សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកសារព័ត៌មានអនឡាញម្នាក់ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារដោយសារជម្លោះដីធ្លីនៅខេត្តកោះកុង

លោក យួន ឈីវ ចាងហ្វាងសារព័ត៌មានអនឡាញជាមួយនឹងសំណល់នៃចម្ការស្វាយចន្ទីរបស់លោក ដែលត្រូវបានអាជ្ញាធរកាប់បំផ្លាញកាលពីដើមខែកញ្ញា។
លោក យួន ឈីវ ចាងហ្វាងសារព័ត៌មានអនឡាញជាមួយនឹងសំណល់នៃចម្ការស្វាយចន្ទីរបស់លោក ដែលត្រូវបានអាជ្ញាធរកាប់បំផ្លាញកាលពីដើមខែកញ្ញា។

ចាងហ្វាងសារព័ត៌មានអនឡាញម្នាក់ត្រូវបានកាត់ទោសកាលពីថ្ងៃព្រហស្បតិ៍ពីបទញុះញង់ឲ្យមានបទឧក្រិដ្ឋជាអាទិ៍ហើយត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារមួយឆ្នាំពីបទផ្សាយនូវអ្វីដែលមន្ត្រីនិយាយថា ជាការផ្សាយព័ត៌មានមិនពិតទាក់ទងនឹងជម្លោះដីធ្លីនៅឧទ្យានជាតិបុទុមសាគរ។

តុលាការខេត្តកោះកុងបានចេញសេចក្តីសម្រេចយ៉ាងឆាប់រហ័សផ្តន្ទាទោសអ្នកកាសែតឌីជីថល យួន ឈីវ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ បន្ទាប់ពីមានពាក្យបណ្តឹងពីអភិបាលរងខេត្ត សុខ សុទ្ធី។ លោក យួន ឈីវ បានបញ្ចេញមតិនៅលើបណ្តាញសង្គមហ្វេសប៊ុកតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់លោកឈ្មោះ Koh Kong Hot News ទាក់ទងនឹងលោក សុខ សុទ្ធី និងការបំផ្លិចបំផ្លាញដំណាំនិងផ្ទះរបស់ប្រជាពលរដ្ឋនៅលើដីមានទំនាស់ពីសំណាក់អាជ្ញាធរកាលពីដើមខែកញ្ញា។

លោក វៃ ភារម្យ ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យរបស់តុលាការបាននិយាយថា លោក ឈីវ អាយុ៥១ឆ្នាំ ឥឡូវនេះស្ថិតនៅពន្ធនាគារនិងត្រូវបានពិន័យជាប្រាក់២លានរៀលឬប្រហែល៥០០ដុល្លារ។

កាលពីថ្ងៃទី៩ និង១៩ ខែកញ្ញា លោក ឈីវ បានសរសេរនៅលើទំព័រហ្វេសប៊ុកនៃបណ្តាញផ្សព្វផ្សាយរបស់លោកថា អភិបាលរងខេត្ត សុខ សុទ្ធី បានដឹកនាំកម្លាំងនគរបាលប្រមាណ១០០នាក់ ដើម្បីកាប់បំផ្លាញដំណាំរបស់អ្នកភូមិនៅឃុំថ្មសក្នុងស្រុកបុទុមសាគរ។ លោក ឈីវ ក៏បានសរសេរផងដែរថា លោក សុខ សុទ្ធី និងអាជ្ញាធរផ្សេងទៀតបដិសេធមិនគោរពតាមអនុក្រឹត្យលេខ៣០ ស្តីពីការវាស់វែងដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមីនា ដែលកាត់ដីចេញពីឧទ្យានជាតិសម្រាប់ការប្រើប្រាស់ឯកជន។

មុនពេលចាប់ខ្លួន លោក ឈីវ បានប្រាប់ខេមបូចាថា លោកមិនបានផ្សព្វផ្សាយព័ត៌មានមិនពិតអំពីស្ថានភាពដីនោះទេ ដោយបានបន្ថែមថា ទីតាំងដែលអាជ្ញាធរទៅរុះរើនោះ ត្រូវបានអ្នកភូមិដាំដុះអស់រយៈពេលប្រហែល១០ឆ្នាំហើយ។ ក្រុមមន្រ្តីបដិសេធថា ដីដែលមានទំនាស់នោះ ត្រូវបានរាប់បញ្ចូលទៅក្នុងអនុក្រឹត្យហើយបានចោទប្រកាន់លោក ឈីវ និងអ្នកផ្សេងទៀតថា បានរំលោភបំពានលើដីឧទ្យានការពារ។

លោក សុខ សុទ្ធី ជាដើមបណ្តឹងដែលបានចោទប្រកាន់លោក ឈីវ ថា បានធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះរបស់លោកនោះមិនអាចទាក់ទងសុំការបំភ្លឺបានទេ។ ចំណែកលោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិដែលស្នើឲ្យប្តឹងលោក ឈីវ ហើយក្រោយមកត្រូវបានគេរាយការណ៍ថា ត្រូវបានអនុវត្តតាមនោះ ក៏មិនអាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយបានដែរ។

អនុក្រឹត្យលេខ៣០ ត្រូវបានរដ្ឋាភិបាលពន្យល់ថា ជាការវាស់វែង ដើម្បីបែងចែកឡើងវិញនូវដីជិត១២៧.០០០ហិកតានៅទូទាំងតំបន់អភិរក្សចំនួន៨ រួមទាំងដីនៅក្នុងឧទ្យានជាតិបុទុមសាគរជូនដល់អ្នកភូមិនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្សេងទៀតដែលបានរស់នៅក្នុងតំបន់នោះ មុនពេលតំបន់នោះ ត្រូវបានដាក់ជាតំបន់ការពារ។ ទោះយ៉ាងណា អ្នកសង្កេតការណ៍ខាងក្រៅនិយាយថា ឥស្សរជនដែលមានឥទ្ធិពលដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលគឺជាកត្តាចម្បងនៃការធ្វើឯកជនភាវូបនីយកម្ម មិនមែនជាអ្នកតូចតាចក្នុងស្រុកទេ។

លោក មុំ ម៉ាលីកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុងបាននិយាយថា លោកមិនបានដឹងច្រើនអំពីករណីប្តឹងលោក ឈីវ ទេ ប៉ុន្តែបញ្ហាដែលទាក់ទងនឹងបញ្ហាសារព័ត៌មាន មានន័យថា អ្នកសារព័ត៌មានត្រូវតែចេញមកសុំទោសចំពោះកំហុសឆ្គងរបស់ខ្លួនក្នុងការធ្វើសេចក្តីរាយការណ៍។
លោក ម៉ាលីកា បានមានប្រសាសន៍ថា៖ «ខ្ញុំមិនដឹងពីរឿងរ៉ាវពីមុនទេ គ្រាន់តែថា វាទាក់ទងនឹងបណ្តាញព័ត៌មាន។ យោងតាមដើមបណ្តឹង ទី១គឺការផ្សព្វផ្សាយព័ត៌មានមិនពិតដោយគ្មានមូលដ្ឋានច្បាស់លាស់។ ទី២ [ ឈីវ ] បានផ្សព្វផ្សាយបង្ខូចកិត្តិយស»។

លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានមានប្រសាសន៍ថា តុលាការបានលើកយកសំណុំរឿងរបស់លោក ឈីវ មកជំនុំជម្រះនិងផ្តន្ទាទោសលឿនពេក ដោយមិនផ្តល់ឱកាសឲ្យជនជាប់ចោទស្វែងរកមេធាវីឬទទួលបានការប្រឹក្សាផ្នែកច្បាប់ឲ្យសមស្រប។

លោក ណុប វី បានមានប្រសាសន៍ថា៖ «តាមដែលយើងឃើញ លោកត្រូវបានចោទប្រកាន់និងផ្តន្ទាទោសដាក់ពន្ធនាគារមួយឆ្នាំ» ។ ដោយបន្ថែមថា៖ «នេះហាក់ដូចជាការគំរាមកំហែងធ្ងន់ធ្ងរដល់អ្នកកាសែតដទៃទៀត»។

លោកបន្ថែមថា តុលាការគួរតែអនុវត្តច្បាប់សារព័ត៌មាននិងបញ្ឈប់ការប្រើប្រាស់ក្រមព្រហ្មទណ្ឌក្នុងករណីបំពេញវិជ្ជាជីវៈសារព័ត៌មាន ដើម្បីរក្សាសេរីភាពសារព័ត៌មាននិងដើម្បីទទួលបានព័ត៌មានពិត។

លោក អ៊ិត សូធឿត នាយកប្រតិបត្តិស្តីទីនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបានមានប្រសាសន៍ថា លោកមិនមានព័ត៌មានច្បាស់លាស់អំពីការជំនុំជម្រះក្តីរបស់លោក ឈីវ ទេ ប៉ុន្តែបានមានប្រសាសន៍ថា ច្បាប់សារព័ត៌មានគួរតែទប់ស្កាត់ការកាត់ទោសបែបនេះ ដោយផ្អែកលើការរាយការណ៍របស់អ្នកសារព័ត៌មាន។

លោក សូធឿត បានបន្ថែមថា ក្នុងស្ថានភាពធម្មតា គ្រប់ភាគីដែលពាក់ព័ន្ធក្នុងជម្លោះផ្នែកព័ត៌មានគួរតែមានការកែតម្រូវជាជាងប្រឈមមុខនឹងការផ្តន្ទាទោសបទព្រហ្មទណ្ឌ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Digital news publisher convicted, sentenced to prison for Koh Kong dispute

187 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម