ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៖ កាលពីឆ្នាំទៅនៅពេលនេះ អ្នកស្រី យិន យ៉យ គឺកំពុងរវល់ពិនិត្យគុណភាពផលិតផលកាត់ដេរនៅក្នុងរោងចក្រ New Best Global ក្នុងខេត្តកំពង់ស្ពឺ។ ការងារប្រើកម្លាំងមួយនេះ អាចផ្ដល់ចំណូលឲ្យអ្នកស្រី២០០ដុល្លារក្នុងមួយខែ តែអ្វីទាំងនេះត្រូវបានបាត់បង់ភ្លាមៗក្នុងខែកុម្ភៈ បន្ទាប់ពីរោងចក្របានបិទទ្វារ។
កាលពេលនោះ សង្វាក់ផលិតកម្មសកលបានរអាក់រអួលដោយសារតែផលិតផលមកពីប្រទេសចិនជាប់គាំង ព្រោះថារោងចក្រផ្គត់ផ្គង់វត្ថុធាតុដើមធំត្រូវជួបបញ្ហាដោយសារការផ្ទុះឡើងយ៉ាងលឿននៃវីរុសកូវីដ១៩។
កំពុងអង្គុយនៅផ្ទះក្នុងស្រុកសំរោងទង អ្នកស្រីយ៉យ បានរៀបរាប់ថាក្រោយពីរោងចក្របិទ អ្នកស្រីពេលនោះបានសង្ឃឹមថានឹងរកបានការងារភ្លាមៗដែរ តែជាក់ស្ដែង១២ ខែកន្លងមកហើយ អ្នកស្រីនៅតែមិនអាចរកការងារបាន។
អ្នកស្រី យ៉យ បានទទួលការបណ្ដុះបណ្ដាលផ្នែកត្រួតពិនិត្យលើផលិតផលសម្រេច ដោយមិនដែលបានរៀនពីរៀបដេរ ឬកាត់សម្លៀកបំពាក់ក្នុងរោងចក្រនោះទេ ដែលការងារទាំងនេះមានច្រើនជាងគេនៅក្នុងរោងចក្រ។ មួយវិញទៀត ដោយមិនចេះអាន និងសរសេរផង ធ្វើឲ្យអ្នកស្រីមិនអាចរកការងារផ្នែករដ្ឋបាលធ្វើបានដូចគ្នា។
អ្នកស្រីនិយាយទាំងសំឡេងអស់សង្ឃឹមថា៖ «ខ្ញុំមិនដឹងថាការងារណាខ្ញុំអាចធ្វើបានទេ ព្រោះខ្ញុំមិនចេះអក្សរ ហើយខ្ញុំក៏មិនចេះដេរដែរ»។
វិបត្តិកូវីដ១៩ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យទេសចរណ៍ និងកាត់ដេរ។ ធនាគារពិភពលោកបានប៉ាន់ស្មានថាកំណើតសេដ្ឋកិច្ចកម្ពុជាមានត្រឹម២ភាគរយក្នុងឆ្នាំ២០២០ និងបានលោតឡើងដល់៤ភាគរយវិញនៅឆ្នាំ ២០២១ ដែលតួលេខនេះទាបជាងកំណើនសេដ្ឋកិច្ចដែលកម្ពុជាមាន៧ភាគរយ កាលពីមួយទសវត្សរ៍កន្លងមក។
ខណៈវិស័យឧស្សាហកម្មទេសចរណ៍បានជួបផលវិបាកដោយសារតែការធ្វើដំណើរអន្តរជាតិត្រូវបានផ្អាក វិស័យកាត់ដេរឯណេះវិញក៏មានរោងចក្រជាច្រើនត្រូវបានផ្អាកដំណើរការ ឬបិទទ្វារ បន្សល់ទុកនូវកម្មកររាប់ម៉ឺននាក់អត់ការងារធ្វើ ជាមួយនឹងមិនមានឱកាសការងារផ្សេងមកជំនួស។
ស្ថិតិរដ្ឋាភិបាលបានបង្ហាញថារោងចក្រចំនួន១២៩បានបិទទ្វារក្នុងឆ្នាំកន្លងទៅ និងបានប៉ះពាល់កម្មករប្រហែលជា៧០ ០០០នាក់។
ដោយមិនអាចរកការងារបាន អ្នកស្រី យ៉យ បច្ចុប្បន្នបានធ្វើការងារតាមផ្ទះបងប្អូន រកបានប្រហែល៥០ដុល្លារក្នុងមួយខែ។ អ្នកស្រីក៏បានបញ្ជូនកូនបងអាយុ១៣ឆ្នាំ ទៅធ្វើការនៅហាងធ្វើសក់ ក្នុងខេត្តព្រះសីហនុ។ ប៉ុន្តែ ចំណូលដែលគ្រួសារអ្នកស្រីរកបាន មិនបាន២០០ដុល្លារដូចកាលអ្នកស្រី យ៉យ ធ្លាប់ទទួលបានពេលធ្វើការនៅរោងចក្រនោះទេ។
គ្រួសារអ្នកស្រីកំពុងព្រួយបារម្ភខ្លាំងរឿងបញ្ហាខ្វះអាហារហូបចុក។ ភ្លាមៗបន្ទាប់ពីបាត់បង់ការងារ អ្នកស្រីបានផ្លាស់ទៅនៅជាមួយអ្នកស្គាល់គ្នា ដែលបានជួយថ្លៃទិញម្សៅទឹកដោះគោសម្រាប់កូនតូចអ្នកស្រី។ ក្រោយមកទៀត អ្នកស្រី ក៏បានបញ្ជូនកូនតូច និងកូនផ្សេងទៀតឲ្យទៅនៅជាមួយយាយតាវិញម្ដង។
អ្នកស្រីរៀបរាប់ទៀតថា៖ «ម្ដាយរបស់ខ្ញុំធ្វើជាអ្នកលាងចានឲ្យគេដើម្បីបានប្រាក់មកទិញអាហារឲ្យកូនៗរបស់ខ្ញុំ ហើយឪពុកខ្ញុំធ្វើជាសន្តិសុខនៅរោងចក្រ»។
អ្នកស្រីបន្តថា៖ «បើខ្ញុំនៅផ្ទះជាមួយពួកគេ ខ្ញុំនឹងគ្មានអ្វីហូបទេ»។
វិស័យវាយនភ័ណ្ឌ
វិស័យកាត់ដេរ គឺជាវិស័យមានកម្លាំងពលកម្មធំបំផុតមួយក្នុងសេដ្ឋកិច្ចកម្ពុជា។ តាមការប៉ាន់ស្មាន កម្មករធ្វើការក្នុងវិស័យនេះមានយ៉ាងតិច៧០០ ០០០នាក់ ខណៈក្រុមអ្នកធ្វើការលើសិទ្ធិកម្មករថាមានជាងមួយលាននាក់។
ទំនិញនាំចេញចម្បងៗ រួមទាំងផលិតផលវាយនភ័ណ្ឌ បានធ្លាក់ចុះចំនួន២,៥ភាគរយក្នុងឆ្នាំ២០២០ នេះបើតាមរបាយការណ៍ធនាគារពិភពលោកចេញផ្សាយកាលពីខែធ្នូ។ ចំនួននេះទាបជាងចំនួននាំចេញទៅកាន់អាមេរិក ដែលបានកើនឡើងក្នុងរយៈពេលដូចគ្នាកាលពីពេលមុន។
កាលពីខែកក្កដា ឆ្នាំ២០២០ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានឲ្យដឹងថារោងចក្រចំនួន៤០០បានផ្អាកដំណើរការ និងបានព្យួរការងារកម្មករប្រហែល១៥០ ០០០នាក់។
កាលពីសប្ដាហ៍មុន អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ បានបដិសេធធ្វើអត្ថាធិប្បាយលើស្ថានភាពវិស័យមួយនេះ។
លោកគ្រាន់តែមានប្រសាសន៍ថារោងចក្រចំនួន១២៩ បានបិទជាផ្លូវការគិតត្រឹមឆ្នាំ២០២០ និងមានកម្មករចំនួន៧១ ២០២ នាក់អត់ការងារធ្វើ។ លោកឲ្យដឹងដែរថា មានរោងចក្របើកថ្មីចំនួន១១២នៅក្នុងរយៈពេលដូចគ្នា និងបានផ្ដល់ការងារមកវិញចំនួន២៣ ០០០នាក់។
លោក ម៉ាន់ សេងហាក់ អនុប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថាការបិទរោងចក្របានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កម្មករ។ លោកថា កម្មករជួបការលំបាកក្នុងការរកចំណូលដើម្បីគ្រួសារ និងអ្វីដែលអ្នកទាំងនោះរឹតតែព្រួយបារម្ភ គឺការរកប្រាក់ដើម្បីសងបំណុល។
លោកបន្ថែមថា៖ «យើងមានអារម្មណ៍សោកស្ដាយចំពោះកម្មករដែលបាត់បង់ការងារក្នុងវិបត្តិកូវីដ១៩ ហើយពួកគេក៏ប្រឈមនឹងការសងបំណុលទៀត»។
លោកបន្តថារដ្ឋាភិបាលគួររកដំណោះស្រាយសម្រាប់កម្មករបាត់បង់ការងារ និងជួយជំរុញដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុឲ្យពន្យាពេលបង់ការប្រាក់។
អ្នកស្រី ព្រំ តុលា ក៏បានបាត់បង់ការងារនៅរោងចក្រ New Best Global ដូចគ្នា ដែលការងារនេះបានជួយអ្នកស្រី រកប្រាក់សងបំណុល។ ស្រ្តីវ័យ៣៨ឆ្នាំ អ្នកខេត្តកំពង់ស្ពឺរូបនេះ បានខ្ចីប្រាក់ពីធនគារស្ថាបនាចំនួន២០ ០០០ដុល្លារសម្រាប់ធ្វើផ្ទះ។
កាលនៅមានការងារ អ្នកស្រីនៅមានការលំបាកក្នុងការរកប្រាក់បង់ទៅធនាគារ៦០០ដុល្លារប្រចាំខែ ហើយពេលនេះស្ទើរតែមិនមានលទ្ធភាពបង់ទៅហើយ។ ស្រ្តីមានកូនក្នុងបន្ទុកចំនួនពីរនាក់ រូបនេះ បានយកប្រាក់ដែលស្វាមីរកបានពីការលក់ដូរអីវ៉ាន់នៅក្បែររោងចក្រ ដែលរោងចក្រនោះបានបិទហើយដែរឥឡូវនេះ ដើម្បីមកសងធនាគារ។ យ៉ាងណា នៅពេលថ្មីៗ ស្ថានភាពកាន់តែពិបាក អ្នកស្រីក៏បានលក់គ្រឿងអលង្ការដើម្បីសម្រួលខ្លះ។
អ្នកស្រីនិយាយថា៖ «រឿងដែលពិបាកបំផុតគឺត្រូវសងបំណុលធនាគារ ព្រោះខ្ញុំមិនមានលុយគ្រប់គ្រាន់ដើម្បីសងធនាគារ។ ខ្ញុំសម្រេចចិត្តខ្ចីលុយធនាគារ ព្រោះខ្ញុំមិនបានគិតថារោងចក្រនឹងត្រូវបិទនោះទេ»។
អ្នកស្រី តុលា បន្តថា៖ «ឥឡូវខ្ញុំត្រូវការលក់ខ្សែក និងខ្សែដៃរបស់ខ្ញុំ និងកូន ដើម្បីយកប្រាក់សងធនាគារ»។
កម្មកររោងចក្រកាត់ដេរថាក្រុមគ្រួសារមានការលំបាកក្នុងការរកប្រាក់សម្រាប់ទិញម្ហូបអាហារ និងបានសន្សំសំចៃគ្រឿងទេសដោយប្រើតិចតួចពេលធ្វើម្ហូប។
អ្នកស្រីពិបាករកការងារធ្វើ ដោយសារកន្លងមកអ្នកស្រីធ្លាប់ចូលរួមក្នុងការតវ៉ានឹងម្ចាស់រោងចក្រ New Best Global ដោយទាមទារប្រាក់ដែលមិនទានបានបើកឲ្យកម្មករ។ ប៉ុន្តែការនិយាយតៗគ្នាថា រោងចក្រមិនជួលកម្មករណាដែលធ្លាប់ចូលរួមតវ៉ានោះទេ។
អ្នកស្រីឲ្យដឹងថា៖ «ពេលដែលខ្ញុំបានឮអញ្ចឹង ខ្ញុំមិនបានដាក់ពាក្យទៅធ្វើការនៅរោងចក្រផ្សេងទេ ព្រោះពួកគេគិតថាខ្ញុំជាតំណាងរបស់អ្នកតវ៉ា…វាជាការរើសអើងមួយពីនិយោជកលើកម្មករដែលបានចូលរួមក្នុងការតវ៉ា»។
របាយការណ៍មួយចេញផ្សាយដោយអង្គការលីកាដូ អង្គកាសង់ត្រាល់ និងសហជីពគាំទ្រកម្មករផ្សេងទៀត បានបង្ហាញថាស្ទើរតែកម្មករចូលរួមក្នុងការស្ទង់មតិទាំង១៦២នាក់ មានជាប់បំណុលក្នុងទម្រង់ផ្សេងៗ ហើយជីវភាពរបស់ពួកគេកាន់តែយ៉ាប់ជាងកាលមុនទួលប្រាក់កម្ចីទៅទៀត។
កាន់តែគួរឲ្យបារម្ភនោះគឺ បីភាគបួននៃអ្នកជាប់បំណុលទាំងនោះ បានបន្ថយការចំណាយលើថ្លៃអាហារ ដើម្បីទុកប្រាក់សងធនាគារប្រចាំខែ។
លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា មានប្រសាសន៍ថាកម្មករដែលបាត់បង់ការងារមានតិចតួចអាចរកការងារក្នុងវិស័យនេះបានវិញ ខណៈកម្មករភាគច្រើនបានទៅធ្វើការនៅវិស័យសំណង់ និងខ្លះបានបង្កើតរបរតូចតាច។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថាបើកម្មករមានជំនាញ ពួកគេនឹងអាចរកការងារនៅរោងចក្រផ្សេងទៀតបាន ប៉ុន្តែកម្មករខ្លះដែលមិនមានជំនាញដែលគេត្រូវការ ពួកគេនឹងងាកទៅធ្វើការផ្សេងទៀត»។
លោករំពឹងថាវិស័យនេះនឹងដំណើរការល្អឡើងវិញ ពេលដែលមនុស្សភាគច្រើនបានទទួលវ៉ាក់សាំងបង្ការកូវីដ១៩។
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរកម្ពុជា មានប្រសាសន៍ថា ការទទួលបានវ៉ាក់សាំងទូលំទូលាយនៅលើសកលលោកនឹងជួយឲ្យវិស័យមួយនេះវិលមករកសភាពធម្មតាវិញ។
លោកឲ្យដឹងថា៖ «ខ្ញុំគិតថាដំណើរការរោងចក្រកាត់ដេរក្នុងឆ្នាំ២០២១នឹងល្អប្រសើរជាងឆ្នាំ២០២០»។
ដំណោះស្រាយបញ្ហាការងារ
កម្មករនៅក្នុងស្រុកសំរោងទង នៅតែសង្ឃឹមថាពួកគេនឹងអាចរកការងារក្នុងរោងចក្រកាត់ដេរបានវិញឆាប់ៗនេះ។ អ្នកស្រី តុលា នៅតែមានសុទិដ្ឋិនិយម បើទោះបីជាពេលនេះចំនួនអ្នកកំពុងរកងារធ្វើមានច្រើនជាងការងារដែលមានក៏ដោយ។
អ្នកស្រីបន្តថា៖ «ប្រសិនជាមានរោងចក្រថ្មីបើកនៅក្បែរផ្ទះ ខ្ញុំនឹងត្រឡប់ទៅធ្វើការវិញ»។
ចំណែកអ្នកស្រី យ៉យ វិញ មិនសូវមានសង្ឃឹមទេ និងកាន់តែព្រួយបារម្ភពីគ្រួសារដែលនឹងត្រូវនៅបន្តការងារតូចតាចដើម្បីបំពេញតម្រូវការប្រចាំថ្ងៃ ប៉ុន្តែអ្នកស្រីក៏ជឿដែរថាស្ថានភាពមិននៅតែបែបនេះទេ។
អ្នកស្រីថា៖ «ពេលខ្លះ នៅពេលដែលម្ដាយខ្ញុំមិនបានទៅលាងចានឲ្យគេ កូនៗរបស់ខ្ញុំមិនមានអ្វីហូបទេ ព្រោះយើងអត់មានលុយទិញរបស់ហូប»។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Debt, food insecurity weighing heavy on unemployed garment workers