គណបក្សនយោបាយប្រឆាំងបានលើកឡើងថា ការបង្កើតក្រុង និងស្រុកថ្មីនៅទូទាំងខេត្តចំនួនបីតាមអនុក្រឹត្យចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៣ ខែធ្នូ នឹងពង្រឹងការគ្រប់គ្រងរបស់គណបក្សកាន់អំណាចក្នុងតំបន់ទាំងនោះ។
អនុក្រឹត្យបានប្រកាសថា ក្រុងថ្មីចំនួន៣ និងស្រុកថ្មីចំនួន២ នឹងត្រូវបង្កើតឡើងដោយឃុំសរុប៣៦ នៅទូទាំងខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តក្រចេះ។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនបានមានប្រសាសន៍ថា៖ «យើងអាចនិយាយបានថា [វាគឺ] ជាយុទ្ធសាស្ត្របំបែកអំណាច។ វានឹងកាន់តែងាយស្រួល [សម្រាប់គណបក្សប្រជាជន] ក្នុងការបន្តគ្រប់គ្រង »។
ចំណែកឃុំ-សង្កាត់ ត្រូវបានគ្រប់គ្រងដោយសមាជិកក្រុមប្រឹក្សាជាប់ឆ្នោត ក្រុងនិងស្រុក ដែលគ្រប់គ្រងឃុំ-សង្កាត់ ដឹកនាំដោយអភិបាល ដែលត្រូវបានតែងតាំងដោយផ្ទាល់ដោយនាយករដ្ឋមន្ត្រី។ អភិបាលសម្រាប់រដ្ឋបាលដែលទើបបង្កើតដោយអនុក្រឹត្យថ្មីនេះ មិនទាន់ត្រូវបានប្រកាសនៅឡើយទេ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានច្រានចោលការយល់ឃើញដែលថា ការកំណត់តំបន់រដ្ឋបាលថ្មីនេះ គឺពាក់ព័ន្ធទៅនឹងផលប្រយោជន៍នយោបាយរបស់គណបក្សកាន់អំណាច។
លោកបានបន្តថា៖ «ការបង្កើត [រដ្ឋបាលទាំងនេះ] គឺទាក់ទងនឹងភូមិសាស្ត្រ និងប្រជាសាស្ត្រ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងរដ្ឋបាល និងផ្តល់ឱ្យសាធារណជនកាន់តែជិតស្និទ្ធជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ វាមិនពាក់ព័ន្ធនឹងផលចំណេញនយោបាយទេ។ ការបង្កើតរដ្ឋបាល… នឹងធ្វើឱ្យកាន់តែងាយស្រួលក្នុងការបម្រើប្រជាពលរដ្ឋ»។
នៅក្នុងអតីតស្រុកឧដុង្គនៃខេត្តកំពង់ស្ពឺ ឃុំទាំង១៥នឹងត្រូវបង្កើតជារចនាសម្ព័ន្ធក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ។
ស្រុក-ក្រុងថ្មីទាំងអស់នេះបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ ប៉ុន្តែតាមប្រវត្តិ តំបន់មួយចំនួនក្នុងចំណោមតំបន់ទាំងនេះបានគាំទ្រគណបក្សប្រឆាំង។
ខេត្តកំពង់ស្ពឺបានងាកទៅរកគណបក្សប្រឆាំង ដូចជាកាលពីឆ្នាំ២០១៣ នៅពេលដែលគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ បានយកឈ្នះគណបក្សប្រជាជនកម្ពុជាជាង៥ពាន់សំឡេង នេះបើយោងតាមទិន្នន័យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជាបានឈ្នះនៅក្នុងស្រុកឧដុង្គដោយទទួលបានសំឡេងគាំទ្រ៦៨.២៧១សំឡេងធៀបនឹងគណបក្សភ្លើងទៀនដែលទទួលបាន ១៣.៧០៣សំឡេង ខណៈគណបក្សប្រឆាំងផ្សេងទៀតទទួលបានសំឡេងរួមគ្នាជាង២.០០០សំឡេងផ្សេងទៀត។
លោក ទី ប៊ុនថេង ប្រធានគណបក្សភ្លើងទៀនខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា៖ «ប្រជាពលរដ្ឋ [ក្នុងខេត្តកំពង់ស្ពឺ] បានគាំទ្រគណបក្សប្រឆាំង ដោយសារពួកគាត់ចង់ផ្លាស់ប្តូរ [មេដឹកនាំ] ហើយពួកគាត់ចង់បានជីវភាពកាន់តែប្រសើរឡើង»។
លោកមានប្រសាសន៍ថា លោកមើលឃើញការបំបែកក្រុងឧដុង្គទៅជាស្រុក និងក្រុងថ្មីនេះ នឹងពង្រឹងការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា ប៉ុន្តែលោកបានបន្ថែមថា៖ «ខ្ញុំមិនចង់ពន្យល់លម្អិតទេ ព្រោះខ្ញុំខ្លាចគេចោទយើង»។
ក្រុងឧត្តុង្គម៉ែជ័យមានឃុំចំនួន៥ ដែលក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជាទទួលបាន ២៥ ៣៧៦សំឡេង គណបក្សភ្លើងទៀនទទួលបាន ៤ ៦៨៦ គណបក្សខ្មែររួបរួមជាតិទទួលបាន៤៦១សំឡេង និងគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន៦១សំឡេង នេះបើយោងតាមលទ្ធផលរបស់ គ.ជ.ប។
ស្រុកសាមគ្គីមុនីជ័យមានឃុំចំនួន១០ ដែលក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជាទទួលបាន ៤២ ៩៤០សំឡេង បក្សភ្លើងទៀនទទួលបាន ៩ ០១៧សំឡេង និងគណបក្សខ្មែររួបរួមជាតិទទួលបាន ១ ៥២៦សំឡេង។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៍ថា ការបង្កើតក្រុងឧត្តុង្គម៉ែជ័យនេះ នឹងជួយពង្រឹងការគ្រប់គ្រងរដ្ឋបាល ពង្រឹងសណ្តាប់ធ្នាប់សាធារណៈ និងជួយឱ្យការផ្តល់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាព។
លោក សំណាង បានមានប្រសាសន៍ថា៖ «យើងមានគម្រោង [បង្កើតទីក្រុងថ្មី] ជាយូរមកហើយ ប៉ុន្តែយើងមិនចង់បង្ហាញទេ ព្រោះយើងខ្លាចប្រជាពលរដ្ឋសម្រុកទិញដី ដែលនាំឱ្យពិបាកគ្រប់គ្រង»។
លោកបានបដិសេធថា គ្មានហេតុផលនយោបាយនៅពីក្រោយវិធានការរដ្ឋបាលនេះទេ ដោយបន្ថែមការគំរាមកំហែងដល់អ្នកដែលអះអាងបែបនេះ។
លោកបានបន្ថែមថា៖ «វាជារឿងរបស់ពួកគេ។ គេចង់និយាយអ្វីក៏បាន។ ហើយដូចលោកដឹងហើយថា នៅខេត្តកំពង់ស្ពឺមានគុក ហើយមនុស្សអាក្រក់នឹងជាប់នៅទីនោះ»។
នៅខេត្តកណ្តាល អតីតឃុំអរិយក្សត្រ និងឃុំសំពៅពូន ត្រូវបានក្លាយជាក្រុង។
លោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជា និងជាអតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា លោកជឿជាក់ថា តំបន់រដ្ឋបាលថ្មីនេះ មានគោលបំណងបង្កើនលទ្ធផលរបស់គណបក្សប្រជាជនក្នុងការបោះឆ្នោតជាតិឆ្នាំ២០២៣ និងពង្រឹងអំណាចបន្ថែមទៀត។
លោក ច័ន្ទរ័ត្ន បានមានប្រសាសន៍ថា៖ «ខ្ញុំមិនគាំទ្រការបង្កើត[រដ្ឋបាលថ្មី]ទេ ព្រោះខ្ញុំមើលឃើញថា វាមិនចាំបាច់»។
ជាជាងបង្កើតក្រុងថ្មី លោកថា រដ្ឋាភិបាលគួរតែបង្កើនអាសនៈរដ្ឋសភានៅតាមខេត្តដែលមានអាសនៈមួយ។
លោក ច័ន្ទរ័ត្ន បានបញ្ជាក់ថា៖ «នៅពេលដែលមានអាសនៈកាន់តែច្រើននៅក្នុងខេត្តតូចៗទាំងនោះ ហើយគណបក្សប្រឆាំងឈ្នះអាសនៈខ្លះ វានឹងមានតំណាងសំឡេងរបស់ប្រជាពលរដ្ឋកាន់តែច្រើន។ យើងមិនចង់ឃើញគណបក្សតែមួយឈ្នះអាសនៈទាំងអស់នោះទេ»។
លោកបានបន្ថែមថា តំបន់រដ្ឋបាលថ្មីនឹងត្រូវការចំណាយបន្ថែមទៀតដើម្បីទូទាត់ប្រាក់បៀវត្សរ៍របស់មន្ត្រី និងការចំណាយផ្សេងទៀតសម្រាប់អភិបាលកិច្ច។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយ អះអាងថា មិនមានភាពចាំបាច់ក្នុងការបង្កើតក្រុងថ្មីនេះទេ ប៉ុន្តែគ្រាន់តែជាការបម្រើដើម្បីបង្កើតតំណែងថ្នាក់អ្នកដឹកនាំបន្ថែមទៀតសម្រាប់អ្នកស្មោះស្ម័គ្រនឹងគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ប៉ុន្តែវាធ្វើឱ្យប៉ះពាល់ដល់គណបក្សប្រឆាំង។
លោកបានមានប្រសាសន៍ថា៖ «គណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចអាចរក្សាប្រជាប្រិយភាពរបស់ខ្លួនក្នុងចំណោមអ្នកគាំទ្របាន ព្រោះនៅពេលពួកគេបានបែងចែកតំបន់រដ្ឋបាលថ្មី សំឡេងគាំទ្រគណបក្សប្រឆាំងនឹងត្រូវបំបែក»។
កាលពីឆ្នាំ២០១៣ រដ្ឋាភិបាលបានបង្កើតខេត្តត្បូងឃ្មុំ ដោយកាត់ចេញឃុំដែលគាំទ្រគណបក្សប្រជាជនកម្ពុជាពីខេត្តកំពង់ចាម ដែលជាខេត្តដែលបានបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិច្រើនមែនទែន នេះបើយោងតាមកាសែតភ្នំពេញប៉ុស្តិ៍។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ និងអភិបាលខេត្តក្រចេះ លោក វ៉ា ថន មិនអាចទាក់ទងសុំការបំភ្លឺបានទេ៕