ឃើញ​ និង​ដោះ​ស្រាយ​ឫសគល់នៃបញ្ហា​នោះ ក្មេងៗ​នឹងគ្រាន់​តែជាប់ពន្ធនាគារប៉ុណ្ណោះ។ វានឹងកាន់តែពិបាកសម្រាប់អ្នកដែលធ្វើការនៅក្នុងពន្ធនាគារ»

ក្មេង​ទំនើង​ទាំងនេះ​ភាគច្រើន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សេព​គ្រឿង​ស្រវឹង និង​គ្រឿងញៀន ធ្វើ​ឲ្យពួកគេ ឆាប់បោះបង់​ការសិក្សា​ទាំងវ័យក្មេង​។

លោក មាស នី មានប្រសាសន៍ថា៖ «ខ្ញុំគាំទ្រ [ប្រតិបត្តិការ] ប៉ុន្តែយើងត្រូវធានានូវយុត្តិធម៌ ហើយប្រព័ន្ធច្បាប់ មានភាពយុត្តិធម៌នៅពេលវិនិច្ឆ័យលើក្មេងៗ។ ពេល​យើង​ចាប់​ពួក​គេ យើង​មិន​ត្រូវ​ធ្វើ​បាប​ក្មេងដែល​មិន​បាន​យល់ដឹងច្បាស់ [ពីអំពើក្មេងទំនើង] នោះទេ»។  លោកបន្ថែមថា៖ «សូម​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​លើករណី​នីមួយៗ​ឲ្យ​បាន​ច្បាស់លាស់ គឺមិនមែន​ត្រឹម​តែ​ចាប់​ក្រុម​ទាំង​មូល​ ហើយយកពួកគេដាក់​ពន្ធនាគារ​នោះ​ទេ»

លោកថា ដើម្បី​ឱ្យ​មាន​ប្រសិទ្ធភាព អាជ្ញាធរ​ក៏​ត្រូវ​ពិនិត្យ​លើ​ «​អំពើ​ពុក​រលួយ​ដែល​តែង​តែ​កើត​ឡើង​ជាមួយ​នឹង​ការ​ចាប់​ខ្លួន និង​ការ​ដោះលែង​»។

លោក មាស នី មានប្រសាសន៍ថា កម្ពុជាក៏ត្រូវមើលគំរូល្អក្នុងចំណោមអ្នកនយោបាយផងដែរ។ លោកថា៖ «​បើ​អ្នកនយោបាយ​យើង​រឹងរូស គេ​នឹង​យក​តម្រាប់​តាម​»​

អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន ​ប្រសិន​បើ​បទល្មើស​មាន​កម្រិត​ស្រាល

ជាមួយគ្នានេះ លោក សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការបង្រ្កាបក្រុមក្មេងទំនើង​ បានកំពុងធ្វើបន្តមួយរយៈមកហើយ ដោយបដិសេធថា មិនមែនជាប្រតិបត្តិការ «តែមួយលើក» ឬនៅពេលដែលនាយករដ្ឋមន្ត្រីណែនាំពួកគេនោះទេ។ អាជ្ញាធរ​បាន​និង​កំពុង​អនុវត្ត​វិធានការ​ដូចជា​ការអប់រំ​យុវជន យុទ្ធសាស្ត្រ​ផ្នែករដ្ឋបាល​ដើម្បី​ពង្រឹង និង​គ្រប់គ្រង​គោលដៅ និង​ចាត់វិធានការ​តាមផ្លូវច្បាប់​។

លោក​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​តាមដាន​ការ​បង្រ្កាប​របស់​អាជ្ញាធរ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ជា​ប្រចាំ​របស់​ក្រសួង​ដែល​បង្ហាញ​ពី​ការ​បង្ក្រាប​នៃសកម្មភាព​ឧក្រិដ្ឋកម្ម។

លោក សុឃៈ ពន្យល់ថា ប្រសិនបើក្រុមក្មេងទំនើងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្តែង សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងបន្តនីតិវិធីរហូតដល់ការកាត់ក្តី។

លោកថា ទោះជាយ៉ាងនេះក្តី ក្រសួងនឹងអប់រំ ណែនាំ និងធ្វើកិច្ចសន្យាសម្រាប់អាណាព្យាបាល «ធានាថាក្មេងក្នុងបន្ទុក ឬកូនរបស់ខ្លួន មិនប្រព្រឹត្តបទឧក្រិដ្ឋ» និងអនុញ្ញាតឱ្យពួកគេត្រឡប់ទៅផ្ទះវិញ ប្រសិនបើសកម្មភាពនេះមានកម្រិតស្រាល មិនធ្ងន់ធ្ងរ ឬមិនមែនជាបទល្មើសព្រហ្មទណ្ឌ។

ផលប៉ះពាល់នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង

លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព មានប្រសាសន៍ថា កត្តាជាច្រើននាំឱ្យកើតមានអំពើក្មេងទំនើង ប៉ុន្តែសំខាន់បំផុតគឺកត្តាសង្គមដែលជះឥទ្ធិពលអវិជ្ជមានដល់កុមារ។ វា​រួម​បញ្ចូល​ទាំង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ជា​សាធារណៈ​អំពី​គ្រឿង​ស្រវឹង​ដែល​ប្រាប់​កុមារ​អំពី​ការ​ផឹក​តាំង​ពី​វ័យក្មេង។

លោក គឹមអេង លើកឡើងថា៖ «ពេលធ្វើដំណើរតាមដងផ្លូវ អ្នកឃើញតែផ្ទាំងប៉ាណូគ្រឿងស្រវឹង […] ពួកគេត្រូវបានបង្រៀនតាំងពីក្មេងនៅតាមផ្លូវ [ឲ្យចេះផឹកស្រា]»។ ហើយលោក បន្ថែមថាវាជាទំនួលខុសត្រូវរបស់រដ្ឋក្នុងការកាត់បន្ថយការផ្សព្វផ្សាយពីគ្រឿងស្រវឹង។

លោក ក៏បានយល់ឃើញថា ការចាប់កុមារដាក់ពន្ធនាគារ គឺជារឿងអាក្រក់ ព្រោះវាអាចធ្វើឱ្យខូចអនាគតរបស់ពួកគេ ធ្វើឱ្យពួកគេបាត់បង់ការសិក្សា និងធ្វើឱ្យពួកគេពិបាករកការងារធ្វើនៅពេលពួកគេត្រូវបានដោះលែងឱ្យមានសេរីភាពវិញ។

លោក គឹមអេង បន្ថែមថា៖ «ការ​ជាប់​ពន្ធនាគារ​មិន​មែន​ជា​ជម្រើស​ល្អ​ទេ។ […] ការអប់រំគឺគ្រប់គ្រាន់ […] ហើយការជាប់ពន្ធនាគារដោយគ្មានការអប់រំនឹងធ្វើឱ្យពួកគេកាន់តែអាក្រក់ទៅៗ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖​ Civil Society Laud Crackdown On Gangs By Police But Question Effectiveness​

1,145 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម