សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

បណ្ដឹងប្រឆាំងក្រុមហ៊ុនវិនិយោគ Oikocredit ជុំវិញតួនាទីក្នុងការរំលោភសិទ្ធិរបស់វិស័យមីក្រូហិរញ្ញវត្ថុមានវឌ្ឍនភាពខ្លះហើយ

ការិយាល័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ដែលគិតត្រឹមខែកុម្ភៈឆ្នាំនេះមានកម្ចីសកម្មចំនួន១០លានដុល្លារអាមេរិក ពីក្រុមហ៊ុនវិនិយោគសង្គមរបស់ហូឡង់ឈ្មោះ Oikocredit ដែលថតនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។ (ខេមបូចា/ ព្រីង សំរាំង)
ការិយាល័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ដែលគិតត្រឹមខែកុម្ភៈឆ្នាំនេះមានកម្ចីសកម្មចំនួន១០លានដុល្លារអាមេរិក ពីក្រុមហ៊ុនវិនិយោគសង្គមរបស់ហូឡង់ឈ្មោះ Oikocredit ដែលថតនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។ (ខេមបូចា/ ព្រីង សំរាំង)

ក្រុមឃ្លាំមើលរបស់រដ្ឋាភិបាលហូឡង់​ កាលពីថ្ងៃសុក្រ​សប្ដាហ៍កន្លងទៅ បានទទួល​យក​ពាក្យ​បណ្ដឹង​​មួយ​ដែល​ចោទប្រកាន់ថា ក្រុមហ៊ុនវិនិយោគសង្គម Oikocredit បានរួមចំណែក​នៅក្នុង​ការ​រំលោភ​សិទ្ធិ​នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ​នៅប្រទេស​កម្ពុជា។

បណ្ដឹង​នេះ​ត្រូវបានធ្វើឡើង​កាលពីខែ​ធ្នូ​កន្លងទៅ ដោយអង្គការមិនមែនរដ្ឋាភិបាលចំនួន៣ ដោយ​​ចោទប្រកាន់ថា ក្រុមហ៊ុនវិនិយោគសង្គម Oikocredit ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​​ហូឡង់ បានដឹង​ពីផលប៉ះពាល់​អវិជ្ជមាន​ដែលជាប់ទាក់ទិននឹង​វិស័យ​មីក្រូហិរញ្ញវត្ថុ​របស់​កម្ពុជា តាំងពីឆ្នាំ២០១៧​មក​ម្ល៉េះ ប៉ុន្តែនៅតែ​បន្ត​វិនិយោគ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រាសាក់, អម្រឹត និង LOLC Cambodia ដដែល។

ក្រុមឃ្លាំមើលរបស់ប្រទេសហូឡង់​បានកត់សម្គាល់​នៅក្នុង​របាយការណ៍វាយតម្លៃ​របស់ខ្លួន​ថា ការចោទ​ប្រកាន់​ពីការរំលោភសិទ្ធិ​របស់​គ្រឹះស្ថានទាំងនេះ រួមមាន «ការគំរាមកំហែង​ និង​បំភិត​បំភ័យ ការអនុវត្ត​ការផ្ដល់កម្ចីដែលលក្ខណៈជញ្ជក់បឺតឈាម, ការលក់ដីធ្លីដោយបង្ខំក្នុងនោះ​រាប់​បញ្ចូលទាំង​ដីធ្លី​ដែលកាន់កាប់ដោយ​ជនជាតិដើមភាគតិច, ពលកម្មកុមារ, ការបាត់បង់​ផ្ទះសម្បែងនិង​មុខរបរ, ការធ្វើចំណាកស្រុក​ដោយបង្ខំ, អសន្តិសុខ​ស្បៀង និង​ការ​បញ្ឈប់​​ការ​អប់រំ​របស់កុមារ»

ពាក្យបណ្ដឹងនេះ ​«ស័ក្ដិសមនឹងទទួលបានការពិចារណា​បន្ថែមទៀត» ហើយ​ការចោទប្រកាន់​គឺ​​មានលក្ខណៈ«សមហេតុផល» ។ នេះបើតាម​ការកត់​សម្គាល់របស់​ក្រុមឃ្លាំមើលនៅក្នុង​ការ​វាយតម្លៃ​របស់​ខ្លួន។

ពាក្យបណ្ដឹង​ ដែលបានផ្ញើទៅកាន់​មន្ត្រីទំនាក់ទំនងថ្នាក់ជាតិ​សម្រាប់​ការប្រតិបត្តិធុរកិច្ច​ប្រកប​ដោយ​ការទទួលខុសត្រូវ (NCP) របស់ប្រទេសហូឡង់ ដែលជា​ប្រព័ន្ធ​សាទុក្ខ​មួយគាំទ្រ​ដោយ​រដ្ឋាភិបាល ដែល​ត្រួតពិនិត្យ​ទៅលើ​សកម្មភាពរបស់ក្រុមហ៊ុនហុល្លង់ ផ្ដល់ហេតុផល​អះអាងថា Oikocredit មិនបាន​គោរពទៅតាម​គោលការណ៍ណែនាំ​ និង​បទដ្ឋានសាកលសម្រាប់​ការ​ប្រតិបត្តិ​ធុរកិច្ច​​របស់​អង្គការ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និងអភិវឌ្ឍន៍(OECD)ទេ។

របាយការណ៍វាយតម្លៃ​បាន​លើកឡើងថា NCP នឹង​អញ្ជើញ​គ្រប់ភាគីទាំងអស់​ឱ្យចូលរួម​ក្នុង​កិច្ច​សន្ទនា​ ហើយ​ប្រសិនបើ​បញ្ហានេះ​មិនអាច​ដោះស្រាយ​បាន​តាមរយៈ​ការសម្រុះ​សម្រួល​គ្នា​ទេ នោះ​ក្រុមឃ្លាំមើលនេះ​«នឹងត្រួតពិនិត្យ​ទៅលើ​បញ្ហា​នេះ និង​ផ្ដល់​អនុសាសន៍»ដោយ​ឈរ​លើ​​គោលការណ៍ណែនាំរបស់OECD។

លោកស្រី ណាលី ពីឡូក (Naly Pilorge) នាយិកា​ផ្នែក​ផ្សព្វផ្សាយរបស់​អង្គការ​ លីកាដូ បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍មួយ យ៉ាងដូច្នេះថា៖ «ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅក្នុង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​របស់ប្រទេស​កម្ពុជាបាន​និងកំពុង​កើនឡើង​អស់រយៈពេល​ស្ទើរតែ​មួយ​ទសវត្សរ៍​មក​ហើយ ខណៈ​ដែល​អ្នកវិនិយោគបរទេស​បាន​បិទភ្នែកចំពោះរឿងនេះ»

Oikocredit, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ និង​ អម្រឹត មិនអាច​ឆ្លើយតបភ្លាមៗ​ចំពោះ​សំណើ​​​សុំ​ការអត្ថាធិប្បាយ​នៅឡើយទេ ។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ​ អិលអូអិលស៊ី ខេមបូឌា ដែលលោក​ក៏​ជា​ប្រធាន​សមាគមមីក្រូហិរញ្ញវត្ថុ​កម្ពុជា​ (CMA) ផងដែរនោះ បានថ្លែងនៅក្នុង​សារតេឡេក្រាម ថា៖ «យើង​មិនបានដឹងពី​ព័ត៌មានលម្អិត​ជាក់ជាក់នៃបណ្ដឹងនោះទេ»។ លោកបានបន្ថែមថា អិលអូអិលស៊ី ខេមបូឌា គោរពតាម​«គោលការណ៍គន្លឹះនៃការការពារអតិថិជន» និង​គោរព​តាម​ច្បាប់​កម្ពុជា៖ «អិលអូអិលស៊ី គឺជាស្ថាប័ន​ទទួលខុសត្រូវមួយ ដែល​ធានាការពារ​ផល​ប្រយោជន៍របស់​ភាគីពាក់ព័ន្ធ ដូចជា អ្នកខ្ចី អ្នកដាក់ប្រាក់ អ្នកឱ្យខ្ចី​ អ្នកវិនិយោគ ភាគហ៊ុនិក បុគ្គលិក និង​សាធារណជន»។ 

Oikocredit បានថ្លែងថា ការស៊ើបអង្កេត​ផ្ទាល់ខ្លួន​ដែលឆ្លើយតបទៅនឹង​ពាក្យបណ្ដឹង បានរក​ឃើញ​ថា៖ «ពុំមាន​សញ្ញានៃការប្រព្រឹត្ត​ខុសណាមួយ​ពី​សំណាក់​ដៃគូរបស់ Oikocredit នៅ​កម្ពុជា​​ឡើយ» ប៉ុន្តែ ថា ពួកគេ​«រង់ចាំទទួល​ព័ត៌មានជាក់លាក់បន្ថែមទៀត​អំពី​ការចោទប្រកាន់» ។ នេះបើយោងតាម​ការវាយ​តម្លៃ​របស់​ក្រុមឃ្លាំមើល​ហូឡង់។

របាយការណ៍វាយតម្លៃ​ក៏បានកត់សម្គាល់​ផង​ដែរថា Oikocredit ក៏បាន​និយាយដែរថា ខ្លួន​មើល​ឃើញ​«ភ័ស្តុតាង​នៃ​ផលល្អ​របស់​​មីក្រូហិរញ្ញវត្ថុ​​ទៅលើ​ការ​ធ្វើ​ឱ្យប្រសើរឡើងនូវ​ជីវិត​រស់នៅ​របស់​ប្រជាជន ហើយ Oikocredit ដឹងពី​ផលប៉ះពាល់​ជាសក្ដានុពល​ដែល​អាចកើត​ចេញពី​ការអនុវត្ត​មិន​ត្រឹមត្រូវ​នៅក្នុង​វិស័យនេះ» និងថា៖ «ដូច្នេះហើយ ការប្រព្រឹត្តខុសឆ្គង​ណាមួយ​គឺមិនអាចទទួលយកបានទេ ចំពោះពួកគេ»

ប៉ុន្តែ Oikocredit បាន​ឱ្យគេ​ធ្វើការសិក្សាមួយកាលពីឆ្នាំ២០១៧ ទៅលើ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅកម្ពុជា ដែល​បានរកឃើញ«ឧទាហរណ៍ជាច្រើននៃ​ការអនុវត្ត​មិនសមស្រប​នៅក្នុងការ​បញ្ចេញ​​​កម្ចី​និង​ការទារ​បំណុល» និងថា អ្នកខ្ចី​ចន្លោះពី ២៨% និង ៥០% នៃអ្នកខ្ចី​មីក្រូហិរញ្ញវត្ថុ​​​នៅ​កម្ពុជា​ គឺ«គ្មានលទ្ធភាព​សងបំណុល», «ស្ថិតក្នុងភាពលំបាក» ឬ​«ប្រឈម​នឹង​ហានិភ័យ»។ អ្នកខ្ចី​ជាងមួយភាគបួន បាន​ជំពាក់​បំណុលប្រចាំខែ​ក្នុងកម្រិតមួយដែល​លើសពី​ចំណូលប្រចាំខែ។ នេះបើតាមការរកឃើញ​ដោយ​ការសិក្សានោះ​ ហើយការសិក្សា​មួយ​នេះ​​មិនទាន់ត្រូវបានចេញផ្សាយជាសាធារណៈឡើយ។

អង្គការ លីកាដូ និង​អង្គការ សមធម៌​កម្ពុជា បាន​ចេញផ្សាយរបាយការណ៍ចំនួន៥ ស្ដីពីវិស័យ​មីក្រូ​ហិរញ្ញវត្ថុ ក្នុងនោះរាប់បញ្ចូលទាំង​ការសិក្សាបែប​បរិមាណវិស័យ​មួយកាលពីពេលថ្មីៗនេះ ដែលទាញ​ចំណាប់អារម្មណ៍ទៅលើ​ការលក់ដីធ្លី​និង​ផលប៉ះពាល់អវិជ្ជមានដទៃទៀត ដែល​ជាប់​ទាក់ទិនទៅនឹង​ការអនុវត្ត​នៃវិស័យមីក្រូហិរញ្ញវត្ថុ​ ។ រដ្ឋាភិបាលអាល្លឺម៉ង់​ក៏បាន​ឱ្យគេ​ធ្វើ​ការ​សិក្សាបែប​បរិមាណ​វិស័យ​មួយ​ដែរ ដែលចេញផ្សាយ​កាលពីឆ្នាំទៅមិញ ដែល​បានប៉ាន់​ស្មាន​ថា មាន​ករណី​លក់ដីធ្លី​ដែលរុញច្រាន​ដោយ​បំណុលមីក្រូហិរញ្ញវត្ថុ​ចំនួនច្រើនជាង ១៦៥ ០០០ករណី ដែលកើតឡើងចន្លោះឆ្នាំ​២០១៧ និង​ឆ្នាំ២០២២។

លោកស្រី ពីឡូក ថ្លែងថា៖ «Oikocredit និង​វិនិយោគិនដទៃទៀត​អះអាងថា ដើម្បី​ធ្វើ​ឱ្យប្រសើរ​ឡើង​​នូវ​ជីវិតរស់នៅរបស់​សហគមន៍ដែលមានចំណូលទាប»។ លោកស្រីបន្តថា៖ «ដូច្នេះ​ យើង​​រំពឹង​ថា​ពួកគេ​ពិតជានឹង​ប៉ះប៉ូវ​ចំពោះបញ្ហា​ដែល​អ្នកខ្ចីបាន​រងគ្រោះ​ជាយូរយារណាស់​មក​ហើយ»

ពាក្យបណ្ដឹង​ប្រឆាំនឹង​ Oikocredit ស្នើឱ្យ​មាន​ដំណោះស្រាយកែតម្រូវ​ ក្នុងនោះរួមទាំង​ការ​បង្វែរ​​នូវ​ប្រាក់​ចំណេញទាំងអស់ពី​កម្ចី​ទៅ​ឱ្យ​ ប្រាសាក់, អិលអូអិលស៊ី និង អម្រឹត ចាប់តាំង​ពីឆ្នាំ២០១៧មក ដាក់ចូលទៅក្នុងមូលនិធិ​ជួយសង្គ្រោះមួយសម្រាប់ជួយដល់អ្នកខ្ចី, ទទួល​ស្គាល់​​ជាសាធារណៈ​អំពី​ផល​ប៉ះពាល់អវិជ្ជមានដែល​បង្កឡើង​ដោយ​ការវិនិយោគរបស់ខ្លួន និង​បញ្ឈប់​នូវការវិនិយោគ​សិន «រហូតទាល់តែ​ និង​ល្គិកណា​បណ្ណកម្មសិទ្ធិដីធ្លី​ដែល​ដាក់​បញ្ចាំជាទ្រព្យ​ធានា​សម្រាប់​កម្ចីខ្នាតតូច​ ត្រូវបាន​ប្រគល់​ទៅ​ឱ្យ​ម្ចាស់​វិញ»

ពាក្យបណ្ដឹងដដែល​ក៏អំពាវនាវ​ឱ្យ​មាន​«សវនកម្ម​ឯករាជ្យមួយ​ទៅលើ​របៀបដូចម្ដេចបានជា​នីតិវិធី​ត្រួត​ពិនិត្យ​សុចរិតភាពស្ថាប័ន និង​ការដាក់ពិន្ទុ ESG ដែលមានស្រាប់​នៅ​ក្នុង​ Oikocredit ខកខាន​មិន​បាន​គិតគូរដល់​ភាពធ្ងន់ធ្ងរ​និង​វិសាលភាពនៃ​ផលប៉ះពាល់អវិជ្ជមាន​ដែល​បាន​កើត​ឡើង​នៅក្នុង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅកម្ពុជា»

គ្រឹះស្ថាន អម្រឹត, ប្រាសាក់ និង អិលអូអិលស៊ី ខេមបូឌា ក៏ស្ថិត​ក្នុងចំណោម​ស្ថាប័ន​ផ្ដល់​កម្ចី​ខ្នាតតូច​ចំនួន​ ៦ ដែលកំពុងស្ថិតក្រោមការស៊ើបអង្កេត​ពីសំណាក់ការិយាល័យ​ទទួល​បណ្ដឹង​​របស់​សាជីវកម្ម​​ហិរញ្ញវត្ថុអន្តរជាតិ (IFC) របស់ធនាគារពិភពលោក ជុំវិញ​ការចោទប្រកាន់​ពី​ការ​រំលោភសិទ្ធិ​របស់​អ្នកខ្ចី​ជា​ពលរដ្ឋ​ខ្មែរ។

អ្នកនាំពាក្យ​ CMA លោក កាំង តុងងី បាន​បដិសេធ​ការធ្វើអត្ថាធិប្បាយ ប៉ុន្តែជុំវិញ​បណ្ដឹង​ប្រឆាំង​​នឹង​ Oikocredit នេះ លោកធ្លាប់បាន​ប្រាប់ ខេមបូចា ថា៖ «យើង​ទទួលស្គាល់ថា វិស័យ​នេះមិនមែនល្អ​ឥត​ខ្ចោះ​ទេ ប៉ុន្តែវិស័យ​នេះ​ក៏មិនអត់ឱន​ជាដាច់ខាតចំពោះ​ការអនុវត្ត​ខុស​ក្រមសីលធម៌​ ឬ​ការរំលោភ​បំពាន​ណាមួយ​ពីសំណាក់សមាជិក​បុគ្គលិក​និយោជិត​របស់ខ្លួន​ដែរ»

នាយកប្រតិបត្តិ​អង្គការ សមធម៌កម្ពុជា លោក អ៊ាង វុទ្ធី បាននិយាយថា លោករីករាយ​ដែល​ឃើញ​​វឌ្ឍនភាពទៅមុខ​ពាក់ព័ន្ធនឹងបណ្ដឹងនេះ។

លោកបាននិយាយថា៖ «វាដល់ពេលវេលាដែល Oikocredit និង​វិនិយោគិន​«ដើម្បីផលសង្គម»​ដទៃ​ទៀត ឈប់ពន្យារពេល​ និង​ចាប់ផ្ដើម​ចាត់វិធានការជាក់ស្ដែង​ដើម្បី​ដោះស្រាយ​កែតម្រូវ​ចំពោះ​ផលប៉ះពាល់​អវិជ្ជមាន​ដែល​ពួកគេរួមចំណែក​បង្កើត​ឱ្យមានឡើង»

បច្ចុប្បន្នភាព៖ អត្ថបទនេះ​ត្រូវបានធ្វើបច្ចុប្បន្នភាព​នៅថ្ងៃទី១៩ ខែកញ្ញា នៅវេលាម៉ោង៤ និង ១៤នាទី​រសៀល ម៉ោង ICT ដើម្បី​ដាក់បញ្ចូល​នូវ​អត្ថាធិប្បាយ​មួយ​ពី​ប្រធាននាយក​​ប្រតិបត្តិ​របស់​ អិលអូអិលស៊ី ខេមបូឌា លោក សុខ វឿន ដែល​លោក​ក៏ជា​ប្រធាន​នៃ​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា ផងដែរ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Complaint Advances Against Investor Oikocredit For Role in Microfinance Sector’s Abuses

413 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម