បុរសម្នាក់ដែលតាមចោទថា ត្រូវបានជនសង្ស័យជនជាតិចិន៤នាក់សម្លាប់និងញាត់ចូលវ៉ាលិសកាលពីសប្តាហ៍មុន ស្នាក់នៅទីតាំងមួយក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ទីដែលពលរដ្ឋក្នុងមូលដ្ឋានម្នាក់និយាយថា៖ «មនុស្សចូលទៅបានតែមិនអាចចេញបានទេ»។
យោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិចុះផ្សាយកាលពីថ្ងៃទី១០ ខែមិថុនា ថា យី មីង ដាលី (Yi Ming Dali) ជាជនជាតិចិន អាយុ២៥ឆ្នាំ ត្រូវបានគេប្រទះឃើញស្លាប់កាលពីថ្ងៃទី៣ ខែមិថុនា នៅស្រុកពញាឮ ខេត្តកណ្តាល។ សាកសពរបស់លោក ដាលី ត្រូវបានគេប្រទះឃើញញាត់ចូលក្នុងវ៉ាលិសធំមួយ រួមជាមួយនឹងវ៉ាលិសមួយទៀតដែលគេដាក់របស់របររបស់គាត់ ស្ថិតនៅចម្ងាយប្រហែល៧០គីឡូម៉ែត្រពីខណ្ឌដង្កោ ជាកន្លែងដែលគាត់រស់នៅ។
យោងតាមរបាយការណ៍ដដែលបានឱ្យដឹងថា ជនសង្ស័យចំនួន៤នាក់ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែមិថុនា ពាក់ព័ន្ធនឹងករណីស្លាប់នេះ។ មាន៣នាក់ស្នាក់នៅទីតាំងជាមួយគ្នាក្នុងខណ្ឌដង្កោដែលគេហៅថា Chong Yuan និងជនសង្ស័យទី៤ ស្នាក់នៅអគារព្រីននៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ជនសង្ស័យទាំងបួនមានឈ្មោះ Dai Mingxing, Hong Qi, Zhang Xi Yuan, និង Li Chen ។
ទីតាំងដែលលោក មីង ដាលី រស់នៅគឺស្ថិតនៅសង្កាត់ទៀន ខណ្ឌដង្កោ។ អ្នកយកព័ត៌មានបានចុះទៅដល់ទីតាំងនោះនៅសប្តាហ៍នេះ ហើយបានរកឃើញថា ជញ្ជាំងមានបន្ថែមលួសបន្លាពីលើ និងមានរូបសំណាកដំរីនៅច្រកចូលអគារដែលមានស្លាកសញ្ញាជាប់នឹងភ្លុកដែលសរសេរជាភាសាខ្មែរថា «សូមស្វាគមន៍»។
ក្លោងទ្វារធំមួយដែលបិទផ្លូវចូលមានសន្តិសុខពីរបីនាក់ប្រចាំការ។ បង្អួចនៅតាមអគារមានរបារដែកពីលើ ហើយរូបថតនៅក្នុងរបាយការណ៍របស់នគរបាលបង្ហាញពីបរិវេណខាងក្នុង ដែលមានភោជនីយដ្ឋាន ឬអ្នកលក់អាហារដែលអាចមើលឃើញក្នុងរូបភាព។
សេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានក្នុងស្រុកជាភាសាចិនមួយអំពីការស្លាប់របស់លោក មីង ដាលី បង្ហាញរូបភាពទ្រព្យសម្បត្តិរបស់គាត់ រួមទាំងបណ្ណសម្គាល់ខ្លួនជា «ថ្នាក់គ្រប់គ្រងអចលនទ្រព្យ Jinbei 1» ។ Jinbei គឺជាក្រុមហ៊ុនកាស៊ីណូ ដែលមានមូលដ្ឋាននៅក្រុងព្រះសីហនុ ហើយជារឿយៗត្រូវបានជនរងគ្រោះដោយការជួញដូរអះអាងថា ជាទីតាំងមួយដែលប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត។ មានក្រុមហ៊ុនពីរទទួលបានអាជ្ញាបណ្ណកាស៊ីណូគឺក្រុមហ៊ុន Jin Bei Group និង Jin Bei ។
គេរកឃើញបណ្ណសម្គាល់ដែលមានលេខចំនួនបីផ្សេងទៀតជាមួយសាកសពជនរងគ្រោះ ដែលបណ្ណមួយមកពីកាស៊ីណូ Bolai Casino និងបណ្ណផ្សេងទៀតមកពីកាស៊ីណូ Atlantic Entertainment Casino។
ពលរដ្ឋម្នាក់ដែលរស់នៅក្បែរទីតាំងនោះនិងសុំមិនបញ្ចេញឈ្មោះ ព្រោះខ្លាចមានបញ្ហាដោយសារការនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា ទីតាំងនេះ គឺជាកន្លែងសម្រាប់ «ហ្គេមអនឡាញ»។
លោកអះអាងថា មានជនបរទេសច្រើនសញ្ជាតិ ដែលធ្វើការនៅទីនោះរួមមានបុគ្គលិកចិន វៀតណាម ឥណ្ឌា និងអាល្លឺម៉ង់។ លោកបានបន្តថា អ្នកភូមិក្នុងតំបន់មួយចំនួនធ្វើការនៅក្នុងទីតាំងនោះ ដោយផ្តល់សេវាសម្អាត និងសេវាកម្មផ្សេងៗទៀត។
ប៉ុន្តែ ជាទូទៅគាត់ឃើញតែ «ថៅកែ» និងកម្មករខ្មែរចាកចេញប៉ុណ្ណោះ។
លោកបាននិយាយថា៖ «មនុស្សចូលទៅក្នុងបាន ប៉ុន្តែពួកគេមិនអាចចេញបានទេ»។
បើតាមប្រជាពលរដ្ឋដដែលបានឱ្យដឹងថា ដីនោះជារបស់មន្ត្រីរដ្ឋាភិបាលក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន។ លោកបានឃើញនគរបាល និងមន្ត្រីប្រមាណ៥០នាក់មកទីតាំងនោះកាលពីថ្ងៃទី១០ ខែមិថុនា ដើម្បីចាប់ខ្លួនជនសង្ស័យ។
លោកបាននិយាយថា៖ «អ្នករាល់គ្នា [ក្នុងសហគមន៍] មិនចង់ឲ្យមានវា [ទីតាំង] នៅទីនេះទេ។ ប៉ុន្តែយើងមិនអាចហាមគេបានទេ ព្រោះពួកគេមានទំនាក់ទំនងជាមួយថ្នាក់លើ»។
លោក ស៊ុំ រិន ចៅសង្កាត់ទៀន បានលើកឡើងថា ទីតាំងនេះត្រូវបានសាងសង់នៅឆ្នាំ២០២២ ហើយម្ចាស់ដីគឺជាមន្ត្រីខ្មែរជាន់ខ្ពស់ ប៉ុន្តែមិនបានស្គាល់ឈ្មោះគាត់ទេ។
បន្ទាប់ពីបានឮសេចក្តីរាយការណ៍អំពីការឆបោកនៅក្នុងបរិវេណនោះ មេឃុំបានព្យាយាមចូលទៅក្នុងបរិវេណនោះ ប៉ុន្តែមិនត្រូវបានអនុញ្ញាត។ លោកបានបន្តថា មានតែប៉ូលិសស្រុក និងមន្ត្រីផ្សេងទៀតដែលត្រូវបានអនុញ្ញាតឱ្យចូលក្នុងនោះ។
លោកបានមានប្រសាសន៍ថា៖ «ម្ចាស់ [ដី] ខ្ញុំទាយថា ជាមន្ត្រីរាជការថ្នាក់ខ្ពស់ព្រោះពួកគេ [មន្ត្រី] មិនឲ្យយើងស្គាល់ឈ្មោះរបស់ពួកគេទេ។ វាមិនធម្មតាទេ»។
ប្រទេសកម្ពុជាមានការកើនឡើងនៃទីតាំងឆបោកតាមប្រព័ន្ធអ៊ីនធឺណែតក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ដែលដំបូងគេគិតថា មានតែនៅក្នុងទីក្រុងឆ្នេរសមុទ្រព្រះសីហនុប៉ុណ្ណោះ ប៉ុន្តែចាប់តាំងពីពេលនោះមក មានភស្តុតាងកាន់តែច្រើនឡើងបង្ហាញថា មានទីតាំងច្រើនដែលប្រើប្រាស់ជនបរទេសរាប់ម៉ឺននាក់ ដូចជា នៅបាវិត ប៉ោយប៉ែត កំពត ភ្នំពេញ និង ខេត្តពោធិ៍សាត់។
បន្ទាប់ពីមានសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយច្រើនខែអំពីទីតាំងឆបោកក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលបានធ្វើការបង្ក្រាបលើពលករបរទេស ដែលគ្មានឯកសារកាលពីឆ្នាំមុន ហើយបានបញ្ជាក់ថា ខ្លួនកំពុងស៊ើបអង្កេតប្រតិបត្តិការឆបោកដែលត្រូវបានចោទប្រកាន់នោះ។
នេះទំនងជាត្រូវបានជំរុញដោយសារប្រទេសអាស៊ានជិតខាងកម្ពុជាដែលរាយការណ៍ពីការជួញដូរពលករចូលក្នុងប្រទេសនេះ និងការស្នើសុំឱ្យជួយសង្គ្រោះពលករពីទីតាំងទាំងនោះ។ តាមចម្លើយរបស់ជនរងគ្រោះបង្ហាញថា ពលករទាំងនោះ ត្រូវបានបង្ខំឱ្យឆបោកមនុស្សជុំវិញពិភពលោក ដោយប្រើគម្រោងវិនិយោគ ឬរូបិយបណ្ណឌីជីថលផ្សេងៗ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកក៏បានទម្លាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជានៅក្នុងរបាយការណ៍ស្តីពីការជួញដូរមនុស្សរបស់ខ្លួនកាលពីខែកក្កដាឆ្នាំមុន និងបានផ្តល់អនុសាសន៍ឱ្យរដ្ឋាភិបាលកម្ពុជាបង្កើនកិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់ដើម្បីបិទទីតាំងទាំងនោះ និងនាំយកមន្ត្រីពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មទាំងនេះមកកាត់ទោស។
លោកស្រី ជូ ប៊ុនអេង មន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍ថា លោកស្រីកំពុងជាប់ប្រជុំ ហើយមិនបានឆ្លើយសំណួរអំពីករណីនេះទេ។ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនអាចទាក់ទងសុំការបំភ្លឺបានទេ។
លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ មិនអាចទាក់ទងសុំការបំភ្លឺជុំវិញស្ថានភាពជនសង្ស័យបានទេ។
លោក កែវ វណ្ណថន អ្នកនាំពាក្យនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានថ្លែងថា ប្រសិនបើជនសង្ស័យត្រូវបានរកឃើញមានពិរុទ្ធភាពនៅតុលាការនោះអាជ្ញាធរកម្ពុជានឹងសហការជាមួយរដ្ឋាភិបាលចិន និងនិរទេសជនសង្ស័យទាំងនោះចេញ។
ចំណែកនៅខេត្តកណ្តាល វ៉ាលិសទាំងពីរត្រូវបានរកឃើញនៅឃុំកំពង់លួង ស្រុកពញាឮ នៅច្រាំងទន្លេសាប។
ប៊ន ចាន់ណាវី រស់នៅភូមិពាមជំនីក បាននិយាយថា អ្នកស្រីបានឃើញវ៉ាលិសមួយនៅច្រាំងទន្លេសាប ខណៈពេលអ្នកស្រីចេញទៅនេសាទនៅម៉ោងប្រហែល៨យប់ កាលពីថ្ងៃទី៣១ ខែឧសភា។ អ្នកស្រីបានត្រឡប់មកវិញនៅថ្ងៃទី៣ ខែមិថុនា ហើយបានឃើញដង្កូវលើផ្ទៃជុំវិញវ៉ាលិស ដែលមានក្លិនស្អុយ។ ពេលអ្នកស្រីបើកវ៉ាលិសឃើញសាកសពរបស់ មីង ដាលី។
ក្បាលរបស់គាត់ត្រូវបានរុំដោយថង់ប្លាស្ទិក និងបង់រុំ។ អ្នកស្រីក៏បានរកឃើញសម្លៀកបំពាក់មានប្រឡាក់ឈាម បណ្ណសម្គាល់ការងារមានរូបថត ដែលសរសេរជាភាសាចិន និងរបស់របរផ្សេងទៀត។
អ្នកស្រីនិយាយទាំងញ័រដៃថា៖ «ខ្ញុំនឹងមិនទៅទីនោះ [បង់សំណាញ់] ទៀតទេ។ ខ្ញុំមិនហ៊ានជិះម៉ូតូក្បែរទីនោះទេ។ សូម្បីតែលើកមុន ខ្ញុំក៏ប្រញាប់ត្រឡប់ពីផ្សារមកផ្ទះវិញដែរ ព្រោះខ្ញុំខ្លាចមេឃងងឹត»។
លោក ផល មេភូមិពាមជំនីក បានឱ្យដឹងថា ក្រោយពីធ្វើកោសល្យវិច័្ចយរួច សាកសព និងវត្ថុតាងផ្សេងទៀត ត្រូវបាននគរបាលក្រុងភ្នំពេញ យកទៅរក្សាទុក។
លោក ផល បាននិយាយថា លោកមិនដែលរំពឹងថា មានរឿងបែបនេះនឹងកើតឡើងនៅក្នុងភូមិរបស់លោកឡើយ។
លោកបានឱ្យដឹងថា៖ «គ្មាននរណាម្នាក់ចូលចិត្តករណីបែបនេះទេនៅក្នុងភូមិរបស់យើង»។ លោកបន្ថែមថា៖ «វាជាអ្វីដែលយើងមិននឹកស្មានដល់។ ពួកគេ [ជនសង្ស័យ] មានបញ្ហានៅទីនោះ [នៅទីតាំងក្នុងខណ្ឌដង្កោ] ប៉ុន្តែពួកគេបានទម្លាក់ [សាកសព] នៅទីនេះ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Dead Chinese Man Linked to Alleged Scam Operation, Sihanoukville Compound