ប្រជាពលរដ្ឋប្រហែល៤០០នាក់ដែលមកពីសហគមន៍ផ្សេងៗក្នុងខេត្តកោះកុងនិងខេត្តកំពង់ស្ពឺបាននាំគ្នាឡើងមកដាក់ញត្ដិនៅតាមបណ្ដាក្រសួងមួយចំនួននៅរាជធានីភ្នំពេញ ដើម្បីស្នើសុំកិចអន្តរាគមន៍ពាក់ព័ន្ធនឹងវិវាទដីធ្លីជាមួយក្រុមហ៊ុន លី យ៉ុងផាត់ ដែលអូសបន្លាយពេលជិត២០ឆ្នាំកន្លងមក។
ពលរដ្ឋបានឱ្យដឹងថា ពួកគេឡើងមកដាក់ញត្តិនៅស្ថាប័នចំនួន៣ រួមមាន ក្រសួងយុត្តិធម៌ ខុទ្ទការិយាល័យលោកនាយករដ្ឋមន្ដ្រី និងក្រសួងរៀបចំដែនដី ដើម្បីស្នើសុំកិច្ចអន្ដរាគមន៍ពាក់ព័ន្ធនិងជម្លោះដីធ្លីជាមួយក្រុមហ៊ុន លី យ៉ុងផាត់ ដែលបានអូសបន្លាយតាំងពី២០០៦មកម្ល៉េះ ប៉ុន្ដែគ្មានដំណោះស្រាយ ហើយតំណាងសហគមន៍មួយចំនួនកំពុងជាប់ពាក្យបណ្ដឹងនៅតុលាការខេត្តដោយសារការទាមទារដីរបស់ពួកគាត់ពីក្រុមហ៊ុនមកវិញ។
យោងតាមញត្ដិមួយរបស់សហគមន៍ដែលពលរដ្ឋ១៥០គ្រួសាររស់នៅភូមិព្រលាន ឃុំកណ្ដោល ស្រុកបទុមសាគរ ខេត្តកោះកុង ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនកោះកុង ស៊ូហ្គើរ និងក្រុមហ៊ុនកោះកុងផ្លេនថេសិនអិនដាស្រ្ទី ខមភេនី លីមីធីត របស់ឧកញ៉ា លី យ៉ុងផាត់ បានចូលឈូសឆាយយកដីតាំងពីឆ្នាំ២០០៦ និងស្នើសុំក្រសួងយុត្តិធម៌ជួយអន្ដរាគមន៍និងទម្លាក់បទចោទលើតំណាងសហគមន៍ចំនួន៥រូបនិងឈប់កោះហៅតំណាងសហគមន៍រងគ្រោះដីធ្លីឡើងតុលាការបន្ដទៀត។
នៅក្នុងញត្ដិបញ្ជាក់ថា៖ «ស្នើសុំឯកឧត្តមជម្រុញទៅតុលាការខេត្តកោះកុងធ្វើការចុះកាត់ក្ដីឱ្យមានភាពសុក្រិតនិងយុត្តិធម៌ស្មើគ្នាចំពោះមុខច្បាប់និងធ្វើការដោះស្រាយជូនពួកយើងខ្ញុំទាំងអស់គ្នា»។
ចំណែកឯញត្តិមួយទៀតដែលបានដាក់ទៅក្រសួងយុត្តិធម៌ថាពួកគាត់ស្នើសុំឱ្យក្រសួងមេត្តាជួយអន្ដរាគមន៍ទម្លាក់បទចោទប្រកាន់ទៅលើតំណាងសហគមន៍ចំនួន២រូប គឺអ្នកស្រី ផាវ ញ៉ើង និងឈ្មោះ សេង លីន ដែលសាលាដំបូងខេត្ដកោះកុងបានចោទពីញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម និងបរិហាកេរ្ដិ៍ជាសាធារណៈ ក្នុងសំណុំរឿងព្រហ្មទណ្ឌដែលចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ដែលមានជម្លោះនឹងក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ ចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ។
នៅក្នុងញត្ដិដដែលបន្ដថា រហូតមកដល់២០១៨ ដោយមានការដោះស្រាយជាគោលនយោបាយជាដីធ្លីនិងសំណងរបស់រដ្ឋាភិបាលមកឱ្យប្រជាពលរដ្ឋចំនួន១៧៥គ្រួសារកាន់កាប់និងអាស្រ័យផល។ ដីដែលនៅសល់ពីការបែងចែក ២២២,១៣ហិកតាស្ថិតនៅភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង នៅឆ្នាំ២០១៩មានបុគ្គលម្នាក់ ឈ្មោះ ឆាយ វី បានមកកៀរគរប្រជាពលរដ្ឋចំណូលថ្មីទៅរស់នៅនិងទិញលក់ដីទាំងនោះយ៉ាងអាណាធិបតេយ្យ។
នៅពេលដែលឃើញដូច្នេះ ប្រជាពលរដ្ឋក៏បាននាំគ្នាដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរដើម្បី ទាមទារដីមកទុកជាសម្បត្តិរដ្ឋនិងចាត់វិធានការលើបុគ្គលឈ្មោះ ឆាយ វី តាមផ្លូវច្បាប់ ប៉ុន្ដែ អាជ្ញាធរមិនអើពើឡើយ។ ក្រោយមកប្រជាពលរដ្ឋចំនួន២រូបត្រូវបានបុគ្គលឈ្មោះ ឆាយ វី ប្ដឹងទៅតុលាការខេត្តកោះកុងដោយចោទពីបទញុះញង់និងបរិហាកេរ្ដិ៍ជាសាធារណៈ ដោយ សាលាដំបូងខេត្តបានទទួលពាក្យបណ្ដឹងនិងបន្ដនីតិវិធីចំពោះពួកគាត់តាមផ្លូវច្បាប់ទៅវិញ ដូច្នេះពួកគាត់ថាជារឿងអយុត្តិធម៌ណាស់សម្រាប់ពួកគាត់។
រីឯញត្ដិរបស់ប្រជាសហគមន៍ដែលមានជម្លោះជាមួយលោក លី យ៉ុងផាត់ នៅសហគមន៍ក្នុងខេត្តកំពង់ស្ពឺ បានដាក់ទៅខុទ្ទការិយាល័យ និងក្រសួងដែនដី ពលរដ្ឋបានស្នើសុំឱ្យក្រសួងទាំង២ ឱ្យជួយអន្ដរាគមន៍និងពន្លឿនការដោះស្រាយដើម្បីបញ្ចប់ជម្លោះ។
ក្នុងញត្ដិដដែលបញ្ជាក់ថា ដីដែលមានជម្លោះនិងក្រុមហ៊ុនលោក លី យ៉ុងផាត់ មានចំនួន ៤០០០ហិកតាជាង និងមាន១៤៩៦គ្រួសារ ស្ថិតក្នុង៣ឃុំ រួមមានឃុំត្រពាំងជោរ ឃុំអមលាំង និងឃុំ រស្មីសាមគ្គី ដែលមានជម្លោះតាំងពី២០១០មកនិងមិនទាន់មានដោះស្រាយណាមួយដែលពួកគាត់អាចទទួលយកបាននោះទេ ទើបពួកគាត់នាំគ្នាដាក់ញត្ដិដើម្បីមានកិច្ចអន្ដរាគមន៍ពីក្រសួងនានា។
អ្នកស្រី ជុំ ស្រីនៅ អាយុ៣១ឆ្នាំ ជាតំណាងសហគមន៍៨៤៣ និងជាជនរងគ្រោះមកពីស្រុកបទុមសាគរ ខេត្តកោះកុង បានប្រាប់ ខេមបូចា នៅមុខក្រសួងយុត្តិធម៌ថា មូលហេតុដែលពួកអ្នកស្រីនាំគ្នាឡើងមកដាក់ញត្ដិនៅក្រសួងយុត្តិធម៌ ពីព្រោះជម្លោះដីធ្លីរបស់ពួកអ្នកស្រីបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកហើយចាប់តាំងពី២០០៦មក ហើយមិនទាន់ទទួលបានដោះស្រាយសមស្របណាមួយនោះទេ ហើយថែមទាំងតំណាងមួយចំនួនត្រូវជាប់ពាក្យបណ្ដឹងនៅសាលាដំបូងខេត្តកោះកុងទៀត។
អ្នកស្រីបន្ដថា ការដាក់នៅថ្ងៃនេះមិនមែនតែនៅក្រសួងនានាឯភ្នំពេញនោះទេ ប៉ុន្តែក៏មានដាក់ញត្ដិនៅសាលាខេត្តកោះកុងដើម្បីស្នើសុំឱ្យមានកិច្ចអន្ដរាគមន៍ពីបញ្ហាជម្លោះដីធ្លីផងដែរ។
តំណាងរូបនេះបន្ដថា៖ «ពួកខ្ញុំឡើងមកដាក់ញត្ដិនៅក្រសួងយុត្តិធម៌ដោយសារតែអាជ្ញាធរនៅស្រុកបទុមសាគរបានប្ដឹងតំណាង៨៤៨គ្រួសារចូលសាលាដំបូងខេត្តកោះកុងនិងតំណាងផ្សេងៗទៀតដែលគាត់បានប្ដឹង»។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំយល់ឃើញថាដើម្បីស្វែងរកភាពយុត្តិធម៌មានតែក្រសួងយុត្តិធម៌ទេ ដែលគាត់អាចរកភាពយុត្តិធម៌ជូនតំណាងសហគមន៍ ពីព្រោះក្រសួងយុត្តិធម៌ជាម៉ែជាឪនិងអាចរកយុត្តិធម៌បាន»។
តំណាងសហគមន៍១៧៥ម្នាក់ទៀតដែលកំពុងជាប់បណ្ដឹងនៅសាលាដំបូងខេត្តកោះកុង អ្នកស្រី ផាវ ញ៉ើង អាយុ៤៦ឆ្នាំ បានថ្លែងថា អ្នកស្រីសង្ឃឹមថាក្រសួងយុត្តិធម៌នឹងអាចផ្ដល់យុត្តិធម៌ជូនអ្នកស្រីនិងតំណាងផ្សេងៗដែលកំពុងរងពាក្យបណ្ដឹងនៅសាលាដំបូងខេត្តកោះកុង ហើយក្រសួងនឹងបន្ដទទួលញត្ដិរបស់ប្រជាពលរដ្ឋដោយយកចិត្តទុកដាក់និងយកទៅពិនិត្យហើយធ្វើកិច្ចអន្ដរាគមន៍ទៅតុលាការខេត្តកោះកុងដើម្បីទម្លាក់ការចោទប្រកាន់លើប្រជាជននិងតំណាង ពីព្រោះប្រជាពលរដ្ឋជាអ្នករងគ្រោះដីធ្លី។
អ្នកស្រីបន្ដថា៖ «ពួកយើងមានបញ្ហារ៉ាំរ៉ៃតាំងពី២០០៦មកទល់នឹងបច្ចុប្បន្នគឺដោះស្រាយបាន តែបានអត់ចប់ អត់ហើយទេ វាអត់អស់ ចឹងខ្ញុំជឿជាក់លើសម្ដេចថាខ្ញុំនឹងទៅដាក់ញត្តិនៅការិយាល័យសម្ដេចដើម្បីឱ្យមានការអន្ដរាគមន៍»។
តំណាងប្រជាសហគមន៍ខេត្តកំពង់ស្ពឺម្នាក់គឺលោក សឹង សុខុម បានរៀបរាប់ថា ពួកគាត់ជាច្រើននាក់ត្រូវបានអាជ្ញាធររារាំងនិងទប់ស្កាត់មិនឱ្យចេញមកដាក់ញត្តិបានទេ ដោយអាជ្ញាធរដាក់ច្រើនកន្លែងដើម្បីទប់ស្កាត់ រថយន្ដចំនួន២៣គ្រឿង អាចចេញរួចមកដល់ទីតាំងដាក់ញត្ដិបានតែ២គ្រឿងប៉ុណ្ណោះ។ លោកអះអាងថា ការរារាំងរបស់អាជ្ញាធរចំពោះការដាក់ញត្តិដើម្បីស្នើសុំកិច្ចអន្ដរាគមន៍នេះជាការបិទសិទ្ធិរបស់ប្រជាពលរដ្ឋ ហើយវាផ្ទុយនឹងច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញាផងដែរ។
លោក សុខុម បន្ដថា៖ «ការដាក់ញត្ដិថ្ងៃនេះគឺចង់ពន្លឿនការដោះស្រាយដោយតម្លាភាពនិងឱ្យយុត្តិធម៌ចឹងទៅ កុំឱ្យយើងបាត់បង់ដីម៉ាគំនរ ហើយមកមានដំណោះស្រាយតិចតួច យើងអត់អាចទទួលយកបានទេ។ មួយវិញទៀតកុំឱ្យពួកគាត់សន្យាខ្យល់ថ្ងៃណេះ ថ្ងៃណោះរហូតរបស់ក្រសួងដែនដីហ្នឹង»។
លោក ឈិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា មែនទែនដែលពួកគាត់យល់ថាតុលាការចោទដោយមិនមានភស្ដុតាង ចោទមិនត្រឹមត្រូវ គាត់អាចបន្ដប្ដឹងទៅសាលាឧទ្ធរណ៍ទៀត ដើម្បីធ្វើការការពារខ្លួនទៅតាមនីតិវិធីច្បាប់ដែលមានជាធរមាន អានេះវាជាគោលការណ៍ច្បាប់គឺវាចឹង។
អ្នកនាំពាក្យរូបនេះបន្ដថា៖ «ប្រសិនបើប្រជាពលរដ្ឋដាក់ញត្ដិមកក្រសួង ក្រសួងនឹងទទួលពិនិត្យទៅតាមសមត្ថកិច្ច ប៉ុន្ដែជាគោលការណ៍ច្បាប់ ក្រសួងមិនអាចទៅជ្រៀតជ្រែកកិច្ចការរបស់តុលាការបានទេ ពាក់ព័ន្ធនិងរឿងចោទឬក៏មិនចោទហ្នឹង បានទេ»។
ចំណែកឯលោក នៅ រ៉ា មន្ត្រីខុទ្ទការិយាល័យលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបញ្ជាក់ប្រាប់ ខេមបូចា យ៉ាងខ្លីថា លោកបានទទួលហើយ ប៉ុន្ដែការដោះស្រាយយ៉ាងម៉េច ចាំមើលអ្នកជំនាញពិនិត្យមើលសិន។
លោកបញ្ជាក់ថា៖ «ខ្ញុំបានទទួលហើយ ហើយខាងជំនាញគេពិនិត្យសិន បាទអរគុណ»។
បើតាមលោក ញិល ភាព មន្ដ្រីជាន់ខ្ពស់ផ្នែកចងក្រងសហគមន៍និងតស៊ូមតិនៃសមាគមសម្ព័ន្ធកសិករកម្ពុជា(CCFC) បានថ្លែងថា ការហាមឃាត់ឬក៏ការដាក់ប៉ារ៉ាស់របស់អាជ្ញាធរដើម្បីរារាំងប្រជាពលរដ្ឋមិនឱ្យឡើងមកដាក់ញត្ដិជាទង្វើមួយមិនសមស្របទៅតាមច្បាប់ដែលមានចែងនោះទេ ពីព្រោះប្រជាពលរដ្ឋជាម្ចាស់អំណាចនិងជាអ្នកប្រគល់អំណាចទៅឱ្យមន្ដ្រីស្ថាប័នគ្រប់គ្រងទាំងអស់តាំងពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិហ្នឹង។
លោកបន្ដថា សិទ្ធិស្វែងរកដំណោះស្រាយ ពលរដ្ឋទាំងអស់មានសិទ្ធិពេញលេញក្នុងការតស៊ូមតិ ជាពិសេសអាជ្ញាធរមិនគួរប្រើការរារាំងអស់ហ្នឹងបិទសិទ្ធិពលរដ្ឋនោះទេ។
លោក ភាព បន្ដថា៖ «ការយល់ឃើញរបស់ខ្ញុំផ្ទាល់ថា អាជ្ញាធរត្រូវតែគោរពនូវច្បាប់បទដ្ឋានគតិយុត្តិដែលរដ្ឋយើងជារដ្ឋហត្ថលេខីបានដាក់ឱ្យប្រើប្រាស់ដែលមានទាំងរដ្ឋធម្មនុញ្ញផងដែរ ហើយមិនគួរបិទសេរីភាពប្រជាពលរដ្ឋមិនឱ្យឡើងមកភ្នំពេញដើម្បីមកដាក់ញត្ដិទាមទាស្វែងរកដំណោះស្រាយដីធ្លីពីស្ថាប័នពាក់ព័ន្ធនោះទេ»។
លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការ លីកាដូ មានប្រសាសន៍ថា ការដាក់ញត្ដិរបស់ប្រជាពលរដ្ឋវាជារឿងត្រឹមត្រូវណាស់នៅពេលដែលប្រជាពលរដ្ឋមានជម្លោះដីធ្លីណាមួយកើតឡើងពិតណាស់គឺពួកគាត់តែងតែស្វែងរកកិច្ចអន្ដរាគមន៍ពីស្ថាប័នពាក់ព័ន្ធទាំងអស់ហ្នឹងហើយ ជាពិសេសក្រសួងផ្ទាល់តែម្ដងត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ទៅលើបញ្ហាដីធ្លីហ្នឹង ហើយលោកថាសុំកុំចេះតែប្រើបា្រស់ប្រព័ន្ធតុលាការជាខ្នងបង្អែកដើម្បីគាបសង្កត់ប្រជាពលរដ្ឋទន់ខ្សោយដែលគ្នាកំពុងតែឈឺចាប់និងការបាត់បង់ដីធ្លីផ្ទះហើយ តែបែរជាត្រូវមករងគ្រោះនឹងប្រព័ន្ធតុលាការ វាជារឿងមិនត្រឹមត្រូវឡើយ។
លោកបន្ដថា ប្រសិនបើតុលាការប្រើសម្រាប់អ្នកមានអំណាច អ្នកមានលុយ នោះការរងគ្រោះនៅតែបន្ដគ្មានថ្ងៃចប់ឡើយ ជាពិសេសបញ្ហាធំជាងគេគឺប្រជាពលរដ្ឋដែលត្រូវសម្ពាធពីប្រព័ន្ធតុលាការមុនគេ។
លោក សំអាត បន្ថែមថា៖ «យើងជាអង្គការសង្គមស៊ីវិលនៅតែទទូចស្នើសុំឱ្យក្រសួងឬស្ថាប័នទាំងអស់មេត្ដាបន្ដដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដោយសន្ដិវិធីដើម្បីបញ្ចប់រឿងរ៉ាវវិវាទដីធ្លីនេះទៅ ហើយចៀសវាងការប្រើប្រាស់នូវប្រព័ន្ធតុលាការដែលជាការដាក់គំនាប ជាការគំរាមកំហែងទៅលើសហគមន៍នោះ»។
បើតាមការបញ្ជាក់របស់តំណាងសហគមន៍ថាពួកគាត់ចំនួន២ខេត្តនិង៦ស្រុក មានគ្នា១ ០០៨នាក់គ្រោងនឹងឡើងមកដាក់ទាំងអស់គ្នាប៉ុន្ដែត្រូវអាជ្ញាធរមូលដ្ឋានរារាំងនិងទប់ស្កាត់មិនឱ្យពួកគាត់ចេញមកបានទេ។ ការណ៍នេះពួកគាត់អះអាងថាជាការបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋក្នុងការតស៊ូមតិដែលមានចែងក្នុងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
បើតាមតំណាងរបស់ពលរដ្ឋ៨៤៣គ្រួសារអះអាងថា ដីស្រែដីចម្ការរបស់ពួកគាត់ត្រូវបានក្រុមហ៊ុនកោះកុង ស៊ូហ្គើរ (Koh Kong Sugar) និងក្រុមហ៊ុនកោះកុងផ្លេនថេសិន (Koh Kong Plantation) របស់លោក លី យ៉ុងផាត់ បានយកគ្រឿងចក្រមកឈូសឆាយរឹបអូសយកដីពលរដ្ឋតាំងពីឆ្នាំ២០០៦ សរុប ១ ៧២៧,៦ហិកតា តែមកទល់ពេលនេះពលរដ្ឋមិនទាន់បានទទួលសំណងសមរម្យពីក្រុមហ៊ុនទាំងពីរនោះទេ។
កន្លងមកពលរដ្ឋដែលមានជម្លោះជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់ បានដាក់បណ្ដឹងទៅសាលាខេត្តកោះកុង ដើម្បីឲ្យតុលាការជួយរកយុត្តិធម៌ឲ្យពួកគាត់ ប៉ុន្តែបែរជាត្រូវមន្ត្រីអាជ្ញាធរខេត្តប្ដឹងបកមកប្រជាពលរដ្ឋវិញ ក្នុងនោះមានពលរដ្ឋទាំងអស់ ១៦នាក់ ដែលត្រូវជាប់បណ្ដឹងក្នុងតុលាការខេត្ត ក្រោមបទចោទ «បង្កចលាចល និងធ្វើឲ្យខូចសណ្ដាប់ធ្នាប់សាធារណៈ» ការចោទប្រកាន់នេះ ធ្វើឲ្យពលរដ្ឋយល់ថា ពួកគាត់បានរងនូវភាពអយុត្តិធម៌យ៉ាងខ្លាំងពីសំណាក់អាជ្ញាធរ៕