សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្មករសំណង់នៅតែជួបការលំបាក ទោះបីជាការបិទខ្ទប់ត្រូវបានដកចេញហើយក៏ដោយ

កម្មករធ្វើការនៅការដ្ឋានសំណង់មួយក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
កម្មករធ្វើការនៅការដ្ឋានសំណង់មួយក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

បន្ទាប់ពីរួចផុតពីការបិទខ្ទប់ កម្មករសំណង់នៅភ្នំពេញនៅតែជួបការលំបាកក្នុងការផ្គត់ ផ្គង់គ្រួសារ ខណៈពួកគេត្អូញត្អែរថា មិនសូវសម្បូរការងារនិងមានប្រាក់ឈ្នួលទាបជាងមុន។

លោក រឿត ចំរ៉ុង អាយុ៣៤ឆ្នាំ ជាមេការសំណង់ធ្លាប់ធ្វើការឱ្យក្រុមហ៊ុនសំណង់ឯក ជនមួយក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យនៅពេលដែលតំបន់នោះត្រូវបានកំណត់ជាតំបន់ក្រហមដោយអាជ្ញាធរ។ លោកថា ចន្លោះពីថ្ងៃទី១៤ ខែមេសាដល់ថ្ងៃទី ៤ ខែឧសភា លោកគ្មានប្រាក់ចំណូលទាល់តែសោះ។

លោកបានមានប្រសាសន៍ថា៖ «វាមានផលប៉ះពាល់យ៉ាងខ្លាំង ពីព្រោះយើងមិនអាចរកប្រាក់ចំណូលបានទេ ដោយសារជាប់គាំងនៅមួយកន្លែង»។ លោកបានបន្ថែមថា កម្ម ករសំណង់ទទួលបានប្រាក់ឈ្នួលប្រចាំថ្ងៃ ប្រសិនបើគ្មានការងារធ្វើ គ្មានលុយទេ។

គាត់បាននិយាយថា៖ «ខ្ញុំជាមេការ។ មានន័យថា ខ្ញុំអាចរកប្រាក់បាន២០ដុល្លារក្នុងមួយថ្ងៃ ដូច្នេះអំឡុងពេលបិទខ្ទប់យៈពេល២០ថ្ងៃ ខ្ញុំគ្មានអ្វីទេ»

កាលពីថ្ងៃទី៥ ខែឧសភា រដ្ឋាភិបាលបានដកការបិទខ្ទប់នៅទូទាំងរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ប៉ុន្តែបានបន្តបិទខ្ទប់តូចជាងមុនសម្រាប់តំបន់គោលដៅ ដែលមានអត្រានៃការឆ្លងជំងឺកូវីដ-១៩ខ្ពស់។

អ្នកដែលរស់នៅក្នុងតំបន់ក្រហមទាំងនេះនៅតែមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីផ្ទះរបស់ពួកគេ។ ទោះបីជាមានការបន្ធូរបន្ថយការរឹតត្បិតក៏ដោយ ក៏កម្មករនៅក្នុងវិស័យសំណង់របស់ប្រទេសនេះ នៅតែជួបការលំបាក ដើម្បីស្តាស្ថានភាពឡើងវិញ។

លោក ចំរ៉ុង បាននិយាយថា ឥឡូវនេះលោកកំពុងធ្វើការនៅការដ្ឋានសំណង់ថ្មីមួយ រយៈពេលប្រហែល៦ថ្ងៃហើយចាប់តាំងពីអាជ្ញាធរបានបង្រួមតំបន់ក្រហមរបស់ទីក្រុង ។ ថ្វីត្បិតតែមានសេរីភាពក៏ដោយ ក៏លោកកំពុងតែជួបការលំបាក ក្នុងការរកប្រាក់ចំ ណូលសមរម្យ។

លោកបាននិយាយថា៖ «នៅការដ្ឋានសំណង់ថ្មី ខ្ញុំអាចរកប្រាក់បានប្រហែល ១៥ដុល្លារក្នុងមួយថ្ងៃ ពីព្រោះម្ចាស់អគារនិយាយថា មានបន្ទុកលើសេដ្ឋកិច្ចហើយគ្មានការងារធ្វើទេ» ទោះបីជាបែបនេះក៏ដោយ ក៏លោកនៅតែដឹងគុណចំពោះឱកាសណាមួយ ក្នុងការរកប្រាក់ឈ្នួល ដោយសារលោកមានសមាជិកគ្រួសារ៧នាក់ ភាគច្រើនពឹងផ្អែកលើប្រាក់ចំណូលប្រចាំថ្ងៃរបស់លោក។

លោកបាននិយាយថា៖ «ដូច្នេះ ខ្ញុំត្រូវតែធ្វើការងារនេះ។ ប្រសិនបើខ្ញុំបដិសេធវា ខ្ញុំនឹងគ្មានការងារធ្វើទេ»

កាលពីថ្ងៃទី១២ ខែឧសភា អាជ្ញាធររាជធានីភ្នំពេញបានចេញផែនទីថ្មីមួយ ដែលបានកំណត់តំបន់ភាគច្រើននៃទីក្រុងជាតំបន់ពណ៌លឿង ដែលមានសុវត្ថិភាពក្នុងការបើកដំណើរការពេញលេញ។ ប៉ុន្តែផ្នែកខ្លះនៃខណ្ឌទួលគោក ខណ្ឌមានជ័យ ខណ្ឌឬស្សីកែវនិងខណ្ឌពោធិ៍សែនជ័យនៅតែត្រូវបានគេគំណត់ជាតំបន់ក្រហមនិងប្រឈមនឹងវិធានការបិទខ្ទប់យ៉ាងតឹងរឹងរហូតដល់ថ្ងៃទី១៩ ខែឧសភា។ នៅថ្ងៃទី១៩ ខែឧសភា សាលារាជធានីភ្នំពេញបានចេញសេចក្តីសម្រេចថ្មីមួយទៀត ដោយដកតំបន់ក្រហមទាំងនោះមកជាតំបន់លឿងទុំវិញ រីឯតំបន់លឿងទុំប្តូរមកជាតំបន់លឿងវិញ។

តំបន់ក្រហមមួយចំនួនបានស្ថិតនៅក្រោមវិធានការណ៍បិទខ្ទប់ចាប់តាំងពីថ្ងៃទី៩ ខែមេសា។

លោក ចំរ៉ុង បាននិយាយថា អាជ្ញាធរបានផ្តល់កញ្ចប់ជំនួយតែមួយលើក ដែលមានអង្ករនិងស្បៀងអាហារមួយចំនួន ខណៈពេលដែលលោកជាប់នៅក្នុងតំបន់ក្រហមប៉ុន្តែថា គ្មានជំនួយហិរញ្ញវត្ថុទេ។ ការចំណាយប្រចាំថ្ងៃរបស់គ្រួសារលោកត្រូវបានផ្គត់ ផ្គង់ដោយក្រុមគ្រួសារនៅខេត្តពោធិ៍សាត់។

លោក ឡន សាវុធ អាយុ៣៧ឆ្នាំ បានប្រាប់ខេមបូចាថា លោករកប្រាក់បានប្រហែល ៤០០ដុល្លារក្នុងមួយខែ ដោយធ្វើជាកម្មករសំណង់មុនពេលមានការបិទខ្ទប់។ ឥឡូវ នេះ ទោះបីជាបានចាប់ផ្តើមការងារថ្មីនៅការដ្ឋានសំណង់ថ្មីក៏ដោយ ក៏គាត់នៅតែរកប្រាក់ចំណូលបានតិចជាងមុន។

លោកបានមានប្រសាសន៍ថា៖ «បញ្ហាប្រឈមធំ គឺខ្ញុំត្រូវបង់ធនាគារចំនួន២៥០ដុល្លារក្នុងមួយខែ ហើយខ្ញុំបានខ្ចីប្រាក់ [ ពីអ្នកចងការប្រាក់] ដើម្បីសងធនាគារវិញ អំឡុងពេលបិទខ្ទប់» លោកបាននិយាយថា លោកមិនបានរកអ្វីទាំងអស់ អំឡុងពេលនៃការបិទខ្ទប់រយៈពេល២០ថ្ងៃនៅខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។

កែវ សុខខេម អាយុ៣៤ឆ្នាំ អ្នករៀបការ៉ូនៅបុរីចតុមុខនៅម្ខាងដងទន្លេមេគង្គ ក្នុងឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ក្បែរកោះពេជ្រ។ ក្នុងអំឡុងពេលនៃការបិទខ្ទប់នេះ សាឡាងឆ្លងពីភ្នំពេញទៅអរិយ្សក្សត្រត្រូវបានបិទ ហើយវិស្វករបានផ្អាកការងារជាបណ្តោះអាសន្ន។

អ្នកស្រី សុខខេម បាននិយាយថា អ្នកស្រីនិងស្វាមីរកប្រាក់បានចន្លោះពី៤០០ដុល្លារទៅ៥០០ដុល្លារក្នុងមួយខែមុនពេលមានការបិទខ្ទប់។

អ្នកស្រីបាននិយាយថា៖ «ឥឡូវ ប្តីរបស់ខ្ញុំនិងខ្ញុំអាចរកប្រាក់បានប្រហែល២៥០ដុល្លារតែវាមិនគ្រប់គ្រាន់សម្រាប់ការហូបចុកទេ»

អ្នកស្រីបន្ថែមថា «វាលំបាកណាស់ ព្រោះខ្ញុំត្រូវចិញ្ចឹមកូនពីរនាក់និងឪពុកម្តាយរបស់ខ្ញុំនៅខេត្ត។ ប្រសិនបើជំងឺកូវីដ-១៩ អូសបន្លាយពេលយូរ ខ្ញុំនឹងត្រឡប់ទៅខេត្តរបស់ខ្ញុំវិញ»។

សុខខេម បានចាប់ផ្តើមការងារសំណង់នៅឆ្នាំ២០១៧ នៅខេត្តកំពង់ធំមុនពេលផ្លាស់ មកធ្វើការនៅភ្នំពេញប្រហែល៣ឆ្នាំ។

អ្នកស្រីបានអំពាវនាវរកជំនួយពីម្ចាស់ការដ្ឋានហើយស្នើឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះកម្មករសំណង់ដូចដែលបានធ្វើចំពោះកម្មករកាត់ដេរនិងវាយនភណ្ឌដែរ ដែលភាគច្រើនក្នុងចំណោមពួកគេបានទទួលប្រាក់ឧបត្ថម្ភ ខណៈពេលដែលការងាររបស់ពួកគេត្រូវបានផ្អាក ដោយសារជំងឺកូវីដ-១៩។ ជាពិសេសអ្នកស្រីបានអំពាវនាវឱ្យរដ្ឋា ភិបាលផ្តល់បណ្ណដល់កម្មករសំណង់ ដែលមានសិទ្ធិទទួលសេវាពីបេឡាជាតិរបបសន្តិ សុខសង្គម។

អ្នកស្រីបាននិយាយថា៖ «រដ្ឋាភិបាលបានផ្តល់ជំនួយខ្លះដល់កម្មករកាត់ដេរ ប៉ុន្តែកម្មករសំណង់ យើងមិនបានទទួលអ្វីទាំងអស់។ ពេលយើងឈឺ យើងគ្មានលុយដើម្បីព្យា បាលទេ»

កម្មករធ្វើការនៅការដ្ឋានសំណង់មួយក្នុងចំណោមការដ្ឋានសំណង់ជា ច្រើនក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា / ព្រីង សំរាំង

លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានមានប្រសាសន៍ថា លោកមិនបានឮថា មានការផ្អាកការងាររបស់កម្មករសំណង់ទេ។

លោកបានមានប្រសាសន៍ថា៖ «តើលោកទទួលបានព័ត៌មាននេះពីណា? ពីព្រោះខ្ញុំឃើញការដ្ឋានសំណង់ជាច្រើនកំពុងដំណើរការនៅឡើយ។ ខ្ញុំបើកឡានហើយឃើញការដ្ឋានសំណង់នៅតែដំណើរការដដែល»

លោក សេង ឡូត បានមានប្រសាសន៍ថា មានកម្មករប្រមាណ២០០,០០០នាក់កំពុង ធ្វើការនៅការដ្ឋានសំណង់ជារៀងរាល់ថ្ងៃ គិតត្រឹមឆ្នាំ២០២០ ដោយលោកបានបន្ថែមថា លោកមិនទាន់បានគណនាផលប៉ះពាល់នៃជំងឺកូវីដ-១៩លើវិស័យនេះនៅឡើយទេ។

លោក ឆាយ រិទ្ធីសែន អគ្គនាយកនៃក្រសួងរៀបចំដែនដី និងលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានមានប្រសាសន៍ថា គ្រប់ គ្នាកំពុងទទួលរងផលប៉ះពាល់ពីការឆ្លងរាលដាលជំងឺកូវីដ១៩នេះ។

លោកបានមានប្រសាសន៍ថា៖ «អាជ្ញាធរបាននិងកំពុងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់ មិនត្រឹមតែកម្មករសំណង់ទេ ជាពិសេសប្រជាពលរដ្ឋនៅតំបន់ក្រហម»

លោកបានបន្ថែមថា កម្មករសំណង់ដែលជាសមាជិកគ្រួសារក្រីក្របំផុតត្រូវបានដាក់ ឲ្យស្ថិតនៅក្រោមគោលនយោបាយផ្តល់សាច់ប្រាក់ដោយផ្ទាល់របស់រដ្ឋាភិបាលដែលបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ កាលពីដើមឆ្នាំមុន។

លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា (BWTUC) មានប្រសាសន៍ថា កម្មករសំណង់ប្រមាណពី៦០ ទៅ៧០ភាគរយត្រូវបានព្យួរការងារដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩។ លោកបានបន្ថែមថា តួលេខនេះគឺផ្អែកលើសមាជិកBWTUC ១ម៉ឺននាក់នៅទូទាំងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកំ ពត ខេត្តព្រះសីហនុ និងខេត្តផ្សេងទៀត។

លោកបានមានប្រសាសន៍ថា៖ «ឥឡូវនេះ ពួកគេកំពុងប្រឈមនឹងការព្យួរការងារដោយគ្មានប្រាក់ខែ។ វាពិតជាលំបាក ពីព្រោះកម្មករសំណង់មិនមានប្រាក់អត្ថប្រ យោជន៍ឬសំណងអតីតភាពការងារដូចជាកម្មករកាត់ដេរទេ»

លោក សុខ គីន បានមានប្រសាសន៍ថា លោកបានដាក់សំណើទៅរដ្ឋាភិបាលឲ្យពិចា រណាលើការផ្តល់ថវិកាដល់កម្មករសំណង់ ដើម្បីទ្រទ្រង់ជីវភាពរបស់ពួកគេក្នុងអំឡុង ពេលមានជំងឺកូវីដ-១៩។

លើសពីនេះ សហជីពរបស់លោកក៏បានស្នើសុំឱ្យក្រសួងការងារផ្តល់អត្ថប្រយោជន៍ដូចជាការទទួលបានសេវាពីបេឡាជាតិរបបសន្តិសុខសង្គមដល់កម្មករក្រៅប្រព័ន្ធរួមទាំងកម្មករសំណង់ផងដែរ។

លោក សុខ គីន បានមានប្រសាសន៍ថា៖ «យើងបានកត់សម្គាល់ឃើញថា នៅពេលពួកគាត់ត្រូវបានផ្អាកការងារនិងធ្លាក់ខ្លួនឈឺ ពួកគាត់ត្រូវបង្ខំចិត្តលក់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដូចជា គោឬក្របី ដើម្បីយកមកព្យាបាលជំងឺ ព្រោះពួកគាត់គ្មានបណ្ណបេឡាជាតិរបបសន្តិសុខសង្គមទេ»

ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានអះអាងថា កម្មករសំណង់មិនប៉ះ ពាល់ខ្លាំង ដោយសារការឆ្លងរាលដាលនេះទេ។

លោកបានមានប្រសាសន៍ថា៖ «កម្មករសំណង់ភាគច្រើនមកពីខេត្ត [និងធ្វើការនៅភ្នំ ពេញ ] បន្ទាប់ពីប្រមូលផលស្រូវ ហើយពួកគាត់អាចវិលត្រឡប់ទៅវិញ អំឡុងរដូវធ្វើ ស្រែ ដូច្នេះវាមិនប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់ទេ»

លោក ផៃ ស៊ីផាន មានប្រសាសន៍ថា កម្មករសំណង់ជាច្រើននៅតែជាកម្មករក្រៅប្រព័ន្ធ ដែលមិនបានចុះបញ្ជីជាមួយក្រសួងការងារ។ លោកបានជំរុញឱ្យពួកគេទាក់ ទងអាជ្ញាធរមូលដ្ឋានរបស់ពួកគេ ដើម្បីទទួលបានអត្ថប្រយោជន៍ពីរដ្ឋាភិបាល។

សម្រាប់កម្មករជាច្រើន ដែលមានប្រាក់ឈ្នួលធ្លាក់ចុះហើយការងារកាន់តែខ្សត់ទៅ វាប្រហែលជាមិនគ្រប់គ្រាន់នោះទេ។ លោក សុខ គីន បាននិយាយថា និយោជកមួយចំនួនបានឆ្លៀតយកប្រយោជន៍ពីការរាតត្បាតជំងឺនិងកេងប្រវ័ញ្ចកម្មករដោយកាត់បន្ថយប្រាក់ឈ្នួល ដោយសារតែប្រជាពលរដ្ឋជាច្រើនកំពុងស្វែងរកការងារធ្វើ។ វាខុសពីវិស័យកាត់ដេរ កម្មករសំណង់គ្មានប្រាក់ឈ្នួលគោលទេ។

លោកបានមានប្រសាសន៍ថា៖ «យើងនៅតែព្រួយបារម្ភអំពីជីវភាពរស់នៅរបស់ពួកគាត់ហើយទីផ្សារការងារកាន់តែរួមតូច»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Construction workers struggling despite lockdown lifting

268 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម