ទឹកជំនន់នៅតាមសណ្ដស្នឹងព្រែកត្នោតតែងជន់លិចផ្ទះប្រជាពលរដ្ឋរាល់ឆ្នាំក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានបង្កការលំបាកដល់ការរស់នៅ គំរាមកំហែងដល់អាយុជីវិត និងខូចខាតទ្រព្យសម្បត្តិ ខណៈពួកគាត់ ចង់ឃើញរដ្ឋាភិបាលរកដំណោះស្រាយឱ្យបានប្រសើរឡើង។
ថ្វីត្បិតតែជំនន់នៅតាមសណ្ដស្ទឹងបានស្រកហើយក្ដី តែក្ដីបារម្ភរបស់ពលរដ្ឋនៅតែកើតមាន ខណៈផ្ទះសម្បែង ផលដំណាំ នឹងត្រូវជន់លិចនៅឆ្នាំបន្តបន្ទាប់ទៀត ស្របពេលដែលកម្ពុជាមិនទាន់មានប្រព័ន្ធរំដោះទឹក ឬទ្វារទឹក ដែលអាចបញ្ចៀសតំបន់ដែលលិចលង់កន្លងមក។
កំពុងអង្គុយលើអង្រឹងខាងមុខរោងស្នាក់នៅបណ្ដោះអាសន្ន អ្នកស្រី ឆោម សុខឃឿន រស់នៅភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ប្រាប់ឲ្យដឹងថា អ្នកស្រីពិតជាមានកង្វល់ក្នុងចិត្ត ត្បិតទឹកស្ទឹងតែងជន់លិចជារឿងរាល់ឆ្នាំ បង្កការលំបាកដល់គ្រួសារអ្នកស្រី និងអ្នកភូមិផ្សេងទៀតដែលនៅតាមសណ្ដស្ទឹងព្រែកត្នោត។ គ្រប់ពេលដែលទឹកស្រក អ្នកស្រីត្រូវសម្អាតផ្ទះសម្បែង ភក់ជ្រាំស្អុយ វាប៉ះពាល់ដល់សុខភាព និងអនាម័យផងដែរ។
អ្នកស្រី សុខឃឿន លើកឡើងថា៖ «វាលិចរាល់ឆ្នាំ មួយឆ្នាំលិច២ ទៅ៣ដងចាំផ្ដើមពីខែ១០ដល់ខែ១១ ខូចខាតផ្ទះសម្បែងអីហ្នឹង សរសេរផ្ទះអីហ្នឹងទឹកហូរមកខ្លាំងវាបុកវាអាចបាក់ផ្ទះសម្បែងដោយសារវានៅក្នុងទឹករាល់ឆ្នាំ ហើយកូនចៅតូចៗយកឡើងមកលើ»។
អ្នកស្រី សុឃឿន បន្តថា បញ្ហាទឹកលិចនេះបានកើតឡើងដដែលៗ និងជារៀងរាល់ឆ្នាំតែម្ដង ខណៈមិនឃើញមានការផ្លាស់ប្ដូរ ឬដំណោះស្រាយណាមួយជួយប្រជាពលរដ្ឋនោះទេ អ្វីដែលអ្នកស្រីក៏ដូចជាពលរដ្ឋផ្សេងទៀតចង់បាន គឺការរស់នៅប្រកបដោយសុខុមាលភាព។
អ្នកស្រីនិយាយថា៖ «វាពិបាកដែរអូន ស្រុកនេះអត់ឃើញមានទ្វារទឹកត្រូវចេញ សុទ្ធតែបុរីគ្រប់កន្លែងទាំងអស់ វាមានតែស្ទឹងព្រែកត្នោតទៅខាងព្រែកហូរហ្នឹង។ មូលហេតុលុបបឹង ចាក់ដីគ្រប់កន្លែងអត់មានកន្លែងត្រូវហូរទៅអ៊ីចឹង។ មានតែសំណូមពរឲ្យរដ្ឋាភិបាលជួយអ្នកសណ្ដស្ទឹងផង មានទ្វាររំដោះទឹកធ្វើម៉េចកុំឲ្យលិចទឹករាល់ឆ្នាំ»។
អ្នកស្រី សុឃឿន បានបញ្ជាក់ថា ប្រសិនបើអ្នកស្រីអាចប្ដូរទីតាំងទៅរស់នៅតំបន់ផ្សេងដែលគ្មានទឹកលិច គឺអ្នកស្រីទៅភ្លាម ប៉ុន្តែដោយសារតែកត្តាជីវភាព ក៏ដូចជាតំបន់នេះជាទីកំណើតយូរណាស់មកហើយ ទើបអ្នកស្រីទ្រាំរង់ចាំរដ្ឋាភិបាលជួយដោះស្រាយបញ្ហាទឹកជំនន់នេះ។
អ្នកស្រីបន្ថែមថា៖ «យើងវាអត់លុយមិនដឹងរើទៅណា បើដីលក់ក៏លក់មិនចេញមានតែទ្រាំសិនទៅ»។
ពលរដ្ឋមួយរូបទៀត គឺអ្នកស្រី ម៉ៅ អាយុ៥២ឆ្នាំ ថ្លែងឲ្យដឹងថា បញ្ហាជំនន់ទឹកភ្លៀងបានជះឥទ្ធិពលទៅលើការរស់នៅរបស់អ្នកស្រី និងពលរដ្ឋដទៃទៀត អ្នកស្រីរំពឹងថារដ្ឋាភិបាលនឹងចេញមុខដោះស្រាយ ដើម្បីបញ្ចៀស ឬកាត់បន្ថយបញ្ហាដដែលៗនេះ។
ថ្វីត្បិតតែមិនទាន់ខូចខាតផ្ទះសម្បែងទាំងស្រុង តែអ្នកស្រី ម៉ៅ ឲ្យដឹងថា ផ្ទះសម្បែង ឬសម្ភារៈនានានៅក្នុងផ្ទះប្រឈមនឹងការខូចខាត ត្បិតទឹកលិចរាល់ឆ្នាំ ហើយក្នុងមួយឆ្នាំអាចលិចពីរ ទៅបីដង។
ពលរដ្ឋរូបនេះនិយាយថា៖ «ប៉ះពាល់អ៊ីចឹងមិនដែលចេះស្រណុកចិត្តទេ គួរតែមានប្រព័ន្ធ[រំដោះ]ទឹក ព្រោះអីវាលិចរាល់ឆ្នាំសូម្បីតែខែប្រាំងក៏ធ្លាប់លិចដែរ»។
បើតាមពលរដ្ឋខាងលើ ក្រៅតែពីបញ្ហាទឹកជន់លិចរាល់ឆ្នាំ ពួកគេក៏កំពុងខ្វះខាតទឹកស្អាត ដែលតភ្ជាប់ពីរដ្ឋាករទឹកផងដែរ ដោយជាក់ស្ដែងពួកគេប្រើប្រាស់ទឹកស្ទឹង និងត្រូវទិញទឹកសុទ្ធប្រើសម្រាប់ការដាំស្ល និងបរិភោគ។
អ្នកស្រី ម៉ៅ និយាយថា៖ «នៅតំបន់នេះបុកអណ្ដូងអត់ចេញទេ ច្រើនគ្រួសារដែរ ចង់ឲ្យគាត់ជួយ ប្រើទឹកស្ទឺង»។
ពលរដ្ឋមួយរូបទៀត គឺអ្នកស្រី ល័ក្ខ អាយុ៣៨ឆ្នាំ រស់នៅភូមិហា សង្កាត់ស្ពានថ្ម ដែលមានផ្ទះជាប់នឹងស្ទឹងព្រែកត្នោត បានឲ្យដឹងថា អ្នកស្រីអស់កម្លាំងចិត្តក្នុងការរៀបចំបោសសម្អាតផ្ទះសម្បែង ត្បិតទឹកជំនន់ម្ដងៗ ធ្វើឲ្យលិចផ្ទះខូចសម្ភារៈប្រើប្រាស់ ឯបរិស្ថាន និងអនាម័យវិញក៏អំណោយផលដែរ។
អ្នកស្រី ល័ក្ខ និយាយថា៖ «មួយឆ្នាំនេះលិចពីរដងហើយ អាចនឹងឡើងម្ដងទៀតនៅខែ១១ ហើយប្រេះឥដ្ឋការ៉ូ ខ្ញុំសំណូមពរចង់ឲ្យតែដោះស្រាយរឿងទឹក ហត់នឹងរៀបចំឥវ៉ាន់ លិចអីត្រឹមទ្រូងឯណោះ វេទនាផ្លូវចិត្តណាស់»។
អ្នកស្រី និងម្ដាយចំណាស់ដែលអង្គុយនៅក្បែរគ្នា លើកឡើងថា កុំថាឡើងផ្លាស់ប្ដូរទីលំនៅទៅទីតាំងផ្សេង សូម្បីតែថវិកាចាក់ដីឲ្យខ្ពស់ក៏គ្មានផង ដូច្នេះអ្នកស្រីនឹងក្រុមគ្រួសារត្រូវបង្ខំចិត្តរស់នៅទីតាំងដែលមានទឹកលិចរាល់ឆ្នាំ។អ្នកស្រីនិយាយថា៖«រើទៅឯណាអស់ជម្រើសហើយ តែលុយចាក់ដីអត់ផង បើដោះស្រាយឲ្យដោះទៅ បើមិនដោះមានតែទ្រាំ»។
បើតាមរដ្ឋបាលខណ្ឌដង្កោកាលពីសប្តាហ៍មុនបានប្រកាសថា មានប្រជាពលរដ្ឋចំនួន ២ ១០០គ្រួសារ ស្ថិតក្នុងសង្កាត់ចំនួន១០នៃខណ្ឌដង្កោ ដែលលិចផ្ទះសម្បែង និងរងផលប៉ះពាល់ដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត។
បើតាមលោក លឹម សំបូរ ចៅសង្កាត់រងទី១នៃសង្កាត់ស្ពានថ្ម លើកឡើងថា អាជ្ញាធរតែងតែដោះស្រាយ និងយកចិត្តទុកដាក់ទៅលើបញ្ហាទឹកជំនន់ និងមិនដែលទុកប្រជាជនចោលនោះទេ។ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់នេះ រដ្ឋាភិបាលក៏បានសង់ទំនប់នៅតាមសណ្ដស្ទឹងរួចរាល់ហើយដែរ ដូច្នេះពលរដ្ឋដែលលិចផ្ទះសម្បែង លុះត្រាតែពួកគេមានផ្ទះជាប់មាត់ស្ទឹងទើបលិចរយៈពេលវែង ឬខ្លីទៅតាមទំហំទឹក។
លោក សំបូរ ថ្លែងថា៖ «អ្នកលិចលង់មាន១០០ ទៅ២០០ខ្នងផ្ទះដែលមានផ្ទះជាប់មាត់ស្ទឹងលិចជាអចិន្រ្តៃយ៍ប្រចាំជីវិតគាត់ហើយ មិនមានកន្លែងជម្លៀសអ្វីទេ។ យើងទៅនៅមាត់ស្ទឹងវាលិចអ៊ីចឹងហើយ មួយឆ្នាំម្ដង ឬពីរដង មិនមែនលិចរហូតទេ»។
យ៉ាងណាមិញ លោកចៅសង្កាត់រងបញ្ជាក់ថាជំនន់ទឹកស្ទឹងព្រែកត្នោតឆ្នាំនេះ មិនបានបង្កផលលំបាកធ្ងន់ធ្ងរដូចកាលឆ្នាំកន្លងទៅនោះទេ ហើយមិនបង្កឲ្យខូចខាតទ្រព្យសម្បត្តិធ្ងន់ធ្ងរផងដែរ។
អ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយម លោក ចាន់ យុត្ថា ថ្លែងថា ក្រសួងធនធានទឹក និងសាលារាជធានីភ្នំពេញបានពិភាក្សាគ្នា និងរៀបចំផែនការដើម្បីសាងសង់ប្រព័ន្ធរំដោះទឹកនៅក្រុងភ្នំពេញ និងតំបន់សណ្ដស្ទឹងព្រែកត្នោត ក្រោមគម្រោង«បង្វែរទឹកចេញពីរាជធានីភ្នំពេញ»។
លោក យុត្ថា ថ្លែងថា៖ «សាលារាជធានីភ្នំពេញកំពុងតែរៀបចំផែនការហ្នឹង ហើយក្នុងហ្នឹងក៏មានការចូលរួមពីក្រសួងពាក់ព័ន្ធផងដែរ គោលបំណងរបស់យើងគឺធ្វើយ៉ាងណាដើម្បីបញ្ចៀសការលិចលង់នៅមិនមែននៅតែសណ្ដស្ទឹងហ្នឹងទេ គឺរាជធានីភ្នំពេញទាំងមូល»។
ចំណែកលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ មិនទាន់ឆ្លើយតបនៅឡើយជុំវិញបញ្ហានេះទេ ដោយស្នើឲ្យអ្នកសារព័ត៌មានផ្ញើកាតព័ត៌មានតាមប្រព័ន្ធតេឡេក្រាមជាមុនសិន។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង យល់ឃើញថា រដ្ឋាភិបាលគួររិះរកមធ្យោបាយដើម្បីសម្រាលទុក្ខលំបាកប្រជាពលរដ្ឋ ត្បិតបញ្ហាទឹកជំនន់នេះកើតឡើងជាយូរឆ្នាំ និងបានជះឥទ្ធិពលមកលើជីវភាព និងហានិភ័យនានា ដល់ប្រជាពលរដ្ឋរាប់រយគ្រួសារ។
លោក គិមអេង ថ្លែងថា៖ «បញ្ហាចម្បង គឺត្រូវតែមានការដោះស្រាយអាចមានប្រឡាយមេ ឬការធ្វើជាទំនប់ធ្វើផ្លូវឲ្យខ្ពស់ ឬជាដំណោះស្រាយផ្សេងៗ ឬស្ដារហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់»។
បើតាមអង្គការយូនីសេហ្វេ កត់សម្គាល់ឃើញថា ប្រទេសកម្ពុជាទទួលរងគ្រោះមហន្តរាយដោយធម្មជាតិស្ទើរតែរៀងរាល់ឆ្នាំដូចជា ទឹកជំនន់ ខ្យល់ព្យុះ និងភាពរាំងស្ងួត នៅតាមតំបន់ងាយរងគ្រោះមួយចំនួន និងបានបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ ដំណាំស្រូវ បន្លែ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា ផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ និងសាលារៀនជាដើម ដែលគ្រោះធម្មជាតិបានធ្វើឲ្យកុមារ និងគ្រួសារក្រីក្រមួយចំនួនកាន់តែធ្លាក់ដុនដាបទៅ។ កុមារជាច្រើនបានបាត់បង់ជីវិតដោយសារការលង់ទឹក ពស់ចឹក និងជំងឺផ្សេងៗផងដែរ។
ចំណែកស្ថានទូតអាមេរិក បានចុះផ្សាយថា ប្រទេសកម្ពុជាកំពុងទទួលរងគ្រោះទឹកជំនន់ខ្លាំងបំផុត ក្នុងរយៈពេល២០ឆ្នាំមកនេះ ពិសេសនៅតាមតំបន់ដែលមិនបានត្រៀមចំពោះទឹកជំនន់ដ៏គំហុកនេះ។
ទន្ទឹមនឹងនេះ USAID បានផ្តល់ថវិកាចំនួនជាង៧លានដុល្លារ សម្រាប់ការឆ្លើយតប ការត្រៀមរៀបចំសម្រាប់គ្រោះមហន្តរាយ និងការកាត់បន្ថយហានិភ័យនៅកម្ពុជា គិតតាំងពីឆ្នាំ២០០០ មក និងពង្រឹងលក្ខណៈសម្រាប់ការឆ្លើយតប និងការត្រៀមរៀបចំសម្រាប់គ្រោះមហន្តរាយនៅក្នុងមូលដ្ឋាន នៅទូទាំងប្រទេសទាំង៥ ក្នុងតំបន់ទន្លេមេគង្គក្រោម ដោយរួមទាំងប្រទេសកម្ពុជាផងដែរ៕