សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គមស៊ីវិលលើកឡើងថា ការឃាត់ខ្លួនព្រះសង្ឃ សយ សាត របស់អាជ្ញាធរ​មូលដ្ឋាន គឺធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពព្រះអង្គ

សកម្មភាពធម្មយាត្រារបស់ព្រះតេជគុណ សយ សាត ដើម្បីលើកកម្ពស់សីលធម៌ កាលពីឆ្នាំ២០២២។ (រូបថតផ្ដល់ឱ្យ)
សកម្មភាពធម្មយាត្រារបស់ព្រះតេជគុណ សយ សាត ដើម្បីលើកកម្ពស់សីលធម៌ កាលពីឆ្នាំ២០២២។ (រូបថតផ្ដល់ឱ្យ)

សង្គមស៊ីវិល និងពលរដ្ឋមួយចំនួនលើកឡើងថា ការឃាត់ខ្លួនព្រះសង្ឃ សយ សាត ក្នុង​រយៈ​ពេល​ខ្លី​របស់​អាជ្ញាធរមូលដ្ឋានក្នុង​​ខេត្ដកំពង់ឆ្នាំង គឺជាការគំរាមកំហែង​ ​និងរំលោភសិទ្ធិ​សេរីភាព​​​ព្រះអង្គ ប៉ុន្តែ​អាជ្ញាធរ​ខេត្ដកំពង់ឆ្នាំង​បដិសេធថា មិនបានដឹងរឿង​នេះទេ។

លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការ លីកាដូ បានចាត់ទុកថា ការឃាត់​ព្រះតេជគុណ សយ សាត របស់អាជ្ញាធរមូលដ្ឋានក្នុងខេត្ដកំពង់ឆ្នាំង គឺជាការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​​ផ្ទុយពីច្បាប់ស្ដីពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។

លោកបានបន្តថា ការធ្វើ​បែប​នេះ គឺជាការគំរាមកំហែងដល់ពលរដ្ឋជាអ្នកចង់ចូល​កិច្ចការ​​សង្គម​​ឱ្យមានភាពភ័យខ្លាច។ លោកជម្រុញឱ្យរដ្ឋាភិបាលមេត្ដាពិនិត្យ​លើកិច្ចការ​ទាំងអស់​នេះ ដើម្បីជាចលករមួយ និងជាការរួមចំណែកឱ្យកម្ពុជាមានសិទ្ធិសេរីភាព​ពេញ​លេញ ត្បិត​តេជគុណ សយ​ សាត មិនបានប្រព្រឹត្ដ ឬមានបទល្មើសណាមួយនោះទេ។

លោក សំអាតថា៖ «ខ្ញុំយល់ថារឿងនេះវាមិនគួរទេ តេជគុណលោកមិនមានការប្រព្រឹត្ដ​បទល្មើស​ណាមួយ ឬខុសពីច្បាប់ទេ។ ការតាមដាន ការឃ្លាំមើល ឬការធ្វើទុក្ខបុកម្នេញ​គ្រប់បែបយ៉ាងគឺត្រូវតែបញ្ចប់ជាបន្ទាន់»

ចំណែកឯលោក សំ ចាន់គា មន្រ្ដីសម្របសម្រួលនៃសមាគមអាដហុកប្រចាំខេត្ដកំពង់ឆ្នាំង បានថ្លែងថាប្រាប់ ខេមបូចា ថា ការឃាត់នេះមិនមែនជារឿងត្រូវទេ។ លោកបានចាត់ទុកថា វាជាការគំរាមកំហែងរបស់អាជ្ញាធរសុទ្ធសាធ។ លោកថា អាជ្ញាធរគួរលុបបំបាត់សកម្មភាព​គំរាម​កំហែងបែបនេះបន្ដទៀតទៅ។

លោក ចាន់គា​ បន្តថា៖ «ខ្ញុំគិតថាការឃាត់ខ្លួនលោកវាជាការរំលោភសិទ្ធិដោយលោកគ្រាន់តែ​ដើរផ្សព្វផ្សាយពីសីលធម៌សង្គមប៉ុណ្ណោះ​ វាមិនប៉ះពាល់អីផង។ ខ្ញុំគិតថាអាជ្ញាធរមិនគួរបន្ដ​សកម្មភាព​គំរាមកំហែងគ្រប់រូបភាព និងបិទសិទ្ធិបញ្ចេញមតិបន្ដទេ»

បើតាមលោក វណ្ណ សូផាត មន្រ្ដីសម្របសម្រួល និងធុរៈកិច្ចនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចាត់ទុកថា ការឃាត់តេជគុណ សយ សាត ជារឿងមិនគួរកើតមាននោះទេ។ លោកបន្ដ​ថា ការឃាត់ខ្លួនទៅបានទាល់តែមានដីកាពីតុលាការ ឬបទល្មើសជាក់ស្ដែង ប៉ុន្ដែលោកថា ករណី​តេជគុណ សយ សាត គ្មានបទល្មើសណា ដែលអាជ្ញាធរគួរឃាត់ខ្លួនទេ។ លោកថា អាជ្ញាធរថ្នាក់ក្រសួងគួរតែមានវិធានការដើម្បីទប់ស្កាត់ថ្នាក់ក្រោមកុំឱ្យចេះតែដើរចាប់ស្រាច់តែចិត្ដ។ លោកបន្ដថា ការចាប់ខ្លួននេះធ្វើឡើងដើម្បីគំរាមកំហែង និងមានចេតនាបំភិតបំភ័យ​ដល់​សកម្មជនសង្គមផ្សេងទៀតដែលកំពុងតវ៉ាដើម្បីសិទ្ធិសេរីភាព និងប្រជាធិបតេយ្យ។

លោក សូផាត ថ្លែងថា៖ «អាជ្ញាធរថ្នាក់ជាតិគួរមានវិធានការច្បាស់លាស់មួយដើម្បីទប់ស្កាត់​ថ្នាក់ក្រោម កុំឱ្យចេះដើរឃាត់ចឹង។ ករណីតេជគុណ សយ សាត លោកគ្មានបទល្មើសអី​ត្រូវ​ចាប់​ខ្លួនទេ។ ដូច្នេះហើយមិនគួរបន្ដឱ្យថ្នាក់ក្រោមធ្វើអីតាមតែអំពើចិត្ដ ឬក៏ដើរឃាត់​ចឹងទេ​។ ខ្ញុំឃើញថាការឃាត់នេះគឺដើម្បីគំរាមកំហែងដល់សកម្មជនផ្សេងទៀត»

ជុំវិញការឃាត់ខ្លួននេះដែរ ព្រះតេជគុណ សយ សាត មានសង្ឃដីកាកាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា⁣⁣⁣⁣⁣⁣⁣ថា ព្រះអង្គ ពិតជាត្រូវអាជ្ញាធរខេត្ដកំពង់ឆ្នាំងបានឃាត់ខ្លួន និងធ្វើបាប​ព្រះអង្គ។ លោកបានបញ្ជាក់ថា​ អាជ្ញាធរមានគ្នា៣នាក់ដោយ២នាក់ចាប់​ និងម្នាក់ទះកំផ្លៀង និង​គំរាម​កំហែងព្រះអង្គទៀតផង។

យ៉ាងណាមិញព្រះតេជគុណបានបន្ថែមថា អាជ្ញាធរបានដកហូតទូរសព្ទពីព្រះអង្គ​ដោយថា​«បើព្រះអង្គមិនឱ្យទូរសព្ទទេគឺមិនដោះលែងឡើយ»។ ព្រះអង្គបន្ដថា អាជ្ញាធរខេត្ដកំពង់ឆ្នាំង​បានឃាត់ខ្លួនចាប់តាំងពីថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២៣ ប៉ុន្ដែអាជ្ញាធរខេត្ដនេះនៅបន្ដតាមដាន និងឃ្លាំមើលរាល់សកម្មភាព ទើបព្រះអង្គរត់គេចខ្លួនបណ្ដោះអាសន្នសិន។

ព្រះអង្គបន្ដថា  ព្រះអង្គមិនមានការភ័យខ្លាចពីការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញទេ ត្បិត​ព្រះអង្គ​មិនបានបង្កភាពវឹកវរដល់សង្គមដូចការចោទរបស់អាជ្ញាធរ គ្រាន់តែឱ្យស្ងប់ស្ងាត់​មួយ​រយៈ​សិន រួចព្រះអង្គនឹងដើរផ្សព្វផ្សាយបន្ដ។ យ៉ាងណាព្រះអង្គក៏បានអំពាវនាវ​ដល់​រដ្ឋាភិបាល​មេត្ដាទម្លាក់ចោលការចោទប្រកាន់ផ្សេងៗលើរូបព្រះអង្គ ដើម្បីសុខសន្ដិភាពសង្គមជាតិ​ទាំង​អស់គ្នា។

ព្រះអង្គបានសង្កត់ធ្ងន់ថា៖ «សមត្ថកិច្ច៣នាក់​ចាប់អាត្មាកៀបដៃទៅក្រោយ ម្នាក់ទៀតមក​ទះ​កំផ្លៀងអាត្មាម៉ាដៃញោម។ទះអាត្មា១ដៃសួររកទូរសព្ទអាត្មានៅណា?។ ញោម[សមត្ថកិច្ច]​កុំធ្វើទារុណកម្មអាត្មាអី ចង់យកស្អីក៏យកទៅញោម។ ហ្អែងហ្នឹងហើយដែលជាឆ្អឹងទទឹងក​ដោយ​សារ​គាំទ្រ​គណបក្សសង្រ្គោះជាតិ គេនិយាយចឹងញោម»។ ព្រះអង្គបន្តថា៖ «អាត្មា​សុំ​អំពាវនាវ​ដល់​រដ្ឋាភិបាល​សុំទម្លាក់ចោលការធ្វើទុក្ខបុកម្នេញចំពោះអាត្មា វាអត់មាន​បាន​ប្រយោជន៍​​អីពីអាត្មាទេ។ អាត្មាធ្វើនេះដើម្បីជាតិទាំងមូល។ អាត្មាសុំបិណ្ឌបាតប៉ុណ្ណឹង​ញោម!»

សកម្មភាពធម្មយាត្រារបស់ព្រះតេជគុណ សយ សាត ដើម្បីលើកកម្ពស់សីលធម៌ កាលពីឆ្នាំ២០២២។ (រូបថតផ្ដល់ឱ្យ)

កាលពីថ្ងែទី៩ ខែមីនា ឆ្នាំ២០២៣កន្លងទៅព្រះតេជគុណ សយ សាត ដែលធ្វើធម្មយាត្រា​ថ្មើរជើងជាមួយសកម្មជនសង្គមមួយចំនួនទៀតពីភ្នំពេញទៅកាន់ព្រំដែនខ្មែរ-ថៃ ខេត្ត​បន្ទាយជ័យ ដើម្បីលើកកម្ពស់សីលធម៌ និងយុត្តិធម៌សង្គម ត្រូវបានចាប់បង្ខំឱ្យ​សឹកដោយ​ស្ម័គ្រចិត្ត ក្រោមហេតុផលថា ជាសង្ឃក្លែងក្លាយ បួសពុំត្រឹមត្រូវតាមច្បាប់ និងពុំមាន​បណ្ណ​សម្គាល់ជាព្រះសង្ឃ។ ក្រោយសឹកពីព្រះសង្ឃ ព្រះតេជគុណ សយ សាត ត្រូវបាន​អាជ្ញាធរ​ខេត្តបាត់ដំបងចាប់ឃាត់ខ្លួនមួយរយៈពេលខ្លី។

ការឃាត់ខ្លួនព្រះអង្គនៅកំឡុងខែមីនា ត្រូវបានលោក សាត គឹមសាន ស្នងការ​នគរបាល​ខេត្តបាត់ដំបង បញ្ជាក់​​ប្រាប់សារព័ត៌មានក្នុងស្រុកថា គឺដើម្បីយកទៅសួរនាំ និងធ្វើការអប់រំ។ បន្ទាប់ពីសួរនាំ និងធ្វើការអប់រំរួចនឹងធ្វើការដោះលែងឱ្យត្រឡប់ទៅផ្ទះវិញផងដែរ។ 

មាត្រា ៣១ និង ៤១នៃរដ្ឋធម្មនុញព្រះរាជាណាចក្រកម្ពុជា បានទទួលស្គាល់សិទ្ធិពលរដ្ឋ និង​បើក​ទូលាយឱ្យប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិបញ្ចេញមតិតាមគ្រប់រូបភាព កុំឲ្យតែប៉ះពាល់​ដល់​សិទ្ធិអ្នកដទៃ កិត្តិយស សេចក្តីថ្លៃថ្នូរអ្នកដទៃ សណ្តាប់ធ្នាប់សាធារណៈ ទំនៀមទម្លាប់​ប្រពៃណី​របស់ជាតិ និងសន្តិសុខជាតិ។ ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មាន​សិទ្ធិ​សេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើត ជាតិ ឋានៈសង្គម ធនធាន ឬ​ស្ថានភាពឯទៀតឡើយ។ ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវឲ្យប៉ះ​ពាល់​ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ។ 

ពលរដ្ឋម្នាក់ដែលអះអាងថា ជាអ្នកជិតស្និទ្ធនិងព្រះតេជគុណ សយ សាត គឺលោក ស៊ឹម ម៉ៅ អាយុ៣៧ឆ្នាំ លើកឡើងថា ព្រះតេជគុណ សយ សាត ពិតជាត្រូវបានអាជ្ញាធរខេត្ដកំពង់ឆ្នាំង​បាន​ឃាត់ និងដកហូតទូរសព្ទ និងគំរាមកំហែងពិតមែន​ ហើយទីតាំងឃុំ និងភូមិ លោក និង​ព្រះតេជគុណ សយ សាត មិនស្គាល់ច្បាស់ទេ ដឹងតែនៅក្នុងស្រុកកំពង់លែង ខេត្ដកំពង់ឆ្នាំង។

លោកបានឱ្យដឹងថា៖ «បាទបង គឺគេឃាត់លោកនៅកំពង់លែង តែខ្ញុំ និងលោក អត់ស្គាល់​ភូមិ​ឃុំ​ទេ ដឹងតែនៅស្រុកកំពង់លែង។ គេគំរាមថាបើអត់ឱ្យទូរសព្ទគេ គេនឹងចាប់ខ្លួនលោក​ភ្លាម។ ខ្ញុំសុំឱ្យអង្គការជាតិ និងអន្ដរជាតិមេត្ដាតាមដានផង ព្រោះពេលនេះខ្ញុំកំពុងគេច​ខ្លួនពីការ​តាម​ចាប់ខ្លួនបង»

ជុំវិញរឿងឃាត់ខ្លួននេះដែរ ខេមបូចា មិនអាចសុំការបំភ្លឺពីលោក យ៉ែម លក្ខិណា អភិបាល​ស្រុកកំពង់លែង បានទេ។ 

ចំណែកឯលោក ខូវ លី ស្នងការខេត្ដកំពង់ឆ្នាំងបានមានប្រសាសន៍ថា លោកមិនបានដឹងរឿង​នេះ​ទេ ព្រោះលោកកំពុងប្រជុំនៅភ្នំពេញ។ យ៉ាងណាលោកថា លោកបានឆែកនឹង​អធិការ​ស្រុក​កំពង់លែង​រួចហើយ គឺមិនមានករណីពីការឃាត់ខ្លួន តេជគុណ សយ សាត ដូចការលើក​ឡើង​នោះទេ។

លោកថា៖ «អត់មានទេ ពូឆែកនឹងអធិការស្រុកកំពង់លែងរួចហើយ គឺអត់មានទេ»

យ៉ាងណាក៏ដោយ ខេមបូចា បានសួរបញ្ជាក់​ទៅកាន់​លោក អេង ណាក់ ស្នងការរង​នៃស្នងការ​ដ្ឋាននគរបាល​ខេត្ដឆ្នាំងនៅព្រឹកថ្ងៃពុធ សប្តាហ៍មុន ថា លោកមិនដឹងពី​រឿង​ចាប់ឃាត់ខ្លួន​តេជគុណ សយ សាត នោះទេ ហើយក៏គ្មានអ្នកណារាយការណ៍​មកកាន់​ថ្នាក់​ខេត្ដដែរ។ លោក​ថា ប្រសិនបើឃាត់ខ្លួនគឺលោកពិតជាដឹងហើយ ប៉ុន្ដែមកដល់ពេល​នេះ គឺលោកមិន​បានដឹងទេ។

ស្នងការរងរូបនេះថ្លែងថា៖ «ខ្ញុំអត់ដឹងរឿងផង។ អត់ដឹងគេចាប់នៅណា ពេលណាទេ ខ្ញុំអត់​ដឹងមែន»

​ព្រតេជគុណ សយ សាត មានព្រជន្ម​៧២ព្រះវស្សា បាន​បួស​ជា​លើក​ទី​២ អំឡុង​ឆ្នាំ​២០២២ នៅ​វត្តភ្នំ​ផ្លោច ក្នុង​ឃុំ​ត្រពាំង​ជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ប៉ុន្តែ​ព្រះតេជគុណត្រូវ​បាន​ព្រះចៅ​អធិការ​វត្ត បណ្ដេញ​ចេញ​ពី​វត្ត កាល​ពី​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ២០២៣ ក្រោយ​ចូលរួម​ធម្ម​យាត្រា​លើក​កម្ពស់​សីលធម៌​សង្គម​ជាមួយ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ។

ព្រះតេជគុណ សយ សាត ធ្លាប់​បាន​បួស​ជា​សង្ឃ​ម្ដង​រួចហើយ​អំឡុង​ឆ្នាំ​២០០២ ដោយកាល​នោះ​លោកបួសរយៈពេល៥ឆ្នាំទើប​លាចាក​សិក្ខាបទ​វិញ ដើម្បី​ធ្វើ​សកម្មភាព​ការពារ​ព្រៃឈើ ក្រោយ​មានការ​ចូល​រុករាន​និង​កាប់​ទន្ទ្រាន​ដី​ព្រៃ​ធម្មជាតិ​នៅ​ស្រុក​ឱវ៉ាល់ ខេត្តកំពង់ស្ពឺ និង​ចូល​រួម​សកម្មភាពការពារព្រៃឈើនៅតំបន់អារ៉ែង ខេត្តកោះកុង។

អ្នកយកព័ត៌មានខេមបូចា មិនអាចសុំការអត្ថាធិប្បាយពី លោក សេង សុមុនី អ្នកនាំ​ពាក្យ​ក្រសួងធម្មការ និងសាសនា​ តាមប្រព័ន្ធទូរសព្ទ និងតេឡេក្រាម​ បានទេកាលពីសប្តាហ៍មុន។

មាត្រា៣៥នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរទាំង២ភេទ មានសិទ្ធិចូលរួមយ៉ាងសកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច​ សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្ដីស្នើទាំង​ឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។ ចំណែកមាត្រា៥១ ចែងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវគោរពរដ្ឋធម្មនុញ្ញ និងគោរពច្បាប។ ប្រជាពលរដ្ឋខ្មែរគ្រប់រូប មានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ៕

254 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម