អង្គការក្រៅរដ្ឋាភិបាលចំនួនបីបានដាក់ពាក្យបណ្តឹងកាលពីថ្ងៃចន្ទទៅកាន់ស្ថាប័នថ្នាក់ជាតិដែលឃ្លាំមើលការរកស៊ីរបស់ក្រុមហ៊ុនហូឡង់ដោយចោទប្រកាន់ស្ថាប័នមីក្រូហិរញ្ញវត្ថុ Oikocredit របស់ប្រទេសនេះ ពីការបរាជ័យក្នុងការពិនិត្យអង្កេតដោយយកចិត្តទុកដាក់លើការវិនិយោគនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលការអនុវត្តការផ្តល់ប្រាក់កម្ចីរបស់ពួកគេពាក់ព័ន្ធទៅនឹងការរំលោភសិទ្ធិមនុស្ស។
អង្គការសមធម៌កម្ពុជា និងលីកាដូ ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា រួមជាមួយនឹងអង្គការ FIANរបស់អាល្លឺម៉ង់ បានលើកឡើងថាគ្រឹះស្ថាន Oikocredit បានដឹងពីផលវិបាកដ៏គ្រោះថ្នាក់របស់ឧស្សាហកម្មមីក្រូហិរញ្ញវត្ថុនៅកម្ពុជាតាំងឆ្នាំ២០១៧មកម្ល៉េះ ប៉ុន្តែស្ថាប័ននេះនៅតែបានបន្តវិនិយោគប្រាក់រាប់សិបលានដុល្លារទៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់, អិលអូអិលស៊ី និងអម្រឹត។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំង៣មានឈ្មោះនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ អង្គការក្រៅរដ្ឋាភិបាល និងរបាយការណ៍សិក្សាដែលលាតត្រដាងពីការពាក់ព័ន្ធរបស់ពួកគេក្នុងការជំរុញឱ្យអ្នកជំពាក់ប្រាក់លក់ដីធ្លីដើម្បីសងបំណុល ការប្រើប្រាស់កម្លាំងពលកម្មកុមារ និងផលប៉ះពាល់សង្គមអវិជ្ជមានផ្សេងទៀតដែលបណ្តាលមកពីការជំពាក់បំណុលគេច្រើនពេក។
ពាក្យបណ្តឹងដែលបានផ្ញើកាន់ស្ថាប័នថ្នាក់ជាតិហូឡង់ (National Contact Point) ដែលជាយន្តការគាំទ្រដោយរដ្ឋាភិបាលហូឡង់ដែលពិនិត្យរាល់សកម្មភាពរបស់ក្រុមហ៊ុនហូឡង់ បានលើកឡើងថា Oikocredit បានបរាជ័យក្នុងការអនុវត្តគោលការណ៍ណែនាំរបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ដែលផ្តល់ស្តង់ដារសម្រាប់ដំណើរការអាជីវកម្មប្រកបដោយការទទួលខុសត្រូវ។
យោងតាមអង្គការលីកាដូ អ្នកខ្ចីប្រាក់នៅប្រទេសកម្ពុជាមានទំហំខ្ចីជាមធ្យម៤២៨០ដុល្លានៅឆ្នាំ២០២០ជាទំហំខ្ពស់ជាងគេនៅលើពិភពលោក ពោលគឺច្រើនជាងប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋកម្ពុជាចំនួន៩៥%។
ពាក្យបណ្តឹងបានលើកឡើងដែរថា៖ «មានហានិភ័យពិតប្រាកដជុំវិញផលប៉ះពាល់យ៉ាងធំជាប្រព័ន្ធ និងធ្ងន់ធ្ងរលើសិទ្ធិមនុស្សនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុរបស់កម្ពុជា និងជាពិសេសពាក់ព័ន្ធនឹងសកម្មភាពដៃគូរបស់ Oikocredit។ ភស្តុតាងបានបញ្ជាក់បន្ថែមថា Oikocredit បានដឹងពីអំពីគ្រោះថ្នាក់ទាំងនេះជាច្រើនឆ្នាំមកហើយ»។
បណ្តឹងដដែលនេះ បានកកត់សម្គាល់ថាគិតត្រឹមខែកុម្ភៈ Oikocredit ផ្តល់ប្រាក់កម្ចីសកម្មចំនួន១០ លានដុល្លារដល់ប្រាសាក់, ៣១លានដុល្លារដល់អម្រឹត និង៣២លានដុល្លារដល់ LOLC ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងបីមានកម្ចីសរុបជាង ៦ ពាន់លានដុល្លារក្នុងវិស័យមីក្រូកម្ចី ១៤,៤ ពាន់លានដុល្លាររបស់កម្ពុជា។ Oikocredit បានវិនិយោគនៅកម្ពុជាច្រើនជាងប្រទេសផ្សេងទៀតក្រៅពីប្រទេសឥណ្ឌា។
Oikocredit បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «គោលដៅរបស់ Oikocredit ក្នុងនាមជាអ្នកវិនិយោគក្នុងវិស័យមីក្រូហិរញ្ញវត្ថុគឺដើម្បីកែលម្អប្រកបដោយនិរន្តរភាពនូវគុណភាពនៃជីវិតរបស់អ្នកដែលមានប្រាក់ចំណូលទាបដោយគាំទ្រដៃគូរបស់យើងក្នុងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងបរិយាប័ន្ន»។
សេចក្តីថ្លែងការណ៍ដដែលបានបន្តថា៖ «ដូច្នេះហើយ យើងទទួលយករបាយការណ៍ដែលបង្ហាញពីអាកប្បកិរិយាគ្មានសីលធម៌ដែលអនុវត្តដោយដៃគូរបស់ពួកយើង ដោយយកចិត្តទុកដាក់បំផុត»។
សេចក្តីថ្លែងការណ៍បានបន្ថែមថា៖ «Oikocredit International នឹងសហការយ៉ាងពេញលេញជាមួយស្ថាប័ន National Contact Point ហើយផ្តល់ព័ត៌មានចាំបាច់ទាំងអស់ »។ ស្ថាប័ដដែលនេះបានលើកឡើងទៀតថា៖ «Oikocredit នៅតែមានទំនុកចិត្តថាដៃគូដែលបានជ្រើសរើសដោយប្រុងប្រយ័ត្នកំពុងបំពេញកិច្ចព្រមព្រៀងរបស់ពួកគេជាមួយ Oikocredit ហើយប្តេជ្ញាចិត្តចំពោះការអនុវត្តល្អបំផុតក្នុងការការពារអតិថិជន»។
លោកស្រី ណាលី ពីឡូក ជានាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ មានប្រសាសន៍ថា៖ «Oikocredit អះអាងថាជាអ្នកវិនិយោគសង្គម ប៉ុន្តែការវិនិយោគរបស់ពួកគេនៅក្នុងប្រទេសកម្ពុជាបានបង្កគ្រោះថ្នាក់ដែលមិនអាចប៉ះប៉ូវបានសម្រាប់អ្នកខ្ចីនៅទីនេះ។ ក្តីសង្ឃឹមរបស់យើងគឺថាពាក្យបណ្តឹងនេះនឹងបង្ខំ Oikocredit ក៏ដូចជាវិយោគិនសង្គមឬអ្នកវិនិយោគដែលជួយសង្គម ដែលបានបង្កឱ្យមានវិបត្តិសិទ្ធិមនុស្សនេះ សងនូវការខូចខាតដែលពួកគេបានរួមចំណែក និងផ្តល់ការសង្គ្រោះពិតប្រាកដសម្រាប់អ្នកទទួលកម្ចី»។
ការសិក្សារបស់ Oikocredit បានបង្ហាញពីការជំពាក់បំណុលលើសលុប
ក្នុងឆ្នាំ២០១៧ Oikocredit បានធ្វើរបាយការណ៍មួយពីវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដែលក្នុងនោះមានស្ថាប័ន LOLC ប្រាសាក់ និងអម្រឹត ដោយពេលនោះស្ថាប័ននេះបានបង្ហាញពី «ឧទាហរណ៍ជាច្រើននៃការអនុវត្តមិនសមហេតុផលក្នុងការផ្តល់ប្រាក់កម្ចី និងការប្រមូលប្រាក់»។
ការសិក្សាបានរកឃើញថា ចន្លោះពី ២៨ ទៅ ៥០ ភាគរយនៃអ្នកខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាគឺ «ក្ស័យធន» «ពិបាក» ឬ «មានហានិភ័យ»។ អ្នកខ្ចីប្រាក់ច្រើនជាងមួយភាគបួនបានជំពាក់ការសងបំណុលប្រចាំខែលើសពីប្រាក់ចំណូលប្រចាំខែរបស់ពួកគេ។

ការសិក្សាឆ្នាំ២០១៧ ក៏បានបង្ហាញផងដែរនូវចំនួនអ្នកខ្ចីប្រាក់យ៉ាងច្រើនដែលបានឱ្យកូនរបស់ពួកគេឈប់រៀន ហើយបញ្ជូនពួកគេទៅធ្វើការដើម្បីសងបំណុល ក៏ដូចជាកាត់បន្ថយការចំណាយលើការព្យាបាល និងទទួលទានអាហារ ឬការធ្វើចំណាកស្រុកដើម្បីស្វែងរកការងារថ្មី។ ការសិក្សារបស់ Oikocredit មិនត្រូវបានចេញផ្សាយជាសាធារណៈទេ។
បណ្តឹងរបស់អង្គការសិទ្ធមនុស្ស បានស្នើឱ្យ Oikocredit បង្ហាញជាសាធារណៈនូវព័ត៌មានលម្អិតពីដំណើរពិនិត្យអង្កេតដោយយកចិត្តទុកដាក់និងនីតិវិធីពិនិត្យឡើងវិញក្នុងការផ្តល់កម្ចីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់, LOLC និងអម្រឹត ក្រោយ Oikocredit បានរកឃើញពីផលប៉ះពាល់អវិជ្ជមានលើអ្នកទទួលកម្ចីតាមរយៈការសិក្សារបស់ខ្លួននៅឆ្នាំ២០១៧។
បើយោងតាមពាក្យបណ្តឹង Oikocredit មិនបានចេញផ្សាយជាសាធារណៈនូវព័ត៌មានលម្អិតអំពីដំណើរការពិនិត្យអង្កេតដោយយកចិត្តទុកដាក់របស់ខ្លួន ឬរបៀបដែលស្ថាប័ននេះវាយតម្លៃជាពិសេសទៅលើស្តង់ដារបរិស្ថាន និងសង្គមរបស់ក្រុមហ៊ុនដែលខ្លួនវិនិយោគទេ។
Oikocredit តម្រូវឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ដុដៃគូ ចូលរួមក្នុងកម្មវិធីការពារអតិថិជន ដែលកំណត់មិនឱ្យអ្នកទទួលកម្ចីមានបំណុលរុំកោះ។ ពាក្យបណ្តឹងដដែលបានបញ្ជាក់ថាប៉ុន្តែទំហំកម្ចីខ្នាតតូចជាជាមធ្យមរបស់ប្រាសាក់គឺជិត ៨ ពាន់ដុល្លារ ខណៈចំណូលជាមធ្យមប្រចាំខែរបស់អ្នកទទួលកម្ចីនៅកម្ពុជាមានត្រឹមតែ ៩៦ ដុល្លារប៉ុណ្ណោះ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត និងប្រាសាក់ មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។
លោក សុខ វឿន នាយកប្រតិបត្តិនៃក្រុមហ៊ុន LOLC និងជាប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានឆ្លើយតបថា៖ «LOLC ជឿជាក់ថា Oikocredit មិនបំពានសិទ្ធិមនុស្ស និងគោលការណ៍ណែនាំរបស់ OECD ទេ»។
លោក វឿន បានបន្តថា៖ «ផ្នែកសំខាន់នៃការទទួលបានអតិថិជនរបស់ LOLC គឺការពិនិត្យមើលដោយយកចិត្តទុកដាក់ និងការប្រាស្រ័យទាក់ទងជាមួយអតិថិជនច្បាស់លាស់ ដើម្បីធានាថាយើងផ្តល់ប្រាក់កម្ចីសមស្រប ស្របតាមសមត្ថភាពបង្កើតប្រាក់ចំណូលរបស់អតិថិជន (មូលដ្ឋានលំហូរសាច់ប្រាក់ជាជាងមូលដ្ឋានវត្ថុបញ្ចាំ)។ ប្រតិបត្តិការរបស់យើងប្រកាន់ខ្ជាប់នូវគោលការណ៍ការពារអតិថិជន»។
អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី មានប្រសាសន៍ថា លោកមិនទាន់បានអានពាក្យបណ្តឹងនេះទេ ប៉ុន្តែលោកជឿថាបណ្តឹងនោះ«មិនគួរឱ្យជឿទុកចិត្តបានទេ» ព្រោះវាត្រូវ«បានធ្វើឡើងដោយអ្នកខ្វះការយល់ដឹងអំពីវិស័យមីក្រូហិរញ្ញវត្ថុ» ហើយលោកក៏បានបដិសេធថា«មិនមានការរំលោភជាប្រព័ន្ធដោយស្ថាប័នណាមួយឡើយ»។
លោកបានមានប្រសាសន៍ថា៖ «យើងទទួលស្គាល់ថាវិស័យនេះមិនល្អឥតខ្ចោះទេ ប៉ុន្តែវិស័យនេះក៏មិនមានលើកលែងចំពោះការអនុវត្តដោយគ្មានក្រមសីលធម៌ ឬការរំលោភបំពានដោយបុគ្គលិកណាមួយឡើយ។ ក្នុងនាមជាអ្នកដឹកនាំឧស្សាហកម្មនេះ សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាជិករបស់យើងតែងតែចាត់ទុកការការពារអតិថិជនជាស្នូលក្នុងប្រតិបត្តិការអាជីវកម្មរបស់ពួកយើង»។
ចំពេលអ្នកខ្លះលក់ដីសងបំណុល ក៏មានការអំពាវនាវឱ្យមានការបន្ធូរបន្ថយបំណុល
បណ្តឹងនោះក៏បានទាមទារឱ្យ Oikocredit បញ្ឈប់ការវិនិយោគក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជារហូតដល់ប្លង់ដីដែលត្រូវបានដាក់ជាវត្ថុបញ្ចាំត្រូវបានប្រគល់ជូនអ្នកខ្ចីប្រាក់វិញ ហើយជនរងគ្រោះនៃការរំលោភបំពានត្រូវបានផ្តល់សំណង។ អង្គការក្រៅរដ្ឋាភិបាលទាំង៣ក៏បានជំរុញឱ្យ Oikocredit បង្វែរប្រាក់ចំណេញពីប្រាក់កម្ចីផ្តល់ឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាក់សាក់ LOLC និងអម្រឹត ចាប់តាំងពីឆ្នាំ២០១៧ ទៅជាមូលនិធិសម្រាប់បន្ធូរបន្ថយបំណុលដើម្បីផ្តល់សំណងដល់អ្នកទទួលកម្ចីដែលរងការរំលោភបំពានទាក់ទងនឹងការវិនិយោគទាំងនោះ។
បណ្តឹងរបស់អង្គការមិនមែនរដ្ឋាភិបាលបានបន្ថែមថា៖ «Oikocredit មានទំនួលខុសត្រូវក្នុងចូលរិះរកវិធីដើម្បីទប់ស្កាត់ឬកាត់បន្ថយផលប៉ះពាល់ជាក់ស្តែងឬនឹងអាចកើតមានណាមួយដែលពាក់ព័ន្ធនឹងពួកគេតាមរយៈទំនាក់ទំនងអាជីវកម្មនោះ ដោយមិនគិតថាតើពួកគេបានរួមចំណែកបង្កផលប៉ះពាល់នោះឬអត់ទេ»។
ពលរដ្ឋកម្ពុជាប្រមាណ១៦៧ ០០០ គ្រួសារបានលក់ដីដើម្បីសងបំណុលក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមការសិក្សាចេញកាលពីខែកញ្ញាដែលផ្តល់មូលនិធិដោយក្រសួងសហព័ន្ធ និងសហប្រតិបត្តិការសេដ្ឋកិច្ចរបស់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលជាអ្នកផ្តល់មូលនិធិឈានមុខគេមួយរបស់ឧស្សាហកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ។ របាយការណ៍នេះបានជំរុញឱ្យមានការបន្ធូរបន្ថយបំណុលនៅក្នុងករណីមួយចំនួន និងបានអំពាវនាវឱ្យរដ្ឋាភិបាលអាល្លឺម៉ង់បញ្ឈប់ការវិនិយោគបន្ថែមទៀតនៅក្នុងវិស័យនេះ ។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីខែកុម្ភៈចាប់តាំងពីដកចេញពីគេហទំព័ររបស់ខ្លួន Oikocredit បានលើកឡើងថា«គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែល Oikocredit ផ្តល់ហិរញ្ញទាននៅកម្ពុជាប្រើប្រាស់តែដីជាវត្ថុបញ្ចាំសម្រាប់តែប្រាក់កម្ចីបរិមាណធំដល់អតិថិជនសាជីវកម្មប៉ុណ្ណោះ…»។
ប៉ុន្តែពាក្យបណ្តឹងនេះថាអ្វីដែលលើកឡើងនោះ«មិនពិតទាល់តែសោះ ហើយច្រានចោលបានយ៉ាង» ដោយកត់សម្គាល់ថាគ្រាន់តែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតែមួយកាន់កាប់ប័ណ្ណកម្មសិទ្ធិដីធ្លីជាវត្ថុបញ្ចាំរហូតដល់៩៩.៨៧% នៃអ្នកទទួលកម្ចីទៅហើយ។ នេះបើយោងតាមរបាយការណ៍ហិរញ្ញវត្ថុកាលពីឆ្នាំមុនរបស់ក្រុមហ៊ុននេះ។
ពាក្យបណ្តឹងបានកត់សម្គាល់ថា៖ «ការខ្វះខាតចំណេះដឹងអំពីទិដ្ឋភាពសំខាន់នៃប្រតិបត្តិការរបស់អង្គការដៃគូរបស់ខ្លួននៅកម្ពុជារហូតដល់ចុងខែកុម្ភៈឆ្នាំ២០២២ គាំទ្រដល់ការសន្និដ្ឋានថានីតិវិធីនៃការពិនិត្យអង្កេតដោយយកចិត្តទុកដាក់របស់ Oikocredit គឺខ្វះចន្លោះយ៉ាងខ្លាំង»។
បណ្តឹងនោះក៏ទាមទារឱ្យមានសវនកម្មឯករាជ្យមួយពីដំណើរការនៃការពិនិត្យអង្កេតដោយយកចិត្តទុកដាក់សម្រាប់ការវាយតម្លៃ ESG របស់ Oikocredit ដែល«មិនបានគិតដល់ពីភាពធ្ងន់ធ្ងរ និងទំហំនៃគ្រោះថ្នាក់ដែលកើតឡើងនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុរបស់កម្ពុជា»។
អ្នកខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថូដូចអ្នកស្រី សុខ ពៅ ដែលមានវ័យអាយុ ៤២ ឆ្នាំ រស់នៅខេត្តកណ្តាល បានរៀបរាប់ពីសម្ពាធដែលពួកគេទទួលពីមន្ត្រីឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅពេលដែលសងប្រាក់។
ក្នុងឆ្នាំ២០១៧ អ្នកស្រី ពៅ បានខ្ចីប្រាក់ចំនួន៥០ ០០០ ដុល្លារ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ហើយអ្នកស្រីនៅជំពាក់តែ៣០០០ដុល្លាប៉ុណ្ណោះ។ អ្នកស្រីថា មន្ត្រីឥណទានបានច្រានចោលសំណើរបស់អ្នកស្រីសុំបន្ថយអត្រាការសងប្រចាំខែ។ ផ្ទុយទៅវិញ មន្ត្រីឥណទានបានជំរុញឱ្យអ្នកស្រីលក់ដីមួយចំនួនដើម្បីបំពេញតាមកាលវិភាគសងប្រាក់ដែលនៅសេសសល់។
អ្នកស្រី ពៅ ថ្លែងថា៖ «គាត់ថាឱ្យខ្ញុំព្រោះខ្ញុំមិនមានលទ្ធភាពបង់ [ហើយប្រាប់ថា] លក់ដីនោះទៅ ហើយសងទៅ។ ពួកគាត់បង្ខំប្រជាជនតែម្តង»។
រង់ចាំការស៊ើបអង្កេត
ចាប់តាំងពីឆ្នាំ២០១៩មក អង្គការលីកាដូបានចេញផ្សាយរបាយការណ៍ជាបន្តបន្ទាប់ដែលបង្ហាញពីផលប៉ះពាល់នៃបំណុលលើសប្រមាណសម្រាប់អ្នកខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយបានបន្ទរពីកង្វល់ដែលលើកឡើងពីសិក្សាឆ្នាំ២០១៧ របស់ Oikocredit ថាមានការបង្ខំឱ្យលក់ដី ការបំភិតបំភ័យដោយមន្ត្រីឥណទាន ការធ្វើចំណាកស្រុក និងពលកម្មកុមារដែលបញ្ហាទាំងនេះភ្ជាប់ទៅនឹងប្រាក់កម្ចីរបស់ប្រាសាក់ អម្រឹត LOLC និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងទៀត។
សេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ និងរបាយការណ៍សិក្សាជាច្រើននៅក្នុងប៉ុន្មានឆ្នាំចុងក្រោយក៏បានបង្ហាញពីបញ្ហាដែលពាក់ព័ន្ធនឹងឧស្សាហកម្មនេះផងដែរ ដែលក្នុងនោះរួមមានការអនុវត្តការផ្តល់ប្រាក់កម្ចីដោយមិនមានការទទួលខុសត្រូវ វិធីសាស្ត្រប្រមូលបំណុលដោយបង្ខិតបង្ខំ ការរំលោភលើសិទ្ធិដីធ្លីជនជាតិដើមភាគតិច និងការកាត់បន្ថយអាហារូបត្ថម្ភក៏ដូចជាស្តង់ដារសុខភាពនិងជីវភាពរស់នៅ។
កាលពីខែកុម្ភៈ អង្គការលីកាដូ និងអង្គការសមធម៌កម្ពុជា បានដាក់ពាក្យបណ្តឹងទៅសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) របស់ធនាគារពិភពលោក ប្រឆាំងនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារចំនួនប្រាំមួយ ដែលក្នុងនោះក៏មាន ប្រាសាក់ អម្រឹត និង LOLC ដោយចោទប្រកាន់ថាពួកគេរំលោភសិទ្ធិ និងរំលោភលើស្តង់ដារ IFC ។ កាលពីខែមុន បន្ទាប់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារបានបដិសេធមិនចូលរួមក្នុងការដោះស្រាយវិវាទការិយាយល័យយន្តការដោះស្រាយបណ្តឹងរបស់IFC បានប្រកាសថាខ្លួននឹងពិនិត្យមើលថាតើពាក្យបណ្តឹងនេះធានាឱ្យមានការស៊ើបអង្កេតពេញលេញដែរឬទេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អគ្គនាយកធនាគារជាតិនៃកម្ពុជា (NBC) អ្នកស្រី ជា សេរី មានប្រសាសន៍ថា៖ «យើងលើកទឹកចិត្តឱ្យមានការស៊ើបអង្កេតឯករាជ្យពេញលេញ ចំពោះមុខការចោទប្រកាន់ណាមួយ ហើយយើង ធនាគារជាតិនៃកម្ពុជា ត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការ និងដោះស្រាយរាល់ការរកឃើញបញ្ហាដែលជាលទ្ធផលនៃការស៊ើបអង្កេតទាំងនោះ»។
នាយកប្រតិបត្តិរបស់ LOLC បានអះអាងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់លោកមាន «វិធានការជាច្រើនសម្រាប់ការបន្ធូរបន្ថយបំណុល» ដោយកត់សម្គាល់ថានៅចន្លោះខែមីនាឆ្នាំ២០២០ ដល់ខែមិថុនាឆ្នាំនេះ អតិថិជន LOLC ចំនួន២៤%បានរៀបចំឥណទានឡើងវិញ។ លោកបានបន្តថា LOLC មានឆន្ទៈមិនយកបំណុល ប្រសិនបើអ្នកខ្ចីមិនមានលទ្ធភាពសងវិញ ហើយបានកាត់ចោលប្រាក់កម្ចីចំនួន ៧.៨៥ លានដុល្លារចាប់តាំងពីឆ្នាំ២០២០។
លោក កាំងតុងងី បានប្រាប់ថាចន្លោះឆ្នាំ២០២០ និង២០២១ គ្រឹះស្ថានមីក្រូផ្តល់ប្រាក់កម្ចីបានផ្តល់នូវការរៀបចំឥណទានឡើងវិញដល់អតិថិជនចំនួន៣៧ម៉ឺននាក់ ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតសកល ។ លោកបានបន្ថែមថា កម្ចីមិនដំណើរការនៅមានចន្លោះពី ២ ទៅ ៣ ភាគរយ។ ប៉ុន្តែក្រុមអង្គការសិទ្ធិមនុស្សបានថ្លែងថា អ្នកខ្ចីប្រាក់ត្រូវបានគាបសង្កត់ និងបំភិតបំភ័យឱ្យលក់ដី ឬចាត់វិធានការខ្លាំងផ្សេងទៀត ដើម្បីឱ្យពួកគេអាចសងប្រាក់បានតាមកាលវិភាគសងបំណុលរបស់ពួកគេ ដោយរក្សាអត្រាកម្ចីមិនដំណើរការទាប។
ការសិក្សានៅឆ្នាំ២០២១ ដោយមជ្ឈមណ្ឌលសម្រាប់ការសិក្សាខ្មែរ បានរកឃើញថា គោលនយោបាយរៀបចំឥណទានឡើងវិញរបស់ឧស្សាហកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលអនុញ្ញាតឱ្យអតិថិជនពន្យារពេលការសងប្រាក់ដើម ប៉ុន្តែទាមទារបន្តការទូទាត់ការប្រាក់ អាចបង្កើនការចំណាយសរុបសម្រាប់អ្នកខ្ចី។ ការសិក្សាក៏បានរកឃើញថា វិធានការនេះមិនអាចប្រើបានសម្រាប់អ្នកខ្ចីទាំងអស់ទេ ហើយក៏បានមិនបានកាត់បន្ថយឱ្យបានគ្រប់គ្រាន់នូវផលប៉ះពាល់នៃបំណុលដ៏លើសលប់នោះដែរ។
អង្គការលីកាដូ និងក្រុមសិទ្ធិមនុស្សផ្សេងទៀតបានកត់សម្គាល់ថា កម្មវិធីរៀបចំឥណទានឡើងវិញរបស់ ឧស្សាហកម្មនេះ បានបរាជ័យក្នុងការទប់ស្កាត់ផលវិបាកអវិជ្ជមានចំពោះអ្នកខ្ចីប្រាក់ ដោយថាជារៀងរាល់១៦នាទី មានពលរដ្ឋខ្មែរ១គ្រួសារបានលក់ដី ដើម្បីសងបំណុលមីក្រូហិរញ្ញវត្ថុក្នុងរយៈពេល៥ឆ្នាំនេះ។
លោក អៀង វុទ្ធី នាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជាមានប្រសាសន៍ថា៖ «វិនិយោគិន និងភ្នាក់ងារអភិវឌ្ឍន៍ចាំបាច់ត្រូវដឹងថា ការវិនិយោគទាំងនេះកំពុងបង្កគ្រោះថ្នាក់ពិតប្រាកដ ហើយពួកគេចាំបាច់ត្រូវអង្គុយចុះ ដើម្បីចាប់ផ្តើមការពិភាក្សាអំពីវិធីដោះស្រាយបញ្ហាទាំងនេះ។ ដោយលោកបន្ថែមថា៖ «យើងត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយអ្នកវិនិយោគដែលចាប់អារម្មណ៍ក្នុងការស្វែងរកដំណោះស្រាយពិតប្រាកដ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកខ្ចីប្រាក់ដែលងាយរងគ្រោះបំផុតនៅក្នុងប្រទេសកម្ពុជា និងផ្តល់ការសង្គ្រោះពិតប្រាកដដល់អ្នកខ្ចីប្រាក់ដែលជួបបញ្ហា»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Rights Groups File Complaint Against Dutch MFI Investor Oikocredit