សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តំណាងសហគមន៍បានប្តឹងទាហានពីររូបទៅសាលាដំបូងខេត្តកំពង់ស្ពឺពាក់ព័ន្ធនឹងការប្រើអំពើហិង្សា

ស្ត្រីម្នាក់ឈ្មោះ ឃន ខន អាយុ៦៥ឆ្នាំ រស់នៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ បានរងរបួសធ្ងន់ធ្ងរដោយការប្រើអំពីហិង្សាពីក្រុមទាហាន។ រូបថតថ្ងៃទី៥ ខែមិនា ឆ្នាំ២០២២។ រូបថតផ្តល់ឱ្យ
ស្ត្រីម្នាក់ឈ្មោះ ឃន ខន អាយុ៦៥ឆ្នាំ រស់នៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ បានរងរបួសធ្ងន់ធ្ងរដោយការប្រើអំពីហិង្សាពីក្រុមទាហាន។ រូបថតថ្ងៃទី៥ ខែមិនា ឆ្នាំ២០២២។ រូបថតផ្តល់ឱ្យ

តំណាងសហគមន៍ឧត្តមស្រែខ្ពស់ចំនួន៧រូបបានដាក់ពាក្យបណ្ដឹងប្ដឹងទាហាន២នាក់ទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ​ពីបទប្រើអំពើហិង្សា​ដោយចេតនា​លើ​ពួកគាត់ចំនួនពីរ​ដងកាល​ពីចុង​ខែកុម្ភៈ និងដើមខែមិនានេះ។​

យោងតាមពាក្យបណ្ដឹងរបស់តំណាងសហគមន៍នៅថ្ងៃពុធនេះ ប្រជា​ពលរដ្ឋចំនួន៧នាក់​បាន​ប្ដឹងទាហាន២រូប គឺទី១ ឈ្មោះ ប៉ែន សារិទ្ធិ ភេទប្រុស អាយុ៤៩ឆ្នាំ ទី២ ឈ្មោះ  អឿម ម៉ៅ ភេទប្រុស អាយុ៥៤ឆ្នាំ ជាទាហាន(ង៧០) ស្នាក់នៅ​ភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ពីបទប្រើអំពើហិង្សា​ដោយចេតនា​និងស្នើសុំឲ្យផ្ដន្ទាទោសទៅ​លើ​បុគ្គល២នាក់ខាងលើតាមផ្លូវច្បាប់និងទាមទារថ្លៃសំណងជម្ងឺ​ចិត្ត និងថ្លៃព្យាបាលចំនួន​៦០០លាន(ប្រាំមួយរយលានរៀល)។

ពាក្យបណ្តឹងនេះ បានរៀបរាប់ថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមទាហាន​ដែលដឹកនាំ​ដោយឈ្មោះ អឿម ម៉ៅ និង ឈ្មោះ ប៉ែន សារិទ្ធិ រួមនិងបក្សពួកគេ​ជាង១០នាក់​ទៀត បានទៅ​កាប់ព្រៃសហគមន៍នោះទៀត ដោយមានកាំបិតគ្រប់ដៃ និងកាំភ្លើង៣ដើម​មានAK១ដើម កាំភ្លើងខ្លី២ដើម។  នៅថ្ងៃនោះ ពួកគាត់ទាំងអស់គ្នាបានទៅធ្វើការ​ហាម​ឃាត់​ត្រូវក្រុម​ទាហាន​នោះបាញ់គំរាម២គ្រាប់មកលើប្រជាពលរដ្ឋ និងប្រើអំពើហិង្សាវាយលើឈ្មោះ កាក់ សឿន ភេទប្រុស ឲ្យរងរបួសថ្លោះក   ជាំក្បាល និងឈ្មោះ ឃុន ធុច ភេទស្រី  រងរបួស​ថ្លោះក និង​ជាំស្មាខាងស្ដាំ និងម្នាក់ទៀត ឈ្មោះ ម៉េង វី  ភេទប្រុស រងរបួសជាំមុខ និងក្បាល។

ក្នុងពាក្យបណ្តឹងនោះដែរ បញ្ជាក់ថា រហូតដល់ថ្ងៃទី៥ ខែមិនា ឆ្នាំ២០២២ ប្រហែលម៉ោង១០​ព្រឹក ប្រជាពលរដ្ឋជាង៩០នាក់បាន​នាំ​គ្នា​ទៅព្រៃសហគមន៍ក្នុងបំណងល្បាតមើលក្រែង​ក្រុមទាហាននោះ​ឈូសឆាយដីព្រៃទៀត។ ស្រាប់តែក្រុមទាហានដដែលនោះ ចេញមក​វាយប្រជាពលរដ្ឋ បណ្តាលឱ្យឈ្មោះ អ្នកស្រី ឃន ខន​ របួសបាក់ស្មាខាងឆ្វេងធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​ទៅព្យាបាល​នៅមន្ទីរពេទ្យរាជធានីភ្នំពេញ និងបុរស៣នាក់ផ្សេងទៀតរបួសស្រាល។

លោក រ័ត្ន ថាវី អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តកំពង់ស្ពឺ ក៍បានថ្លែងថា ក្រុមការងារបានទទួលពត៌មានអំពើហិង្សាដោយយោធា(ង៧០)។  លោកបាន​ថ្លែងថា មនុស្ស៧នាក់ត្រូវបានរងរបួសក្នុងនោះស្ត្រីម្នាក់បានបាក់ស្នាខាងឆ្វេង កំពុង​ទទួល​ការព្យាបាលនៅឯភ្នំពេញ។​  លោកថា ពេលនេះខាងសមាគមអាដហុកប្រចាំខេត្តកំពង់ស្ពឺ​កំពុងតែតាមដានរឿងនេះបន្ដទៀត

លោកបានថ្លែងថា វាគឺជាបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង អ៊ីងចឹងហើយប្រជាពលរដ្ឋមានសិទ្ធិ​គ្រប់គ្រាន់ដើម្បីដាក់ពាក្យបណ្ដឹងទៅសាលាដំបូងខេត្តដើម្បីឲ្យតុលាការដោះស្រាយតាមផ្លូវច្បាប់។

លោក ថាវី បានឱ្យដឹងថា៖  «​ប្រមុខរាជរដ្ឋាភិបាលគួរតែពិចារណាឡើងវិញចំពោះបញ្ហានេះ  ជាពិសេសគួរតែដកដីព្រៃឈើទាំងអស់ហ្នឹងមកឲ្យសហគមន៍វិញទើបជារឿងត្រឹមត្រូវ ហើយ​រកដីនៅតំបន់ផ្សេងដើម្បីដោះដូរឲ្យទៅយោធាវិញ»។  លោកបន្ដថា៖ «ការដកដីមក​ឲ្យ​សហគមន៍ជាអ្នកថែរក្សាវិញគឺល្អប្រសើរ  ព្រោះសហគមន៍អាចថែរក្សាព្រៃឈើ និងជម្រកសត្វ​បាន ហើយវាជារបស់រួម»

គូសបញ្ជាក់ថា វិវាទដីធ្លីដែលកំពុងបន្តមានប្រជាពលរដ្ឋជាង ២៥៣គ្រួសារ ដែលភាគ​ច្រើនបានប្រមូលផ្តុំគ្នាជាច្រើនខែដើម្បីការពារដីព្រៃរបស់ពួកគេ។

ប្រជាពលរដ្ឋតវ៉ាសុំឱ្យអាជ្ញាធរដោះស្រាយវិវាទដីធ្លីរវាងពួកគាត់ និងក្រុមទាហាននៅ​ភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ រូបថតកាលពីថ្ងៃទី២៨​ ខែកុម្ភៈ ឆ្នាំ២០២២។ រូបថតផ្តល់ឱ្យ
ប្រជាពលរដ្ឋតវ៉ាសុំឱ្យអាជ្ញាធរដោះស្រាយវិវាទដីធ្លីរវាងពួកគាត់ និងក្រុមទាហាននៅ​ភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ រូបថតកាលពីថ្ងៃទី២៨​ ខែកុម្ភៈ ឆ្នាំ២០២២។ រូបថតផ្តល់ឱ្យ

អ្នកស្រី ឃន ខន អាយុ៦៥ឆ្នាំ រស់នៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ បានរៀបរាប់ថា  នៅរសៀលថ្ងៃទី៥ ខែមិនាកន្លងទៅនេះ កងកម្លាំងទាហាន(ង៧០) បាននាំគ្នា​កាប់ឈើនៅក្នុងសហគមន៍របស់ពួកគាត់  ទើបសមាជិកក្នុងសហគមន៍​របស់អ្នកស្រី​ប្រមូល​គ្នា​ប្រមាណជា៥០ទៅ៦០នាក់ទៅទប់ស្កាត់ភ្លាមៗ  តែត្រូវបានកងកម្លាំងទាហាន​មានគ្នា​ប្រមាណ​ជាង១០នាក់បាននាំគ្នាមកវាយប្រជាជនឲ្យរងរបួសចំនួន៤នាក់ ក្នុងនោះ​មានអ្នកស្រី១ និង​បុរស៣នាក់ផ្សេងទៀត។ 

អ្នកស្រីបន្ថែមថា មកដល់ពេលនេះ អ្នកស្រី និងអ្នករងរបួសផ្សេងទៀត​បានដាក់ពាក្យ​បណ្ដឹង​ប្ដឹងទៅសាលាដំបូងខេត្តកំពង់ស្ពឺពីបទប្រើហិង្សាដោយចេតនា។ 

អ្នកស្រីថា រឿងប្រើអំពើហិង្សានេះវាជាការបំពានច្បាប់ទាំងស្រុងអ្នកស្រីមិនអាចទទួលយក​បានទេចំពោះខ្លួនអ្នកស្រី។

លោកស្រីបន្ថែមថា៖ «ក្រោយពីដាក់ពាក្យបណ្ដឹងហើយសង្ឃឹមថា តុលាការខេត្តអាចនឹង​រកយុត្ដិធម៌ជូនអ្នកស្រី បើមិនចឹងទេគឺ​វាអយុត្តិធម៌ណាស់សម្រាប់​អ្នកស្រី»

 អ្នកស្រីបញ្ជាក់ថា សហគមន៍ព្រៃឈើរបស់ពួកគាត់មានឈ្មោះថា សហគមន៍ឧត្ដមស្រែខ្ពស់ ដែលមានទីតាំងឋិតនៅភូមិពោធិ៍មាស  ឃុំត្រពាំងជោរ  ស្រុកឱរ៉ាល់  ខេត្តកំពង់ស្ពឺ ហើយ​សហគមន៍នេះបានការពារព្រៃឈើជាង២០ឆ្នាំមកហើយ។  អ្នកស្រីបន្ថែមថា  ក្រោយពីកើត​ហេតុហើយ អ្នកស្រីបានទៅពេទ្យដើម្បីពិនិត្យមើលថាដៃអ្នកស្រីបាក់ឬក៍អត់?  ក្រោយពិនិត្យ​ហើយ គឺដៃអ្នកស្រីបានបាក់មែន​ដែលមកដល់ពេលនេះអ្នកស្រីកំពុង​ទទួលការព្យាបាល​នៅ​ភ្នំពេញ។

 លោក ឃន សារិទ្ធ  ជាប្រជាពលរដ្ឋម្នាក់ដែលបានរងរបួសហើមក្បាលក្នុងចំណោម​២នាក់​ទៀត បាននិយាយថា លោកត្រូវបានទាហាន(ង៧០) យកដងកាំបិតផ្គាក់មកវាយ​លោកក្បាល​ជាច្រើន ហើយបន្ដវាយដល់ដងខ្លួនលោកទៀតផង។ លោកបន្ដថា លោកគ្រាន់តែហើមទេ  ហើយលោកក៍បានទិញថ្នាំលេបរួចហើយ។

លោក សារិទ្ធ ថ្លែងថា៖ «អ្វីដែលលោកធ្វើគឺគ្រាន់តែការពារព្រៃឈើទុកសម្រាប់​កូនចៅ​ជំនាន់ក្រោយ និងទុកជាទីជម្រកសម្រាប់សត្វ បើអស់ព្រៃឈើនេះ តើសត្វទាំងអស់បាន​កន្លែងណាជ្រក?»

លោកបន្ដ លោកក៍បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងខេត្តកំពង់ស្ពឺ​ដើម្បី​ស្វែង​រកយុត្តិធម៌ ក្នុងនាមលោកជាជនរងគ្រោះដែលត្រូវបានក្រុមទាហានវាយហើមក្បាល។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា លោកមិនបានដឹងរឿងនេះ​ទេ លោកដឹងតែរឿងសង្រ្គាមនៅអ៊ុយក្រែន និងរុស្ស៉ី។ 

លោកបន្ដថា៖ «លោកនឹងតាមដានរឿងនេះថាតើវាជាការពិតដែរទេ  ហេតុអ្វីថ្នាក់ក្រោម​មិនរាយការណ៍មកខ្ញុំ»

លោក សៅ ខាន់ មេបញ្ជាការរងនៃកងពលតូចលេខ៧០ (ង៧០) បានថ្លែងថា រឿងរ៉ាវទាំងអស់នេះ មិនពាក់ព័ន្ធនឹងអង្គភាពរបស់លោកទេ។​ 

លោក ប្រាក់ ផល្លី មេបញ្ជាការរងនៃបញ្ជាការដ្ឋានរថក្រោះ  បានថ្លែងថា រឿងរ៉ាវអំពើហិង្សា​ទាំងអស់មិនទាក់ទងទៅនិងអង្គភាពរបស់លោកឡើយ។

លោក​ សៅ ខាន់ បញ្ជាក់ថា៖ «អត់ដឹងទេៗ ព្រោះមិនមែនជាទាហានខាងខ្ញុំ បើខាងខ្ញុំ គេរាយការណ៍មកខ្ញុំហើយ»

លោក ប៉ាន់ ភារុន មេប៉ុស្តិ៍រងឃុំត្រពាំងជោរ បានថ្លែងថា កន្លងមកអាជ្ញាធរបានប្រឹងប្រែង សម្របសម្រួលទាំងពីរភាគី គឺក្រុមទាហាន និងប្រជាពលរដ្ឋកុំឲ្យប្រើអំពើហិង្សាដាក់គ្នា។ លោកបន្ដថា ទាក់ទងនឹងការដោះស្រាយបែបណានោះ វាជាចំណាត់ការខាងថ្នាក់លើទេ។  

លោកបញ្ជាក់ថា៖ «ការងាររបស់អាជ្ញាធរមូលដ្ធានមានតួនាទីសម្របសម្រួលតែប៉ុណ្ណោះ»

គួររំលឹកដែរថា  តំណាងសហគមន៍ព្រៃឈើចំនួន៦នាក់នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ​ត្រូវបានសាលាដំបូងខេត្តសាកសួរម្ដងរួចមកហើយពី បទបង្កឲ្យខូចខាតគំរាមកំហែង​ប្រមាថជាសាធារណៈ និងញុះញង់

យោងតាមដីការបស់សាលាដំបូងចុះថ្ងៃទី៧ ខែកុម្ភៈ សកម្មជនទាំង៦នាក់នោះត្រូវបានប្តឹង​ដោយលោក ប៉ែន សារិទ្ធ ដែលជាមន្ត្រីយោធា។ ទោះយ៉ាងណា អ្នកភូមិបានអះអាងថា ពួកគេជាអ្នករងការគំរាមកំហែងពីទាហានដែលឈូសឆាយដី៕

2,321 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម