សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ជនពិការតែមួយភាគបីប៉ុណ្ណោះត្រូវបានកំណត់អត្តសញ្ញាណសម្រាប់​កម្មវិធីជំនួយរដ្ឋាភិបាលចាប់តាំងពីឆ្នាំ២០២០មក

បុរសពិការម្នាក់ច្រៀងចម្រៀងដើម្បីសុំថវិកាពីសប្បុរសជននៅដងផ្លូវមួយកន្លែងនៅជាយរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)
បុរសពិការម្នាក់ច្រៀងចម្រៀងដើម្បីសុំថវិកាពីសប្បុរសជននៅដងផ្លូវមួយកន្លែងនៅជាយរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

អនុក្រឹត្យដែលចេញកាលពីខែកក្កដា​មានគោលបំណង​សំដៅ​កែលម្អ​ដំណើរការចុះបញ្ជី​ឈ្មោះជនពិការ​ដើម្បី​ទទួល​ជំនួយ​ឧបត្ថម្ភពីរដ្ឋាភិបាល ប៉ុន្តែភាគច្រើនបំផុតនៃជនពិការ​នៅទូទាំងប្រទេស​ពុំទាន់​ទទួលបាន​ផល​ប្រយោជន៍​ពី​កម្មវិធី​អត្តសញ្ញាណកម្ម​ដែល​បាន​ចាប់ផ្ដើម​ការចុះឈ្មោះ​នៅឆ្នាំ២០២០​នេះ​នៅឡើយទេ។

អនុក្រឹត្យ​ដែលចុះហត្ថលេខាដោយអតីត​នាយករដ្ឋមន្ត្រី​ លោក ហ៊ុន សែន នាថ្ងៃទី១៩ ខែកក្កដា ស្ដីពី​​អត្តសញ្ញាណកម្មពិការភាព​តាមគំរូសង្គម​ និង​សិទ្ធិជាមូលដ្ឋាន ផ្ដល់​ការណែនាំ​អំពីការរៀបចំ និងគ្រប់គ្រងមូលដ្ឋានទិន្នន័យនៃប្រព័ន្ធអត្តសញ្ញាណកម្មពិការភាព​របស់​ប្រទេស​​កម្ពុជា ក្នុងកិច្ច​ប្រឹងប្រែង​ដើម្បី​ជួយ​ជនពិការ​ឱ្យ​អាចទទួលបាន​សេវាសង្គមកិច្ចនានា។ 

កន្លងមក រដ្ឋាភិបាល​​ចុះបញ្ជីឈ្មោះបានប្រហែល ២៦០ ០០០នាក់ ដែល​ច្រើនជាង​មួយភាគបី​បន្តិច​នៃ​ចំនួន​ប្រជាជន​ដែលមានពិការភាពប៉ាន់ស្មានសរុបនៅកម្ពុជា ។ នេះ​បើយោងតាម​នាយកដ្ឋាន​សុខុមាលភាព​ជនពិការ ។ ​

ទោះបីមានកិច្ចប្រឹងប្រែង​ក្នុងការ​កែលម្អ​ការចុះបញ្ជី និងការគ្រប់គ្រង​ទិន្នន័យ​ស្ដីពី​ចំនួន​ជនពិការ​​នៅក្នុង​ប្រទេស​កម្ពុជា​តាមរយៈ​អនុក្រឹត្យនេះក្ដី កម្មវិធី​ឧបត្ថម្ភសាច់ប្រាក់ប្រចាំខែ​មិនទាន់ត្រូវបានអភិវឌ្ឍ​នៅឡើយទេ ហើយ​ការចុះបញ្ជី​មានភាពយឺតយ៉ាវ​ជាងការរំពឹងទុក និងមិនដឹងថាចប់នៅពេលណានោះទេ។

ប្រធាននាយកដ្ឋាន​ លោក សាន់ រតនា បាននិយាយថា ជនពិការជាច្រើន​នៅមិនទាន់បានដឹង​ថា​ពួកគេ​អាចចុះឈ្មោះបាន​​នៅឡើយទេ ដោយសារពួកគេរស់នៅតាមតំបន់ជនបទ​ដាច់​ស្រយាល​ដែលពុំទទួល​បាន​ព័ត៌មាន​អំពីរឿងនេះ។

លោក រតនា បាន​និយាយថា ពលរដ្ឋ​ដែល​មានពិការភាព​អាចចុះឈ្មោះនៅក្នុងឃុំសង្កាត់របស់​ខ្លួន​បាន ហើយ​​ដំណើរការ​អត្តសញ្ញាណកម្ម​នេះ​​បាន​ទទួល​ការគាំទ្រ​ពី​អង្គការ UNICEF។ បុគ្គល​​ដែល​បានចុះឈ្មោះរួច​មិនទាន់​ទទួលបាន​បណ្ណសម្គាល់ខ្លួន​នៅឡើយទេ ប៉ុន្តែ នឹង​ទទួល​​បាន​បណ្ណនេះ​«នៅពេលឆាប់ៗខាងមុខ»

លោក រតនា និយាយយ៉ាងដូច្នេះថា៖ «ខ្ញុំសុំ​មិនបញ្ជាក់កាលបរិច្ឆេទ[ថាតើពេលណា​ទើប​បណ្ណ​សម្គាល់​ខ្លួន​ជនពិការ​នឹងត្រូវចេញ​ឱ្យ​]នៅឡើយទេ ពីព្រោះ​វា​អាចមានការប្រែប្រួល ដូច្នេះ ពុំ​ចាំបាច់​ឱ្យពលរដ្ឋពួកគាត់រំពឹងទុកមុន»

លោកបានបន្តថា បើទោះបីជាពុំទាន់មានបណ្ណសម្គាល់ខ្លួនក្ដី ជនពិការដែលបានចុះឈ្មោះរួច​អាច​ទទួល​បាន​សេវាកម្ម​មន្ទីរពេទ្យ​មួយចំនួន និង​កម្មវិធី​មួយ​ដែល​ផ្ដល់​អាទិភាព​ដល់ជនពិការ​ដើម្បីទទួលបាន​ការងារ ។ មូលដ្ឋាន​ទិន្នន័យ​នេះ​ក៏ត្រូវបានប្រើប្រាស់ផងដែរ​សម្រាប់​ការ​​ចែក​ចាយ​​វ៉ាក់សាំង​កូវីដ-១៩​ទៅដល់​ជនពិការ​ជា​ក្រុមប្រជាជនអាទិភាព ។ លោក រតនា មិនបាន​ផ្ដល់​តួលេខ​នៃ​ចំនួន​ប្រជាជន​ដែល​កំពុងទទួលបានអត្ថប្រយោជន៍​ទេ នៅពេល​ដែល​អ្នកសារព័ត៌មាន ខេមបូចា បានសាកសួរ។

លោក រតនា បានបញ្ជាក់ថា៖ «ជនពិការជាច្រើន​បានទទួល​ផល​ប្រយោជន៍ពីប្រព័ន្ធ​នេះ​រួច​ស្រាប់​ទៅហើយ ដូចជា ត្រូវបាន​ភ្ជាប់ទំនាក់ទំនងទៅនឹង​កម្មវិធី​គាំពារសង្គម និង​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​ក្នុងអំឡុង​ពេលអតិផរណានិង​គ្រោះទឹក​ជំនន់»។ 

បុគ្គលដែលបានចុះបញ្ជី​រួច​បាន​ទទួល​ផលប្រយោជន៍​ពី​ការផ្ទេរសាច់ប្រាក់ នៅពេល​ដែល​សហគមន៍​ទទួលរងផលប៉ះពាល់ពីវិបត្តិនានា ដូចជា គ្រោះទឹកជំនន់​ ឬកូវីដ-១៩។ ប៉ុន្តែ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​​ប្រចាំខែ​សម្រាប់ជនពិការ​មិនទាន់ត្រូវបាន​បង្កើតឡើង​នៅឡើយ​ទេ ប៉ុន្តែ មន្ត្រីគ្រោង​បង្កើត​កម្មវិធីនេះ​នៅពេលអនាគត ។

អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច​ លោក ទូច ចាន់នី បាននិយាយថា ការកែលម្អ​ប្រព័ន្ធ​អត្តសញ្ញាណកម្ម​នឹងអនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​អាច​មានទិន្នន័យ​ល្អប្រសើរជាងនេះ​អំពី​ចំនួន​ប្រជាជនដែលមានពិការភាព។

លោកបានថ្លែងថា៖ «យើងចង់ដឹងថាតើមានមនុស្ស​ប៉ុន្មាននាក់ដែលមានពិការភាព និង​តើ​ពួក​គេ​​មាន​ពិការភាពប្រភេទណា​ខ្លះ»។ លោកបន្ថែមថា៖ «ក្រោយពីយើងមានទិន្នន័យនេះ​ហើយ យើង​អាចផ្ដល់​មូលនិធិ​និង​ការគាំទ្រ​សង្គម​ដល់ពួកគេតាមរយៈ​កម្មវិធីផ្ដល់សាច់​ប្រាក់»

យុទ្ធនាការរយៈពេល​១០០ថ្ងៃកាលពីឆ្នាំ២០២១ ​បាន​ប្រមូលផ្ដុំ​មន្ត្រី​មកពី​ ១ ៦៥២​ឃុំ​សង្កាត់​ឱ្យចូលរួម​នៅក្នុងដំណើរការចុះឈ្មោះ​ដែលរៀបចំឡើង​ជាលក្ខណៈ​ផ្អែកតាម​តម្រូវការ​និង​ការស្ម័គ្រចិត្ត ។ នេះ​បើ​យោងតាម​លោក Will Parks តំណាង​អង្គការ​ UNICEF ប្រចាំកម្ពុជា។

លោកបានលើកឡើងថា៖ «ដំណើរការនេះ​មានភាពយឺតយ៉ាវជាងការរំពឹងទុក​ដោយសារ​ហេតុ​ផល​ជាច្រើន ក្នុងនោះរួមទាំង​ទំនៀមទម្លាប់សង្គម​ដែលជាប់ទាក់ទិននឹងជន​ដែលមាន​ពិការភាព​»។​ លោកបន្ថែមថា៖ «មនុស្សជាច្រើនដែលមានពិការភាព​​មិន​ចាត់ទុក​ខ្លួនឯង​ថាជា​ជនពិការទេ ឬ​ក៏មិនចង់​ឱ្យ​គេចាត់ទុក​ខ្លួន​ថា​ជាជនពិការ​ឡើយ»

លោកបាននិយាយថា យុទ្ធនាការចុះបញ្ជី​មួយផ្សេងទៀត​ត្រូវបានគេគ្រោងនឹងធ្វើឡើង​នៅ​ខែ​កញ្ញា និង​ខែ​តុលានៃឆ្នាំនេះ ។

លោកស្រី ម៉ាក់ ម៉ូនីកា ប្រធានកម្មវិធី​នៃ​អង្គការ​ជនពិការ​កម្ពុជា បាននិយាយថា អនុក្រឹត្យ​នេះ​បង្ហាញពី​ជំហានវិជ្ជមាន​ទៅមុខមួយទៀត​ឆ្ពោះទៅរកការ​ជួយ​ជនពិការ ។

លោកស្រីបានថ្លែងថា៖ «ខ្ញុំគិតថា នេះជាការចាប់ផ្ដើម​នៃការធ្វើអត្តសញ្ញាណពួកគាត់ [ជនពិការ]។ អាចថានៅពេលអនាគត រដ្ឋាភិបាល​នឹងផ្ដល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ដល់ពួកគេ»។ លោកស្រីបន្តថា៖ «យើងជឿជាក់ថា ប្រសិនបើ​ជនពិការទាំងនោះ​អាចទទួលបាន​បណ្ណ​[សម្គាល់ខ្លួន] ពួកគេ​អាចទទួលផល​ប្រយោជន៍ពីបណ្ណនោះ»

អនុក្រឹត្យ​ដដែល​ចាត់ចំណាត់ប្រភេទ​ពិការភាព​ជា​៥ប្រភេទ៖ ពិការភាពកាយសម្បទា ពិការភាព​​ញាណដឹង ខ្សោយសតិបញ្ញា ពិការភាព​ផ្លូវចិត្ត និង​ពិការភាព​ផ្សេងៗទៀត ។ ពិការភាព​នៃប្រភេទនីមួយៗ​ចែកជា​បីកម្រិត ៖ កម្រិត​១ (កម្រិតធ្ងន់បំផុត​ និងធ្ងន់) កម្រិត២ (កម្រិតមធ្យម) និងកម្រិត៣ (កម្រិតស្រាល) ។

ការបែងចែក​ចំណាត់ប្រភេទ​ទាំងនេះ​ក៏មាននៅក្នុង​សេចក្ដីព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ជនពិការ​ផង​ដែរ ដែល​បាន​ចំណាយពេលរៀបចំ​ចាប់តាំងពីឆ្នាំ២០១៩​មក​ម្ល៉េះ ។ អង្គការឃ្លាំមើល​សិទ្ធិ​មនុស្ស (Human Rights Watch) បាន​រិះគន់​ច្បាប់​នេះ ដោយ​លើកឡើង​ថា ច្បាប់​នេះប្រើប្រាស់​ភាសា​មាក់ងាយ និង​បង្កើត​ជា​កម្រិត​ដាច់ដោយឡែកពីគ្នា​នៃពិការភាពដែល​មានលក្ខណៈ​រើសអើង ហើយ​អង្គការ​សហប្រជាជាតិ​បាន​សម្ដែង​ការព្រួយបារម្ភអំពីច្បាប់​នេះ ថា​មិនស្រប​ទៅ​តាមបទដ្ឋាន​សិទ្ធិ​មនុស្សអន្តរជាតិ។

លោកស្រី ម៉ូនីកា សម្ដែងការរីករាយ​ចំពោះជនពិការដែល​ត្រូវបានចុះបញ្ជី​សម្រាប់​កម្មវិធី​អត្តសញ្ញាណកម្ម ប៉ុន្តែ លោកស្រី​ជឿជាក់ថា រដ្ឋាភិបាលក៏​ចាំបាច់​ត្រូវ​តែពន្លឿន​ដំណើរការ​នៃការអនុម័ត​សេចក្ដីព្រាង​ច្បាប់​នេះ​ផងដែរ ។ លោក រតនា បានប្រាប់ ខេមបូចា ថា ការធ្វើ​សេចក្ដីព្រាង​ច្បាប់​និងការអនុម័ត​ច្បាប់​ស៊ីពេលវេលា​យូរ ដោយសារតែរដ្ឋាភិបាល​ចាំបាច់​ត្រូវ​ប្រមូល​ធាតុចូល​ពីគ្រប់​ភាគីពាក់ព័ន្ធទាំងអស់ ។

លោក ហៀក និត ដែលជាអ្នកចម្រៀង​ពិការភ្នែក​មួយរូបរស់នៅក្នុងទីក្រុងភ្នំពេញ បានប្រាប់​ ខេមបូចា ថា លោកមិនបានដឹងពី​កិច្ចប្រឹងប្រែងរបស់​រដ្ឋាភិបាល​ក្នុងការធ្វើអត្តសញ្ញាណកម្ម​ជនពិការ​ ឬ​​អនុក្រឹត្យ​ដែល​ចេញកាលពីពេលថ្មីៗនេះ​ទេ ។ លោកបាននិយាយថា បញ្ហាមួយ​ដែល​លោក​ជួបប្រទះ គឺ​ការត្រូវ​ប៉ូលិស​ចាប់ខ្លួន​ដោយសារតែច្រៀង​នៅតាមផ្លូវទីសាធារណៈ ដែល​លោក​ធ្វើបែបនេះ​ដើម្បី​រកប្រាក់​ចិញ្ចឹម​ជីវិត ។​

លោក និត បានបញ្ជាក់ដូច្នេះថា៖ «ពេលខ្លះ ពួកគេ[ប៉ូលិស]ជេរប្រមាថ​ខ្ញុំ ហើយខ្ញុំមិនអាច​និយាយ​អ្វី​កើតទេ ដោយសារពួកគេចោទថាខ្ញុំធ្វើរឿងខុសច្បាប់»។ លោកបន្តថា៖ «ពីមុនមក ខ្ញុំ​មិនដែលបានទទួល​ការឧបត្ថម្ភ​អ្វីមួយ​ពី​រដ្ឋាភិបាលទេ»

នៅពេលដែលអ្នកសារព័ត៌មាន​ ខេមបូចា បានប្រាប់​ឱ្យដឹង​ពី​អនុក្រឹត្យថ្មី លោកសប្បាយចិត្ត​ដែល​ឮ​ថា រដ្ឋាភិបាល​កំពុង​ផ្ដោត​ការយកចិត្តទុកដាក់​ចំពោះ​ជនពិការ និង​បាននិយាយថា លោក​នឹង​ស្ម័គ្រ​ធ្វើ​ការ​សម្ភាស​និង​ចុះឈ្មោះ​ដើម្បីទទួលបាន​ផលប្រយោជន៍ទាំងនេះ ។​

លោកនិយាយថា បើមាន​ការគាំទ្រ​បន្ថែម​ពីរដ្ឋាភិបាល ជនពិការ​មានជីវភាពរស់នៅស្រួល​ជាង​នេះ ។

លោក និត បានឱ្យដឹងថា៖ «ការរំពឹងទុករបស់ខ្ញុំ គឺជនពិការ​នឹងអាច​រស់នៅ​ប្រសើរ​ជាងនេះ និង​មានលទ្ធភាពប្រសើរជាងនេះ​ក្នុងការទទួលបានសេវាកម្ម​សាធារណៈ ដូចជា មន្ទីរពេទ្យ ហើយ​យើង​អាច​ទៅទទួលសេវា​ដោយ​មិនចាំបាច់បង់ប្រាក់ ពីព្រោះ​សព្វថ្ងៃ យើង​មិនទាន់មាន​សេវាកម្មទាំងអស់​នោះ​នៅឡើយទេ»

ជនពិការ​មួយរូបទៀតដែលដើរច្រៀងតាមដងផ្លូវ​នៅទីក្រុងភ្នំពេញដែរ​ ឈ្មោះ ញឹម សឺន អាយុ ៥៣​ឆ្នាំ បាននិយាយថា លោក​ជួបការលំបាកជាច្រើន​ ដោយសារតែលោក​ត្រូវរកលុយ​សង​បំណុល​ធនាគារ និង​ចិញ្ចឹមគ្រួសាររបស់​លោក ។ លោកបាន​ប្រាប់ ខេមបូចា ថា លោក​មិន​បាន​​ដឹង​ពី​កិច្ចប្រឹងប្រែង​ចុះបញ្ជី​ជនពិការ​នោះទេ ពីព្រោះ​អាជ្ញាធរ​មិន​ដែលបានប្រាប់លោក​អំពីកម្មវិធីនេះ​ឡើយ ។

លោកបានលើកឡើងថា៖ «ខ្ញុំ​សូមស្នើឱ្យរដ្ឋាភិបាលជួយ​ផ្សព្វផ្សាយព័ត៌មាននេះ​នៅក្នុងភូមិ​ខ្ញុំ​ផង ពីព្រោះខ្ញុំអត់ចេះអក្សរ​ទេ»។ លោកបន្តថា៖ «ប្រសិនបើគេ[រដ្ឋាភិបាល]ជួយ​គាំទ្រ​ខ្ញុំ ខ្ញុំ​សូមថ្លែងអំណរគុណ»។ 

លោកសង្ឃឹមថា នៅពេលរដ្ឋាភិបាល​អនុវត្ត​កម្មវិធី​ផ្ដល់​ជំនួយ​ឧបត្ថម្ភរបស់ខ្លួន​ដល់​ជនពិការ លោក​នឹង​មិនចាំបាច់​បង់​លុយទៀតទេ នៅពេល​លោក​ទៅទទួលសេវាសាធារណៈ​នានា ដូចជាការទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពទ្យក្ដី ។​

អតីត​អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានបដិសេធ​មិនផ្ដល់​អត្ថាធិប្បាយជុំវិញ​អនុក្រឹត្យ​​ខាង​លើនេះទេ នៅពេល​ ខេមបូចា ទាក់ទងសួរទៅលោកកាលពីខែសីហា នៅខណៈ​ដែល​លោក​ស្ថិត​នៅក្នុង​តំណែង​ជាអ្នកនាំពាក្យនៅឡើយ ។ អ្នកនាំពាក្យថ្មីរបស់រដ្ឋាភិបាល លោក ប៉ែន បូណា មិន​បាន​ឆ្លើយតបភ្លាមៗ​ចំពោះ​សំណើ​សុំ​ការអត្ថាធិប្បាយ​នៅឡើយទេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Only One Third of Disabled People Identified for Government Assistance Program Since 2020

366 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម